ភ្នំពេញ៖ កីឡាករលំដាប់ជើងខ្លាំងរបស់កម្ពុជា យ៉េន ឌីណា មិនអាចស្វែងរកបានជ័យជម្នះ សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូង នៅលើសង្វៀនប៉ុស្តិ៍លេខ៥នោះទេ ដោយរូបគេបានចាញ់អ្នកប្រដាល់ថៃ Extra គឺផ្ទុយពី សូត្រ វាសនា និង ហ៊ុន ឈុនហេង ដែលសុទ្ធតែដណ្តើមបានជ័យជម្នះទាំងលំបាកលើកីឡាកររបស់ថៃ ចំណែក រឿម វណ្ណៈ បានបន្តជួបភាពច្រំដែល គឺចាញ់ដោយសន្លប់។
សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ហ៊ុន ឈុនហេង ដែលប្រកួតគូអន្តរជាតិទី១ ក្នុងទម្ងន់៥៤គីឡូក្រាម បានបង្ហាញសមត្ថភាពប្រកួតយ៉ាងល្អ ដើម្បីវាយប្តូរជាមួយកីឡាករថៃ PhatYouphin ដោយអ្នកទាំង២នេះ បានប្រើជង្គង់ភាគច្រើន ក្នុងការវាយសងគ្នា។
យ៉ាងណាក៏ដោយ ប្លង់វាយចេញរបស់ ហ៊ុន ឈុនហេង ល្អជាង ជាពិសេសការថយទាត់ និងម៉ាត់របស់គេ ដែលធ្វើឱ្យការព្យាយាមចូលចាប់បុកជង្គង់របស់ PhatYouphin ជួបការលំបាកច្រើន ខណៈឱកាសប្តូរជង្គង់ទៅវិញទៅមករបស់អ្នកទាំង២នេះ ពិតជាមានភាពស្វិតស្វាញខ្លាំង ហើយក្រោយការប្រកួតយ៉ាងស្វិតស្វាញ៥ទឹកពេញ ឈុនហេង ត្រូវបានប្រកាសឱ្យឈ្នះពិន្ទុ ទាំងលំបាក។
ចំណែក សូត្រ វាសនា ក៏មិនបានធ្វើឱ្យការបង្ហាញខ្លួនជាថ្មី នៅលើសង្វៀនប៉ុស្តិ៍លេខ៥របស់គេ ជួបការខកចិត្តដែរ ដោយរូបគេ បានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីវ៉ៃប្តូរជាមួយអ្នកប្រដាល់ថៃ Sing Thangដោយកីឡាករមានទម្ងន់៦៣,៥គីឡូក្រាមម្នាក់នេះ ពិតជាមានភាពស៊ូខ្លាំង និងមានបច្ចេកទេសវាយចេញល្អ។
នៅក្នុងការប្រកួតនេះ សូត្រ វាសនា និង Sing Thang បានឈរវាយសងគ្នា៥ទឹកពេញ ហើយស្នៀតដែលពួកគេប្រើច្រើនបំផុត គឺការចូលចាប់បុកជង្គង់ និងវាយកែង។ តែទោះបីជាយ៉ាង ការវាយចូលគោលដៅរបស់ សូត្រ វាសនា មានទម្ងន់ធ្ងន់ជាង ហើយការប្រើកណ្តាប់ដៃ និងទាត់របស់ វាសនា ក៏ចេញបានច្រើនជាងដែរ។
យ៉ាងណាក៏ដោយ នៅពេលពិធីករបានប្រកាសពីការដាក់ពិន្ទុរបស់ចៅក្រមទាំង៥នាក់ ដែលសម្រេចឱ្យ សូត្រ វាសនា ជាអ្នកឈ្នះនោះ កីឡាករថៃ Sing Thang បានលត់ជង្គង់ រួចផ្តួលខ្លួន ដេកនៅលើសង្វៀនតែម្តង ព្រោះលទ្ធផលនេះ វាផ្ទុយស្រឡះនឹងភាពជឿជាក់របស់គេ ប៉ុន្តែក្រោយមក Sing Thang បានងើបឡើងវិញ និងបានសំពះសុំទោសលោកអាជ្ញាកណ្តាល ចំពោះកាយវិការមិនសមរម្យរបស់គេ។
ជាមួយការចាញ់របស់ជនរួមជាតិ PhatYouphin និងSing Thang នេះ បានដាក់សម្ពាធខ្លាំងដល់កីឡាករថៃ Extra ដែលត្រូវប្រកួតជាគូឯកជាមួយ យ៉េន ឌីណា ដែលត្រូវបានគេគិតថា មានភាគរយមិនច្រើនទេ ក្នុងការស្វែងរកជ័យជម្នះ។ ប៉ុន្តែតាមរយៈការប្រកួតនេះ Xetraពិតជាធ្វើបានយ៉ាងល្អ ដោយរូបគេ បានតាមចូលចាប់បុកជង្គង់ទៅលើ យ៉េន ឌីណា ជាបន្តបន្ទាប់ ប្រកបដោយភាពអំណត់បំផុត។
បើទោះបីជា យ៉េន ឌីណា បានព្យាយាមខ្លាំង ក្នុងការប្តូរជង្គង់ជាមួយ Xetra ប៉ុន្តែកម្លាំងរបស់គេចាប់ផ្តើមធ្លាក់ចុះ នៅក្នុងទឹកទី៣ ដែលបង្ខំឱ្យរូបគេព្យាយាមដកថយ ដើម្បីវាយជាប្រយោលវិញ នៅទឹកទី៤ និងទឹកទី៥ ប៉ុន្តែ Xetra បានតាមចាប់បុកជង្គង់ ដើម្បីរក្សាការមានប្រៀប និងទទួលបានជ័យជម្នះដោយពិន្ទុលើម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២២ យ៉េន ឌីណា យ៉ាងរំភើបបំផុត។
ដោយឡែកកីឡាករធ្លាប់មានឈ្មោះល្បី រឿម វណ្ណៈ បានបង្ហាញការប្រកួតស្វិតស្វាញជាមួយអ្នកប្រដាល់ នួន រ៉ាថេន បានត្រឹម២ទឹកប៉ុណ្ណោះ ព្រោះរូបគេបានដួលសន្លប់ដោយមានឈាមស្រោចពេញមុខ បន្ទាប់ពី រ៉ាថេន បានបុកកែងឆ្វេងចូលផ្ទៃមុខពេញទំហឹង ក្នុងអំឡុងការប្តូរកែងគ្នា នៅដើមទឹកទី៣ ហើយមុខរបួសបែកយ៉ាងធំនេះ អាចនឹងធ្វើឱ្យ រឿម វណ្ណៈ បាត់មុខពីសង្វៀនប្រដាល់មួយរយៈពេលដែរ៕