ភ្នំពេញៈ ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញកីឡាករ កីឡាការិនី ជាពិសេសអ្នកទាំងទទួលបានជយលាភី ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលទើបបានបញ្ចប់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ត្រូវពង្រឹងសមត្ថភាពឱ្យបានខ្លាំងថែមទៀត ដើម្បីអាចមានលទ្ធភាពទៅប្រជែងដណ្តើមបានមេដាយមាស ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
នៅក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ បានអះ អាងថា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានផ្តាំផ្ញើការនឹករឭកជាពិសេសដល់ប្រតិភូកីឡាទាំងអស់ ដែលបានចូលរួមការប្រកួតនេះ និងបានជំរុញឱ្យក្រុមអត្តពលិក ខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅទទួលបានជោគជ័យជាបន្តទៀត ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងនោះ បានបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារការ៉ាតេកម្ពុជា នឹងអាចជួយឱ្យប្រភេទកីឡានេះ ដណ្តើមបានលទ្ធផលល្អប្រសើរ នៅស៊ីហ្គេម ឆ្នាំ២០២៥ ដូចពេលពួកគេដណ្តើមបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៦ សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ឯកឧត្តមជាប្រធានសហព័ន្ធ បានផ្តាំផ្ញើឱ្យកីឡាករ កីឡាការិនីរបស់យើង ខិតខំហ្វឹកហាត់ នៅតាមក្លិប-សមាគមឱ្យបានជាប់លាប់ ដោយបង្កើតឱ្យមាននូវប្រសិទ្ធភាព និងសមត្ថភាពក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាការ៉ាតេ ជាពិសេសលោកគ្រូ អ្នកគ្រូ និងប្រធាន ក្លិបទាំងអស់ ត្រូវខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងធ្វើការហ្វឹកហាត់ឱ្យបានទៀងទាត់ ដោយឯកឧត្តមប្រធានសង្ឃឹមថា ក្រុមការ៉ាតេកម្ពុជា នឹងដណ្តើមបានលទ្ធផលល្អប្រសើរ សម្រាប់ការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៥ ដូចពេលកម្ពុជា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែរ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានធ្វើការវាយតម្លៃខ្ពស់ ទៅលើមន្ត្រីបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រម ដែលបំពេញការងារបានយ៉ាងល្អ សម្រាប់ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ លើកនេះ ដើម្បីរក្សាបាននូវការកាត់សេចក្តីដ៏សុក្រឹត និងយុត្តិធម៌ ធ្វើឱ្យការប្រកួត ដំណើរការដោយរលូន និងបញ្ចប់ដោយជោគជ័យ។
អ្នកជំនាញកីឡារូបនេះ បាននិយាយថា៖ «អ្វីដែលយើងចាប់អារម្មណ៍ខ្លាំង ក្នុងការប្រកួតថ្នាក់ជាតិលើកនេះ គឺយើងកាត់បន្ថយបញ្ហាបានច្រើន ហើយពី១ឆ្នាំទៅ១ឆ្នាំ ការយល់ដឹងពីបទបញ្ជានៃការប្រកួត និងក្រមសីលធម៌កីឡា កាន់តែរីកចម្រើន និងទទួលបានការចូលរួមចំណែកពីក្រុមគ្រួសារកីឡាការ៉ាតេរបស់យើង ដោយគោរពបាននូវការងារជាកីឡាករ និងជាមន្ត្រីកីឡា ដែលយើងទាំងអស់គ្នាត្រូវដឹងថា ការធ្វើឱ្យមានភាពថ្លៃថ្នូរ និងការគោរពនូវក្រមសីលធម៌កីឡា គឺជាគោលការណ៍សំខាន់ ក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យកីឡា នៅកម្ពុជា»។
ទន្ទឹមជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានប្រតិភូកីឡាចូលរួមច្រើនជាងឆ្នាំមុនៗ ហើយតាមតួលេខផ្លូវការរបស់គណៈកម្មការរៀបចំ បានបញ្ជាក់ថា ការប្រកួតនេះមានកីឡាករ ១៣០ នាក់ កីឡាការិនី៩៣នាក់ បានចូលរួម ព្រមទាំងប្រតិភូកីឡា ជាគ្រូបង្វឹក ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសប្រមាណ៩៥នាក់ទៀត។
ចំពោះក្រុមអត្តពលិកទាំង ២២៣ នាក់នេះ បានប្រកួតគ្នា តំណាងឱ្យក្លិប-សមាគមចំនួន ២៥ នៅលើវិញ្ញាសាសម្តែង (Kata) និងប្រយុទ្ធ (Kumite) សរុបចំនួន ៤៣ វិញ្ញាសា ដោយមានបែងចែកទៅតាមប្រភេទអាយុ និងប្រភេទទម្ងន់ ហើយជាលទ្ធផលនៃការប្រកួតរយៈពេល ៤ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១១ ដល់ទី ១៤ ខែមករានោះ ក្រុមការ៉ាតេក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស១១ ប្រាក់ ១០ និងសំរឹទ្ធ ៥ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១។
ចំណែកក្លិបការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយមាស៧ ប្រាក់៤ សំរឹទ្ធ១០ ហើយតាមពីក្រោយដោយសមាគមក្រសួងមហាផ្ទៃ ដែលបានមេដាយមាស៧ ប្រាក់២ សំរឹទ្ធ៤ និងក្លិបការ៉ាតេ-ដូហនុមាន ដែលបានមាស៤ ប្រាក់៧ សំរឹទ្ធ៩ ចំណែកក្លិប-សមាគមចំនួន១៩ទៀត ក៏ដណ្តើមបានមេដាយវិលត្រឡប់ទៅវិញផងដែរ គឺមានតែក្លិបការ៉ាតេគោកឃ្នាង និងក្លិបរិទ្ធីសាល ខេត្តកណ្តាលទេ ដែលដណ្តើមមិនបានមេដាយ៕