ភ្នំពេញ៖ កីឡាករជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ បឺត សង្ឃឹម និង ឃីម បូរ៉ា បានប្រើបច្ចេកទេសផ្តួលកីឡាករបរទេសឱ្យសន្លប់ដោយងាយៗ សម្រាប់ការបង្ហាញខ្លួនរួមគ្នា ក្នុងព្រឹត្តិការណ៍ Kun Khmer Warriors របស់សង្វៀនថោន ដែលធ្វើនៅលើទឹកដីខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី ១៤ ខែមករា ចំណែកអ្នកលេងរន្ទះជើង មឿន សុខហ៊ុច ក៏ទទួលបានជ័យជម្នះ ក្នុងរាត្រីនោះផងដែរ ប៉ុន្តែសមាសភាពកីឡាករបរទេស ដែលពួកគេបានជួបហាក់គ្មានឆន្ទៈពិតប្រាកដ ក្នុងការប្រកួតនោះឡើយ។
សម្រាប់ការបង្ហាញវត្តមាន នៅលើទឹកដីខេត្តកំពង់ចាមនេះ បឺត សង្ឃឹម បាននិយាយមុនការប្រកួតនេះ រូបគេនឹងប្រឈមការប្រកួតដ៏លំបាកមួយ នៅពេលដឹងថា ដៃគូរបស់គេ EmirhanAtes ជាកីឡាករជម្រើសជាតិរបស់តួកគី ដែលធ្លាប់ឈ្នះបានមេដាយមាសចំនួន៤សម័យកាល ហើយ បឺត សង្ឃឹមក៏បានមើលពីការប្រកួតរបស់គេម្នាក់នេះ តាមវីដេអូផងដែរគឺ EmirhanAtesមានសមត្ថភាពល្អទាំងការទាត់ ម៉ាត់ វាយកែង និងបុកជង្គង់។
តែទោះបីជាយ៉ាងណា តាមការប្រកួតជាក់ស្តែង កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ កីឡាករ Emirhan Ates មានពេលបង្ហាញសមត្ថភាពបានត្រឹម ១នាទី ដោយរូបគេបានតាមម៉ាត់ និងរុញឱ្យ បឺត សង្ឃឹម ដួល ១លើកផងដែរ ប៉ុន្តែចូលដល់នាទីទី២ ក្នុងទឹកទី១ ដដែលនេះ បឺត សង្ឃឹម បានទាត់ត្រឹម១ជើង ចំភ្លៅខាងឆ្វេងបណ្តាលឱ្យ Emirhan Ates ដួលដេកចុករមួល មិនអាចក្រោកឈរ បន្តការប្រកួតបានទៀតនោះទេ។
ការចាញ់យ៉ាងផុយស្រួយរបស់កីឡាករ Emirhan Ates បានធ្វើឱ្យអ្នកទស្សនាមិនអស់ចិត្តឡើយព្រោះពួកគេចង់ឃើញ បឺត សង្ឃឹម បញ្ចេញសមត្ថភាពឱ្យអស់លទ្ធភាព សម្រាប់ការប្រកួតទម្ងន់ ៦០ គីឡូក្រាមជាលើកចុងក្រោយ មុនពេលម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ត្រូវហ្វឹកហាត់សម្រកទម្ងន់ទៅ ៥៧ គីឡូក្រាមវិញ ដើម្បីត្រៀមការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC នៅប្រទេសអូស្រ្តាលី ខាងមុខនេះ។
ជាមួយគ្នានេះ កីឡាករល្អគ្រប់ក្បាច់ បឺត សង្ឃឹម ក៏បានអះអាងដែរថា រូបគេឈប់ទទួលការប្រកួតអ្វីទៀតហើយ គឺបន្ទាប់ពីការប្រកួតជាមួយកីឡាករ Emirhan Ates នេះ រូបគេនឹងសំងំហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានកាន់តែខ្លាំង ព្រោះការប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅលើទឹកដីប្រទេសអូស្រ្តាលី ដែលគ្រោងធ្វើនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ រូបគេត្រូវប៉ះជើងខ្លាំងរបស់ថៃ។
ចំណែកការជួបគ្នារវាងម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ា និងកីឡាករវ័យ ២២ ឆ្នាំរបស់ថៃ Phayom Khampee ក៏បានបញ្ចប់ដោយភាពផុយស្រួយផងដែរ ដោយ បូរ៉ា បានប្រើពេលជាង៣ នាទី ដើម្បីផ្តួលកីឡាករទើបធ្លាប់ប្រកួតបាន ២១ ដង ឈ្នះ ១៧ ស្មើ ១ និងចាញ់ ៣ ប្រកួតនេះឱ្យសន្លប់។
សម្រាប់ការប្រកួត ក្នុងទម្ងន់៦០គីឡូក្រាមនេះ កីឡាករ Phayom Khampee នៅបានព្យាយាមវាយប្តូរជាមួយ បូរ៉ា បានល្អ នៅក្នុងទឹកទី ១ បើទោះបីជារូបគេបានទទួលរងការតាមម៉ាត់ ទាត់ និងបុកជង្គង់ពី បូរ៉ា ជាបន្តបន្ទាប់ក៏ដោយ ហើយនៅចុងទឹកទីនេះ ការតាមវាយកែង និងចូលចាប់ទាត់ក្រោមឱ្យដួលចំនួន២លើករបស់ បូរ៉ា បានធ្វើឱ្យថៃម្នាក់នេះ មានការធ្លាក់កម្លាំងច្រើន។
នៅដើមទឹកទី ២ ឃីម បូរ៉ា បានស្ទុះចូលម៉ាត់ឆ្វេងត្រឹម ១ ដៃ ចូលចំហៀងពោះខាងស្តាំ បណ្តាលឱ្យ Phayom ដួលទៅលើសង្វៀន នាំឱ្យអាជ្ញាកណ្តាលធ្វើការរាប់ជាលើកទី១ ហើយក្នុងពេលរាប់នោះ គេមើលឃើញថា Phayom នៅមានលទ្ធភាពអាចបន្តការប្រកួតទៀតបាន ប៉ុន្តែកីឡាករថៃម្នាក់នេះបានសម្រេចចុះចាញ់តែម្តង ព្រោះរូបគេដឹងថា សមត្ថភាពរបស់ខ្លួន នៅមិនទាន់អាចទប់ជាមួយ ឃីម បូរ៉ា បាន ហេតុនេះបើបន្តប្រកួតទៀត មានតែត្រូវធ្ងន់ធ្ងរជាងនេះ។
ជាមួយគ្នានេះអ្នកលេងរន្ទះជើង មឿន សុខហ៊ុច បានប្រកួតចំនួន ៣ ទឹកពេញជាមួយកីឡាករថៃ Por Ulthai Aor Arkomក្នុងទម្ងន់៦៥គីឡូក្រាម។ ដៃគូរបស់ សុខហ៊ុច ម្នាក់នេះ មានសមត្ថភាពល្អ ទាំងការរំដោះខ្លួន និងវាយបកសង ប៉ុន្តែPor Ulthai Aor Arkom មិនបានបង្ហាញឆន្ទៈជាកីឡាករ ដើម្បីវ៉ៃប្តូរជាមួយ មឿន សុខហ៊ុច នោះទេ គឺ សុខហ៊ុច បានដេញវ៉ៃ៣ទឹកពេញ ហើយទទួលបានជ័យជម្នះដោយពិន្ទុ ទាំងសោះអង្គើយ។ រីឯកីឡាករ ម៉ានូ សិល្បៈ បានស្មើពិន្ទុជាមួយកីឡាករ Khamidov Mamur.Jon៕