ភ្នំពេញៈ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជូនប្រតិភូកីឡាចំនួន ២៥ នាក់ ក្នុងនោះមានកីឡាករ ១៥ នាក់ ឱ្យទៅចូលរួមការប្រកួតកីឡាប្រណាំងទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ ដែលត្រូវធ្វើពីថ្ងៃទី៤ ដល់ទី៧ ធ្នូ ខណៈការប្រកួតធ្វើតែ ១ ថ្ងៃទេ គឺថ្ងៃទី៦ ខែធ្នូ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
នៅក្នុងសន្និសីទកាសែត កាលពី១ ខែធ្នូ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានឱ្យដឹងថា ការទៅចូលរួមការប្រកួតកីឡាប្រណាំងទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ នេះត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទោចក្រយានឡាវ ហើយការប្រកួតនេះគឺដើម្បីអបអរសាទរ ក្នុងឱកាសដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះលើកទី១នៃកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៣។
សម្រាប់ការប្រកួតនេះ ទាំងកីឡាករកម្ពុជា ឡាវ និងវៀតណាម សុទ្ធតែត្រូវបានបែងចែកជា៣ក្រុមដូចគ្នា គឺ១ក្រុមមានកីឡាករ៥នាក់ហើយពួកគេត្រូវធ្វើការប្រកួតគ្នារយៈចម្ងាយ៤០គីឡូម៉ែត្រ។អ្នកជិះមកដល់ទីផ្តាច់ព្រ័ត្រមុនគេ នឹងក្លាយជាម្ចាស់ជើងឯកតែម្តង ដោយមិនមានការបូកសរុបពិន្ទុជាក្រុម រួចគិតជាលទ្ធផលរួមនោះទេ។
ក្រៅពីគោលបំណងចម្បងនៃការចូលរួមរឹតចំណងមិត្តភាព សាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ ជាមួយកីឡាករអន្តរជាតិគឺសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានយកការប្រកួតកីឡាប្រណាំងទោចក្រយានមិត្តភាពអន្តរជាតិ នៅប្រទេសឡាវនេះ ជាកិច្ចចាប់ផ្តើមក្នុងការធ្វើកំណែទម្រង់ប្រភេទកីឡាប្រណាំងកង់គួក បន្ទាប់ពីប្រភេទកីឡាកង់គួករបស់កម្ពុជា នៅតែមិនអាចដណ្តើមបានមេដាយ ពីការប្រកួតស៊ីហ្គេមគឺផ្ទុយពីក្រុមកង់ភ្នំ ដែលដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ១ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក នូ ចំរើន បានថ្លែងថា៖«បន្ទាប់ពីការប្រកួតស៊ីហ្គេម កន្លងមកនេះ ក្រុមកង់គួករបស់យើង នៅតែទទួលបានលទ្ធផលមិនទាន់ល្អ ដែលទាមទារឱ្យយើងធ្វើកំណែទម្រង់ថ្មី ដោយត្រូវធ្វើការជ្រើសរើសគ្រូបង្វឹក និងកីឡាករ កីឡាការិនីឡើងវិញ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ រួមទាំងការប្រកួតអន្តរជាតិផ្សេងៗទៀត អ៊ីចឹងការប្រកួតនេះ ជាឱកាសដ៏ល្អមួយ ដែលយើងអាចមើលឃើញពីសមត្ថភាពកីឡាកររបស់យើង»។
លោកបានបន្ថែមថា៖ «បន្ទាប់ពីការប្រកួតនេះ យើងក៏នៅមានការប្រកួតអន្តរជាតិផ្សេងៗទៀត ដែលធ្វើនៅប្រទេសថៃ និងវៀតណាមជាដើម នៅឆ្នាំ២០២៤ អ៊ីចឹងទេ ការប្រកួតទាំងអស់នេះជាការវាយតម្លៃពីកម្រិតសមត្ថភាពកីឡាកររបស់យើងនៅក្នុងចំណោមកីឡាករទាំង១៥នាក់នេះ ថា តើនៅមានកីឡាករប៉ុន្មាននាក់ដែលអាចបន្តស្ថិតនៅក្នុងក្រុមជម្រើសជាតិកង់គួករបស់យើងជាបន្តទៀត»។
សម្រាប់ការត្រៀមចូលរួមការប្រកួតកីឡាប្រណាំងទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ ដែលធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនេះ សហព័ន្ធខ្មែរកីឡាទោចក្រយានបានប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ និងកីឡាករកម្រិតខ្ពស់ចំនួន១៥នាក់ មកហ្វឹកហាត់ចាប់ពីដើមខែវិច្ឆិកា ដោយមិនមានការឧបត្ថម្ភអ្វីនោះទេ ពោលគឺការហ្វឹកហាត់ដោយការស្ម័គ្រចិត្ត និងការស្រឡាញ់។
លោក នូ ចំរើន បានបញ្ជាក់ថា៖ «បើទោះបីជា ពេលនេះ យើងមិនមានការប្រមូលផ្តុំជាក្រុមជម្រើសជាតិ ប៉ុន្តែកីឡាកររបស់យើងទាំង១៥នាក់ បានព្យាយាមលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន ដោយស្មារតីនៃការស្រឡាញ់ ដើម្បីធ្វើការហ្វឹកហាត់ ដោយមានការតាមដានពីមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ សម្រាប់ត្រៀមចូលរួមការប្រកួតនៅប្រទេសឡាវនេះ ព្រោះចង់ទទួលបានលទ្ធផលល្អ»។
ជាមួយគ្នានេះ ការបញ្ជូនប្រតិភូទៅចូលរួមការប្រកួតកីឡាប្រណាំងទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ នៅទីក្រុងវៀងចន្ទន៍នេះ បានទទួលការឧបត្ថម្ភពីវិស័យឯកជន ដោយមានទឹកប្រាក់សរុបចំនួន៣ ៦០០ដុល្លារ ហើយប្រតិភូកីឡាទោចក្រយានកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៣ ហើយគ្រោងនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣៕