កីឡាករជំនាញវ៉ៃអំបោះឆៅ គឹម វាសនា បានបង្ហាញការបារម្ភថា ប្រជាប្រិយភាព និងភាពល្បីល្បាញ ដែលរូបគេបានខំប្រឹងបង្កើតឱ្យមានឡើងរយៈពេលជិត ២ ខែមកនេះ អាចនឹងធ្លាក់ចុះទៅវិញ បន្ទាប់ពីរូបគេ បានភ្លាត់ស្នៀតចាញ់កីឡាករថៃ Luktavan Vi.Orbun យ៉ាងផុយស្រួយត្រឹមទឹកទី១ សម្រាប់ការប្រកួតអន្តរជាតិក្នុងព្រឹត្តិការណ៍ Krud Kun Khmer នៅសង្វៀនប្រដាល់ទទក កាលពីយប់ថ្ងៃអាទិត្យ។
គឹម វាសនា បានបង្ហាញការសោកស្តាយខ្លាំង និងបានចាត់ទុកការចាញ់យ៉ាងផុយស្រួយនេះ ជាលទ្ធផលដែលពិបាកនឹងទទួលយក ខណៈរូបគេនៅមានកម្លាំងពេញខ្លួន ប៉ុន្តែបែរជាមកចាញ់ ដោយសារតែការទាត់ត្រូវតែបន្តិចរបស់ LuktavanVi.Orbun នោះ។
វាសនា បាននិយាយថា៖ «ខ្ញុំពិតជាមិនអស់ចិត្ត ជាមួយការចាញ់បែបនេះសោះ ព្រោះវាលឿនពេក។ របួសនេះ វាមិនជាធ្ងន់អ្វីទេ ប៉ុន្តែវាប៉ះសរសៃ ធ្វើឱ្យជាប់គាំង មិនអាចក្រោកឡើង ដើម្បីប្រកួតទៀតបាន»។
តាមរយៈការប្រកួតវ៉ៃអំបោះឆៅ ទម្ងន់ ៦៩ គីឡូក្រាម កាលពីយប់ថ្ងៃទី ១៤ ខែមករា កន្លងមកនេះ គឹម វាសនា បានព្យាយាមវាយលុកទៅលើកីឡាករ LuktavanVi.Orbun ដោយមិនញញើតឡើយ ហើយការតាមវាយដោយកណ្តាប់ដៃ បន្ថែមដោយការទាត់ និងវាយកែងនេះ បានដាក់សម្ពាធខ្លាំងទៅលើ LuktavanVi.Orbun ដែលបង្ខំឱ្យរូបគេ ដកថយច្រើន ដើម្បីគេចពីការតាមវាយប្រហាររបស់ វាសនា។
ការតាមវាយលុកដោយមិនញញើតនេះ ដោយសារ គឹម វាសនា បានសិក្សាពីសមត្ថភាពរបស់កីឡាករ Luktavan Vi.Orbun រួចទៅហើយ ឃើញថា ថៃម្នាក់នេះល្អទាត់ផ្នែកខាងលើ ហេតុនេះ វាសនា មិនជាបារម្ភក្នុងការវាយលុកប៉ុន្មានទេ ព្រោះរូបគេមានភាពធន់ច្រើនលើការបិទខាងលើ។ តែទោះបីជាយ៉ាងណា នៅពេល វាសនា កំពុងផ្តោតលើការតាមម៉ាត់នោះ Luktavan បានទាត់ស្តាំចំជង្គង់ឆ្វេងរបស់ គឹម វាសនា ដែលមើលទៅមិនខ្លាំងទេ ប៉ុន្តែបែរជាធ្វើឱ្យ វាសនា ដួលដេកទាំងឈឺចាប់ មិនអាចក្រោកឡើងរួច។
ចំពោះហេតុការណ៍ដ៏អាក្រក់នេះ គឹម វាសនា បានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់មានបញ្ហាបែបនេះម្តងដែរ ពេលប្រកួតនៅសង្វៀនបាយ័ន ចំណែកការប្រកួតលើកនេះ ខ្ញុំដឹងថា ដៃគូប្រកួតរបស់ខ្ញុំ គាត់ល្អទាត់លើ រីឯការទាត់ក្រោមរបស់គាត់ គ្រាន់តែជាការតេស្ត ដែលមិនមានទម្ងន់អ្វីខ្លាំងទេ ប៉ុន្តែការទាត់តេស្តនេះ វាចំសរសៃជង្គង់របស់ខ្ញុំ ធ្វើឱ្យជាប់គាំងតែម្ដង»។
ជាមួយការចាញ់ត្រឹមទឹកទី១ នេះ បានធ្វើឱ្យ គឹម វាសនា មានការបារម្ភខ្លាចធ្លាក់ប្រជាប្រិយ ព្រោះការមានឈ្មោះបោះសំឡេងនៅពេលនេះ បានកើតមានឡើង បន្ទាប់ពី គឹម វាសនា បានឈ្នះជើងខ្លាំងរបស់ថៃ PayakSamui ដោយបានវ៉ៃកែងបណ្តាលឱ្យតារា Thai Fight ម្នាក់នេះបែកក្បាលធំ ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ កាលពីការជួបគ្នាក្នុងព្រឹត្តិការណ៍ Krud Kun Khmer នៅទីតាំងសួននាងប្រាជ្ញបារមី ជិតសណ្ឋាគារសុខា នាពិធីបុណ្យអុំទូក កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
គឹម វាសនា បានបញ្ជាក់ថា៖ «ខ្ញុំមានការបារម្ភថា ប្រជាប្រិយភាពរបស់ខ្ញុំ នឹងអាចមានការធ្លាក់ចុះ ព្រោះយើងធ្វើបានល្អយូរដែរហើយ ប៉ុន្តែលើកនេះ យើងបែរជាខូចជើងនៅក្នុងទឹកទី១ ហើយខូចជើងចំប្រកួតអំបោះឆៅទៀត។ ខ្ញុំសូមទោសដល់បងប្អូនអ្នកគាំទ្រ ដែលលើកនេះ ខ្ញុំធ្វើមិនបានល្អ ព្រោះជាប់សរសៃជង្គង់ក្រោកឡើងអត់រួច ប៉ុន្តែខ្ញុំចង់សងសឹកជាមួយកីឡាករ LuktavanVi.Orbun ម្តងទៀត»។
ចំណែកលោក ស្វាយ សុវណ្ណរិទ្ធ ជាគ្រូពេទ្យប្រចាំសង្វៀនប្រដាល់ទទក បានឱ្យដឹងថា របួសរបស់ គឹម វាសនា មិនជាធ្ងន់ទេ គឺវាគ្រាន់តែជាបញ្ហាជាប់សរសៃ ដែលអាចនឹងមានភាពប្រសើរឡើងវិញ។ រីឯលោក ម៉ុល នី ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក បានបង្កើបថា ជំនួបសងសឹករវាង គឹម វាសនា និងកីឡាករ LuktavanVi.Orbun អាចនឹងកើតមានឡើងម្តងទៀត។
លោក ម៉ុល នី បានប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី១៥ ខែមករានេះថា៖«តាមរយៈការប្រកួត គឹម វាសនា បានបង្ហាញការមានប្រៀបទៅហើយ ប៉ុន្តែវាអាចថា ជាការចៃដន្យ ឬភ្លាត់ស្នៀត ដែលត្រូវបានកីឡាករថៃ ទាត់ចំសរសៃ ហើយការចាញ់បែបនេះ ខ្ញុំយល់ថា វាមិនប៉ះពាល់ដល់ប្រជាប្រិយរបស់គាត់ប៉ុន្មានទេ ព្រោះវាមិនមែនជាការចាញ់សន្លប់ ដោយចេញអស់ពីសមត្ថភាព។
ចំណែកការលើកឡើងរបស់ គឹម វាសនា ដែលចង់សងសឹកជាមួយកីឡាករ LuktavanVi.Orbun ម្តងទៀតនោះ គឺវាអាចនឹងកើតមានឡើង តែចាំមើលគាត់ជាពីរបួស និងមានភាពរឹងមាំឡើងវិញសិន»៕