ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ជំរុញ​ឱ្យ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​ចាត់តាំង​មន្ត្រី​បង្គោល​របស់ខ្លួន ឱ្យមកធ្វើ​ការងារ​ទៅលើ​ការបំពេញ​លិខិតស្នាម​ផ្សេងៗ​ជាមួយ​មន្ត្រី​របស់ NOCC ដើម្បី​ធ្វើ​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (​បណ្ណ ម​.​ស​.​ស​) ជូន​ដល់​កីឡាករ កីឡាករ​ជម្រើសជាតិ និង​កីឡា​ជំនាញ​កម្រិត​ខ្ពស់ ដើម្បីឱ្យ​ពួកគេ​អាច​ប្រើ​បណ្ណ​នេះ យកទៅ​ព្យាបាល​ជំងឺ​ឬ​ហេតុការណ៍​អ្វី​ទៀត ដោយ​មិន​គិតថ្លៃ នៅតាម​មន្ទីរពេទ្យ​រដ្ឋ​។​

ការជំរុញ​បែបនេះ ដោយសារតែ​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន មិនបាន​សហការ ក្នុងការ​ចូលរួម​បំពេញ​ឯកសារ​របស់​កីឡាករ កីឡាការិនី សម្រាប់​ការស្នើសុំ​ធ្វើ​បណ្ណ​ម​.​ស​.​ស​នេះ កាលពី​ឆ្នាំ​២០២២ បន្ទាប់ពី​NOCC ទទួលបាន​បណ្ណ​ម​.​ស​.​ស​នេះ​ចំនួន​២​លើក ពី​រាជរដ្ឋាភិបាល សម្រាប់​យកមក​ផ្តល់ជូន​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ចំនួន​ ៣៥៩​ នាក់ លើ​១៦​ប្រភេទ​កីឡា សម្រាប់​ការស្នើសុំ​កាល​ឆ្នាំ​២០១៩ លើក​ទី​២ បាន​ចំនួន ​៥៤៦​ នាក់ លើ​ ១៥ ​ប្រភេទ​កីឡា កាលពី​ឆ្នាំ​២០២០​។​

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​សហព័ន្ធ​ទាំង​ ៥១ នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ លោក ថោង ខុន បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ ក្រុម​ជម្រើសជាតិ នៅក្នុង​ជំនាញ​កម្រិត​ខ្ពស់​ភាគច្រើន មិនមាន​បណ្ណ ម​.​ស​.​ស ទេ លើកលែងតែ​កីឡាករ កីឡាការិនី ជា​មន្ត្រីរាជការ ឬ​បុគ្គលិក​ឯកជន ដែល​អង្គភាព និង​ស្ថាប័ន​របស់ខ្លួន​ជា​អ្នក​ធ្វើឱ្យ ហេតុនេះ​ខ្ញុំ​សុំឱ្យ​មានការ​យកចិត្តទុកដាក់​ធ្វើការ​ងារ​នេះ ហើយ​បើ​មាន​បញ្ហា​អ្វី យើង​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​បន្ថែមទៀត គឺ​យើង​ត្រូវតែ​ខំប្រឹង​ជំ​រុញឱ្យ​កិច្ចការងារ​នេះ​ឱ្យបាន​»​។​

​លោក​បាន​ថ្លែងថា​៖«​យើង​ធ្លាប់​បានធ្វើ​ការងារ​នេះ​២​ដង​ហើយ ហើយ​ឥឡូវ​សូម​ធ្វើ​ការងារ​នេះ​ឡើងវិញ ដោយ​គ្រប់​សហព័ន្ធ​ទាំងអស់ ត្រូវ​ចាត់​មន្ត្រី​បង្គោល​ម្នាក់ ដើម្បី​មក​ធ្វើការ​ងារ​នេះ​ឱ្យបាន​ច្បាស់លាស់​ជាមួយ​មន្ត្រី​របស់ NOCC ហើយ​ខ្ញុំ​គិតថា វា​មិន​ពិបាក​នោះទេ ឱ្យតែ​យើង​មាន​ឯកសារ​គ្រប់គ្រាន់ គឺ​ត្រឹម​៣​សប្តាហ៍​អី នឹង​អាច​ស្នើសុំ​បណ្ណ ម​.​ស​.​ស នេះ ឱ្យ​កីឡាករ កីឡាការិនី​របស់​យើង​បាន​ហើយ​»​។​

ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួលបន្ទុក​ផ្នែក​កីឡា បាន​អះអាងថា ការធ្វើ​បណ្ណ ម​.​ស​.​ស សម្រាប់​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​កីឡាករ​ជំនាញ​កម្រិត​ខ្ពស់​នេះ វា​នឹង​ផ្តល់នូវ​ទំនុកចិត្ត​បន្ថែមទៀត ដល់​ក្រុម​អត្ត​ព​លិ​ក ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរ​។​

លោក​បាន​ថ្លែងថា​៖«​ក្នុងនាម​ជា​សហព័ន្ធ​កីឡា​ជាតិ យើង​ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ពី​សុខទុក្ខ​របស់​កីឡាករ កីឡាការិនី ដែលជា​តួអង្គ​ដ៏​សំខាន់​របស់​យើង ហើយ​ការទទួល​បន្ទុក​ទៅលើ​ផ្នែក​សុខភាព​នេះ វា​ជា​ចំណែក​មួយ ក្នុងការ​ជំរុញ​ដល់​បច្ចេកទេស ព្រោះ​បើ​យើង​មិនបាន​រៀបចំ ដើម្បី​ធ្វើឱ្យ​ពួកគាត់​មាន​ស្មារតី និង​មាន​ទំនុកចិត្ត ទៅលើ​ការធ្វើ​បច្ចេកទេស​របស់គាត់​ក៏​គាត់ មានការ​លំបាក​ក្នុងការ​ផ្សងគ្រោះថ្នាក់ ទៅលើ​ជំនាញ​នេះដែរ ព្រោះ​ខ្លាច​ថា ពេល​មាន​បញ្ហា មិនមាន​ពេទ្យ​ជួយ​ព្យាបាល ដោយ​មិន​យកប្រាក់ ហើយ​មានតែ​កីឡាករ កីឡាការិនី​ទេ ទើប​ដឹង​រឿងនេះ​ច្បាស់​»​។​

អ្នកជំនាញ​កីឡា​រូបនេះ​ បាន​បន្ថែមថា​៖ «​ខ្ញុំ​ធ្លាប់ជា​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​ ២ ​ឆ្នាំ ហើយ​ពេលទៅដល់​ខាង​កូរ៉េ គេ​ឱ្យ​ខ្ញុំ​ចុះហត្ថលេខា​ទទួលយក​ការព្យាបាល​រយៈពេល​២​ឆ្នាំ ដោយ​មិន​គិតថ្លៃ ដល់​អ៊ីចឹង​នៅក្នុង​ការហាត់ គឺ​យើង​ហ៊ាន​ប្តូរ ដោយសារ​យើង​មាន​ទំនុកចិត្ត​ថា បើ​មាន​បញ្ហា​ថ្លោះ គ្រេច បាក់ឆ្អឹង ឬ​សន្លប់ គឺមាន​ពេទ្យ​ចាំ​ជួយ​ព្យាបាល​ឱ្យ​យើង​ដោយ​មិន​អស់ប្រាក់​»​។​

អគ្គលេខាធិការ NOCC លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​នៅពេល​ហ្វឹកហាត់ យើង​ហ៊ាន​វ៉ៃ​ប្តូរ​ច្រើន គឺ​កម្រិត​បច្ចេក​ទេស​របស់​យើង នឹងមាន​ការកើនឡើង ហេតុនេះ​សូមឱ្យ​គ្រប់​សហព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់​ធ្វើការ​ងារ​នេះ​ជាមួយគ្នា ដើម្បី​ទទួលបាន​ប័ណ្ណ​ម​.​ស​.​ស ជូន​ដល់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​កីឡាករ​ជំនាញ​របស់​យើង​»៕