ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកោតសរសើរដល់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាថា មានការរីកចម្រើនលឿន ដោយបានបង្កើតឱ្យមានសកម្មភាពទាំងថ្នាក់ជាតិ និងអន្ដរជាតិ ទោះបីជាសហព័ន្ធនេះ ទើបតែត្រូវបានបង្កើតឱ្យមានឡើង នៅក្នុងអំឡុងពេល ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការកោតសរសើររបស់លោក ថោង ខុន ត្រូវបានធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ដោយការប្រកួតនេះបានរយៈពេល២ថ្ងៃ ក្រោមកញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយមានកីឡាករ២៥នាក់ កីឡាការិនី១២នាក់ បានចូលរួមប្រកួតតំណាងឱ្យក្លិបចំនួន៩ នៅក្នុងទូទាំងប្រទេសកម្ពុជា។
នៅក្នុងពិធីបិទការប្រកួតនោះ ប្រមុខដឹកនាំចលនាអូឡាំពិកនៅកម្ពុជា លោក ថោង ខុន បានឱ្យដឹងថា នៅក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងកិច្ចប្រជុំកីឡាអន្តរជាតិមួយចំនួនទៀត គឺគេតែងតែបំផុសផ្សព្វផ្សាយ និងជំរុញឱ្យមានការទទួលយក និងអភិវឌ្ឍប្រភេទកីឡាបាល់ទាត់លើតុ (Teqball) នេះ នៅលើពិភពលោក។
ប្រធាន NOCC លោក ថោង ខុន បានបន្ថែមថា៖ «Teqballជាប្រភេទកីឡាទើបបង្កើតឡើងថ្មី ប៉ុន្តែមានការរីកចម្រើនលឿន ដែលបច្ចុប្បន្នមានសមាជិកជាង១០០ប្រទេស ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បើទោះបីមិនទាន់បានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ»។
ជាមួយគ្នានេះ កម្ពុជាបានខិតខំរៀបចំបង្កើតឱ្យមានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា នៅឆ្នាំ២០២១ ហើយបានទទួលស្គាល់ពី NOCC និងក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២។ បន្ថែមលើនេះ ដោយសារកីឡាបាល់ទាត់លើតុ មានសក្តានុពល និងទទួលបានប្រជាប្រិយភាពពីក្រុមយុវជននោះ ទើបប្រភេទកីឡានេះ ត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងនាមជា «ប្រភេទកីឡាបង្ហាញ» ហើយជាលទ្ធផលក្រុមអត្តពលិក Teqball កម្ពុជា ដណ្តើមបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៣។
ការទទួលបានជោគជ័យ សម្រាប់ការបង្ហាញខ្លួន នៅស៊ីហ្គេម ឆ្នាំ២០២៣ នេះ បានធ្វើឱ្យអ្នកគាំទ្រ កាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើកីឡាបាល់ទាត់លើតុ ហើយនេះក៏ជាដើមចមមួយ ដែលក្រសួងអប់រំ និង NOCC អនុញ្ញាតឱ្យមានការរៀបចំការប្រកួតកីឡាបាល់ទាត់លើតុ ជាលើកដំបូងផងដែរ ដើម្បីឱ្យសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា អាចជ្រើសរើសបានធនធានអត្តពលិកល្អៗ សម្រាប់យកទៅបណ្តុះបណ្តាលក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួតអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។
ជាមួយគ្នានេះ លោក ថោង ខុន បានថ្លែងសរសើរដល់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បែបនេះថា៖ «បើទោះបីជាសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ទើបតែបង្កើតឡើងថ្មី ប៉ុន្តែសហព័ន្ធនេះ បានធ្វើសកម្មភាពជាច្រើន ជាមួយនឹងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ ប្រចាំឆ្នាំ២០២៣ ហើយបានបង្ហាញពីការវិវឌ្ឍរីកចម្រើនបន្ថែមទៀត សម្រាប់វិស័យកីឡា Teqball នៅកម្ពុជា»។
លោកបានបន្ថែមថា៖ «ក្នុងនាម NOCC និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់លើតុ និងសូមលើកទឹកចិត្តឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីឈានទៅរកសក្តានុពលកីឡា Teqballក្នុងតំបន់ និងលើពិភពលោក។ ចំណែកក្រុមអត្តពលិកវិញ ត្រូវបន្តខិតខំហ្វឹកហាត់ឱ្យបានទៀងទាត់ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅរកគុណផលកីឡាកម្រិតខ្ពស់ និងស្វែងរកជយលាភីជូនជាតិមាតុភូមិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ»។
តាមរយៈការប្រកួតកីឡាបាល់ទាត់លើតុជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣នេះកីឡាការិនី យ៉ន សោភ័ណ្ណរស្មី របស់ក្លិបក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជននារី រីឯមេដាយប្រាក់បានទៅកីឡាការិនី ឌី គឹមយាន របស់ក្លិបជ័យជម្នះ និងលេខ៣មេដាយសំរឹទ្ធបានទៅកីឡាការិនី ប្លុក ពេជ្រអករា របស់ក្លិបអមរៈ។ ចំណែវិញ្ញាសាឯកត្ដជនបុរស វិញ លេខ១បានលើកីឡាករ រៀម សុខភិរម្យ របស់ក្លិបជ័យជម្នះ លេខ២កីឡាករ ហ៊ូ សំបូរ របស់ក្លិបវិទ្យាល័យព្រះស៊ីសុវត្ថិ និងលេខ៣ កីឡាករ ឈិន តា របស់ក្លិបមិត្តភាព។
ចំណែកការប្រកួតវិញ្ញាសាបាល់ទាត់គូនារី ចំណាត់ថ្នាក់លេខលេខ១ បានទៅក្លិបក្រសួងមហាផ្ទៃ លេខ២ក្លិបជ័យជម្នះ និងលេខ៣ ក្លិបអមរៈ រីឯវិញ្ញាសាបាល់ទាត់គូបុរស លេខ១ បានទៅក្លិប We are DN លេខ២ ក្លិបក្រសួងមហាផ្ទៃ និងលេខ៣បានទៅក្លិបក្ដាន់២។ ចំពោះវិញ្ញាសាបាល់ទាត់គូចម្រុះ លេខ១ បានទៅក្លិបជ័យជម្នះ លេខ២ ក្លិបក្រសួងមហាផ្ទៃ និងលេខ៣ បានទៅក្លិបវិទ្យាល័យព្រះស៊ីសុវត្ថិ៕