ភ្នំពេញៈ អ្នកគ្រប់គ្រងសង្វៀនប្រដាល់ទទក រួមជាមួយដៃគូសហការ បានសម្រិតសម្រាំងយកកីឡាករបរទេសមានសមត្ថភាពល្អៗចំនួន ១១ នាក់ មកពីប្រទេសថៃ អ៊ីរ៉ង់ និងឡាវ ដើម្បីប្រកួតឆ្លងឆ្នាំ២០២៣ ជាមួយអ្នកប្រដាល់លំដាប់ល្បីៗរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ Krud Kun Khmer នៅទីតាំងមុខសាលាខេត្តត្បូងឃ្មុំថ្មី នាយប់ថ្ងៃទី៣០ និងទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ។
ជាមួយការចល័តការប្រកួត ទៅដល់ខេត្តត្បូងឃ្មុំនេះ លោក ម៉ុល នី ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក បានអះអាងថា នឹងទទួលបានការគាំទ្រខ្លាំងជាងការប្រកួតនៅខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ កន្លងមកទៅទៀត ដោយសារការប្រកួតឆ្លងឆ្នាំចំនួន ២ថ្ងៃនេះ Krud Kun Khmer បានសម្រិតសម្រាំងយកសុទ្ធតែកីឡាករល្អៗ មានប្រជាប្រិយភាពខ្លាំងទៅប្រកួត។
លោក ម៉ុល នី បានប្រាប់កាលពីថ្ងៃទី២៨ ខែធ្នូថា៖ «តាមរយៈការប្រកួតតាមខេត្តកន្លងមកនេះ យើងទទួលបានជោគជ័យ ដោយមានអ្នកអបអរសាទរ និងគាំទ្រច្រើន ហើយនេះជាការផ្សព្វផ្សាយគុនខ្មែររបស់យើងទៅដល់ក្មេងៗ និងប្រជាពលរដ្ឋនៅតាមខេត្ត ដើម្បីឱ្យពួកគាត់ មានការយល់ដឹងកាន់តែច្បាស់ និងរួមចំណែកអភិរក្ស និងអភិវឌ្ឍក្បាច់គុនដូនតារបស់យើង ឱ្យកាន់តែមានភាពល្បីល្បាញ»។
លោកបានបន្ថែមថា៖ «ចំណែកការប្រកួត នៅខេត្តត្បូងឃ្មុំលើកនេះ អាចនឹងមានអ្នកគាំទ្រច្រើនជាងបណ្តាខេត្តផ្សេងៗ ព្រោះយើងបានដាក់កីឡាករល្បីៗ ដែលជាតារាប្រដាល់ទៅច្រើន ដូចជាម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្ត្រា, ឡៅ ចន្ទ្រា, លន បញ្ញា រួមទាំង គឹម វាសនា, ប៊ុន សុធា, វ៉ាន់ វឿន និងមានការប្រកួតជម្រុះសន្សំពិន្ទុ ដណ្តើមខ្សែក្រវាត់ចំនួន ៤ ប្រភេទទម្ងន់ផ្សេងគ្នា ដែលចម្រុះដោយកីឡាករមានសមត្ថភាពល្អ ចំណែកកីឡាករបរទេស យើងបានយកមកពីសង្វៀនធំៗ ព្រោះនេះជាការប្រកួតឆ្លងឆ្នាំ»។
សម្រាប់ការប្រកួត Krud Kun Khmer រយៈពេល ២ថ្ងៃនេះ មានការប្រកួតសរុបចំនួន ១៣ គូ ហើយក្នុងនោះ មានការប្រកួតអន្តរជាតិ ជាលក្ខណៈមិត្តភាព និងជម្រុះដណ្តើមខ្សែក្រវាត់អន្តរជាតិ រហូតដល់ ១១ គូ ហើយបេក្ខភាពដែលត្រូវប៉ះគ្នានេះ សុទ្ធតែជាកីឡាករ ដែលមានសមត្ថភាពខ្លាំងៗ។
ចំពោះការប្រកួតនៅសៅរ៍ ទី៣០ ខែធ្នូ ដែលចាប់ផ្តើមពីម៉ោង ៧យប់ទៅនោះ ម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចន្ទ្រា ត្រូវដាក់ឱ្យប្រកួតជាមួយអ្នកប្រដាល់វ័យក្មេងរបស់អ៊ីរ៉ង់ Mahammad Mahdi ក្នុងទម្ងន់ ៧៣ គីឡូក្រាម ហើយគេម្នាក់នេះ ទើបតែទទួលបានជ័យជម្នះ សម្រាប់ការប្រកួត នៅសង្វៀន Thai Fight ផងដែរ។ ចំណែក គឹម វាសនា ក៏ត្រូវដាក់ឱ្យប្រកួតជាមួយអ៊ីរ៉ង់ Sa Degh ក្នុងទម្ងន់ ៦៩ គីឡូក្រាម។
ចំណែកអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ត្រូវដាក់ឱ្យប្រកួតជាមួយជើងខ្លាំងរបស់ថៃ Zlatan Chibmerngnun ក្នុងទម្ងន់ ៦០គីឡូក្រាម ហើយអ្នកប្រដាល់រូបនេះ ត្រូវបានគេស្គាល់ថា ជាសិស្សប្អូនរបស់កីឡាករថៃកំពុងមានឈ្មោះល្បីខ្លាំង រថថាំង ដូច្នេះជំនួបលើកនេះ វ៉ាន់ វឿន អាចនឹងត្រូវធ្វើការងារធ្ងន់។
យ៉ាងណាក៏ដោយ វ៉ាន់ វឿន បាននិយាយថា៖ «គាត់ជាកីឡាករល្អ រឹង និងលឿន ហើយដោយសារគាត់រាងធំជាងខ្ញុំ អ៊ីចឹងអាចនឹងមានការពិបាកដែរ ប៉ុន្តែការប្រកួតវ៉ៃត្រឹម ៣ទឹក គឺអ្នកចេញបានលឿនជាង អ្នកហ្នឹងហើយ!។ ម្យ៉ាងទៀត Zlatan ជាកីឡាករដើរចូលវ៉ៃ អត់សូវបិទទេ អ៊ីចឹងអាចលេងគ្នាបាន គ្រាន់តែយើងអាចចាញ់កម្លាំងស៊ុហ្វគេបន្តិច»។
បន្ថែមទៅលើការប្រកួតមិត្តភាពអន្តរជាតិនេះ កីឡាករជើងថ្មី កំពុងក្រសោបបានភាពល្បី ប៊ន ពន្លឹក ត្រូវជួបឡាវ Yot Soanganvansoede រីឯ ធន់ វិណ្ណ ត្រូវប៉ះថៃ Pethnamnim ដែលជំនួបទាំង ២ គូនេះ ជាការប្រកួតជម្រុះសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ហើយកីឡាករកម្ពុជាចំនួន ៤ នាក់ទៀត រួមមាន ពេជ្រ សុឃីម, ម៉ាលី អូប៉, ធន់ សាក់ស៊ីន និង គឿប សុវណ្ណឃីម ត្រូវប្រកួតជម្រុះសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម នាយប់ថ្ងៃទី៣០ ធ្នូនោះដែរ។
ដោយឡែក សម្រាប់ការប្រកួត នៅថ្ងៃទី៣១ ខែធ្នូវិញ ម្ចាស់មេដាយមាស ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរបស់ថៃ Prasit Chai ក្នុងទម្ងន់ ៦៥ គីឡូក្រាម ហើយម្ចាស់មេដាយមាស លន បញ្ញា ត្រូវប្រឈមជាមួយម្ចាស់ខ្សែក្រវាត់មកពីថៃ Kajatsik Arun ក្នុងទម្ងន់ ៦៥ គីឡូក្រាម ចំណែក ប៊ុន សុធា ត្រូវតទល់នឹងឡាវ Khumbang Lung ក្នុងទម្ងន់ ៥៧ គីឡូក្រាម។
ចំពោះការប្រកួតនៅខេត្តត្បូងឃ្មុំ ជាលើកដំបូងនេះ លន បញ្ញា បាននិយាយថា៖ «ខ្ញុំហ្វឹកហាត់បានពេញល្អ ហើយដៃគូរបស់ខ្ញុំ ឮថា ជាម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវវ៉ៃឱ្យលះ ស្អាត និងចេញឱ្យបានគ្រប់ក្បាច់ ដើម្បីឱ្យបងប្អូនសប្បាយភ្នែក ដោយសារការប្រកួតនេះ ចំថ្ងៃឆ្លងឆ្នាំផង»។
ជាមួយគ្នានេះ កីឡាករ ធន់ ផានិត ត្រូវប្រកួតជម្រុះសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ជាមួយថៃ Petdam Sitbonsokhun ហើយ អ៊ូច ធារិទ្ធ ត្រូវប្រកួតសន្សំពិន្ទុជាមួយកីឡាករឡាវ Khanlakhik ដូចគ្នា ចំណែក សុវណ្ណភូមិ រុងរឿង ក៏ត្រូវប្រកួតជម្រុះសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦៥ គីឡូក្រាម ជាមួយកីឡាករថៃ Ningdeav Kibryuth នាយប់ថ្ងៃអាទិត្យនោះដូចគ្នា៕