ភ្នំពេញៈ នៅទីបំផុតការព្យាយាម ដោយប្រើញើសឈាមស្រស់ៗអស់រយៈពេលជាច្រើនឆ្នាំរបស់ ចាន់ ប៊ុនហឿន បានរកឃើញជោគជ័យដ៏សំខាន់បំផុត នៅក្នុងអាជីពរបស់គេហើយ បន្ទាប់ពីកីឡាករកម្ពុជារូបនេះ បានផ្តួលកីឡាករថៃ Sakunthai Aphichet ឱ្យសន្លប់ធំ ដើម្បីឈ្នះបានខ្សែក្រវាត់ពីការប្រកួត Cambodia Kun Khmer KKIF ហើយនេះក៏ជាខ្សែក្រវាត់ដំបូង ដែលព្រឹត្តិការណ៍នេះ ដាក់ឱ្យមានការប្រកួតដណ្តើមផងដែរ។
តាមរយៈការប្រកួតរបស់សង្វៀនបាយ័ន ដែលធ្វើនៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងមកនេះ ចាន់ ប៊ុនហឿន បានចូលវាយសម្រុកទៅលើកីឡាករថៃ Sakunthai Aphichet ភ្លាមៗ តាមរយៈការម៉ាត់ និងចូលចាប់បុកជង្គង់ ជាពិសេសការវាយកែងឆ្វេងរបស់គេ។
បើទោះបីជា កីឡាករ Sakunthai Aphichet អាចបិទ និងគេចផុតពីការតាមវាយកែងនេះ បានជាច្រើនលើក ប៉ុន្តែនៅចុងទឹកទី១ ចាន់ ប៊ុនហឿន បានវាយកែងចូលផ្ទៃមុខ ហើយនៅពេល Sakunthai Aphichet បានស្ទុះស្ទារតាមវាយសងវិញនោះ ប៊ុនហឿន បានបុកកែងឆ្វេង ចូលផ្ទៃមុខពេញ បណ្តាលឱ្យថៃម្នាក់នេះ ដួលសន្លប់ធំតែម្តង។
ការផ្តួលកីឡាករ Sakunthai Aphichet ឱ្យសន្លប់ត្រឹមទឹកទី១នេះ បានជួយឱ្យ ចាន់ ប៊ុនហឿន ឈ្នះខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ចំនួន១០លានរៀល ជាលើកដំបូង។ ប៊ុនហឿន បានបង្ហាញការរីករាយខ្លាំងបំផុត ចំពោះការដណ្តើមបានខ្សែក្រវាត់នេះ ព្រោះរូបគេបានរង់ចាំអស់រយៈពេល៥ឆ្នាំហើយ ទម្រាំរកឃើញជ័យជម្នះដ៏សំខាន់នេះ បន្ទាប់ពីកីឡាករមានជីវភាពខ្សត់ខ្សោយរូបនេះ បានចាញ់ពិន្ទុ ឡៅ ចិត្ត្រា សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ជាមួយគ្នានេះ ប្រពន្ធរបស់ ចាន់ ប៊ុនហឿន ដែលបានចូលរួមលើកទឹកចិត្តប្តីដោយផ្ទាល់ សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍នោះ បាននិយាយថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់រហូតដល់ញ័រខ្លួន និងឡើងចង់យំទៅហើយ ចំពោះការឈ្នះបានខ្សែក្រវាត់របស់គាត់»។
ចំណែកលោក ស្រី ចាន់ថន ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ Kun Khmer International Fight Gym (KKIF) ដែលជាអ្នកបង្កើតឱ្យមានការប្រកួត Cambodia Kun Khmer KKIF នេះ ក៏បានបង្ហោះសារអបអរដល់ ចាន់ ប៊ុនហឿន ផងដែរ ដោយលោកបានសរសេរថា៖ «ទីបំផុតការតាំងចិត្តរបស់គាត់ បានដូចបំណងហើយ។ ខ្ញុំបាទសូមចូលរួមអបអរសាទរយ៉ាងពេញទំហឹង សម្រាប់កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន ដែលទទួលបានខ្សែក្រវាត់ដំបូងបំផុត ក្នុងអាជីព ក្រោយផ្ដួលកីឡាករថៃ»។
សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍នោះដែរ ជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង បានពោលពាក្យសរសើរពីភាពវ៉ៃឆ្លាតរបស់កីឡាករជាម្ចាស់ខ្សែក្រវាត់របស់ម៉ាឡេស៊ី Mohd Azhi Bin Nazman ដែលបានវ៉ៃឱ្យរូបគេ បែកចុងចិញ្ចើមខាងស្តាំ តាំងពីទឹកទី១។ ប៉ុន្តែ វ៉ាន់ថង បានតាមវាយកែងបណ្តាលគូប្រកួតម្នាក់នេះ បែកចិញ្ចើមខាងស្តាំវិញ នៅទឹកទី២ ហើយក្រោយការប្រកួតត្រឹម៣ទឹកដ៏តានតឹងនេះបានបញ្ចប់ គឺចៅក្រមបានផ្តល់ពិន្ទុឱ្យ ឈុត សេរីវ៉ាន់ថង ឈ្នះដោយពិន្ទុជាឯកច្ឆន្ទ។
ប្រកៀកស្មាគ្នា ក្នុងពេលរង់ចាំគ្រូពេទ្យដេរមុខរបួសបែកនេះ ឈុត សេរីវ៉ាន់ថង បាននិយាយថា៖ «គាត់ជាកីឡាករល្អមែនទែន និយាយឱ្យចំទៅ គាត់ជាកីឡាករស្វិត ហើយធន់ ចំណែកអាវុធរបស់គាត់ គឺយើងពិបាកក្នុងការទប់ជាមួយគាត់ ដោយសារគាត់ចេញចូលលឿន រីឯដៃរបស់គាត់ក៏ល្អ។ កីឡាករផ្សេងៗ យើងអាចញាក់វ៉ៃបាន ប៉ុន្តែគាត់ម្នាក់នេះពិបាកណាស់ ដោយសារគាត់វ៉ៃឆ្លាត អ៊ីចឹងអ្នកឆ្លាតប៉ះអ្នកឆ្លាត គឺបែកទាំង២នាក់បែបនេះឯង»។
ចំណែកកីឡាកររបស់ម៉ាឡេស៊ី Mohd Azhi Bin Nazman ក៏បានពោលពាក្យសរសើរពីគុណភាពអ្នកប្រយុទ្ធរបស់គុនខ្មែរផងដែរ ដោយរូបគេបានបញ្ជាក់ថា៖ «ការប្រកួតគុនខ្មែរនេះ ពិតជាមានការពិបាកខ្លាំង ព្រោះដៃគូរបស់ខ្ញុំ គាត់ខ្លាំង ប៉ុន្តែវាមិនជាបញ្ហាអ្វីនោះទេ ចំពោះខ្ញុំ ដែលជាអ្នកប្រដាល់»។
ចំណែក ឡុង សំណាង បានយកឈ្នះកីឡាករថៃ Wongaon Teerawat ដោយពិន្ទុ ប៉ុន្តែកូនសិស្សរបស់លោក ឡុង សាវ័ន្ត រូបនេះ បានបង្ហាញការមិនពេញចិត្តទៅនឹងដៃគូរបស់ខ្លួន ដែលបង្ហាញកាយវិការមិនពេញចិត្ត ចំពោះការកាត់សេចក្តីនេះ បើទោះបីជាជំនួបនេះ Wongaon Teerawat ត្រូវបាន ឡុង សំណាង ដេញតាមវ៉ៃពេញរេញ ស្ទើរ៣ទឹកពេញក៏ដោយ។
ឡុង សំណាង បាននិយាយ ក្រោយការប្រកួតថា៖ «វាមានការពិបាកដែរ ព្រោះគាត់ថយច្រើនពេល ដល់អ៊ីចឹងយើងត្រូវចំណាយកម្លាំងច្រើន ក្នុងការតាមវាយ។ គាត់អត់ហ៊ានឈរវ៉ៃចំជាមួយយើងទេ ហើយចុងក្រោយឃើញគាត់មិនពេញចិត្តនឹងលទ្ធផលទៅទៀត! ខ្ញុំមិនដឹងគាត់គិតយ៉ាងម៉េច បើគាត់រត់ពេញរេញ ហើយមកបង្ហាញអារម្មណ៍មិនទទួលស្គាល់ការពិតបែបនេះ»៕