ក្រុមភ្នំពេញក្រោន ដែលទើបដណ្តើមបានកៅអីឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ាន ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងពានរង្វាន់ AFC Cup នោះ នៅតែអាចរក្សាទម្រង់លេងដ៏ល្អរបស់ខ្លួន ដើម្បីយកឈ្នះលើក្រុមវិសាខា ៣-១ ក្នុងការប្រកួតលីគកំពូលកម្ពុជា ដែលធ្វើឱ្យពួកគេ នៅតែមានភាគរយខ្ពស់ អាចប្រកួតប្រជែងដណ្តើមយកទីតាំងលេង១ជាមួយក្រុមព្រះខ័នរាជស្វាយរៀង។
តាមរយៈការប្រកួត នៅកីឡដ្ឋានស្មាតអអេសអិន កាលពីយប់ថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ពិតជាធ្វើបានល្អ ដើម្បីបង្កើនឱកាស ក្នុងការរកបានគ្រាប់បាល់ ហើយភាពសប្បាយរីករាយ បានកើតមានឡើងនៅនាទីទី២៨ បន្ទាប់ពីខ្សែប្រយុទ្ធជប៉ុន Shimizu Shintaroបានលោតតែតបាល់បញ្ចូលទីបានសម្រេច ពីការលើកបាល់ចេញពីជ្រុងរបស់ YudaiOgawa។
បន្ថែមទៅលើគ្រាប់បាល់ដ៏រីករាយនេះ Shimizu Shintaro ដដែល បានរកឃើញគ្រាប់បាល់ទី២របស់ខ្លូន នៅនាទីទី៣៦ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ ផាច សុជាវីឡា នៅនាទីទី៣៦ ដើម្បីបញ្ចប់ការប្រកួតតង់ទី១ ជាមួយការនាំមុខ ២-០ ហើយនៅនាទីទី៥៣ ខ្សែប្រយុទ្ធរបស់កូឡុំប៊ី Neitoបានស៊ុតបញ្ចូលទី១គ្រាប់ទៀត។
ជាមួយការនាំមុខ ៣-០ នេះ បានជំរុញឱ្យក្រុមជើងឯករង វិសាខា បង្កើនការវាយលុកកាន់តែខ្លាំងទៅលើក្រុមភ្នំពេញក្រោន ហើយការទប់បាល់មិនបានល្អរបស់ខ្សែការពារ ជួន ចាន់ចាវ បានធ្វើឱ្យកីឡាករចំណូលថ្មី Youssef EzzejjariLhasnaoui ឆក់បាល់នោះបាន រួចស៊ុតបញ្ចូលទី នៅនាទីទី៦៨ ដើម្បីធ្វើឱ្យការប្រកួតយ៉ាងតានតឹងនេះ បានបញ្ចប់ដោយលទ្ធផល ៣-១។
ជាមួយការដណ្តើមបាន៣ពិន្ទុពីក្រុមវិសាខា នេះ លោក Oleg Starynskyiគ្រូបង្គោលរបស់ក្រុមភ្នំពេញក្រោន បានបង្ហាញការរីករាយយ៉ាងខ្លាំង តែលោកក៏បានសរសើរពីទម្រង់ដ៏ល្អរបស់ វិសាខា ផងដែរ។
លោកបាននិយាយក្រោយការប្រកួតថា៖ «នេះជាការប្រកួតដ៏អស្ចារ្យ ដោយខ្ញុំគិតថាវិសាខាក៏មានភាពលេចធ្លោដែរនៅថ្ងៃនេះ ប៉ុន្តែពួកយើងគឺប្រសើរជាងពួកគេបន្តិច។ សរុបទៅក្រុមទាំង ២ បង្ហាញទម្រង់លេងយ៉ាងល្អដូចគ្នា»។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «យើងព្យាយាមដាក់កីឡាករដែលអាចលេងបាន ព្រោះយើងចង់ឈ្នះការប្រកួតនេះ ដូច្នេះយើងព្យាយាមរៀបចំក្រុមជាមួយកីឡាករល្អៗ និងអ្នកដែលមិនមានបញ្ហារបួស។វាមិនមែនជារឿងងាយស្រួលក្នុងការលេងជាមួយវិសាខា នោះទេ ហេតុនេះយើងត្រូវរៀបចំតំបន់ប្រយុទ្ធរបស់យើងឱ្យមានប្រសិទ្ធភាព»។
តាមរយៈការដណ្តើមបាន៣ពិន្ទុនេះ បានជួយឱ្យ ក្រុមភ្នំពេញក្រោន នៅតែអាចបន្តឈរនៅលេខរៀងទី២ ដោយមាន៣០ពិន្ទុ គឺតិចជាងក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ដែលមាន ៣៤ ពិន្ទុ ចំណែកក្រុមវិសាខា បានបន្តឈរនៅលេខ៣ មាន២៦ពិន្ទុដដែល ហើយតាមពីក្រោយដោយក្រុម ISI ដង្កោសែនជ័យ ដែលមាន២៣ពិន្ទុ។
យ៉ាងណាក៏ដោយ ក្រោយចាញ់ក្រុមភ្នំពេញក្រោន ៣-១ នេះ ក្រុមវិសាខា បានបង្ហោះសារថា៖ «សូមថ្លែងអំណរគុណដល់បងប្អូនអ្នកគាំទ្រ សម្រាប់ការចំណាយធនធាន និងពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមទស្សនាការប្រកួតកាលពីម្សិលមិញ តាំងពីដើមរហូតដល់ចប់ ទោះបីលទ្ធផលមិនមែនជាអ្វីដែលពួកយើងចង់បាន។ ពួកយើងប្ដេជ្ញានឹងបន្ដការខំប្រឹងធ្វើឱ្យបានកាន់តែល្អសម្រាប់ការប្រកួតបន្ទាប់»៕