ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួត «អ្នកលេងគុន» ដែលត្រូវបានរៀបចំ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីពេលថ្មីៗនេះ បានទទួលការគាំទ្រខ្លាំង ហើយសកម្មភាពនេះ បានក្លាយជាការចាប់ផ្តើមមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និងពង្រីកសក្តានុពលរបស់កីឡាគុនល្បុក្កតោ ទៅកាន់ពិភពលោក បន្ថែមទៅលើការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ចំពោះការដាក់ប្រភេទកីឡាអត្តសញ្ញាណជាតិនេះ ឱ្យមានការប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រលើកដំបូង កាលពីខែឧសភា។
តាមរយៈការប្រកួតអ្នកលេងគុន កាលពីយប់ថ្ងៃទី១៥ ខែធ្នូ កន្លងមកនេះ កីឡាកររបស់ម្ចាស់ផ្ទះកម្ពុជា ចាន់ រតនា និង ស៊ូ កក្កដា បានយកឈ្នះអ្នកប្រដាល់ហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពិន្ទុ ចំណែក រិន សារ័ត្ន, ឡុង ឡា, ពេជ្រ ពន្លឺ និង ណាង សុវណ្ណ សុទ្ធតែបានប្រើក្បាច់ពិសេសបង្ខំឱ្យដៃគូចុះចាញ់ដូចគ្នា ខណៈព្រឹត្តិការណ៍នេះ មានអ្នកទិញសំបុត្រចូលទស្សនាផ្ទាល់ជិត២ពាន់នាក់ ហើយក្នុងនោះមានបរទេសចូល៧០ភាគរយ ខណៈចំនួនអ្នកទស្សនាតាមការផ្សាយផ្ទាល់ មានជាង២លាននាក់។
លោក អ៊ួ រតនា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអះអាងថា ទាំងបទបញ្ជាប្រកួត លក្ខន្តិកៈនៃការប្រកួត និងទម្រង់បែបបទគ្រប់បែបយ៉ាង ដែលមាននៅក្នុងការប្រកួត «អ្នកលេងគុន»នេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ គឺមិនបានចម្លងចេញពីព្រឹត្តិការណ៍អន្តរជាតិណាមួយនោះទេ ហើយភាពអស្ចារ្យនេះហើយ ទើបធ្វើឱ្យមានអ្នកគាំទ្រច្រើន ចំណែកប្រទេសចូលរួមប្រកួតរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងឡាវ ក៏បានសរសើរពីការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាផងងដែរ។
លោក អ៊ួ តារា បានបញ្ជាក់ថា៖ «យើងមិនមែនត្រឹមតែជាម្ចាស់ក្បាច់គុននោះទេ ប៉ុន្តែការរៀបចំគ្រប់បែបយ៉ាងនៃការប្រកួតអ្នកលេងគុនខ្មែរ វាជាយីហោផ្ទាល់របស់យើង ដែលពិភពលោកមិនទាន់មាន ហើយវាពិតជាមានមោទនភាព ដែលការរៀបចំនេះ ទទួលបានការសរសើរ និងគាំទ្រខ្លាំង ហេតុនេះអ្នកលេងគុន បានក្លាយជាវេទិកាដ៏សំខាន់ ក្នុងការរុញគុនល្បុក្កតោពីក្នុងស្រុក ទៅកាន់ឆាកអន្តរជាតិ»។
លោក អ៊ួ តារា បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍អ្នកលេងគុននេះ បានបង្ហាញពីភាពសម្បូរបែបនៃចលនាបច្ចេកទេសប្រយុទ្ធរបស់គុនល្បុក្កតោ ដែលមានចាប់បោក ក្លេ ខ្នាប និងចាប់កាច់ដៃកាច់ជើង ជាដើម ដោយបច្ចេកទេសដ៏សម្បូរបែបនេះមានឆ្លាក់នៅតាមប្រាង្គប្រាសាទច្បាស់ៗតែម្តង ប៉ុន្តែក្បាច់ទាំងអស់នេះ បែរជាល្បីមកពីខាងក្រៅប្រទេសមកវិញ តាមរយៈសង្វៀនរបស់ MMA និងជឺជីតស៊ូ ជាដើម។
លោកបញ្ជាក់បន្ថែមថា៖ «ទម្រង់ និងបទបញ្ជានៃការប្រកួតទាំងអស់នោះ ខ្មែរយើងបានអនុវត្តតាំងពីរាប់ពាន់ឆ្នាំមកហើយ គ្រាន់តែយើងមិនទាន់មានវិធីសាស្ត្រ ឬក៏មធ្យោបាយ ក្នុងការផ្សព្វផ្សាយឱ្យបានដឹងទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែឥឡូវនេះយើងមានទីលានប្រយុទ្ធ អ្នកលេងគុន នេះជាឧបករណ៍ ក្នុងការពង្រីកចំណេះដឹង និងសក្តានុពល ហើយធ្វើឱ្យខ្មែរយើង មានមោទនភាព បន្ទាប់ពីបានដឹងថា បច្ចេកទេស ដែលគេល្បីល្បាញទូទាំងពិភពលោកនោះ តាមពិតជាក្បាច់គុនរបស់ដូនតាខ្មែរ តាំងពីរាប់ពាន់ឆ្នាំមុន»។
ចំណែកស្ថាបនិកគុនល្បុក្កតោ លោក ហុក ឈាងគីម បានឱ្យដឹងថា បទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងបទបញ្ជាប្រកួតរបស់គុនល្បុក្កតោ ត្រូវបានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យកមកអនុវត្តក្នុងការប្រកួតជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៤មក ហើយកម្ពុជាក៏បានដាក់គុនល្បុក្កតោ ឱ្យមានការប្រកួតក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង ចំណែកពេលនេះ យើងបានរៀបចំការប្រកួតអ្នកលេងគុន ធ្វើឱ្យមានការគាំទ្រ ទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។
ព្រឹទ្ធាចារ្យកីឡាវ័យ៧៧ឆ្នាំរូបនេះ បានបន្ថែមថា៖ «ខ្ញុំពិតជាមានការរំភើបខ្លាំង ចំពោះសមិទ្ធផលទាំងអស់នេះ ដែលបានធ្វើឱ្យគុនល្បុក្កតោរបស់យើង កាន់តែមានឈ្មោះល្បី ហើយខ្ញុំសង្ឃឹមថា កូនខ្មែរជំនាន់ក្រោយ នឹងនាំគ្នាជ្រោងគុនល្បុក្កតោ ឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀត ចំណែកខ្ញុំក៏មិនទាន់ឈប់នោះដែរ គឺខ្ញុំបានវិវឌ្ឍខ្លួន ពីកីឡាករគុនល្បុក្កតោ មកធ្វើជាគ្រូបង្វឹក ហើយពេលនេះ ខ្ញុំមិនមែនត្រឹមជាគ្រូកម្រិតក្បាច់គុនទេ គឺថែមទាំងជាគ្រូមើលជំងឺថ្លោះ គ្រេចឆ្អឹងដោយអត់យកលុយទៀត»។
តាមរយៈការប្រកួត «អ្នកលេងគុន» កាលពីយប់ថ្ងៃទី១៥ ខែធ្នូនោះ អ្នកលេងគុនចម្រុះ MMA ចាន់ រតនា បានយកឈ្នះកីឡាករហ្វីលីពីន John Mc Leary Ordinoដោយពិន្ទុទាំងលំបាក បន្ទាប់ពីការប្រកួតចំនួន៣ទឹកពេញ។ រីឯ រិន សារ័ត្ន បានប្រើជង្គង់ហោះបុកចំដើមទ្រូងពេញទំហឹង បណ្តាលឱ្យកីឡាករហ្វីលីពីន Jiar Orlando Casstilloសន្លប់ធំ នៅចុងទឹកទី៣ សម្រាប់ការប្រកួតទម្ងន់៦៥គីឡូក្រាម។
ចំណែកកីឡាករ ពេជ្រ ពន្លឺ បានចាប់ក្លេដៃអ្នកប្រដាល់ឡាវ HonggvixaySivilayឱ្យសុំចុះចាញ់ នៅក្នុងទឹកទី៣ ហើយ ឡុង ឡា បានចាប់ក្លេកកីឡាករឥណ្ឌូនេស៊ី SanjayaHutagaolឱ្យសុំចុះចាញ់ នៅចុងទឹកទី២ រីឯកីឡាករ ណាង សុវណ្ណ ក៏បានចាប់ក្លេ កីឡាករវៀតណាម Pham Van Giangឱ្យសុំចុះចាញ់ នៅចុងទឹកទី២ដូចគ្នា ខណៈ ស៊ូ កក្កដា បានយកឈ្នះអ្នកប្រដាល់ឥណ្ឌូនេស៊ី Muhammad YunusDhaeAtuដោយពិន្ទុ ប៉ុន្តែកីឡាករ ពេជ្រ ខាំតែ បានចាញ់កីឡាករវៀតណាម Hoang PhucThuanដោយពិន្ទុ។
បន្ទាប់ពីការប្រកួតនេះ បានបញ្ចប់ ចាន់ រតនា បាននិយាយថា៖ «អ្នកលេងគុន ជាកម្មវិធីថ្មី តែការរៀបចំបានល្អ សឹងតែដូចទៅនឹង ONE Championships ទៅហើយ អ៊ីចឹងបើសិនជាមានបណ្តាក្រុមហ៊ុន ចូលរួមជួយឧបត្ថម្ភច្រើនទៀត គឺការរៀបចំ នឹងកាន់តែល្អប្រសើរថែមទៀត ហើយដោយសារនេះជាព្រឹត្តិការណ៍របស់ជាតិ ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោនោះ គឺខ្ញុំបានយំតែម្តង នៅពេលទទួលបានជ័យជម្នះ ព្រោះខ្ញុំរំភើបខ្លាំងពេក នូវសំឡេងស្រែកគាំទ្ររបស់បងប្អូនយើង»៕