ភ្នំពេញៈ ជុំវិញដំណើរការវិវឌ្ឍដ៏វែងឆ្ងាយ នៃវិស័យកីឡារាំ នៅប្រទេសកម្ពុជានេះ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានបរិយាយទាំងអារម្មណ៍ក្តុកក្តួល និងអួលដើមកថា កីឡារាំ បានផ្តើមចេញពីបាតដៃទទេ ក្រោមការលះបង់ប្រកបដោយឆន្ទៈរបស់អ្នកពាក់ព័ន្ធទាំងអស់ ដោយមានថ្នាក់ដឹកនាំ សុទ្ធតែស្ត្រី និងមានគ្រូបង្វឹកបុរសតែ ១ នាក់ទេ។
លោកស្រីបានបញ្ជាក់ទាំងទឹកភ្នែកថា៖ «ទម្រាំទទួលបានលទ្ធផលរីកចម្រើនដូចពេលនេះ គឺក្នុងរយៈពេលជាង ១០ ឆ្នាំនេះ សហព័ន្ធវិះនឹងត្រូវរំសាយចោល ដោយជួបនូវឧបសគ្គច្រើនពេក គឺពិបាកខ្លាំងណាស់។ ពេលខ្លះពួកយើងប្រឹងធ្វើកិច្ចការនេះទាំងទឹកភ្នែក ទទួលការរិះគន់មើលស្រាលថា ជាសហព័ន្ធកីឡាតូចតាច គ្មានបានការ ប្រធានជាស្ត្រីហើយអត់លុយ។ល។
ចំណែកសិស្ស ដែលចូលហាត់សុទ្ធតែកូនមន្ត្រីមកពីក្រសួងអប់រំ ខ្លះក្ររត់ម៉ូតូឌុប លក់ដូរលើកញ្ច្រែងតិចតួច ប៉ុន្តែដោយសារការស្រឡាញ់កីឡានេះ គឺពួកគាត់បានព្យាយាមលះបង់កាត់ពីមាត់ពីកយកកូនចៅមកហ្វឹកហាត់»។
ទន្ទឹមនឹងនេះ សហព័ន្ធកីឡារាំកម្ពុជា ក៏កំពុងប្រឈមនឹងការលំបាកដូចជាកង្វះខាតគ្រូបង្វឹកកីឡារាំកម្រិតខ្ពស់ ខ្វះលទ្ធភាពក្នុងការបញ្ជូនកីឡាករ ទៅប្រកួតប្រជែងនៅក្រៅប្រទេស ដោយត្រូវការចំណាយច្រើន ទៅលើសំបុត្រយន្តហោះ និងការស្នាក់នៅហូបចុកផ្សេងៗ ចំណែកទីតាំងហ្វឹកហាត់ ក៏មានភាពតូចចង្អៀត មិនទាន់ស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡារាំអន្តរជាតិ ហើយអ្វីដែលសំខាន់ និងគួរឱ្យអនិច្ចានោះ គឺក្រុមអត្តពលិកកីឡារាំកម្ពុជា នៅមិនទាន់មានសម្លៀកបំពាក់គ្រប់គ្រាន់ ក្នុងការហ្វឹកហាត់ និងការប្រកួតនោះទេ។
លោកស្រី ញ៉ែម មរកត បាននិយាយទាំងអារម្មណ៍ក្តុកក្តួលថា៖ «សម្លៀកបំពាក់ និងស្បែកជើងប្រកួតនៃប្រភេទកីឡារាំនេះ មានតម្លៃថ្លៃ ដោយត្រូវកម្មង់ទិញពីក្រៅប្រទេស ដើម្បីឱ្យស្របតាមស្តង់ដាអន្តរជាតិ គឺមិនដូចប្រភេទកីឡាផ្សេងទេ ហេតុនេះកូនមន្ត្រីរាជការ និងកូនអ្នកមានជីវភាពខ្សត់ខ្សោយមានការលំបាកទិញសម្លៀកបំពាក់ឱ្យកូនស្លៀកពាក់ណាស់ ពួកគាត់ស្លៀកដដែលៗ និងចែករំលែកគ្នា ឬខ្ចីគ្នាប្រើបន្ត គួរឱ្យអាណិតខ្លាំងណាស់»។
ដោយមានដើមកំណើតមកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិកឡាទីន កីឡារាំអន្តរជាតិ បានចាប់ផ្តើមមានវត្តមាន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីសហព័ន្ធកីឡារាំកម្ពុជា ត្រូវបានបង្កើតឱ្យមានឡើងជាផ្លូវការ នៅឆ្នាំ ២០០៩ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបានទទួលស្គាល់ពីសហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំពិភពលោក នៅឆ្នាំ ២០១៦។
កីឡារាំអន្តរជាតិនេះ ត្រូវបានបែងចែកជាចង្វាក់រាំ Latin Dance ដែលមាន ៥ ចង្វាក់ គឺចង្វាក់ Cha ChaCha, Jive, Rumba, Sumba, Paso Double និងចង្វាក់រាំ Standard Dance ដែលមាន៥ចង្វាក់ដែរ គឺចង្វាក់ Waltz, Viennese Waltz, Tango, Quickstep, Foxtrot ចំណែកការហ្វឹកហាត់ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងប្រើពេលយូរឆ្នាំ ទើបអាចក្លាយជាកីឡាករ កីឡាការិនីជំនាញ អាចចូលរួមប្រកួតប្រជែង នៅលើឆាកអន្តរជាតិបាន។
ជាមួយគ្នានេះ សម្លៀកបំពាក់ និងស្បែកជើង សម្រាប់ប្រើក្នុងពេលហ្វឹកហាត់ និងពេលប្រកួត គឺមានតម្លៃថ្លៃ ដោយត្រូវកម្មង់ទិញពីក្រៅប្រទេស ដើម្បីឱ្យស្របតាមស្តង់ដាអន្តរជាតិ ប៉ុន្តែដោយសារសហព័ន្ធកីឡារាំកម្ពុជា គ្មានដៃគូឧបត្ថម្ភ និងគ្មានកញ្ចប់ថវិកាផ្ទាល់ខ្លួនផងនោះ ហេតុនេះការបណ្តុះធនធានកីឡាករ កីឡាការិនី បានប្រឈមការលំបាកខ្លាំង ហើយគ្រូជំនាញមានគុណវុឌ្ឍលើប្រភេទកីឡានេះ ក៏ខ្សត់ផងដែរ។
នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ សហព័ន្ធកីឡារាំកម្ពុជា មានគ្រូបង្វឹកបរទេសជាប់កិច្ចសន្យារបស់ក្រសួងអប់រំ យុវជន និងកីឡាចំនួន ២ នាក់ មកពីប្រទេសអ៊ុយក្រែន ព្រមទាំងគ្រូបង្វឹកជម្រើសជាតិចំនួន ២ នាក់ និងអ្នកគ្រូបង្វឹកចំនួន ១ នាក់ ហើយនៅឆ្នាំ ២០២២ សហព័ន្ធ មានគ្រូបង្វឹកបរទេសជាប់កិច្ចសន្យាចំនួន ១ នាក់ មកពីប្រទេសអូស្ត្រាលី ព្រមទាំងគ្រូជម្រើសជាតិ ៣ នាក់ និងគ្រូបង្វឹកក្នុងសហព័ន្ធចំនួន ៣ នាក់ទៀត។
តាមរយៈការបណ្តុះបណ្តាល ដែលផ្តើមចេញពីការមានសិស្សហាត់ត្រឹម ៣ នាក់នោះ គឺនៅពេលនេះ សហព័ន្ធកីឡារាំកម្ពុជា ទើបបណ្តុះបណ្តាលបានអត្តពលិកចំនួន ៥៥ នាក់ទេ ដែលមានអាយុចាប់ពី ៥ ឆ្នាំ ដល់ជាង ២០ ឆ្នាំ ហើយអ្នកទាំងនេះ បាននិងកំពុងហ្វឹកហាត់នៅក្លិបក្រសួងមហាផ្ទៃ ក្លិបកងទ័ពជើងទឹក ក្លិបខេត្តកណ្ដាល ក្លិបខេត្តកំពង់ចាម និងក្លិបវេសឡាញ ដែលជាក្លិបចំណុះឱ្យសហព័ន្ធ។
យ៉ាងណាមិញ នៅឆ្នាំ ២០២៣ នេះ កីឡាករ កីឡាការិនីរាំចំនួន ១៧ នាក់ (ស្រី ៧ នាក់) ត្រូវបានមជ្ឃមណ្ឌលជាតិហ្វឹកហឺ្វនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្រមូលផ្តុំជាជម្រើសជាតិ ដើម្បីហ្វឹកហាត់លើវិញ្ញាសា Latin Dance, Standart Dance និងវិញ្ញាសា Breaking Dance ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡារាំ នៅលើឆាកអន្តរជាតិ ជាពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រលើកដំបូង កាលពីខែឧសភា។បើទោះបីជា ក្រុមជម្រើសជាតិកីឡារាំកម្ពុជា នៅតែមិនអាចដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេម។
តែទោះបីជាយ៉ាងណា វត្តមានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ នៅសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលល្ងាចថ្ងៃទី ១១ ខែធ្នូ បានក្លាយជាក្តីសង្ឃឹមថ្មី សម្រាប់សហព័ន្ធកីឡារាំកម្ពុជា ព្រោះស្ត្រីទី១ របស់កម្ពុជារូបនេះ បានប្រកាសគាំទ្រ និងជួយដល់សហព័ន្ធនេះ ដើម្បីឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការឈានទៅប្រកួតប្រជែងយកមេដាយជូនជាតិបន្ថែមទៀត។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា៖ «ក្រោយពីបានស្តាប់នូវរបាយការណ៍ការវិវឌ្ឍ និងបញ្ហាប្រឈមរបស់សហព័ន្ធកីឡារាំកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកជំទាវ ញ៉ែម មរកត ជាប្រធានសហព័ន្ធ ព្រម...ប្រធាន អនុប្រធានកិត្តិយស អគ្គលេខាធិការ អគ្គលេ ខាធិការរង គ្រូបង្វឹក ក្រុមការងារប្រតិបត្តិ ក្រសួងពាក់ព័ន្ធ សប្បុរសជន និងវិស័យឯកជន ដែលកន្លងមក បានខិតខំតស៊ូចែករំលែកសហការគ្នាដឹកនាំពង្រឹងសហព័ន្ធកីឡារាំ តាំងពីបាតដៃទទេ»។
លោកស្រីថ្លែងថា៖ «ផ្តើមចេញពីការមានសិស្សត្រឹម ៣ នាក់ តែពេលនេះសហព័ន្ធកីឡារាំ រីកចម្រើនដោយមានធនធានកីឡាករកីឡាការិនីឆ្នើមៗជាច្រើន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិជាមួយប្រទេសធំៗ និងទទួលបានមេដាយច្រើនគួរជាទីមោទនៈ ហើយក្នុងឱកាសនេះ ខ្ញុំម្ចាស់សូមក្រាបបង្គំថ្លែងព្រះអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលតែងយកព្រះទ័យទុកដាក់លើកកម្ពស់វិស័យកីឡា ធ្វើឱ្យកូនចៅរបស់ព្រះអង្គ កាន់តែមានកម្លាំងចិត្តខ្លាំងឡើងថែមទៀត»។
ជាមួយគ្នានេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ គណៈកម្មាធិការជាតិអូឡាំពិក វិស័យឯកជន និងអង្គការដៃគូ សូមជួយគាំទ្រនូវថវិកា សម្ភារបច្ចេកទេស ទីកន្លែងហ្វឹកហាត់សមស្របដល់សហព័ន្ធកីឡារាំកម្ពុជា ដែលដឹកនាំដោយក្រុមស្ត្រី បង្កឱកាសដល់សហព័ន្ធនេះ បានបន្តបេសកកម្ម ដើម្បីអភិវឌ្ឍវិស័យកីឡារាំ ទាំងធនធានកីឡាករ កីឡាការិនី និងគ្រូបច្ចេកទេស ឱ្យកាន់តែរីកចម្រើនទៅមុខទៀតស្របតាមស្តង់ដាអន្តរជាតិ។ លោកស្រី ក៏បានប្រកាសជួយដល់សហព័ន្ធកីឡារាំផងដែរ។
លោកស្រីបញ្ជាក់ថា៖ «នៅពេល នេះវិស័យកីឡារបស់យើង កាន់តែទទួលបានការគាំទ្រច្រើន និងកាន់តែមានភាពល្បីល្បាញ អ៊ីចឹងខ្ញុំគិតថា នឹងមានអ្នកឧបត្ថម្ភកាន់តែច្រើនដល់សហព័ន្ធកីឡារាំកម្ពុជា ហើយខ្ញុំ ក៏នឹងចូលរួមជួយម្នាក់ផងដែរ»។
ការប្រកាសចូលរួមជួយរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នេះ បានធ្វើឱ្យក្រុមគ្រួសារកីឡារាំនៅកម្ពុជា មានការសាទរខ្លាំង ហើយជាមួយគ្នានេះវត្តមានចូលរួមរបស់លោកស្រី តាន់ ម៉េងហួយ កេគីមសែ នាយខុន្ទកាល័យសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី ហ៊ុន ស៊ីណាត អគ្គទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាច្រើនរូបទៀត នៅក្នុង ពិធីបើកបិទ ការប្រកួតកីឡារាំថ្នាក់ជាតិ ឆ្នាំ ២០២៣ នេះ ក៏បានក្លាយជាក្តីសង្ឃឹមថ្មីរបស់សហព័ន្ធកីឡារាំកម្ពុជាផងដែរ។
ស្ថិតក្នុងស្ថានភាពបែបនេះ លោកស្រី ញ៉ែម មរកត បានថ្លែងថា៖ «នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (និងភ្ញៀវទាំងអស់) ដែលមកពីវិស័យឯកជន ចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិនេះ ធ្វើឱ្យយើងខ្ញុំមានក្តីរំភើបយ៉ាងខ្លាំង ហើយគិតថា សហព័ន្ធកីឡារាំកម្ពុជា លែងមានភាពឯកោទៀតហើយ ចាប់ពីពេលនេះតទៅ»៕