​ភ្នំពេញៈ អ្នកលេង​ពូថៅ​ដៃ ធឿន ធារ៉ា និង​សិស្ស​រួម​ក្លិប​របស់គេ​ដែល​ទើប​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ផ្នែក​ស្ត្រី អេ យ៉ា​នុត សុទ្ធតែ​បានបង្ហាញ​ការ​បារម្ភ ដោយ​គិតថា ការប្រកួត​ជាមួយ​ក្រុមអ្នកលេង​កុង​ហ្វូ (Kung Fu) របស់​ចិន អាចមាន​ការពិបាក រីឯ​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ដែល​ធ្លាប់​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ជាមួយ​កីឡាករ​ចិន ក៏បាន​អះអាងថា មានការ​ពិបាក​នឹង​រក​ជ័យជម្នះ​ដូចគ្នា​។​

​ការបង្ហាញ​ក្តីបារម្ភ​របស់​សិស្ស​រួម​ក្លិប​ទាំងនេះ ដោយសារ​ពួកគេ ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ​កីឡាករ កីឡាការិនី​កុង​ហ្វូ​របស់​ចិន​ក្នុង​ព្រឹត្តិការណ៍ Kun Khmer Kung Fu ជា​លើកដំបូង​នៅ​ទីតាំង​ដីឡូត៍​ក្បែរ​វត្ត​ស្ងួន​ពេជ្រ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២៤ ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​ថោ​ន​និង​ទូរទស្សន៍ Hainon របស់​ចិន​នេះ មានការ​ប្រកួត​សរុប​ចំនួន ​៧ ​គូ​គឺ​ការប្រកួត​បែប​គុន​ខ្មែរ​ ៥ ​គូ និង​ប្រកួត​បែប​ឃី​ក​បុក​ស៊ី​ង​ចំនួន​ ៣​ គូ​។​

​ជាមួយគ្នានេះ កីឡាការិនី អេ យ៉ា​នុត ដែល​ត្រូវ​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ជាមួយ​កីឡាការិនី​ចិន Kuang Fei ក្នុង​ទម្ងន់​ ៥៧ គីឡូក្រាម បានបង្ហាញ​ការបារម្ភ​ថា​៖ «​នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​វ៉ៃ​បែប​ឃី​ក​បុក​ស៊ី​ង ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់បាន​ហាត់​វ៉ៃ​បែបនេះ​ពីមុនមក​នោះដែរ អ៊ីចឹង​ការប្រកួត​នេះ ខ្ញុំ​មានការ​បារម្ភ​ដែរ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ធ្លាប់​ហាត់​កីឡា​វ៉ូ​វី​ណា​ម និង​ប្រដាល់សកល​ផង​នោះ ប្រហែលជា​មិន​អី​ទេ គឺ​វា​អាស្រ័យទៅលើ​ការប្រកួត​ជាក់ស្តែង​នៅលើ​សង្វៀន​ថា យើង​ចេញចូល​បាន​លឿន​កម្រិតណា​ដែរ​»​។​

​ចំណែក​កីឡាករ​ ធឿន ធារ៉ា ដែល​ត្រូវ​ប្រកួត​បែប​គុន​ខ្មែរ​ជា​មួយ​កីឡាករ​ចិន Chiao Zhou ក្នុង​ទម្ងន់ ​៧២ ​គីឡូក្រាម ក៏​ដូច​មិនទាន់​ប្រាកដ​ពី​ការ​យកជ័យ​​ជម្នះ​ដូចគ្នា ព្រោះ​រូបគេ​យល់ថា ការប្រកួត​ជាមួយ​កីឡាករ​មាន​ជំនាញ​ផ្នែក​ឃី​ក​បុក​ស៊ី​ងរ​បស់​ចិន​អាចមាន​ការពិបាក​ច្រើន​។​

​ធឿន ធារ៉ា បាន​បញ្ជាក់ថា​៖ «​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ជួប​អ្នក​ប្រដាល់​កុង​ហ្វូ ដែល​ភាគច្រើន​ប្រកួត​បែប​ឃី​ក​បុក​​ស៊ី​ង ហើយ​ដោយសារ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ការប្រកួត​របស់គាត់ អ៊ីចឹង​វា​អាចមាន​ការពិបាក​ដែរ ព្រោះ​យើង​មិនដឹងថា គាត់​វាយ​ចេញចូល និង​ប្រកួត​យ៉ាងម៉េច​។ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​ត្រៀមខ្លួន​បានល្អ​ទាំង​កម្លាំង​ស៊ុ​ហ្វ និង​ក្បាច់​វ៉ៃ ហើយ​ខ្ញុំ​ប្តេជ្ញា​ប្រកួត​ឱ្យ​អស់ពី​លទ្ធភាព ទោះបី​ចាញ់​ឬ​ឈ្នះ ត្រូវ​ប្រកួត​ឱ្យ​ល្អមើល​»​។​

​សម្រាប់​ការប្រកួត Kun Khmer Kung Fu នៅ​យប់​ថ្ងៃ​សុក្រ​ខាងមុខ​នេះដែរ ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ត្រូវ​ដាក់ឱ្យ​ប្រកួត​បែប​គុន​ខ្មែរ​ជាមួយ​កីឡាករ​ចិន Liu Longquan ក្នុង​ទម្ងន់​ ៦៥​ គីឡូក្រាម ចំណែក ពេជ្រ សម្បត្តិ ត្រូវ​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ជាមួយ​ចិន Yang Huo ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម ហើយ ម៉ឺន មេ​ឃា ក៏ត្រូវ​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ជា​​មួយ​កីឡាករ​ចិន Zhang Jingtao ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ដូចគ្នា​។​

​ជាមួយ​ការប្រកួត​នេះ កីឡា​ករ​ជំនាញ​ទាំង​គុន​ខ្មែរ និង​ប្រដាល់សកល ផល សោ​ភ័​ណ្ឌ ដែល​ធ្លាប់​ប្រកួត​ឃី​ក​ប៊ុ​ក​ស៊ី​ង បាន​មើលឃើញថា បេក្ខភាព​កីឡាករ កីឡាការិនី​ទាំង​ ៣​ នាក់ ដែល​ត្រូវ​ប្រកួត​ឃី​ក​បុក​ស៊ី​ង​ជា​មួយ​ចិន​អាច​នឹងមាន​ការពិបាក ព្រោះ​ឃី​ក​បុក​ស៊ី​ង មិនឱ្យ​ប្រើ​កែង មិនឱ្យ​ចូលចាប់​ឡាំ​ជង្គង់ តែ​អាច​បោះ​ជង្គង់​ពី​ចម្ងាយ​បាន អ៊ីចឹង​ការប្រកួត​អាច​ហត់​ជាង​ប្រកួត​គុន​ខ្មែរ ព្រោះ​ត្រូវ​វាយ​ប្តូរ​គ្នា ដោយ​គ្មាន​ពេល​សម្រាក ឬ​ដកខ្យល់​ឡើយ ខណៈ​ការ​វ៉ៃ​បែប​ឃី​ក​បុក​ស៊ី​ង​នេះ ជា​ជំនាញ​របស់​កីឡាករ​ចិន​តែម្តង​។​

​ផល សោ​ភ័​ណ្ឌ បាន​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​គិតថា ការប្រកួត​ឃី​ក​បុក​ស៊ី​ង យើង​ពិបាក​ជាមួយ​កីឡាករ​ចិន​បន្តិច​ហើយ ព្រោះ​វា​ជា​ជំនាញ ដែល​គេ​ហាត់​តាំងពី​តូច​មក ចំណែក​យើង​ហាត់គុន​ខ្មែរ ដូច្នេះ​នៅពេល​យើង​ផ្លាស់​​ប្តូរ​ពី​គុន​ខ្មែរ​ទៅ​វ៉ៃ​បែប​ឃី​ក​បុក​ស៊ី​ង អាចមាន​ពិបាក​ដែរ​។ ចំពោះ​ការប្រកួត​គុន​ខ្មែរ ខ្ញុំ​ផ្តល់​ទំនុកចិត្ត​ដល់​កីឡាករ​របស់​យើង​ដល់ ​៨០​ ភាគរយ តែ​ចំពោះ​ការប្រកួត​ឃី​ក​បុក​ស៊ី​ង ត្រឹម ​៥០​ ភាគរយ​ទេ អ៊ីចឹង​មានតែ​ខំប្រឹង​ទាំងអស់គ្នា ដោយ​សង្ឃឹមថា ថ្ងៃ​អ​នា​គ​ត យើង​អាច​នឹង​វ៉ៃ​ឃី​ក​បុក​ស៊ី​ង​បានល្អ​»​។​

​បន្ថែម​លើ​ការប្រកួត​រវាង​កីឡាករ​គុន​ខ្មែរ ជាមួយ​ក្រុមអ្នកលេង​កុង​ហ្វូ​ចំនួន​ ៥ ​គូ​នេះ អ្នកលេង​កណ្តាប់ដៃ​ឆ្វេង រឿង សោ​ភ័​ណ្ឌ ត្រូវ​ដាក់ឱ្យ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ ៦៩​ គីឡូក្រាម ជាមួយ​បេក្ខភាព​កីឡា​ករបរ​ទេស​ ៣ ​នាក់​ទៀត រួមមាន អ្នក​ប្រដាល់​ហ្វីលីពីន Bacus Juvanie កីឡាករ​ចិន Luo Jie និង​អ្នក​ប្រយុទ្ធ​របស់​រុស្ស៊ី Sotavov Albert ដោយ​អ្នក​ទាំង ៤ ​នេះ ត្រូវ​ចាប់ឆ្នោត​ប្រកួត​ជម្រុះ ​៣ ​ទឹក រួច​យក​អ្នកឈ្នះ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ យក​ខ្សែក្រវាត់​ក្នុង​រាត្រី​នោះ​តែម្តង​។​

​ទន្ទឹមនឹងនេះ លោក Tommy Kim ទីប្រឹក្សា​ស្ថានីយ​ទូរ​ទស្សន៍​ថោ​ន និង​ជា​តំណាង IPCC ប្រចាំ​នៅ​កម្ពុជា បានចាត់ទុក​ការប្រកួត Kun Khmer Kung Fu នេះ ជាការ​បើក​ទំព័រ​សករាជ​ថ្មី​រវាង​ប្រដាល់​គុន​​ខ្មែរ និង Kung Fu ក៏ដូចជា​បើក​សករាជ​ថ្មី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថានីយទូរទស្សន៍​ថោ​ន និង​ស្ថានីយ​ទូរ​​ទស្សន៍ Hainan ប្រចាំ​នៅ​ប្រទេស​ចិន គឺ​យើង​បានរួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​មិន​ធ្លាប់មាន ដោយមាន​ការចូលរួម​ពី​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ចិន ៦​ រូប ព្រម​ទាំង​កីឡាករ​ហ្វីលីពីន និង​កីឡាករ​រុស្ស៊ី ឱ្យមាន​ប្រកួត​ជាមួយ​ក្រុម​ប្រដាល់​គុន​ខ្មែរ​។​

លោក​បាន​ថ្លែង នៅ​ចំពោះមុខ​កីឡាករ កីឡាការិនី​កម្ពុជា ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​ ១០ ខែមករា​ថា៖ «​ពេលនេះ​យើង​មានឱកាស​មាស ក្នុងការ​​ផ្សព្វផ្សាយ​គុន​ខ្មែរ​របស់​យើង ទៅ​ក្រៅប្រទេស​ហើយ ព្រោះ​មិន​ថា​កម្មវិធី​ធំៗ នៅ​ប្រទេស​ចិន ជប៉ុន និង​នៅ​អឺរ៉ុប គេ​បាន​សម្លឹង​ឃើញ​សមត្ថភាព​ប្អូនៗ​រួចហើយ អ៊ីចឹង​ប្អូនៗ​ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ឱ្យ​គ្រប់​ទាំង​កម្លាំងកាយ ស៊ូ​ហ្វ ក្បាច់​គ្រប់​ស្នៀត​ទាំងអស់​»​។​

​លោក​បាន​បន្ថែមថា​៖ «​ការ​ខំប្រឹង​របស់​ប្អូនៗ​គឺ​ផ្សព្វផ្សាយ​ខ្លួន​​ឯង​ឱ្យគេ​ស្គាល់ ដើម្បី​គេ​អញ្ជើញ​យើង​ទៅ​ប្រកួត​ក្នុង​កម្មវិធី​របស់គេ​នៅក្រៅ​ប្រទេស ហើយ​យើង​ក៏មាន​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​របស់​យើង ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ផងដែរ​។ ម្យ៉ាងទៀត ការ​ខំប្រឹង​របស់​ប្អូនៗ គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ក្បាច់គុន​ដូនតា​របស់​យើង​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​។​ដូនតា​ខ្មែរ​ជា​អ្នកបង្កើត​ក្បាច់​គុន​ខ្មែរ អ៊ីចឹង​ក្នុងនាម​យើង​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវ​នាំគ្នា​អភិរក្ស និង​អភិវឌ្ឍ​ក្បាច់គុន​នេះ​ឱ្យ​កាន់តែ​ល្បីល្បាញ​»​។​

​ចំណែក​លោក Jiang Kaihon តំណាងឱ្យ​ស្ថានីយ​ទូរ​ទស្សន៍ Hainan របស់​ប្រទេស​ចិន បាន​ថ្លែងថា​៖ «​យើង​ពិតជា​សប្បាយ​ចិត្តខ្លាំង​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​ដើម្បី​រួមគ្នា​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ​ឡើង ដោយ​ការ​ប្រ​កួត​នេះ វា​បាន​រឹតចំណង​មិត្ត​ភាព​ថែមទៀត​រវាង​កម្ពុជា និង​ចិន​ហើយ​វា​ក៏​ជាការ​ប្រកួត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​រវាង​គុន​ខ្មែរ និង​គុង​ហ្វ៊ូ​ផងដែរ​»៕