សៀមរាបៈ មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​ ​​១០ ១៥៤ ​នាក់ មកពី​ ៧៨​ ប្រទេស បាន​ចូលរួម​រត់​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី ​២៨ ឆ្នាំ ២០២៣ ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ៣ ​ខែធ្នូ ឆ្នាំ​ ២០២៣ ​ដែល​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នៅលើ​ទឹកដី​អង្គរ​។​

​លោក ថោ​ន ខុន ទេស​​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជំរុញ​ការអភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន​គណៈ​ក​ម្មា​​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ថ្លែងថា ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ទេស​​ចរណ៍​ ដោយ​យើង​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​តាំងពី​ឆ្នាំ​ ១៩៩៦ ​មកហើយ​សម្រាប់​ការរៀបចំ​ឆ្នាំ​ទី​ ២៨ ព្រឹត្តិការណ៍​របស់​យើង មាន​អ្នកចូលរួម​ដល់​ ១០១៥៤​ នាក់​ក្នុងនោះ​មាន​បរទេស ៣ ៦៥៤ ​នាក់​មកពី ​៧៨ ​ប្រទេស ដែល​ភាគច្រើន​មកពី​អឺរ៉ុប អង់គ្លេស បារាំង និង​អាមេរិក​ជា​ដើម​។​

​លោក​បន្ថែមថា​៖ «​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នៅលើ​ទឹកដី​អង្គរ​ដ៏​ល្អ​ឯក​នេះ ពិតជា​បាន​នាំមក​នូវ​ភាពកក់ក្តៅ ភាពសប្បាយ​រីក​​រាយ មិត្តភាព និង​សាមគ្គីភាព ជូន​ដល់​អត្ត​ព​លិ​ក​ចូលរួម​រត់ប្រណាំង​ទាំងអស់​ដែល​បានមកពី​គ្រប់ទិសទី​ជុំវិញ​ពិភព​​លោក​ដោយសារ​កម្ពុជា​បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់បំផុត​លើ​ពិភពលោក​ហើយ​កម្ពុជា​ក៏បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​សុវត្ថិ​​ភាព​មុនគេ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​ផ្ដល់​ភាពកក់ក្ដៅ​ជាទីបំផុត​ក្រោម​ម្លប់​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​»​។​

​បន្ថែម​លើ​នេះ លោក ថោង ខុន បានឱ្យដឹង​ទៀតថា រាជរដ្ឋាភិបាល​បានអនុម័ត និង​ដាក់ចេញ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​អង្គរ សម្រាប់​ឆ្នាំ​២០២១-២០៣៥ ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​តំបន់​ប្រាសាទ​អង្គរ និង​តំបន់​ជុំវិញ ដែលជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក ដ៏​ល្បីល្បាញ​មួយ​នះ ឱ្យមាន​ការ​អភិ​វ​ឌ្ប្រ​កប​ដោយ​និរន្តរភាព ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ខ្ពស់ ស្របតាម​ទស្សនទាន «​អភិរក្ស​ដើម្បី​អភិវឌ្ឍ អភិវឌ្ឍ​ដើម្បី​អភិរក្ស​»​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​រូបនេះ បន្ថែមថា នៅក្នុង​ដំណាក់កាល​កូ​វីដ​ ១៩ ​កន្លងមក រាជរដ្ឋាភិបាល​បានធ្វើកា​រវិ​និ​​យោគ​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​តំបន់​អង្គរ និង​សាងសង់​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​នៅ​ទីក្រុង​សៀមរាប និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជប៉ុន ដើម្បី​រៀបចំ​ទីក្រុង​សៀមរាប ដែលជា​ទីក្រុង​បេតិកភណ្ឌ ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ “Smart City” ផងដែរ​។

​ម្យ៉ាងវិញទៀត ការដាក់ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី នាពេល​ថ្មីៗ​នេះ បានផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុងការ​ធ្វើដំណើរ​តាម​ជើងហោះហើរ​ត្រង់​ផ្លូវ​ឆ្ងាយ ដោយ​ប្រើ​ប្រភេទ​យន្តហោះ​យក្ស​មកកាន់​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​មួយ​នេះ​។​

អ្នក​ចូលរួមក្នុងទិវា​រត់ប្រណាំង​​នៅ​លើ​ទឹកដីអង្គរ​នៅថ្ងៃទី​ ៣ ខែធ្នូ​។ឈន ណន

​លោក ថោ​ន ខុន បញ្ជាក់ថា​៖«​កម្ពុជា ជា​ប្រទេស​គោលដៅ​ទេសចរណ៍ តែ​សម្រាប់​ការធ្វើដំណើរ​មក​ប្រទេស​យើង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​គ្រាន់តែ​ជា​គោលដៅ​រណប​មួយ ដោយ​សារ​ជើងហោះហើរ យើង​បាន​យក​បន្ត​ពី​បាងកក ហូជីមិញ យក​ពី​ម៉ាឡេស៊ី និង សិង្ហ​បុរី ប៉ុន្តែ​ពេលនេះ យើង​អាច​ហោះ​ហើរ​ត្រង់​មកពី​អឺរ៉ុប អាមេរិក និង​ប្រទេស​ឆ្ងាយៗ នៅលើ​ពិភពលោក មកកាន់​សៀមរាប​តែម្តង​។ អ៊ីចឹង​ធ្វើឱ្យ​ភ្ញៀវ​ទេស​ចរ​បរទេស មានការ​ចាប់អារម្មណ៍​មកលេង​កម្សាន្ត​នៅ​កម្ពុជា និង​តំបន់​អង្គរ​»​។​

​លោក​ថោង ខុន​បន្ថែមថា​៖«​នេះ​ជាស​ញ្ញា​ដ៏​ល្អ​មួយ ដែល​យើង​សង្ឃឹមថា នៅ​ឆ្នាំក្រោយ នឹងមាន​អ្នកចូលរួម​កាន់​​តែ​ច្រើន​ថែមទៀត ដោយ NOCC នឹង​ខិតខំ​សហការ​ជាមួយ​ដៃគូ​សហការ ជាពិសេស​គណៈកម្មាធិកា​រ​អូឡាំពិក​ប្រទេស​ផ្សេងៗ ដើម្បី​យក​អ្នករត់​មកកាន់​ព្រឹត្តិ​​ការណ៍​របស់​យើង​ឱ្យបាន​ច្រើន គឺ​យើង​រំពឹងថា ចំនួន​អ្នកចូលរួម នៅ​ឆ្នាំ ​២០២៤ អាច​នឹង​កើន​ឡើងដល់ ១៥ ០០០​ នាក់​»​។​

​ជាមួយគ្នានេះ​លោក ថោង ខុន បាន​លើកឡើងថា ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី ​២៨ ឆ្នាំ​ ២០២៣ ​នេះ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​ពី​ចំណងមិត្តភាព​យ៉ាងយូរ​អង្វែង​រវាង NOCC និង​អង្គការ​បេះដូង​មាស​របស់​ជប៉ុន ដែល​បាន​រួមគ្នា​បង្កើត​ទិវា​នេះ​ឡើង ហើយ​ទិវា​នេះ​ក៏​ជាការ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​ផងដែរ​។

លោក​ថា​៖ «​កម្ពុជា និង​ជប៉ុន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ ដំបូង​នៅ​ឆ្នាំ​ ១៩៥៣ ហើយ​ ៧០​ ឆ្នាំក្រោយ គឺ​ឆ្នាំ ​២០២៣ ​នេះ ប្រទេស​ទាំង​ ២ ​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ដល់​កម្រិត​“​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់បំផុត ហើយ​មិត្ត​ជប៉ុន​ក៏​ជា​ប្រទេសមួយ​នាំមុខគេ​ក្នុង​ការផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា និង​កម្ចី​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។​

​លោក​បន្ថែមថា​៖ «​យើងខ្ញុំ​សង្ឃឹមថា នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន និង​កំណើន​ភ្ញៀវទេសចរ​ជប៉ុន ក៏ដូចជា​មកពី​ទីផ្សារ​ធំៗ​ជាច្រើន​ទៀត​ក្នុង​តំបន់ និង​ពិភពលោក​មកកាន់​សៀមរាប​អង្គរ​កាន់តែច្រើន​ក្នុងពេល​ឆាប់ៗ ហើយ​ខ្ញុំ​សូម​គាំទ្រ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​បេះដូង​មាស​ជប៉ុន ដែល​បាន​សហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​ NOCC ក្នុង​ការបន្ត​និរន្តរភាព​រៀបចំ​ទិវា​រត់​​ប្រណាំង​អន្តរជាតិ​នេះ​អស់​រយៈពេល ​២៨​ ឆ្នាំ​មកហើយ ដើម្បី​មនុស្សធម៌ កាត់​បន្ថយ​ភាពក្រីក្រ កំណើន​ទេសចរណ៍ និង​បំផុស​ការចូលរួម​លេង​កីឡា​។ សូមឱ្យ​កិច្ចសហការ​រួមគ្នា​រវាង​នេះ នៅ​បន្ត​ស្ថិតស្ថេរ​ជា​និរន្តរ៍​»៕