ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) និងហព័ន្ធកីឡាបាល់ទះបារាំង (FFVolley) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាលើកដំបូង ហើយនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីទាំង២ បានព្រមព្រៀងក្នុងគោលបំណងសំខាន់ៗចំនួន៩ដើម្បីជួយគ្នាក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទះរបស់ប្រទេសទាំង២ ជាពិសេសបាល់ទះនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន។
លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃស សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានចូលរួមចុះ MoUដោយផ្ទាល់ជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាលពីល្ងាចថ្ងៃទី១៧ ខែមករា បានបង្ហាញភាពរីករាយ និងអរគុណដល់លោក Eric Tanguy ដែលជំរុញឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាដ៏សំខាន់នេះ ដើម្បីជួយឱ្យវិស័យកីឡាបាល់ទះកម្ពុជា កាន់តែមានការរីកចម្រើនមួយកម្រិតទៀត។
លោក ស សុខា បានថ្លែងថា៖ «ការចុះ MoUរវាងសហព័ន្ធកីឡាបាល់ទះទាំង២ នៅថ្ងៃនេះគឺដើម្បីផ្លាស់ប្តូរសមត្ថភាព ជំនាញ ទាំងធនធានមន្ដ្រីជំនាញ គ្រូបង្វឹក និងកីឡាករ កីឡាការិនីតាមរយៈការហ្វឹកហាត់រួមគ្នាទាំងនៅកម្ពុជា និងនៅបារាំងទាំងកីឡាបាល់ទះផ្នែកបុរស និងនារី។ អ៊ីចឹងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះខ្ញុំគិតថានឹងជួយលើកស្ទួយវិស័យបាល់ទះកម្ពុជា១កម្រិតទៀត»។
ទន្ទឹមនឹងនេះ លោក ស សុខា បានអះអាងថា វិស័យបាល់ទះកម្ពុជា កំពុងមានរីកចម្រើនទីមុខបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម និងបន្តឈ្នះមេដាយប្រាក់ សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏អាចរៀបចំឱ្យមានការប្រកួត «តេជោលីគ» ឬការប្រកួត TECHO Volleyball CambodiaLeague ជាលើកដំបូង ហើយលីគអាជីពដែលកំពុងដំណើរការនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ក៏បើកឱ្យមានការចូលរួមពីកីឡាករបរទេសផងដែរ។
លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា៖ «យើងឃើញថា ឥឡូវនេះ វិស័យបាល់ទះកម្ពុជាកំពុងមានដំណើរការល្អគួរឱ្យកត់សម្គាល់ជាពិសេសក្នុងការប្រកួតនៃលីគក្នុងស្រុក គឺមានការចាប់អារម្មណ៍ច្រើនក្នុងនោះក៏មានកីឡាករបរទេសបានចូលរួមប្រកួតប្រជែងនៅកម្ពុជាដែរហើយនេះជាសមិទ្ធផលថ្មីមួយទៀតរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា»។
ចំណែកលោក Eric Tanguy បានឱ្យដឹងថា កម្ពុជា ជាប្រទេសទី១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសហព័ន្ធកីឡាបាល់ទះបារាំងបានចុះMoUនិងជាប្រទេសទី២ នៅទ្វីបអាស៊ីបន្ទាប់ពីប្រទេសជប៉ុន។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជាដែលបានរៀបចំការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមU19 ជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលសម្រេចបាននូវសមិទ្ធផលល្អ ព្រោះក្រោយការប្រកួតនោះ ក្រុមបាល់ទះកម្ពុជា ដណ្ដើមបានមេដាយប្រាក់ស៊ីហ្គេមឆ្នាំ២០២៣ ខណៈក្រុមU19 បារាំង ក៏ឈ្នះជើងឯកU19ពិភពលោក។
លោក Eric Tanguy បានបញ្ជាក់ថា៖«ទោះបីជាយើងលេងបាល់ទះដូចគ្នាមែន ប៉ុន្តែរបៀបរបប និងបច្ចេកទេសលេងរវាងបាល់ទះអឺរ៉ុបនិងបាល់ទះអាស៊ី មានភាពខុសគ្នា ហេតុនេះខ្ញុំជឿថា តាមរយៈកិច្ចសហការនេះ យើងនឹងអាចរៀនសូត្រនិងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយរីកចម្រើនទៅមុខជាមួយគ្នាព្រោះបច្ចុប្បន្នបាល់ទះកម្ពុជា ក៏កំពុងវិវឌ្ឍខ្លួនទៅមុខដែរអ៊ីចឹងតាមរយៈការចុះMoUរបស់ប្រទេសទាំង២ នាពេលនេះនឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីសាងអនាគតល្អជាមួយគ្នា»។
ចំពោះការចុះ MoUរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសហព័ន្ធកីឡាបាល់ទះបារាំងនេះ មានរយៈពេល២ឆ្នាំដោយចាប់ផ្តើមសុពលភាព នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ចំណែកគោលបំណងសំខាន់ៗនៃ MoUនេះមានចំនួន៩៖ ទី១ ការដោះដូរចំណេះធ្វើ សមត្ថភាព និងជំនាញ រវាងគ្រូបង្វឹកជាតិរបស់ក្រុមជម្រើសជាតិបុរសនិង/ឬនារី ឈុតធំនិង/ឬឈុតតូច នៅក្នុងពេលបណ្តុះបណ្តាលលើទឹកដីរបស់ភាគីនីមួយៗ។
ចំណុចទី២ ការរៀបចំកម្មសិក្សា/ការបង្វឹករួមគ្នារបស់ក្រុមជម្រើសជាតិបុរសនិង/ឬនារី ឈុតធំ និង/ឬឈុតតូច របស់ភាគីនីមួយៗនៅលើទឹកដីរបស់ភាគីម្ខាង និងភាគីម្ខាងទៀត។ ទី៣ ការអនុវត្តគម្រោងទាក់ទងនឹងការអភិវឌ្ឍកីឡាបាល់ទះ និងបាល់ទះលើឆ្នេរខ្សាច់ ក្រោមកិច្ចសហការ ជាដៃគូជាមួយតួអង្គរដ្ឋថ្នាក់គណៈកម្មាធិការជាតិអូឡាំពិក រដ្ឋអំណាច គណៈកម្មាធិការអន្តរជាតិអូឡាំពិក និងសហព័ន្ធកីឡាបាល់ទះអឺរ៉ុប និងអន្តរជាតិ។
ចំណែកទី៤ ការដោះដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ទាក់ទងនឹងការបណ្តុះបណ្តាលកីឡាករ គ្រូបង្វឹក អ្នក ដឹកនាំ អាជ្ញាកណ្តាល តាមរយៈការផ្តល់ជូនគ្នាទៅវិញទៅមកនូវមធ្យោបាយ សកម្មភាពអប់រំ និងការពិចារណាលើសមមូលភាពនៃសញ្ញាបត្ររវាងគូភាគី។ ទី៥ការដោះដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ទាក់ទងនឹងការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា ជាអាទិ៍នៅក្នុងវិស័យស្ថិតិ និងការវិភាគវីដេអូ បរិក្ខារកីឡា និងការបង្កើតការលេងជាក់លាក់ ហើយទី៦ ការដោះដូរខេត្តមានុវត្តន៍សម្រាប់ការត្រៀមខ្លួនរបស់គូភាគីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
ចំពោះចំណុចទី៧ កម្ពុជាអាចធ្វើការបញ្ជូនគ្រូបង្វឹក អ្នកគ្រប់គ្រង និងកីឡាករ ដើម្បីធ្វើការបណ្តុះបណ្តាលសមត្ថភាពលើកាយសម្បទា តាក់ទិក បច្ចេកទេសនិងយុទ្ធសាស្ត្រ នៅក្នុងប្រទេសបារាំង។ ទី៨ អាចធ្វើការបញ្ជូនគ្រូបង្វឹកនៃភាគីFFVOLLEY ក្នុងរយៈពេលណាមួយ ដើម្បីធ្វើការបណ្តុះបណ្តាល ដល់គ្រូបច្ចេកទេស និងកីឡាករ ដល់ភាគីVFCហើយទី៩ ភាគីកម្ពុជា និងបារាំង នឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ របស់ក្រុមជម្រើសជាតិរវាងគូភាគីនៅលើទឹកដីនៃប្រទេសណាមួយ៕