ក្រុម​កី​ឡា​ការិនី​ជម្រើសជាតិ​បាល់​បោះរទេះ​ជនពិការ​កម្ពុជា ​នៅតែ​អាច​រក្សា​កម្រិត​លេង​រួម​គ្នា​បាន​យ៉ាង​ល្អ ​ដណ្តើម​បាន​​​ជ័យជម្នះ​ជា​បន្តបន្ទាប់ ក្នុង​ការ​​ប្រកួត​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និង​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ លើ​​​​វិញ្ញាសា​៣​ទល់​៣ ដែល​កំពុងដំណើរ​ការ​នៅ​ប្រទេស​ថៃ។

ចំពោះ​ការ​ប្រកួតប្រជែង ដើម្បី​ដណ្តើម​​យក​​កៅអី​ទៅ​​ប្រកួត​កីឡាប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង​នេះ ក្រុម​បាល់​បោះ​រទេះ​នារី​កម្ពុជា ដែល​ឈរ​នៅពូល​B ជាមួយ​ក្រុម​បាល់បោះរទេះ​នារី​អូស្រ្តាលី ក្រុម​នារីឥណ្ឌា និង​ក្រុម​ម្ចាស់​ផ្ទះ​ថៃ​ (A) នោះ គឺ​បានឈ្នះ​ទាំង​៣​ប្រកួត​​តែម្តង ដើម្បី​ទទួល​បានចំណាត់ថ្នាក់លេខ​១​ ប្រចាំពូល​។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​ B នេះ ដែល​​បាន​ធ្វើ​ឡើង នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៤ ក្រុមបាល់បោះរទេះនារី​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​បាល់​បោះ​រទេះ​នារី​អូស្រ្តាលី ​ ដោយ​លទ្ធផល ១០-៣ រួច​បាន​បន្ត​យក​ឈ្នះ​ក្រុមនារី​ឥណ្ឌា ១៤-០ ចំណែក​ការ​ប្រកួត​ចុងក្រោយជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ (A) នៅយប់​ថ្ងៃពុធ​នោះ​ដែរ ក្រុមនារី​កម្ពុជា បាន​យក​ឈ្នះ ដោយ​លទ្ធផល ៩-២។

ជាមួយ​ការ​ឈ្នះ​ទាំង​៣​ប្រកួតជាប់ៗគ្នា ដើម្បី​ទទួល​បានលេខ​១​ប្រចាំពូល​B​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​បាល់បោះរទេះនារី​កម្ពុជា នៅតែ​អាច​រក្សា​ភាព​ខ្លាំង ក្នុងនាមជា​ក្រុម ដែល​ឈ្នះ​បានមេដាយមាស​ចំនួន​ ២ សម័យ​កាលជាប់ៗ​គ្នា សម្រាប់​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម គឺ​លើក​ទី ​១ បាន​ឈ្នះ​ក្នុងការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ឥណ្ឌូនេស៊ី និង​លើក​ទី​២ ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅលើ​ទឹក​ដី​ខ្លួន​ឯង ដោយពួកគេ បាន​យក​ឈ្នះ​ក្រុមនារី​ថៃ នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ដូចគ្នា។

ចំណែក​ក្រុមបាល់បោះរទេះនារី​ចិន ក៏​ធ្វើ​បាន​យ៉ាង​ល្អ សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូល​ A ផង​ដែរ ដោយ​ពួក​គេ បានយក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​ថៃ (B) ឈ្នះ​ក្រុម​ហ្វីលីពីន និងឈ្នះ​ក្រុម​​បាល់​បោះ​រទេះនារី​ឡាវ សម្រាប់ការ​ប្រកួត​ទាំង​៣​លើក​របស់​ខ្លួន ដើម្បី​ទទួល​បានលេខ​១​ប្រចាំពូល​Aនេះ។

ជាមួយ​លទ្ធផល​នៃ​ការ​ប្រកួតជម្រុះ​តាមពូលទាំង​២​នេះ ក្រុមបាល់បោះរទេះ​នារី​កម្ពុជា នឹង​​​ត្រូវ​​ធ្វើការ​​ប្រកួត​វគ្គខ្វែង​៨​ក្រុមចុង​ក្រោយ​ ជាមួយ​ក្រុម​ឈរ​​នៅ​បាត​តារាង​ប្រចាំពូល​A គឺក្រុម​នារីឡាវ ដែល​បានចាញ់​ទាំង​៣​ប្រកួត​តែម្តង ហើយ​ជំនួប​រវាងក្រុមទាំង​២​នេះ នឹង​ធ្វើ​នៅ​យប់​ម៉ោង ៧:៤០ ថ្ងៃ​ព្រហស្បតិ៍​នេះ ចំណែក​ក្រុម​នារីចិន ត្រូវ​ប៉ះ​ក្រុមនារី​ឥណ្ឌូនេស៊ី រីឯ​ក្រុម​អូស្រ្តាលី ត្រូវជួបក្រុមនារី​ហ្វីលីពីន ខណៈ​ក្រុមនារីថៃ (A) ត្រូវ​ប្រកួត​ជាមួយ​ក្រុម​នារី​​ថៃ (B) នៅ​ថ្ងៃ​នេះ​ដូចគ្នា។

ចំពោះ​ក្រុម​ដែល​ទទួល​បានជ័យជម្នះ នៅ​ក្នុង​វគ្គ​ខ្វែង ​៨ ​ក្រុម​​ចុងក្រោយ​នេះ ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នានៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​នៅ​យប់​ថ្ងៃទី​១១ ខែមករា​នេះ​តែម្តង ដើម្បី​យក​ក្រុម​ឈ្នះ ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃសុក្រ​ស្អែក​នេះ  ខណៈ​ក្រុមម្ចាស់​​ជើងឯក  នឹង​ទទួល​​បាន​កៅអី​​ទៅប្រកួតកីឡា​​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង។ ចំណែក​​ក្រុម​​លេខ​២ និងក្រុម​​លេខ៣ នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន៕

រូប សហការី

រូប សហការី