​ភ្នំពេញៈ​កីឡា​ការិនី​ជា​ត្រកូល​អ្នក​ប្រយុទ្ធ​ អេ យ៉ា​នុត ដែល​ជា​កូន​ស្រី​របស់​លោក​គ្រូ អេ ភូ​ថង ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ ព្រោះ​នៅ​ថ្ងៃទី​១៣ ​ខែមករា​នេះ ​នាង​ត្រូវ​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ (KKIF Kun Khmer World Champion)​ ផ្នែក​ស្ត្រី​ជា​លើក​ដំបូងជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ​AkkaranneeKadsin ដែល​រៀប​ចំ​ដោយ​សង្វៀន​Cambodia Kun Khmer KKIF​។​

​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤​ គីឡូ​ក្រាម ​ផ្នែក​ស្ត្រី​ជា​លើក​ដំបូង​នេះ​ នឹង​ត្រូវ​ធ្វើ​នៅ​ភូមិ​ស្ពាន​ក្រឡ ​ឃុំ​បន្ទាយ​នាង ​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មា​នជ័យ​ ចា​ប់ពី​ម៉ោង ​៨ ​យប់​តទៅ​ ហើយ​បង​ប្អូន​ត្រកូល​«​ឡៅ​» រួម​ទាំង​ជើង​ខ្លាំង ​ឡុង​ សំណាង​, ខាំ​ ខ្លា​នាង​, គង់ ហូ​វ និង​ខ្លា​ចាស់​ស្ទើរ​កម្លាំង ​អូត​ ភូ​ថង​ ក៏ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​ជា​មួយ​អ្នក​ប្រយុទ្ធ​មកពី ​៥​ ប្រទេស​ អម​គូ​ខ្សែ​ក្រវាត់​នេះ​ផង​ដែរ​។​

​​ជា​មួយ​គ្នា​នេះ ​លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ​អ្នក​ផ្គូ​ផ្គង​ប្រចាំ​នៅ​សង្វៀន ​Cambodia Kun Khmer KKIF បាន​ប្រាប់​កាល​ពី​ថ្ងៃទី​១១​ ខែមករា​ថា ​នេះ​ជា​ខ្សែ​ក្រវាត់​ផ្នែក​នារី​លើក​ដំបូង ​ដែល​សង្វៀន​ថ្មី​មួយ​នេះ ​បាន​បង្កើត​ឱ្យ​មាន​ឡើង ​បន្ទាប់​ពី ​Cambodia Kun Khmer KKIF បាន​រៀប​ចំ​ឱ្យមាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ​ចំនួន​២ ​ប្រភេទ​ទម្ងន់​កន្លង​មក​ គឺ​ការ​ប្រកួត​ទម្ងន់​ ៦០​ គីឡូ​ក្រាម​ ដែល​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡា​ករ​ សុខ ធី ​និង​ទម្ងន់​ ៦៥ ​គីឡូ​ក្រាម ​ដែល ​ចាន់ ប៊ុន​ហឿន បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​។​

​​លោក​ សំណព្វ ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ច្បាស់​ថា​ សង្វៀន​ផ្សេងគេ​មាន​រៀបចំ​ឱ្យមាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ផ្នែក​នារី ឬ​យ៉ាង​ណា​នោះ​ទេ ​ប៉ុន្តែ​ចំពោះ​សង្វៀន ​Cambodia Kun Khmer KKIF របស់​យើង វា​ជា​លើក​ដំបូង ខណៈ​កន្លង​មក​យើង​បាន​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ផ្នែក​បុរស​បាន​២​ ប្រភេទ​ទម្ងន់​ហើយ ​គឺ​គីឡូ​ ៦០ ​និង​គីឡូ ​៦៥ ​ហើយ​យើង​នឹង​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ឱ្យ​បាន​គ្រប់​ប្រភេទ​ទម្ងន់ ព្រោះ​យើង​ជា​ស្ថា​ប័ន​ផ្សព្វ​ផ្សាយ​ថ្មី​»​។​

​​ជា​មួយ​ការ​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកជា​លើក​ដំបូង​នេះ​ អេ យ៉ា​នុត បាន​បង្ហាញ​ភាព​អន្ទះ​សា ​ចង់​បាន​ខ្សែ​ក្រវាត់​នេះ​យក​មក​គ្រប់​គ្រង​ ដើម្បី​បំពេញ​ក្តី​ស្រមៃ​ជាង​ ១០​ ឆ្នាំ​ របស់​ខ្លួន​ ហើយ​នេះ​ជា​មូល​ហេតុ​ដែល ​យ៉ា​នុត ​បុក​ហ្វឹក​ហាត់​ខ្លាំង​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង​ ឱ្យបាន​កាន់តែ​ល្អ ​ប៉ុន្តែ​កូន​ស្រី​របស់​លោក អេ ភូ​ថង ម្នាក់​នេះ ​មិន​ហ៊ាន​មើល​រំលង​សមត្ថ​ភាព​គូ​ប្រកួត ​របស់​ខ្លួន​ Akkar​anneeKadsin ដែល​មាន​ខ្សែ​ក្រវាត់​ គ្រប់​គ្រង​រួច​ទៅ​ហើយ​នោះ​ទេ​។​

​ស្ត្រី​កូន​១ ​អេ យ៉ា​នុត បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់​យូរ​ហើយ​ តាំងពី​ខ្ញុំ​ឡើង​ប្រកួត​នៅ​ឆ្នាំ​២០១០​ តែ​ខ្ញុំ​មិន​ទាន់​អាច​ធ្វើ​បាន ​ចំណែក​លើក​នេះ ខ្ញុំ​ក៏​មិន​ទាន់​ច្បាស់​ថា ​អាច​ដណ្តើម​បាន​ខ្សែ​ក្រវាត់​នេះ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ដៃ​គូ​របស់​ខ្ញុំ គាត់​ខ្លាំង​ដែរ ​អាច​នឹងមាន​ការ​ពិបាក​ច្រើន​។ តែ​ទោះ​បីជា​យ៉ាង​ណា ខ្ញុំ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​មែន​ទែន​ ព្រោះ​ខ្ញុំ​ពិត​ជា​ចង់​បាន​ខ្សែ​ក្រវាត់​នេះ​ណាស់​»​។ 

​យ៉ាង​ណា​ក៏​ដោយ ​លោក ​សំណព្វ បាន​អះ​អាង​ថា ​កីឡា​ការិនី​របស់​ថៃ ​Akka​ranneeKadsin ដែល​ជា​ដៃគូ​របស់​ អេ យ៉ា​នុត មាន​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ធំៗ​បាន​ច្រើន​ ហើយ​ក៏​ជា​កីឡា​ការិនី​ដែល​ធ្លាប់​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន​២​ស្ថា​ប័ន​ផង​ដែរ ​ប៉ុន្តែ​លោក​បាន​មើល​ឃើញ​ពី​ចំណុច​ល្អ​របស់​ អេ យ៉ា​នុត ​ដូច​គ្នា ដែល​កំពុង​ឡើង​ជើង​ខ្លាំង​។​

​អ្នក​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន ​Cambodia Kun Khmer KKIF រូប​នេះ​ បាន​និយាយ​ថា​៖ «​សម្រាប់​កា​រវិល​ត្រឡប់​មក​ប្រកួត​គុន​ខ្មែរ​វិញ​នេះ ​អេ យ៉ា​នុត គាត់​ធ្វើ​បាន​ល្អ ​ដោយ​បាន​ឈ្នះ​ជា​បន្ត​បន្ទាប់ ​ចំណែក​កីឡា​ការិនី Ak​kar​anne​e Kadsin ក៏​ល្អ ​ដោយ​គាត់​ធ្លាប់​ប្រកួត​ព្រឹត្តិ​ការណ៍​ធំៗ​ច្រើន ​ហើយ​បច្ចុប្បន្ន​កីឡាកា​រិនី​​ថៃ​រូបនេះ​ កំពុង​មាន​ខ្សែ​ក្រវាត់​២ អ៊ីចឹង​កា​រប្រកួត​នេះ​ នឹង​មាន​ភាព​ស្វិត​ស្វាញដោ​យ​សង្ឃឹម​ថា ​នឹងមាន​បងប្អូន​យើង​គាំទ្រ​ច្រើន​»​។ 

​យ៉ាង​ណា​មិញ​ សម្រាប់​ការ​ប្រកួត ​Cambodia Kun Khmer KKIF នៅលើ​​ទឹកដី​ខេត្ត​បន្ទាយ​មានជ័​យនៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ដែរ​ បង​ប្អូន​ត្រកូល «​ឡៅ​» ដែល​ជា​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣ ​ក៏ត្រូវ​ដាក់​ឱ្យ​ប្រកួត​អន្តរ​ជាតិ​ផង​ដែរ ​ដោយ​ក្នុង​នោះ ឡៅ​ ចន្ទ្រា ត្រូវ​ជួប​កីឡា​ករ​ឡាវ Sytheun-Silabouth ក្នុង​ទម្ងន់​៧៣​គីឡូ​ក្រាម ​រីឯ ឡៅ​ ចិ​ត្ត្រា ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ថៃ ​ChanonPentamwa ក្នុង​ទម្ងន់​ ៦៥ ​គី​ឡូ​ក្រាម​។​

​ចំណែក​កីឡា​ករ ​ឡុង ​សំណាង ត្រូវ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ S​uriyaWongarmard ក្នុង​ទម្ងន់ ​៦៥ ​គីឡូ​ក្រាម ​រីឯ ខាំ ខ្លា​នាង ត្រូវ​ជួប​អ្នក​ប្រយុទ្ធ​អ៊ីរ៉ង់ ​Mehran Sadeghi ក្នុង​ទម្ងន់​​៥១​ គីឡូក្រា​ម ​ហើយ ​គង់​ ហូ​វ ត្រូវ​ត​ទល់​នឹង​កីឡា​ករ​ហ្វីលី​ពីន J​onathan Pardo ក្នុង​ទម្ងន់​ ៦០​ គីឡូ​ក្រាម​ ខណៈ​ខ្លា​ចាស់​ស្ទើ​រកម្លាំង​ អូត​ ភូ​ថង ត្រូវ​ដាក់​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់ ​Henry​ Johnson ក្នុង​ទម្ងន់​ ៦៨​ គីឡូ​ក្រាម​៕