ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមកញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយជោគជ័យ និងរកឃើញម្ចាស់មេដាយមាស នៅលើប្រភេទទម្ងន់ទាំង៨ ជាផ្លូវការហើយ ប៉ុន្តែមន្រ្តីជំនាញរបស់សហព័ន្ធនេះ បានឱ្យដឹងថា ម្ចាស់មេដាយមាសទាំង៨នាក់នេះ មិនប្រាកដថា នឹងអាចត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិទាំងអស់នោះទេ គឺវាអាស្រ័យទៅលើការប្រជុំត្រួតពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ថែមទៀត។
សម្រាប់ការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលធ្វើនៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ កន្លងមកនេះមានកីឡាករ៩៩នាក់ និងកីឡាការិនី៦នាក់ បានចូលរួម ដោយអ្នកទាំងនេះ ប្រកួតតំណាងឱ្យក្លិប-សមាគមចំនួន២០ នៅលើប្រភេទទម្ងន់ចំនួន៨ គឺផ្នែកបុរសមាន៧ទម្ងន់ និងផ្នែកនារីមានតែប្រកួតទម្ងន់៥២គីឡូក្រាម១ទេ។
ជាលទ្ធផល សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រទាំង ៨ប្រភេទទម្ងន់ កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមកនេះ កីឡាករ លីម សៀងឡាំ បានឈ្នះមេដាយមាស ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម បន្ទាប់ពីរូបគេបានឈ្នះ អំ ខេម ដោយពិន្ទុ រីឯកីឡាករ សុផាត មេសា បានយកឈ្នះ នា សុវណ្ណ ដើម្បីឈ្នះមេដាយមាស ក្នុងទម្ងន់៥៤គីឡូក្រាម ហើយកីឡាករជម្រើសជាតិ សៅ រង្សី បានឈ្នះ ដុស រតនា ដើម្បីទទួលបានមេដាយមាស ក្នុងទម្ងន់៥៧គីឡូក្រាម ចំណែក កីឡាករ ណាត សៀកនិន បានឈ្នះមេដាយមាសទម្ងន់៦០គីឡូក្រាម ក្រោយឈ្នះ ហួន យ៉ា ដោយពិន្ទុ។
ចំពោះការប្រកួតទម្ងន់៦៣,៥គីឡូក្រាមវិញ កីឡាករ ស្រ៊ាង ណារិត បានឈ្នះពិន្ទុកីឡាករ សោម វិច្ឆ័យ ដើម្បីទទួលបានមេដាយមាស រីឯ អេ វិរៈខាំឈិតភូថង ដែលគេស្គាល់ថា ជា ម៉ឺន មេឃា នោះបានម៉ាត់ឱ្យ ប៊ុត សំរ៉ាច់ ឱ្យសន្លប់ក្នុងទឹកទី១ ដើម្បីឈ្នះមេដាយមាសទម្ងន់៦៧គីឡូក្រាម ចំណែក ពេញ វណ្ណថង ដណ្តើមបានមេដាយមាស ក្នុងទម្ងន់៧១គីឡូក្រាម ក្រោយឈ្នះ កែវ សំរិទ្ធ ដោយពិន្ទុ ប៉ុន្តែកីឡាការិនី ងិន ស្រីលក្ខ បានចាញ់ពិន្ទុ ចាន់ វិច្ឆិកា ក្នុងការប្រកួតផ្តាច់ព្រ័ត្រទម្ងន់៥២គីឡូក្រាម។
សម្រាប់លទ្ធផលជារួមវិញ គឺក្លិបក្រសួងការពារជាតិ ដែលបានឈរលេខ៦ កាលពីឆ្នាំមុន បានឡើងមកឈរលេខ១ ដោយដណ្ដើមបានមេដាយមាស ៣ ប្រាក់ ១ សំរឹទ្ធ ១តាមពីក្រោយដោយក្លិបបញ្ជាការដ្ឋានកាំភ្លើងធំឈ្នះមេដាយមាស ២ ប្រាក់ ២ សំរឹទ្ធ ១និងក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យឈ្នះបានមេដាយមាស ១ ប្រាក់១។ រីឯក្រសួងមហាផ្ទៃ ដែលធ្លាប់ឈ្នះមេដាយច្រើនជាងគេ កាលពីឆ្នាំមុន បានធ្លាក់មកឈរលេខ៤ ដោយឈ្នះមេដាយមាស ១ សំរឹទ្ធ២និងក្លិបសរសីកីឡា ឈរលេខ៥ ឈ្នះមេដាយមាស១ ចំណែកក្រុមអត្តពលិករបស់ក្លិបចំនួន៩ទៀត ក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ពីការប្រកួតនេះផងដែរ។
ជាមួយលទ្ធផលនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ កាលពីថ្ងៃទី៣១ ធ្នូ ថា៖«តាមការវាយតម្លៃជារួម គឺការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ យើងទទួលបានជោគជ័យ ព្រោះបរិមាណអត្តពលិកចូលរួម មានការកើនឡើងជាងឆ្នាំមុនៗ ចំណែកគុណភាពវិញ គឺមានភាពល្អប្លែក ដោយសិទ្ធផលរបស់កីឡាករនៅតាមក្លិប និងកីឡាករក្នុងក្រុមជម្រើសជាតិ មានបច្ចេកទេសប្រកួតប្រជែង មិនមានគម្លាតគ្នាខ្លាំង អ៊ីចឹងនេះជាភាពជោគជ័យ ដែលកើតចេញពីការខិតខំហ្វឹកហាត់ និងការបង្វឹក នៅតាមក្លិបនីមួយៗ»។
យ៉ាងណាក៏ដោយ ចំពោះកីឡករ កីឡាការិនីទាំង៨នាក់ ដែលដណ្តើមបានមេដាយមាស នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ លោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងថា នៅមិនទាន់ប្រាកដថា នឹងត្រូវបានជ្រើសរើស ឬជាប់ជាកីឡាករជម្រើសជាតិ សម្រាប់ឆ្នាំ២០២៤នៅឡើយទេ ដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃ ទៅលើគុណផល និងបច្ចេកទេសពីក្រុមគណៈកម្មការជំនាញរបស់សហព័ន្ធបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «សម្រាប់បេក្ខភាពសម្រាប់ក្រុមជម្រើសជាតិ សហព័ន្ធ នឹងមានការប្រជុំ និងវាយតម្លៃទៅលើកីឡាករ ព្រោះមិនប្រាកដថា កីឡាករ ដែលដណ្តើមបានមេដាយមាស ត្រូវតែជាប់ជម្រើសជាតិទាំងអស់នោះទេ ព្រោះការប្រកួតខ្លះ គឺកីឡាករមានបច្ចេកទេសល្អៗមួយចំនួន បានប៉ះគ្នានៅជុំទី១ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានធ្លាក់ អ៊ីចឹងហើយម្ចាស់មេដាយមាសខ្លះ យើងមិនទាន់ប្រាកដថា នឹងទទួលយកឬអត់?»។
អគ្គលេខាធិការ លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែមថា៖ «កីឡាករឈ្នះមេដាយមាសខ្លះ ជាកីឡាករគុនខ្មែរដែរទេ ដូច្នេះយើងនឹងមានការប្រជុំ និងវាយតម្លៃទៅលើបច្ចេកទេស ទាំងទៅលើអ្នកបានមេដាយ និងអ្នកមិនបានមេដាយមួយចំនួន ដើម្បីធ្វើឱ្យមានភាពប្រាកដប្រជាថា យើងនឹងជ្រើសរើសបានកីឡាករមានគុណភាព និងបច្ចេកទេសល្អ ដើម្បីចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រដាល់សកលរបស់យើង នៅឆ្នាំ២០២៤ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ»៕