កីឡាករជាបងប្អូនបង្កើត និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា និង ឃីម បូរ៉ា ត្រូវបានប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក បានអះអាងថា ពួកគេអាចនឹងត្រូវធ្វើការងារធ្ងន់ សម្រាប់ការបង្ហាញខ្លួនរួមគ្នា ក្នុងព្រឹត្តិការណ៍ Krud Kun Khmer ដែលត្រូវធ្វើឡើងជាលើកដំបូង នៅលើទឹកដីខេត្តក្រចេះ នាថ្ងៃទី២០ និងទី២១ ខែមករានេះ ចំណែកកីឡាករវ័យក្មេង ឃីម ឌីម៉ី ក៏ត្រូវបង្ហាញវត្តមានរួមគ្នាជាមួយបងប្រុសទាំង២របស់ខ្លួន នៅក្នុងកម្មវិធីនេះដែរ។
សម្រាប់ការបង្ហាញខ្លួនរួមគ្នារបស់បងប្អូនត្រកូល «ឃីម»ទាំង៣នេះ ត្រូវបានលោក ម៉ុល នី ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក ចាត់ទុកថា ជាភាពកម្រ ហើយក៏ជារឿងសំណាងមួយផងដែរ សម្រាប់អ្នកទស្សនានៅខេត្តក្រចេះ ដែលបានមើលការប្រកួតដោយផ្ទាល់របស់បងប្អូនទាំង៣នាក់នេះ។
លោក ម៉ុល នី បានប្រាប់កាលពីថ្ងៃទី១៨ ខែមករាថា៖ «នៅក្នុងឆាកជីវិតរបស់បងប្អូនទាំង៣នាក់នេះ មិនដែលធ្លាប់ឡើងប្រកួតរួមគ្នា ក្នុងពេលតែមួយបែបនេះទេ គឺយ៉ាងច្រើនបំផុត២នាក់ប៉ុណ្ណោះ អ៊ីចឹងខ្ញុំអាចនិយាយបានថា ខេត្តក្រចេះ ជាខេត្តសំណាងមួយ ដែលបានទទួលបងប្អូនអ្នកប្រដាល់ទាំង៣នេះ ក្នុងកម្មវិធីតែមួយ»។
សម្រាប់ការប្រកួត Krud Kun Khmer ដែលត្រូវធ្វើនៅកីឡដ្ឋានខេត្តក្រចេះនេះ ឃីម ឌីម៉ា ដែលជាអ្នកដណ្តើមបានមេដាយមាសស៊ីហ្គេម ផ្នែកគុនខ្មែរឱ្យកម្ពុជាដំបូងគេ ត្រូវដាក់ឱ្យប្រកួតជាមួយកីឡាករថៃ Slatan Chibmerngnun ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅថ្ងៃទី២០ ខែមករា ដោយថៃម្នាក់នេះ មានសមត្ថភាពល្អ ហើយក៏ទើបបានប្រកួតស្មើជាមួយអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ផងដែរ។
ចំណែក ឃីម បូរ៉ា និងប្អូនប្រុសរបស់គេ ឃីម ឌីម៉ី ត្រូវប្រកួតនៅព្រលប់ថ្ងៃទី២១ ខែមករា ដោយក្នុងនោះ ឌីម៉ី ត្រូវប្រកួតមិត្តភាពជាមួយមិត្តរួមជាតិ រិទ្ធី សុឃឿន ក្នុងទម្ងន់៥១គីឡូក្រាម ចំណែក បូរ៉ា ដែលដំបូងឡើងត្រូវប៉ះថៃ Sen Sakngern នោះ ត្រូវដាក់ឱ្យជួបជើងខ្លាំងរបស់ថៃ Naki Nokhavliometsib.Ad វិញ ដោយសារ Sen Sakngern មានរបួសក្នុងអំឡុងពេលហ្វឹកហាត់។
ចំពោះសមត្ថភាពកីឡាករថៃទាំង២នាក់នេះ លោក ម៉ុល នី បានបញ្ជាក់ថា៖ «ដៃគូរបស់ ឃីម ឌីម៉ា Slatan ជាកីឡាករមានភាពរឹង តាន់ និងមានភាពវៃឆ្លាតក្នុងការចូលវ៉ៃបុក ចំណែកកីឡាករ Naki ដែលត្រូវដាក់ឱ្យជួប ឃីម បូរ៉ា គឺជាកីឡាករកម្រិតខ្ពស់នៅថៃ ដែលមានសមត្ថភាពខ្ពស់ជាងកីឡាករ Sen Sakngern ហេតុនេះទាំង ឌីម៉ា និង បូរ៉ា សុទ្ធតែត្រូវធ្វើការងារធ្ងន់ហើយ»។
ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក បានបន្ថែមថា៖ «ការប្រកួតទាំង២គូនេះ អាចមានភាពតានតឹងខ្លាំង ហើយឱកាសឈ្នះអាចមាន៥០ភាគរយដូចគ្នា ព្រោះការប្រកួតមើលមិនឃើញទេ។ បើមានករណីភ្លាត់ស្នៀតកើតឡើង គឺលទ្ធផលអាចនឹងមិនល្អក៏ថាបាន ប៉ុន្តែយើងនៅតែសង្ឃឹមថា ពួកគាត់នឹងធ្វើបានល្អ»។
សម្រាប់ការប្រកួត Krud Kun Khmer នៅលើទឹកដីខេត្តក្រចេះ នាថ្ងៃទី២០ និងទី២១ ខែមករានេះ គឺមានការប្រកួតសរុបចំនួន១៦គូ ដែលមានទាំងការប្រកួតមិត្តភាពក្នុងស្រុក ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ និងប្រកួតមិត្តភាពអន្តរជាតិ ហើយនៅក្នុងចំណោមការប្រកួតនេះ ការវ៉ៃអំបោះឆៅរវាង ធន់ រិទ្ធី និងអ្នកប្រដាល់អ៊ីរ៉ង់ Choli Zadeh Abolfaz នៅយប់ថ្ងៃទី២១ ខែមករា មានការចាប់អារម្មណ៍ខ្លាំង។
នៅក្នុងការប្រកួតនេះ ធន់ រិទ្ធី បានតាំងចិត្តប្រកួតខ្លាំង ក្នុងការយកឈ្នះកីឡាករ Choli Zadeh Abolfaz ដើម្បីសងសឹកឱ្យមិត្តរួមជាតិ ឯម ឡេងលី ដែលត្រូវបានកីឡាករអ៊ីរ៉ង់ម្នាក់នេះវ៉ៃឱ្យសន្លប់។ យ៉ាងណាក៏ដោយ រិទ្ធី បានមើលឃើញថា ការប្រកួតនេះ អាចមានភាពតានតឹងខ្លាំង ហើយឱកាសសន្លប់ គឺមានដូចគ្នា បើហ៊ានតែប្រហែស។
កីឡាករមានរហស្សនាម «អធិរាជលេងអំបោះឆៅ» ធន់ រិទ្ធី បាននិយាយថា៖«លើកនេះខ្ញុំត្រូវចូលខ្លួនមកប្រកួតសងសឹកឱ្យ ឯម ឡេងលី ហើយខ្ញុំគិតថា ការវ៉ៃអំបោះឆៅមិនជាបញ្ហានោះទេ ព្រោះករណីសន្លប់អាចកើតមានដូចគ្នា។ តែទោះបីជាយ៉ាងណា លើកនេះ ខ្ញុំមានទំនុកចិត្តលើខ្លួនឯង១០០ភាគរយ ហើយខ្ញុំក៏មានស្នៀតថ្មីៗ ត្រូវបង្ហាញ សម្រាប់ការប្រកួត នៅលើទឹកដីខេត្តក្រចេះ លើកនេះដែរ»៕