កីឡាករកំពុងសាងបានភាពល្បីរបស់កម្ពុជា គង់ ហូវ និង សោម ពិសិដ្ឋ សុទ្ធតែបានទាត់អ្នកប្រដាល់ថៃឱ្យសន្លប់ សម្រាប់ការបង្ហាញខ្លួនរួមគ្នា នៅក្នុងការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ ចំណែក សូត្រ វាសនា ក៏ស្រវាបានជ័យជម្នះទាំងលំបាកផងដែរ ប៉ុន្តែ ធន់ អៀនឡុង ត្រូវបាន អេលីត ប៊ុនតុង ទាត់ឱ្យដួលដេក សម្រាប់ការឡើងមកប្រកួតជំនួសមិត្តរួមក្លិប។
សម្រាប់ការប្រកួត នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ កីឡាករ គង់ ហូវ ដែលបានដាក់រហស្សនាមខ្លួនឯងថា ជា «រន្ទះជើងដំរីជាន់ខ្លា» នោះ ពិតជាអាចប្រើជំនាញទាត់របស់ខ្លួនបានល្អ ដើម្បីទាត់សន្ធាប់ទៅលើអ្នកប្រដាល់ថៃ Katha Thep ហើយរូបគេ បានប្រើពេលមិនដល់២ទឹកស្រួលផង ក្នុងការផ្តួលដៃគូមកពីប្រទេសថៃម្នាក់នេះឱ្យសន្លប់ធំ។
បើទោះបីជា Katha Thep មានការប្រុងប្រយ័ត្នខ្លាំង ទៅលើទម្ងន់ទាត់ចេញធ្ងន់ៗរបស់ គង់ ហូវ ប៉ុន្តែជើងរបស់គេ ចាប់ផ្តើមទន់ជ្រាយ បន្ទាប់ពី គង់ ហូវ បានទាត់ចូលធ្ងន់ៗ នៅចុងទឹកទី១ ហើយឈានចូលទឹកទី២ គង់ ហូវ បានបន្ថែមការទាត់កាន់តែខ្លាំង ធ្វើឱ្យ Katha Thep មិនសូវមានឱកាសច្រើនទេ ក្នុងការចូលចាប់បុកជង្គង់ ទៅតាមជំនាញពិតរបស់គេ។
ជាមួយស្ថានភាពដ៏លំបាកនេះ Katha Thep បានសម្រេចវាយជាប្រយោល ដោយទាត់ទៅលើ គង់ ហូវ វិញ ប៉ុន្តែការទាត់ស្តាំរបស់គេ ត្រូវបាន គង់ ហូវ ចាប់ត្រកងបាន ហើយស្របពេលនោះ គង់ ហូវ បានទាត់ស្តាំត្រឡប់ទៅវិញ ចូលផ្ទៃមុខពេញ បណ្តាលឱ្យ Katha Thep ដួលសន្លប់ធំ នៅពាក់កណ្តាលទឹកទី២នេះតែម្តង។
ការប្រើជំនាញទាត់ ដើម្បីផ្តួលកីឡាករថៃឱ្យសន្លប់ ត្រឹមទឹកទី២នេះ បានធ្វើឱ្យអ្នកទស្សនា មានការចាប់អារម្មណ៍ និងផ្តល់ការលើកទឹកចិត្តខ្លាំងដល់ គង់ ហូវ ដែលមានជំនាញទាត់កាន់តែច្បាស់ និងកាន់តែគ្រោះថ្នាក់ ហើយជាមួយការទទួលបានជ័យជម្នះលើថៃ Katha Thep នេះ គង់ ហូវ បានបង្ហោះសារបែបនេះថា៖ «ឈ្នះហើយបាទ អរគុណណាស់សម្រាប់ការគាំទ្រដល់រូបខ្ញុំបាទ ខ្ញុំនឹងខំប្រឹងប្រែងបន្តទៅទៀត»។
ជាមួយគ្នានេះ កីឡាករ សោម ពិសិដ្ឋ ក៏បានប្រើទម្ងន់ជើងផ្តួលអ្នកប្រដាល់ថៃ Neth Phayak ឱ្យសន្លប់ដូចគ្នា ប៉ុន្តែទម្រាំទទួលបានលទ្ធផលដ៏ល្អនេះ ពិសិដ្ឋ ក៏ចង់សឺម្តងៗ ក្រោមការវាយសងចូលពេញៗរបស់ដៃគូម្នាក់នេះផងដែរ ដែលមានភាពធន់ និងស៊ូខ្លាំង មិនងាយចុះចាញ់ដោយស្រួលៗនោះទេ។
នៅក្នុងការប្រកួតនេះ សោម ពិសិដ្ឋ និង Neth Phayak បានធ្វើការវាយបកសងគ្នាយ៉ាងរន្ថើនតាំងពីទឹកទី១ ប៉ុន្តែការវាយចេញរបស់ ពិសិដ្ឋ ច្បាស់ជាង ដោយក្នុងនោះរូបគេ បានម៉ាត់ឆ្វេងចូលមុខ បណ្តាលឱ្យ Neth Phayak ដួលផ្ងារជើង និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ នៅក្នុងទឹកទី២ ហើយនៅទឹកទី៣ សោម ពិសិដ្ឋ បានទាត់ជើងក្រោមបណ្តាលឱ្យថៃម្នាក់នេះ ដួលទាំងឈឺចាប់ និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២។
យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលដ៏លំបាកនេះ Neth Phayak បានព្យាយាមវាយសងទៅលើ សោម ពិសិដ្ឋ កាន់តែខ្លាំង ដែលធ្វើឱ្យ ពិសិដ្ឋ ឡើងចង់វិលម្តងៗផងដែរ ប៉ុន្តែនៅទឹកទី៤ ពិសិដ្ឋ បានវាយសម្រុកខ្លាំងទៅលើផ្នែកខាងលើ ជាមួយការម៉ាត់ និងទាត់ធ្ងន់ៗ ហើយការទាត់ឆ្វេង១ ជើងចុងក្រោយរបស់គេ បណ្តាលឱ្យ Neth Phayak ដួលផ្កាប់មុខ ក្រោកលែងរួចតែម្តង។
ជាមួយការផ្តួលកីឡាករ Neth Phayak ឱ្យសន្លប់ នៅក្នុងទឹកទី៤ នេះ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់ មានការកោតសរសើរពីបច្ចេកទេសវាយដ៏ល្អរបស់ សោម ពិសិដ្ឋ ខណៈការប្រកួតនេះ ពិតជាមានភាពតានតឹងខ្លាំង។ ចំណែកការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងកម្រិតគូឯករវាង សូត្រ វាសនា និងកីឡាករថៃ Den Phechhit ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ដោយអ្នកទាំង២ នេះ បានវាយសងគ្នា៥ ទឹកពេញ ហើយជាលទ្ធផល សូត្រ វាសនា បានឈ្នះដោយពិន្ទុ។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពក្នុងស្រុកវិញ កីឡាករ ធន់ អៀនឡុង ដែលបានឡើងប្រកួតជំនួសមិត្តរួមក្រុម ធន់ បូរី ដោយមិនបានត្រៀមខ្លួនយូរនោះ ត្រូវបាន អេលីត ប៊ុនតុង ទាត់ឱ្យមានរបួសភ្លៅខាងស្តាំ និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅក្នុងទឹកទី២។ ក្រោយការរាប់នេះ អៀនឡុង បានព្យាយាមវាយសម្រុកទៅលើ ប៊ុនតុង វិញ ក្នុងបំណងចង់ស្តារដើម ប៉ុន្តែរូបគេត្រូវបាន ប៊ុនតុង ទាត់ឱ្យដួលទាំងឈឺចាប់ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី២។
ដោយមើលឃើញថា ធន់ អៀនឡុង មានបញ្ហារបួសភ្លៅស្តាំ កាន់តែធ្ងន់ហើយនោះ អេលីត ប៊ុនតុង បានប្តូរពីការទាត់ ដោយចូលចាប់បុកជង្គង់វិញម្តង ហើយការបុកជង្គង់ចូលដដែលៗ ទៅលើរបួសភ្លៅនេះ បានធ្វើឱ្យ អៀនឡុង ទ្រាំលែងបាន ដោយដួលក្រោកលែងរួច នៅចុងទឹកទី២ នេះ តែម្តង ហើយលទ្ធផលនេះ បានធ្វើឱ្យ ប៊ុនតុង មានកំណត់ត្រាប្រកួតកាន់តែល្អ គឺបានផ្តួលដៃគូឱ្យសន្លប់ទាំង២លើក សម្រាប់ការបង្ហាញវត្តមាន នៅលើសង្វៀនប៉ុស្តិ៍លេខ៥ នេះ៕