ភ្នំពេញៈ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទើបតែបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅក្នុងសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែមករា និងគ្រោងបញ្ចប់នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដោយការប្រកួតនេះ មានប្រតិភូកីឡាចំនួន ១២៩ នាក់ បានចូលរួម។
នៅក្នុងចំណោមប្រតិភូកីឡាទាំង ១២៩ នាក់នេះ គឺមានប្រតិភូ២៩នាក់ កីឡាករ ៦៥ នាក់ និងកីឡាការិនីចំនួន ៣៥ នាក់ ហើយអ្នកទាំងនេះ ត្រូវប្រកួតប្រជែងគ្នាតំណាងឱ្យសមាគម-ក្លិបចំនួន ១៧ នៅលើវិញ្ញាសាសរុបចំនួន ២២ គឺវិញ្ញាសាសម្តែងមេគុនចំនួន ១៣ និងប្រយុទ្ធចំនួន ៩ ប្រភេទទម្ងន់។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ លើកនេះ គ្មានវត្តមានម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល អេ វិរៈខាំឈិតភូថង ដែលគេស្គាល់ថា កីឡាករប្រដាល់ ម៉ឺន មេឃា នោះទេ ចំណែកប្អូនរបស់គេ អេ អាំម៉ារិនភូថង ដែលជាម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ២០២២ ក៏មិនបានចូលរួម នៅក្នុងការប្រកួតនេះដូចគ្នា។
មន្ត្រីបច្ចកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងអំឡុងការប្រកួតបើកឆាកកាលពីព្រឹកថ្ងៃអង្គារថា នៅក្នុងបញ្ជីរាយនាមរបស់កីឡាករ កីឡាការិនី និងប្រតិភូកីឡាតំណាងឱ្យសមាគម-ក្លិប ដែលបានចុះឈ្មោះការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ គឺមានឈ្មោះ ម៉ឺន មេឃា ដែរ ប៉ុន្តែរូបគេ មិនបានបង្ហាញវត្តមាន ក្នុងពេលថ្លឹងទម្ងន់នោះទេ ហេតុនេះតាមច្បាប់ និងបទបញ្ជានៃការប្រកួត គឺអ្នកមិនមកថ្លឹងទម្ងន់ ត្រូវសម្រេចឱ្យចាញ់ ដោយស្វ័យប្រវត្តិ។
ជុំវិញការអវត្តមានរបស់ អេ វិរៈខាំឈិតភូថង និង អេ អាំម៉ារិនភូថង របស់សមាគមកងយោធពលខេមរភូមិន្ទ នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិនេះ ម្ចាស់មេដាយមាស ពៅ សុខា ដែលជាគ្រូបង្វឹក បានប្រាប់ថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិលើកនេះ អេ អាំម៉ារីនភូថង មិនបានចុះឈ្មោះចូលរួមទេ ចំណែក អេ វិរៈខាំឈិតភូថង បានចុះឈ្មោះមែន ប៉ុន្តែដោយសារគាត់មានរបួស ក្នុងពេលប្រកួតគុនខ្មែរ កាលថ្ងៃឆ្លងឆ្នាំ ទើបគាត់មិនអាចមកប្រកួតនេះបាន»។
គួររំឭកថា ម៉ឺន មេឃា ត្រូវបានដាក់ឱ្យប្រកួតជាមួយកីឡាករថៃ Extra Phetchamphuនៅលើសង្វៀនថោន កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយរូបគេ បានឈ្នះដោយពិន្ទុ ចំណែក អេ អាំម៉ារីនភូថង ក៏ត្រូវបានដាក់ឱ្យប្រកួត នៅខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៣១ ខែធ្នូ នោះដែរ ហើយរូបគេបានយកឈ្នះកីឡាករអាមេរិក Christian Rage ដោយពិន្ទុដូចគ្នា។
ជាមួយគ្នានេះ ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង ក៏ទើបតែបានចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៦ ដល់ទី២៩ ខែធ្នូផងដែរ ដោយក្នុងនោះ ម៉ឺន មេឃា បានឈ្នះមេដាយមាស ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម តែ អេ អាំម៉ារីន បានចាញ់ម្ចាស់មេដាយមាស ពេញ វណ្ណថង ក្នុងការប្រកួតទម្ងន់៧១គីឡូក្រាម។
យ៉ាងណាក៏ដោយម្ចាស់មេដាយមាសស៊ីហ្គេម និងជើងឯកពិភពលោក ពៅ សុខា បានអះអាងថា ការអវត្តមានរបស់ ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង មិនធ្វើឱ្យប៉ះពាល់ដល់ការដណ្តើមយកមេដាយពីការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះទេ ផ្ទុយទៅវិញ វាជាការផ្តល់ឱកាសដល់ក្មេងៗជំនាន់ក្រោយ បានបញ្ចេញសមត្ថភាពពិតរបស់ខ្លួន ដោយមិនមានការភ័យខ្លាច។
ពៅ សុខា បានបញ្ជាក់ថា៖ «ការអវត្តមានរបស់ពួកគាត់ វាមិនជាបញ្ហាទេ ដោយសារការប្រកួតថ្នាក់ជាតិនេះ យើងផ្តោតទៅលើថ្នាល ដោយចង់ឱ្យក្មេងៗឡើងមកច្រើន ព្រោះសមត្ថភាពរបស់ ម៉ឺន មេឃា ក៏ដូចជា អេ អាំម៉ារីន បានឈានដល់ការប្រកួតអន្តរជាតិទៅហើយ អ៊ីចឹងពេលពួកគាត់ចូលរួមប្រកួត គឺក្មេងៗរបស់យើងគ្រាន់តែឃើញ គ្នាខ្លាច និងភ័យបាត់ទៅហើយ ប៉ុន្តែពេល មេឃា និង ម៉ារីន មិនបានចូលរួមបែបនេះ ធ្វើឱ្យក្មេងៗរបស់យើង ហ៊ានប្រកួតគ្នា ដោយបានបញ្ចេញអស់ពីសមត្ថភាព»។
ជាមួយគ្នានេះ ពៅ សុខា បានឱ្យដឹងទៀតថា ការអវត្តមាន ក្នុងការប្រកួតថ្នាក់ជាតិរបស់ ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង មិនបានប៉ះពាល់ដល់កៅអីជម្រើសជាតិរបស់ពួកគេនោះទេ។ សុខា បញ្ជាក់ថា៖ «មិនមែនមានតែពួកគាត់នោះទេ ដែលមិនបានចូលរួម ប៉ុន្តែកីឡាករ កីឡាការិនីក្រុមធំជម្រើសជាតិជាច្រើននាក់ទៀត រួមទាំងខ្ញុំដែរ ក៏មិនបានចូលរួមប្រកួតដូចគ្នា ដោយអ្នកខ្លះ បានមកជួយធ្វើជាគណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម ហើយអ្នកខ្លះទៀត បានទៅដឹកនាំក្រុមកីឡាករ តែការមិនបានចូលរួមនេះ គឺមិនប៉ះពាល់ដល់កៅអីជម្រើសជាតិឡើយ»។
កីឡាការិនីជម្រើសជាតិ ពៅ សុខា បានបន្ថែមថា៖ «សហព័ន្ធ បានដឹងពីសមត្ថភាពរបស់ពួកយើងរួចហើយ ហើយការមិនចូលរួមរបស់ពួកយើង គឺដើម្បីផ្តល់ឱកាសឱ្យក្មេងៗជំនាន់ក្រោយ បានប្រកួតប្រជែងគ្នាអស់ពីសមត្ថភាព ចំណែកការជ្រើសរើសកីឡាករ កីឡាការិនីចូលជម្រើសជាតិ គឺសហព័ន្ធ នឹងមានការប្រកួតធ្វើតេស្តផ្សេងទៀត ដោយមានគ្រូបរទេស ជាអ្នកត្រួតពិនិត្យ និងធ្វើការសម្រេច រកបេក្ខភាពដែលត្រូវចូលរួមជាមួយក្រុមជម្រើសជាតិនៅឆ្នាំ២០២៤នេះ»៕