​ភ្នំពេញៈ ជាមួយ​ឯកសណ្ឋាន​អាវ​ស ខោជើងវែង ពាក់​ស្បែកជើង​កវែង និង​មាន​ពាក់មួក​ការពារ​ផង​នោះ កីឡាការិនី​ជា​សែ​រាជវង្ស នរោត្តម អ​ម្រិ​តា រួមទាំង​កីឡាករ គង់ រតនៈ និង គិរី ចាន់​តុលា ដែលជា​មិត្ត​រួម​ក្រុម បាន​ព្យាយាម​បញ្ជា​សេះ​លោត​​ផ្លោះ​របារ​យ៉ាង​អំណត់ ទៅតាម​ជំនាញ​របស់ខ្លួន នៅ​ឯម​ជ្ឈ​មណ្ឌលកីឡា Cambodian Country Club (CCC)​។​

​បើទោះបី​ជាការ​ខំប្រឹង​បញ្ជា​សេះ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​នា​រសៀល​ម៉ោង​ ២:៣០ កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ​កន្លងមក ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​អ្នកទស្សនា ប៉ុន្តែ​នេះ​ជា​សកម្មភាព​បង្ហាញ​ឡើងវិញ​នូវ​អ្វីដែល​ក្រុម​អត្ត​ព​លិ​ក​ទាំង ​៣ ​រូបនេះ​បានធ្វើ​ក្នុងពេល​ពួកគេ​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ លើក​ទី​ ១ ឆ្នាំ ២០២៣ (The 1st  SEA Youth Cup) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ៩ ខែធ្នូ ដោយ​ពួក​គេ​បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ប្រកួត​ជិះសេះ​លោត​ផ្លោះ​របារ​ជា​ក្រុម​។​

​ការ​ឈ្នះ​បាន​មេដាយមាស ក្នុងការ​ប្រកួត​ដែលមាន ៧​ ប្រទេស​ចូលរួម​នេះ បាន​ក្លាយជា​ជោគជ័យ​យ៉ាង​ធំធេង​បំផុត​ដែល​បង្ហាញឱ្យឃើញ​ពី​ការតស៊ូ​មិន​រាថយ​របស់​ក្រុម​អត្ត​ព​លិ​ក​ជិះសេះ​កម្ពុជា ដែល​ពួកគេ បាន​ខំប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈ​ពេល​ប្រមាណ ៥​ ឆ្នាំ ទើប​ទទួលបាន​ឱកាស​ចេញទៅ​ប្រកួត​ជា​ផ្លូវការ​លើ​ឆាក​អន្តរជាតិ​លើក​នេះ​បន្ទាប់ពី​ពួកគេ​បាន​ខកខាន​បង្ហាញ​សមត្ថភាព​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ចំនួន ៣ ​លើក​ជាប់ៗ​គ្នា​ ដែល​សូម្បីតែ​ស៊ី​ហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣​លើទឹក​ដី​​ខ្លួនឯង​ក៏​ប្រភេទ​កីឡា​ជិះសេះ​មិនត្រូវ​បានដាក់​បញ្ចូល​ដែរ​។​

សហការី

«​យើង​បាន​ហ្វឹកហាត់​ខ្លាំង​មែនទែន ហើយ​វា​ពិតជា​រំភើប​ខ្លាំងណាស់ សម្រាប់​ការ​ដណ្តើមបាន​មេដាយមាស​ជា​លើកដំបូង​ជូន​ប្រទេសជាតិ​នៅពេលនេះ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី​ជា​សែ​រាជវង្ស នរោត្តម អ​ម្រិ​តា បន្ទាប់ពី​យុវតី វ័យ ១៥ ​ឆ្នាំ​រូបនេះ បានបង្ហាញ​ពី​ជំនាញ​បញ្ជា​សេះ រួមទាំង​ការបង្ហាញ​មេដាយមាស និង​ពាន​លេខ ១ ដែល​ដណ្តើមបាន​ពី​ប្រទេស​ថៃ ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ និង​គ្រូបង្វឹក នៅ​មជ្ឈមណ្ឌល​កីឡា ​CCC កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ​។​

​បន្ថែម​លើ​នេះ នរោត្តម អ​ម្រិ​តា ដែល​បាន​ចូល​ហាត់​ជិះសេះ ក្នុង​វ័យ ​១១ ​ឆ្នាំ បានបង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការបន្ត​អាជីព​មួយ​នេះ ដើម្បី​ស្វែងរក​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ជាតិ​។ អត្ត​ព​លិ​ក​រូបនេះ​បញ្ជាក់ថា​៖«​តាមរយៈ​ការ​ឈ្នះ​បាន​មេដាយមាស​នៅ​ថៃ​នេះ​បានធ្វើឱ្យ​ពួកយើង​កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ខ្លួនឯង​បន្ថែមទៀត ដើម្បី​អាចឈាន​ទៅរក​ការដណ្តើម​បាន​មេដាយ​បន្ត ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ ដោយ​ខ្ញុំ​ជឿថា យើង​នឹង​អាច​ឈ្នះ​បាន​មេដាយ​»​។​

​ទន្ទឹមនឹងនេះ កីឡាករ គង់ រតនៈ និង គិរី ចាន់​តុលា ក៏បាន​បង្ហាញ​ភាពសប្បាយ​ខ្លាំង ចំពោះ​ការរួម​គ្នា​ដណ្តើមបាន​មេដាយ​មាស ពី​ការប្រកួត SEA Youth Cup នេះដែរ ហើយ​ពួកគេ បាន​អះអាងថា ជ័យជម្នះ​នេះ វា​បាន​បំពេញ​ការខកចិត្ត​ម្តង​ហើយ​ម្តងទៀត ពី​ការ​មិនបាន​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ជាពិសេស​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​។​

​កីឡាករ​ជម្រើសជាតិ គង់ រតនៈ បាន​បញ្ជាក់ថា​៖ «​បើទោះបីជា​យើង​មិនបាន​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ជាពិសេស​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ប៉ុន្តែ​ពួកយើង​បាន​ប្រឹងប្រែង​ហាត់​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ជាប្រចាំ អត់​មាន​ខ្លាច​ទេ រហូត​អាច​ដណ្តើមបាន​មេដាយ​មាស​លើក​នេះ​។ ជ័យជម្នះ​នេះ បានធ្វើឱ្យ​ពួកយើង​កាន់តែ​មានទឹក​ចិត្តខ្លាំង​ឡើង ក្នុងការ​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​អាច​ឈ្នះ​បាន​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៥ ​ហើយ​ការដាក់​គោលដៅ​បែបនេះ ដោយសារ​ពួក​ខ្ញុំ​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​រួមចំណែក​លើ​ក​មុខមាត់​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ​»​។​

​ជាមួយ​ការ​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត SEA Youth Cup នៅ​ប្រទេស​ថៃ​នេះដែរ ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការតស៊ូ​យ៉ាង​វែងឆ្ងាយ​របស់​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ ដោយបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០០៦ ប៉ុន្តែ​ទើប​ឈ្នះ​បាន​មេដាយមាស​ជា​លើកដំបូង ពី​ការប្រកួត​នៅលើ​ឆាក​អន្តរ​ជាតិ បន្ទាប់ពី​ក្រុម​ជិះសេះ​កម្ពុជា បានឈ្នះ​មេដាយ​សំរឹទ្ធ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១​ទៀត​ពី​ការប្រកួត​នៅ​ហុងកុង​។​

​លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បានឱ្យដឹងថា ក្រោយ​បង្កើត​ឱ្យ​សហព័ន្ធ នៅ​ឆ្នាំ​ ២០០៦ គឺ​ក្រុមកីឡា​ជិះសេះ​កម្ពុជា ​បាន​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម​ជា​លើកដំបូង នៅ​ឆ្នាំ​ ២០១៣ ក្នុងពេល​ប្រទេស​មី​យ៉ាន់​ម៉ា ​ធ្វើជា​ម្ចាស់ផ្ទះ រួច​បន្ត​ចូលរួម​ស៊ី​ហ្គេម ឆ្នាំ​ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី និង​ស៊ី​ហ្គេម ក្នុង​ឆ្នាំ ​២០១៧ នៅ​ម៉ាឡេស៊ី ដែល​ក្រុម​អត្ត​ព​លិ​ក​ជិះសេះ​កម្ពុជា​បានឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​លោត​ផ្លោះ​របារ​ជា​ក្រុម ក៏ប៉ុន្តែ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ នៅ​ហ្វី​លី​​ពី​ន ស៊ី​ហ្គេម​ឆ្នាំ​ ២០២២ នៅ​វៀតណាម និង​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា គឺ​មិនមាន​ប្រភេទ​កីឡា​ជិះសេះ​នេះ​ទេ​។​

​ចំពោះ​ដំណើរការ​នៃ​ការបង្កើត​សហព័ន្ធ​កម្ពុជា​ បង្ហាត់​ជិះសេះ​នេះ លោកស្រី  ​ទេព ម៉ូ​ណា បាន​បញ្ជាក់ថា​៖ «​ការបង្កើតឱ្យមាន​សហ​ព័ន្ធ​រហូតមកទល់​ពេល​នេះ​ យើង​បាន​ឆ្លងកាត់​ការ​លំ​​បាក និង​ឧបសគ្គ​ជាច្រើន ដែល​មិនអាច​រៀបរាប់​អស់​បានទេ ព្រោះ​កីឡា​នេះ វា​ទាមទារ​ឱ្យ​យើង​មានការ​បំពាក់​សម្ភារ ព្រម​ទាំង​ការ​បង្វឹក​ទាំង​ទៅលើ​អត្ត​ព​លិ​ក និង​សេះ​ដោយ​តួអង្គ​ទាំង​​ ២ ​​នេះ ត្រូវតែ​មានចិត្ត និង​អារម្មណ៍​ដូចគ្នា ទើប​លោត​ផ្លោះ​របារ​បាន អ៊ីចឹង​វា​មិនមែនជា​រឿង​ងាយស្រួល​​»​។​

​លោកស្រី​បាន​បន្ថែមទៀតថា​៖ «​ដោយសារតែ​មានការ​ពិបាក​ខ្លាំងពេក ពេលខ្លះ​ខ្ញុំ​ចង់​លែង​ដៃ​ចោល​ម្តងៗ​ដែរ ប៉ុន្តែ​នៅពេលដែល​បានឃើញ​ទង់ជាតិ​របស់​យើង​ត្រូវបាន​បង្ហូត​ក្នុងពេល ដែល​ក្រុម​អត្ត​ព​លិ​ក​យើង​ដណ្តើមបាន​មេដាយ ជាពិសេស​ពេល​យើង​ឈ្នះ​បាន​មេដាយមាស ដោយ​គេ​បាន​ចាក់​ភ្លេងជាតិ​របស់​យើង​ឱ្យគេ​គោរព​នៅលើ​ឆាក​អន្តរជាតិ​នោះ គឺ​វា​ពិតជា​អស្ចារ្យ និង​រំភើប​ខ្លាំងណាស់ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​មិនអាច​បន្ធូរដៃ​បាន​ក្នុង​ការពង្រឹង​ធនធាន​នៅលើ​វិស័យ​កីឡា​ជិះសេះ​នេះ គឺ​យើង​បាន​ខំប្រឹងប្រែង​ខ្លាំង​សម្បើម​ណាស់​»​។​

​ជាមួយ​ការដាក់​ចិត្ត​ក្នុងការ​បណ្តុះ​ធនធាន​ឱ្យបាន​កាន់តែច្រើន និង​កាន់​តែមាន​គុណភាព​នេះ សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បាននិងកំពុង​ផ្តោត​ការយក​ចិ​ត្ដ​ទុកដាក់​ខ្លាំង​បំផុត​ទៅលើ​ការបង្ហាញ​វត្តមាន​ជាថ្មី នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​ ៣៣ ឆ្នាំ​ ២០២៥ នៅ​ប្រទេស​ថៃ ដែល​ប្រភេទ​កីឡា​ជិះសេះ​ត្រូវដាក់​ជា​ផ្លូវការ​ហើយ ហើយ​ការបង្កើតឱ្យមាន​ការប្រកួត SEA Youth Cup នេះ ក៏​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជំរុញ​ដល់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ចាប់ផ្តើម​ពង្រឹង​ប្រភេទ​កីឡា​ជិះសេះ​ឡើងវិញ សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៥ ផងដែរ​។​

​អ្នកស្រី ទេព ម៉ូ​ណា បាន​បញ្ជាក់ថា​៖ «​យើង​បាន​កសាង​ធនធាន​អត្ត​ព​លិ​កបាន​មួយចំនួនធំ​ហើយ ដោយសារ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា បានផ្តល់​ទាំង​គ្រូបង្វឹក​បរទេស និង​គ្រូបង្វឹក​ក្នុងស្រុក ដើម្បី​បង្វឹក​ដល់​ក្រុម​អត្ត​ព​លិ​ក​របស់​យើង អ៊ីចឹង​យើង​ត្រូវ​បន្ត​ពង្រឹង​លើ​ការងារ​នេះ ហើយ​ទម្រាំ​ដល់​ស៊ី​ហ្គេម ឆ្នាំ ​២០២៥ យើង​រំពឹងថា យើង​អាច​នឹង​ដណ្តើមបាន​រង្វាន់​លេខ​ ១ ព្រោះ​យើង​មាន​សម្ទុះ​ចិត្តខ្លាំង​ក្នុង​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួនឯង​»​។  

​ចំណែក​លោក​ហូ​យ សុ​ផា​រិ​ទ្ធ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជិះសេះ​កម្ពុជា និង​ជា​គ្រូបង្វឹក​ប្រចាំ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ ក៏បាន​ឱ្យដឹង​ដែរ​ថា គិត​មកទល់​បច្ចុប្បន្ន សហព័ន្ធ​មាន​កីឡាករ​ជម្រើសជាតិ​ចំនួន​ ១៤​ នាក់ ​(​ស្រី​ ៣ ​នាក់​)​ ដោយ​អ្នក​ទាំងនេះ​មាន​សមត្ថភាព​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្រិត​ស៊ី​ហ្គេម​បាន ប៉ុន្តែ​សហព័ន្ធ​មាន​មហិច្ឆតា​ចង់​បណ្តុះបណ្តាល​ឱ្យ​ពួកគេ​ឱ្យ​រឹត​តែមាន​សមត្ថ​ភាព​ខ្ពស់ជាង​នេះ​ដើម្បី​អាច​ចូលរួម​ឱ្យដល់​កម្រិត​អាស៊ី​ឬ​លើស​នោះ​ទៅទៀត​។​

​គ្រូបង្វឹក​វ័យ ៤២​ ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា​៖ «​ធនធាន​អត្ត​ព​លិ​ក​របស់​យើង​ពេលនេះ អាចមាន​លទ្ធភាព ប្រជែង​យក​មេ​ដាយ​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៥ ​បាន​ដែលមាន​កម្រិត​លោត​ពី​ ១,២០ ​ទៅ ​១,២៥ ​ម៉ែត្រ ប៉ុន្តែ​យើង​នៅមាន​ការប្រកួត​លើ​ស៊ី​ហ្គេម​ទៀត ដូចជា​ការប្រកួត​កម្រិត​អាស៊ី ដែល​សេះ និង​អត្ត​ព​លិ​ក អាច​លោត​បាន​ពី​ ១,៣៥ ទៅ​ ១,៤០ ម៉ែត្រ និង​ការប្រកួត​កម្រិត​ពិភព​​លោក​ដែល​អាច​លោត​ដល់​កម្ពស់ ​១,៦០ ​ម៉ែត្រ អ៊ីចឹង​ជា​ទិសដៅ​យើង​ត្រូវ​ជំរុញ​អត្ត​ព​លិ​ក និង​សេះ​របស់​យើង​ឱ្យ​ឈានទៅដល់​កម្រិត​ខ្ពស់​បែប​នោះដែរ​»៕​

សហការី