ភ្នំពេញៈ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលទើបតែបានបំបែកកំណត់ត្រាឈ្នះបានមេដាយមាស នៅស៊ីហ្គេម ឆ្នាំ ២០២៣ បន្ថែមពីលើការឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើនទៀត នៅលើឆាកអន្តរជាតិនោះ បានចាប់ផ្តើមបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ដើម្បីពង្រឹងសុក្រឹតភាព ទៅលើការកាត់សេចក្តី ក្នុងការប្រកួត ជាពិសេសការត្រៀមលក្ខណៈសម្បត្តិឱ្យបានកាន់តែប្រសើរ ដើម្បីឈានទៅរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
ជាមួយការចាប់ផ្តើមនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្រោមកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏មានការឧបត្ថម្ភបន្ថែមពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងនោះ ទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាជឺជីតស៊ូកម្រិតមូលដ្ឋាន ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ។
ចំពោះវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៤២នាក់ និងត្រូវបានបង្ហាត់បង្ហាញ ដោយគ្រូឧទ្ទេសចំនួន៥នាក់ រួមមានលោក Jasper Martijn Pass លោក Michael BradinCastineលោក គង់ម៉ូណា មិថុរ៉ា, កញ្ញា ញឹម រក្សា និងកញ្ញា ឃុន ឡាំងជូ ហើយឆ្លងកាត់ការបង្ហាត់បង្ហាញទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងចំនួន៣ថ្ងៃ ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូនេះ គឺសិក្ខាកាម៣៨នាក់ បានប្រឡងជាប់ជាអាជ្ញាកណ្តាល ចៅក្រម ក្នុងវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននេះ។
ជាមួយគ្នានេះ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានថ្លែងថា៖ «វគ្គបណ្តុះបណ្តាលនេះ បានបិទបញ្ចប់ដោយជោគជ័យ និងពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាល ចៅក្រម ដើម្បីកាត់សេចក្តី និងអនុវត្តការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ»។
យ៉ាងណាក៏ដោយ នៅក្នុងពិធីបិទការប្រកួតនោះ លោក សេង ប៊ុនសុង បានប្រាប់ទៅសិក្ខាកាមជាអាជ្ញាកណ្តាល ចៅក្រមទាំង៤២នាក់ ត្រូវប្រកាន់ខ្ជាប់ឱ្យបាននៅគោលការណ៍តម្លាភាព និងយុត្តិធម៌ សម្រាប់ការផ្តល់ពិន្ទុ ក្នុងពេលប្រកួត គឺត្រូវចៀសវាងឱ្យផុតពីការកាត់សេចក្តី ដោយប្រើអារម្មណ៍ផ្ទាល់ និងបក្ខពួកនិយម ព្រោះទង្វើទាំងអស់នេះ មិនអាចឱ្យកីឡា ដើរទៅមុខបានទេ។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមជាអាជ្ញាកណ្តាល ចៅក្រម ត្រូវគោរពឱ្យបាននូវវិន័យ និងក្រមសីលធម៌ ក្នុងការកាត់សេចក្តី ដោយត្រូវចៀសវាងឱ្យបាននូវអគតិទាំង៤ គឺកាត់សេចក្តីលម្អៀងព្រោះស្រឡាញ់ លម្អៀងព្រោះស្អប់ លម្អៀងព្រោះខ្លាច និងលម្អៀងព្រោះល្ងង់។ បើយើងចៀសមិនផុតពីអគតិទាំងនេះទេ យើងមិនអាចក្លាយជាអាជ្ញាកណ្តាល ចៅក្រមល្អបានឡើយ ហើយក៏មិនអាចក្លាយជាគំរូល្អ សម្រាប់អ្នកជំនាន់ក្រោយដូចគ្នា ដើម្បីរួមចំណែកអភិវឌ្ឍកីឡាជឺជីតស៊ូរបស់យើងបានដូចគ្នា»។
នៅក្នុងពិធីបិទវគ្គនោះដែរ លោក ហួរ សុមេធ អនុប្រធាននាយកដ្ឋានគយ និងរដ្ឋាករ តំណាងឱ្យលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងកោតសរសើរដល់ក្រុមកីឡាជឺជីតស៊ូ ដែលអាចដណ្តើមបានមេដាយជូនជាតិ ជាបន្តបន្ទាប់ ជាពិសេសការឈ្នះបានមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ១ ពីស៊ីហ្គេម ឆ្នាំ២០២៣ ព្រមទាំងការឈ្នះបានមេដាយមាស៣ ប្រាក់១១ និងសំរឹទ្ធ៧ ពីការប្រកួត AFG Open Tournament 2023 នៅប្រទេសថៃ កាលពីថ្ងៃទី២២ ខែតុលា។
លោក ហួរ សុមេធ បានថ្លែងថា៖ «យើងពិតជាមានមោទនភាពខ្លាំង ដែលក្រុមជឺជីតស៊ូរបស់យើង ដណ្តើមបានមេដាយមាស នៅស៊ីហ្គេម ក្នុងនាមជាម្ចាស់ផ្ទះ រួមទាំងដណ្តើមបានមេដាយ ពីការប្រកួតនៅលើឆាកអន្តរជាតិ ជាច្រើនទៀត ដែលជាសញ្ញាបង្ហាញឱ្យឃើញ ពីការរីកចម្រើនរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជា ក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩»។
លោកបានបន្ថែមថា៖ «ចំណែកវគ្គបណ្តុះបណ្តាល នៅពេលនេះ ខ្ញុំគិតថា វាជាមូលដ្ឋានគ្រឹះមួយ ដែលធ្វើឱ្យក្រុមអាជ្ញាកណ្តាល ចៅក្រមរបស់យើង ទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនធ្វើជាមន្ត្រីអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ តាមស្តង់ដា ហើយកីឡាករ កីឡាការិនីរបស់យើង ដែលបានចូលរួមក្នុងវគ្គនេះ ក៏ទទួលបានបទពិសោធន៍ថ្មីៗបន្ថែម ដែលនឹងធ្វើឱ្យពួកគាត់ កាន់តែមានភាពច្បាស់លាស់ និងជឿជាក់ សម្រាប់ចូលរួមការប្រកួតក្រោយៗផងដែរ»៕