ភ្នំពេញៈ ក្នុងសាលប្រក់ស័ង្កសី ដែលហ៊ុមព័ន្ធដោយសំណាញ់ពណ៌ខៀវ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមកីឡាករ កីឡាការិនីហាប់គីដូជាង ៧០ នាក់ បានប្រឹងប្រែងប្រកួតប្រជែងគ្នាយ៉ាងអំណត់ទៅតាមជំនាញ និងកម្រិតខ្សែក្រវាត់របស់ពួកគេ ដើម្បីដណ្តើមគ្នាយកមេដាយជូនក្លិបរៀងៗខ្លួន នៅក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣។
ចំពោះសកម្មភាពការប្រកួតជើងឯកថ្នាក់ជាតិនេះ វាបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់សហព័ន្ធកីឡាជាតិជាង ៤០ ទៀត ព្រោះពួកគេ តែងតែបានរៀបចំការប្រកួតបែបនេះជារៀងរាល់ឆ្នាំ ហើយសហព័ន្ធភាគច្រើនក៏មានលទ្ធភាពបានរៀបចំការប្រកួតអន្តរជាតិផងដែរ។ ប៉ុន្តែចំពោះសហព័ន្ធខ្មែរកីឡាហាប់គីដូ ទើបទទួលបានឱកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ ជាប្រវត្តិសាស្ត្រលើកដំបូងបើទោះបីជាប្រភេទកីឡានេះ មានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ ១៩៦៩ យ៉ាងណាក្តី។
ជាមនុស្សតែម្នាក់គត់ ដែលបានព្យាយាមអភិវឌ្ឍកីឡាហាប់គីដូនៅប្រទេសកម្ពុជា ដោយមិនបោះបង់ លោក គង់ ចាន់ធីណា បានឱ្យដឹងថា កីឡាហាប់គីដូ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងម្នាក់ នៅពេលគាត់បានមកបំពេញការងារជាគ្រូបង្វឹកដល់ក្រុមកងកម្លាំងរាជអាវុធហត្ថខ្មែរ នៅអំឡុងឆ្នាំ ១៩៦៩ ហើយរហូតដល់ឆ្នាំ ១៩៧២ ទើបប្រភេទកីឡានេះ ត្រូវបានដាក់ឱ្យបង្ហាត់ជាសាធារណៈ។
យ៉ាងណាក៏ដោយលោក គង់ ចាន់ធីណា បានទម្លាយថា អ្នកចង់ហាត់កីឡាហាប់គីដូ កាលនោះ ត្រូវបង់ថ្លៃការហ្វឹកហាត់រយៈពេល ៣ ខែមុន ដោយក្នុង ១ ខែត្រូវបង់ ៣ ពាន់រៀល នាសម័យនោះ គឺស្មើមាស ១ តម្លឹង ហើយដោយសារការបង់ថ្លៃការហ្វឹកហាត់ថ្លៃពេក ធ្វើឱ្យចំនួនអ្នកបានហាត់លើប្រភេទកីឡានេះ មានចំនួនតិច គឺពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៥ មានអ្នកហាត់ ទទួលបានខ្សែក្រវាត់ខ្មៅ ប្រមាណ ១០ នាក់ទេ។
ជាមួយគ្នានោះ ធនធានអ្នកហាត់គុនទាំងអស់នោះគឺមួយចំនួន ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម ហើយអ្នកខ្លះទៀតបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស គឺនៅសល់តែលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យ ហុក ឈាងគីម លោកគ្រូ អ៊ឹង សំរេច និងលោកគ្រូ តាំង សិលា ចំណែកលោក សេង ប៊ុនសុង ទើបតែបានចូលហាត់កីឡាហាប់គីដូ នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ មុនពេលលោកផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក និងធ្វើជាគ្រូបង្វឹកនៅទីនោះ។
នៅក្រោយថ្ងៃរំដោះ ៧ មករា លោកគ្រូ សាន គឹមស៊ាន លោកគ្រូ ហុក ឈាងគីម លោកគ្រូ អ៊ឹង សំរេច និងអ្នកហាត់គុនមួយចំនួន បានផ្តើមឱ្យមានការហ្វឹកហាត់កីឡាហាប់គីដូ និងប្រភេទកីឡាមួយចំនួនទៀតឡើងវិញ នៅតាមផ្ទះនិងទីតាំងមួយចំនួនទៀតជាលក្ខណៈបិទបាំង គឺរហូតដល់ក្រោយថ្ងៃបោះឆ្នោតជាតិ ឆ្នាំ ១៩៩៣ ទើបហាប់គីដូ ត្រូវបានដាក់ឱ្យហាត់ដោយចំហ នៅតាមសាលារៀន និងទីធ្លាសាធារណៈ។
រំឭកទៅដល់ការហ្វឹកហាត់កីឡានៅពេលនោះ លោក គង់ ចាន់ធីណា ដែលបានចូលហាត់កីឡាហាប់គីដូជាមួយលោកគ្រូ អ៊ឹង សំរេច នៅក្លិបឥន្ទ្រីយ៍ នៅឆ្នាំ ១៩៨៨ បាននិយាយថា៖ «ក្មេងៗនៅជំនាន់ឆ្នាំ ៩០ មានការស្រឡាញ់ និងចូលចិត្តហាត់កីឡាណាស់។ ទោះបីជាពេលនោះមិនទាន់មានការប្រកួតអ្វីក៏ដោយតែម្នាក់ៗបានតស៊ូហ្វឹកហាត់ខ្លាំង ព្រោះសុទ្ធតែជាអ្នកចង់ចេះក្បាច់គុន។ ចំពោះកីឡាហាប់គីដូវិញ មានជាង ១០ ក្លិប ដែលមានអ្នកហាត់ចូល ៣០០ នាក់ និងសុទ្ធតែមានសមត្ថភាព និងកាយសម្បទាល្អៗ»។
ជាមួយសកម្មភាពហ្វឹកហាត់កីឡាដ៏ផុសផុលនាសម័យនោះក្រុមកីឡាហាប់គីដូ ក៏ត្រូវបានដាក់ឱ្យសម្តែង នៅថ្ងៃខួបកំណើតកងរាជអាវុធហត្ថ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៩៣។ តែទោះបីជាយ៉ាងណាអ្នកហាត់ហាប់គីដូជំនាន់នោះហាក់មិនចាប់អារម្មណ៍ក្នុងការបង្កើតឱ្យមានសហព័ន្ធនោះទេ គឺរហូតដល់ឆ្នាំ ២០០១ ទើបមានការស្នើសុំគោលការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតសហព័ន្ធខ្មែរកីឡាហាប់គីដូ ដោយមានលោកគ្រូតា សាន គឹមស៊ាន ជាប្រធាន។
ក្រោមការដឹកនាំរបស់លោកគ្រូ សាន គឹមស៊ាន បានធ្វើឱ្យកីឡាហាប់គីដូ មានការផុសផុលខ្លាំង រហូតដល់ឆ្នាំ ២០០៣ ប៉ុន្តែក្រោយមក ដោយសារលោក គឹមស៊ានបានចំណាយពេលច្រើនទៅលើការស្រាវជ្រាវ ដើម្បីបង្កើតឱ្យមានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានោះ បានធ្វើឱ្យការអភិវឌ្ឍកីឡាហាប់គីដូនៅកម្ពុជា មានការធ្លាក់ចុះវិញ ស្របពេលក្លិបមួយចំនួន ក៏បានផ្អាកដំណើរការផងដែរ។ ជាមួយការដកខ្លួន ទៅបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោនេះ លោកគ្រូ សាន គឹមស៊ាន បានប្រគល់ការងារទាំងស្រុងរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ មកឱ្យលោក គង់ ចាន់ធីណា ជាអ្នកមើលការខុសត្រូវ ហើយនៅឆ្នាំ ២០០៧ លោកចាន់ធីណា បានស្នើសុំឱ្យលោក សេង ប៊ុនសុង ដែលជាគ្រូហាប់គីដូ នៅអាមេរិក ឱ្យធ្វើជាប្រធានជំនួសរហូតដល់ឆ្នាំ ២០១៦។
បន្ទាប់ពីព្រឹទ្ធាចារ្យ សេង ប៊ុនសុង បានលាឈប់ នៅឆ្នាំ ២០១៦ លោក គង់ ចាន់ធីណា ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានអញ្ជើញលោក ម៉ក់ សំអុល មកធ្វើជាប្រធានសហព័ន្ធ រហូតដល់ឆ្នាំ ២០២២។ ប៉ុន្តែដោយសារលោក ម៉ក់ សំអុល បានសុំលាឈប់ទៀត គឺអង្គមហាសន្និបាទសហព័ន្ធខ្មែរកីឡាហាប់គីដូបានបោះឆ្នោតឱ្យលោក សៅ សេងហាក់ ដែលជាអនុប្រធាន ឡើងធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។
នៅក្នុងដំណើរការផ្លាស់ប្តូរ ដើម្បីបន្តការអភិវឌ្ឍកីឡាហាប់គីដូដ៏វែងឆ្ងាយនេះ លោកគង់ ចាន់ធីណា ដែលបន្តវេនកីឡាហាប់គីដូពីលោកគ្រូ អ៊ឹង សំរេច និងបានក្លាយជាគ្រូបង្ហាត់នៅឆ្នាំ ២០០០ នោះ បានរៀបរាប់ថា៖ «ការប្រឹងប្រែងរបស់ខ្ញុំ អស់រយៈពេលជាង ៣៥ ឆ្នាំនេះ គឺមានការពិបាកច្រើនណាស់ ជាពិសេសចាប់តាំងពីឆ្នាំ ២០០៣ មក ដោយខ្ញុំបានទ្រទ្រង់ហាប់គីដូ សឹងតែម្នាក់ឯងរហូតមក»។
លោកបានបន្ថែមថា៖ «ពេលខ្លះ ខ្ញុំចង់បាក់ទឹកចិត្តម្តងៗ ព្រោះសហព័ន្ធមួយយើងត្រូវមានគ្នាច្រើនសម្រាប់ជួយធ្វើគ្នា គឺវាដូចជារទេះមួយ ដែលមានគ្នា ១០ នាក់ សម្រាប់ជួយទាញ និងរុញគ្នា ប៉ុន្តែនៅពេលព្រឹទ្ធាចារ្យកីឡារបស់យើង បានលាឈប់អស់ម្នាក់ម្តងៗ គឺនៅសល់ខ្ញុំតែម្នាក់ឯង ហេតុនេះតើខ្ញុំអាចអូសរទេះនេះយ៉ាងម៉េចបានលឿន? តែទោះបីជាយ៉ាងណា ខ្ញុំមិនបោះបង់រទេះមួយនេះចោលទេ គឺខ្ញុំហត់ត្រឹមណា ឈប់សម្រាកត្រឹមហ្នឹង រួចទើបខ្ញុំខំប្រឹងអូសទៅមុខទៀត»។
តែទោះបីជាយ៉ាងណា ជាមួយការរៀបចំរចនាសម្ព័ន្ធថ្មី ក្រោមដឹកនាំរបស់លោក សៅ សេងហាក់ បានធ្វើឱ្យសហព័ន្ធខ្មែរកីឡាហាប់គីដូ ចាប់ផ្តើមមានពន្លឺនៃការអភិវឌ្ឍដ៏ពិតប្រាកដមួយ បន្ទាប់ពីសហព័ន្ធនេះ ត្រូវបាន NOCC និងក្រសួងអប់រំ អនុញ្ញាតឱ្យរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ជាលើកដំបូង កាលពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានអត្តពលិកសរុប ៧២ នាក់ ប្រកួតតំណាងក្លិបចំនួន ៥ លើវិញ្ញាសាចំនួន ៥ គឺលោតកម្ពស់ លោតចម្ងាយ ស្នៀតការពារខ្លួន (កាច់បុរស-នារី) ប្រយុទ្ធ និងប្រកួតដាល់,ទាត់ (ល្បឿន) កុមារា-កុមារី។
បើទោះបីជា ការប្រកួតថ្នាក់ជាតិនេះ បានកើតឡើង ដោយលំបាកក្រោមការរៃអង្គាសថវិកាគ្នារបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហាប់គីដូ ប៉ុន្តែការប្រកួតនេះបានក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលក្រុមគ្រួសារហាប់គីដូកម្ពុជា បានទន្ទឹងរង់ចាំអស់រយៈពេលជាង ៥០ ឆ្នាំហើយ ហើយការប្រកួតនេះ បានបង្កើតឱ្យមានក្តីសង្ឃឹមថ្មី សម្រាប់សហព័ន្ធដ៏កម្សត់នេះ ក្នុងការពង្រឹង និងពង្រីកសម្ទុះនៃការអភិវឌ្ឍរបស់ខ្លួនដើម្បីអាចមានលទ្ធភាពឈានជើងទៅប្រកួត នៅលើឆាកអន្តរជាតិ។
លោក គង់ ចាន់ធីណា បានបញ្ជាក់ថា៖ «ក្រោមការដឹកនាំរបស់លោកឧកញ៉ាប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ យើងបានមូលមតិ និងឯកភាពគ្នា រៀបចំឱ្យមានការប្រកួតកីឡាហាប់គីដូជើងឯកថ្នាក់ជាតិ ជាប្រវត្តិសាស្ត្រលើកដំបូង នៅកម្ពុជាបន្ទាប់ពីយើងបានទន្ទឹងរង់ចាំយ៉ាងយូរ។ នេះជាទិសដៅមួយរបស់សហព័ន្ធ ដើម្បីត្រៀមការប្រកួតក្នុងកម្មវិធីផ្សេងៗ ហើយបើមានលទ្ធភាព យើងអាចឈានទៅប្រកួតលក្ខណៈអន្តរជាតិទៀត»។
លោកបានបន្ថែមថា៖ «ក្រុមអត្តពលិក គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងតំណាងក្លិបទាំង ៥ ដែលបានចូលរួមការប្រកួតនេះ គឺពួកគាត់មានការសប្បាយចិត្តខ្លាំង ព្រោះនេះអាចចាត់ទុកថា ជាសម័យកាល ដែលគាត់ទទួលបានលទ្ធផលល្អដែរ មិនដូចអ្នកជំនាន់មុនៗ ដែលខំហាត់ចូល ១០ ទៅ ៣០ ឆ្នាំ តែមិនដែលមានមេដាយពាក់នឹងគេទេ ប៉ុន្តែតាមរយៈការប្រកួតនេះ ក្មេងៗរបស់យើងមួយចំនួន មានវាសនាបានពាក់មេដាយអ៊ីចឹងយើងជាអ្នកជំនាន់មុន ត្រូវប្រឹងប្រែងធ្វើផ្លូវ ឱ្យក្មេងៗជំនាន់ក្រោយដើរ គឺខិតខំរកវិធីសាស្ត្រជំរុញពួកគាត់ឱ្យឈានទៅដល់គោលដៅមួយ ដែលយើងទទួលបានលទ្ធផលល្អ»។
ចំណែកលោក គួច ហុកជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានថ្លែងថា៖«ទោះបីជាយើងមិនមានបទពិសោធន៍ក្នុងការរៀបចំការប្រកួត និងមានការខ្វះខាតច្រើន ប៉ុន្តែការខ្នះខ្នែងរបស់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសយើងមានអគ្គលេខាធិការដ៏ឈ្លាសវៃ គឺយើងបានប្រឹងប្រែងតស៊ូបង្កើតឱ្យមានការប្រកួតថ្នាក់ជាតិ ជាលើកដំបូងនេះឡើង។ ការប្រកួតនេះ ខ្ញុំមានការភ័យព្រួយរហូត ព្រោះខ្លាចក្មេងៗរបស់យើង មានគ្រោះថ្នាក់ សម្រាប់ការបង្ហាញសមត្ថភាពប្រកួតលើកដំបូងរបស់ពួកគេ តែចុងបញ្ចប់ យើងពិតជាទទួលបានជោគជ័យមែនទែន»។
លោកបានបន្ថែមថា៖ «តាមរយៈការប្រកួតលើកទី១ នេះ ខ្ញុំជឿថា កីឡាករ កីឡាការិនីរបស់យើងទាំងតូច និងធំៗ សុទ្ធតែទទួលបានបទពិសោធន៍ថ្មី អ៊ីចឹងពួកគាត់នឹងធ្វើបានកាន់តែល្អថែមទៀត សម្រាប់ការប្រកួតក្រោយៗទៀត ព្រោះយើងនឹងគិតគូរឡើងវិញ ក្នុងការបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗទៀត ហើយយើងក៏មានទស្សនវិស័យ គិតទៅដល់ការរៀបចំឱ្យមានការប្រកួតអន្តរជាតិផងដែរ គ្រាន់តែពេលនេះ យើងនៅក្មេងខ្ចីពេកដែលត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឈានទៅដល់គោលដៅនោះ»។
សម្រាប់ទិសដៅសំខាន់របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ គឺត្រូវបណ្តុះធនធានកីឡាករ កីឡាការិនី ដែលមានកម្រិតបច្ចេកទេសខ្ពស់ឱ្យបានច្រើនដើម្បីអាចចូលរួមការប្រកួតកីឡាហាប់គីដូអន្តរជាតិ ដោយគេកំណត់ឱ្យប្រទេសនីមួយៗ ត្រូវមានអត្តពលិកមានសមត្ថភាពខ្ពស់យ៉ាងតិច១០នាក់ ទើបអាចចូលរួមប្រកួតបាន ខណៈពេលនេះ លោកគង់ ចាន់ធីណាបានបង្ហើបថា កម្ពុជា មានប្រមាណ ៧ ទៅ ៨ នាក់ហើយ គឺទាមទារឱ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីឱ្យហាប់គីដូកម្ពុជា អាចមានលទ្ធភាពបង្ហាញវត្តមាន នៅលើឆាកអន្តរជាតិ។
គ្រូបង្វឹកវ័យ ៥៦ ឆ្នាំ មានកម្រិតខ្សែក្រវាត់ខ្មៅ ៦ ដាន់ លោក ចាន់ធីណា បានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានតស៊ូជាមួយកីឡានេះយូរឆ្នាំហើយ ហើយកូនៗរបស់ខ្ញុំទាំង ៣ នាក់ ក៏នៅក្នុងនេះដែរ អ៊ីចឹងជាគោលដៅ ខ្ញុំនឹងប្រឹងប្រែងអភិវឌ្ឍកីឡានេះរហូតខ្ញុំទៅមុខលែងរួច។ ខ្ញុំបានប្រឹងប្រែងពន្យល់ដល់ក្មេងៗជំនាន់ក្រោយ ឱ្យខំប្រឹងអភិវឌ្ឍកីឡាហាប់គីដូ ឱ្យមានភាពរីកចម្រើនទៅមុខ ព្រោះនេះជាកេរ្តិ៍ដំណែលមួយសម្រាប់អ្នកជំនាន់ក្រោយ ហើយបើមានការខំប្រឹងបន្ថែមទៀតគឺ ២ ឆ្នាំអីទៀត យើងនឹងមានអត្តពលិកមានបច្ចេកទេសកម្រិតខ្ពស់គ្រប់ ១០ នាក់ ដើម្បីទៅចូលរួមការប្រកួតអន្តរជាតិបានហើយ»៕