ភ្នំពេញ៖ កីឡាការិនីជាត្រកូលអ្នកប្រយុទ្ធ អេ យ៉ានុត បានរកឃើញជ័យជម្នះដ៏មានន័យ នៅក្នុងអាជីពរបស់ខ្លួនហើយ បន្ទាប់ពីកូនស្រីរបស់លោកគ្រូ អេ ភូថង រូបនេះ បានឈ្នះខ្សែក្រវាត់ពិភពលោក (KKIF Kun Khmer World Champion) នៅលើសង្វៀន Cambodia Kun Khmer KKIF កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែពូរបស់នាង អូត ភូថង បានចាញ់ដោយសន្លប់ និងបានសន្សល់ការសង្វេគខ្លាំងដល់អ្នកគាំទ្រ ដោយពួកគេបានសុំចិត្តឱ្យកីឡាករចាស់ៗ គួរឈប់ឡើងប្រកួតទៀតទៅ។
សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាមផ្នែកស្រ្តីជាលើកដំបូង ដែលត្រូវបានធ្វើឡើង នៅភូមិស្ពានក្រឡ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ អេ យ៉ានុត បានប្រកួតយ៉ាងស្វិតស្វាញបំផុត ជាមួយជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ Akkarannee Kadsin។
អេ យ៉ានុត បានផ្តោតខ្លាំងទៅលើការប្រើស្នៀតទាត់ ម៉ាត់ និងការចូលចាប់បុកជង្គង់ តែក្បាច់ទាំងអស់នេះ បានទទួលរងការវាយសងមកវិញភ្លាមៗពីសំណាក់ Akkarannee Kadsin ព្រោះកីឡាការិនីថៃម្នាក់នេះ មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ប៉ុន្តែនាងពិតជាមានភាពរឹងមាំ។
ជាមួយគ្នានេះ ការធាក់ចូលពោះពេញៗម្តងហើយម្តងទៀតរបស់ Akkarannee បានក្លាយជាក្បាច់ ដែលធ្វើឱ្យ អេ យ៉ានុត មានការពិបាកខ្លាំង ក្នុងការចូលចាប់បុកជង្គង់ ហើយក្បាច់នេះក៏បានធ្វើឱ្យ យ៉ានុត ធ្លាក់កម្លាំងផងដែរ ជាពិសេសនៅក្នុងទឹកទី៣ចុងក្រោយ ដោយ Akkarannee បានធាក់ឱ្យ យ៉ានុត ខ្ទាតជារឿយៗ និងបានដួល២ទៅ៣ដងផងដែរ។
តាមរយៈការប្រកួត៣ទឹកយ៉ាងស្វិតស្វាញនេះ អ្នកគាំទ្របានមើលឃើញថា កីឡាការិនីថៃ Akkarannee មានប្រៀបជាង អេ យ៉ានុត ហើយម្ចាស់ខ្សែក្រវាត់២ស្ថាប័នរបស់ថៃរូបនេះ ក៏បានបង្ហាញភាពជឿជាក់ខ្លាំង ក្នុងការទទួលបានជ័យជម្នះផងដែរ ប៉ុន្តែតាមរយៈការប្រកាសលទ្ធផលរបស់ពិធីករ នារាត្រីថ្ងៃសៅរ៍នោះ គឺចៅក្រម៣នាក់ ក្នុងចំណោម៥នាក់ បានផ្តល់ពិន្ទុឱ្យ អេ យ៉ានុត ឈ្នះ ៣-២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ជាលើកដំបូង។
បើទោះបីជាអ្នកគាំទ្រមួយចំនួនធំ បានសម្តែងការមិនសូវពេញចិត្តជាមួយលទ្ធផលនេះ ប៉ុន្តែចំពោះ អេ យ៉ានុត ពិតជាមានការរំភើបខ្លាំង ដោយនាងបានស្រែកយំតាំងពីមុនការប្រកាសលទ្ធផល ព្រោះការឈ្នះបានខ្សែក្រវាត់ពិភពលោក ជាលើកដំបូងនេះ ពិតជាសំខាន់ខ្លាំងណាស់ ដោយកីឡាការិនីកូន១ម្នាក់នេះ បានទន្ទឹងរង់ចាំអស់ពេល១៣ឆ្នាំមកហើយ ចំណែកស្វាមីរបស់នាង ព្រមទាំងប្តីប្រពន្ធ អេ ភូថង ដែលជាឪពុកម្តាយ សុទ្ធតែបានបង្ហាញក្តីរំភើបឡើងស្រក់ទឹកភ្នែកដូចគ្នា។
ផ្ទុយពីនេះពូបង្កើតរបស់ អេ យ៉ានុត គឺ អូត ភូថង ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹក និងអាជ្ញាកណ្តាល ចៅក្រមទៅហើយនោះ ក៏បានឡើងប្រកួតមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃសៅរ៍នោះដែរ ដោយប្រកួតជាមួយកីឡាករ Henry Johnson ក្នុងទម្ងន់ ៦៨ គីឡូក្រាម ប៉ុន្ត អូត ភូថង បានចាញ់ដោយសន្លប់។
នៅចុងទឹកទី២ អូត ភូថង ត្រូវបានអាជ្ញាកណ្តាលរាប់ ជាលើកទី១ បន្ទាប់ពី Henry Johnson បានប្រើក្បាច់ធាក់ត្រឡប់ក្រោយ ចំកណ្តៀតក្អមពេញទំហឹង បណ្តាលឱ្យ អូត ភូថង ដួលចុករមួលយ៉ាងខ្លាំងនោះ ហើយនៅដើមទឹកទី៣ Henry Johnson បានប្រើក្បាច់ដដែលនេះ ធាក់ត្រូវកន្លែងចាស់របស់ អូត ភូថង ជាថ្មី បណ្តាលឱ្យខ្លាចាស់ខ្សោយកម្លាំងរូបនេះ ដួលដេកម្តងទៀត។
បើទោះបីជា អូត ភូថង បានព្យាយាមប្រាប់ទៅលោកអាជ្ញាកណ្តាលថា កន្លែងដែល Henry Johnson ធាក់ត្រូវនេះ គឺចំប្រដាប់ការពារ (ពងស្វាស) ប៉ុន្តែតាមរយៈការមើលវីដេអូសាឡើងវិញ ម្តងហើយម្តងទៀតនោះ បានបញ្ជាក់ថា ការធាក់របស់ Henry Johnson គឺចំកណ្តៀតក្អមខាងស្តាំ មិនមែនចំប្រដាប់ការពារឡើយ ហេតុនេះគណៈកម្មការបានសម្រេចប្រកាសឱ្យ Henry Johnson ជាអ្នកទទួលបានជ័យជម្នះ បន្ទាប់ពី អូត ភូថង មិនព្រមប្រកួតបន្ត។
ជាមួយគ្នានេះ អ្នកគាំទ្រភាគច្រើន បានបង្ហាញការអាណិតអាសូរដល់ អូត ភូថង ហើយក៏បានសុំចិត្តឱ្យអ្នកប្រដាល់ធ្លាប់សាងបានភាពល្បីរូបនេះ និងកីឡាករចាស់ៗមួយចំនួនទៀត ឈប់ឡើងប្រកួតទៀតទៅ ចៀសវាងមានរបួសធ្ងន់ ដោយពួកគេ បានបញ្ចេញមតិបែបនេះថា៖ «ឃើញកីឡាករចាស់ៗឡើងវ៉ៃ អាណិតជួស ព្រោះបើគេវ៉ៃត្រូវធ្ងន់ៗបណ្តាលឱ្យបាក់ដៃបាក់ជើង តើលុយប្រកួតហ្នឹង ព្យាបាលគ្រប់ទេ? សម្រាកទៅ ទុកឱ្យកីឡាករក្មេងៗជំនាន់ក្រោយវ៉ៃម្ដងទៅ គេវាយខ្លាំងជាង និងមាំជាង!»៕