ក្លិបបាល់ទាត់វិសាខា បានសម្រេចតែងតាំងអ្នកចាត់ការទូទៅ លោក មាស ចាន់ណា ឱ្យធ្វើជាគ្រូបង្គោលវិញ បន្ទាប់ពីក្លិបមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍មួយនេះ បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្គោលជនជាតិស្កុតឡេន លោក Simon Mcmenemy ដែលបានចូលដឹកនាំក្រុមនេះ កាលពីដើមខែមករា ឆ្នាំ២០២៣។
ការបញ្ចប់កិច្ចសន្យារបស់លោក Simon Mcmenemy ត្រូវបានក្លិបវិសាខា ប្រកាសជាផ្លូវការ កាលពីថ្ងៃទី៥ ខែធ្នូ ដោយបានបញ្ជាក់ថា៖ «ក្លិបរបស់យើង មានកិត្តិយសសូមជម្រាបថា ពួកយើងបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Simon Mcmenemy ជាផ្លូវការហើយ ក្រោយមានការព្រមព្រៀងគ្នារវាងភាគីទាំង២»។
បើទោះបីជា វិសាខា មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់កិច្ចសន្យានេះ ប៉ុន្តែបញ្ហានេះ ត្រូវបានគេដឹងថា ដោយសារ វិសាខា មិនពេញចិត្ត ចំពោះសមិទ្ធផលដឹកនាំរបស់លោក Simon Mcmenemy ដោយក្នុងរយៈពេលចូល ១២ ខែនេះ លោកបានដឹកនាំក្រុមវិសាខា ធ្លាក់ចេញពីពាន Cambodian League Cup 2023 ត្រឹមវគ្គ ១/២ ផ្តាច់ព្រ័ត្រ និងទទួលបានត្រឹមជើងឯករង ក្នុងការប្រកួតពាន Cambodian Super Cup 2023។
ចំណែកការប្រកួតប្រជែងរដូវកាលថ្មី នៃលីកកំពូលកម្ពុជាវិញ ក្រុមវិសាខា ក្រោមការដឹកនាំរបស់លោក Simon Mcmenemy បានកំពុងនឹងឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្ន ដោយមានត្រឹម ២៣ ពិន្ទុ ជាមួយការឈ្នះ ៧ ស្មើ ២ និងចាញ់៣ប្រកួត ខណៈក្រុមឈរនៅកំពូលតារាង ព្រះខ័នរាជស្វាយរៀង មាន ៣១ ពិន្ទុ និងក្រុមកំពុងឈរនៅលេខ២ ភ្នំពេញក្រោន មាន ២៦ ពិន្ទុ។
ជាមួយគ្នានេះ ក្លិបវិសាខា បានប្រកាសតែងតែងលោក មាស ចាន់ណា ជាគ្រូបង្គោលនៅរសៀលថ្ងៃទី៦ ខែធ្នូនេះ ដោយសង្ឃឹមថា អតីតគ្រូបង្គោលរូបនេះ នឹងដឹកនាំក្រុមវិសាខា ឱ្យទទួលបានជោគជ័យ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនក្លិបបន្ថែមទៀត ខណៈ លោក មាស ចាន់ណា ធ្លាប់បានដឹកនាំក្រុមវិសាខា ឱ្យឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក។
វិសាខា បានប្រកាសបែបនេះថា៖ «ក្លិបរបស់យើង មានកិត្តិយសសូមប្រកាសអំពីការតែងតាំងលោក មាស ចាន់ណា អ្នកចាត់ការទូទៅក្លិប ជាគ្រូបង្គោល ដើម្បីដឹកនាំក្លិបរបស់យើង ចាប់ពីពេលនេះតទៅ។ លោក មាស ចាន់ណា បានចូលរួមជាមួយពួកយើង តាំងពីចុងឆ្នាំ២០២១ ហើយលោកបានរួមចំណែកជួយក្រុមសម្រេចសមិទ្ធផលជាច្រើន ពិសេសក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»៕