ការស៊ុតបាល់ពិន័យ ១១ ម៉ែត្របានសម្រេច នៅនាទីចុងក្រោយរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានក្លាយជាគ្រាប់បាល់យ៉ាងមានន័យបំផុត ដែលបានជួយឱ្យក្រុមបឹងកេត ទទួលបាន ១ ពិន្ទុបន្ថែម ប៉ុន្តែការស្មើគ្នា ៣-៣ នេះ បាននិងកំពុងធ្វើឱ្យដំណើរឆ្ពោះទៅរកការឈ្នះពានលីគកំពូលកម្ពុជារបស់ក្រុមព្រះខ័នរាជស្វាយរៀង វិលទៅរកភាពមិនច្បាស់លាស់វិញ។
តាមរយៈការប្រកួតប្រចាំសប្តាហ៍ទី ១៨ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់ ថ្ងៃទី ២០ ខែ មករា កន្លងមកនេះ ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បានស៊ុតបំប៉ោងសំណាញ់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានមុន ដើម្បីជួយឱ្យក្រុមបឹងកេត នាំមុខ ១-០ នៅនាទីទី ២២។
ប៉ុន្តែការបង្កកំហុសរបស់ខ្សែការពារ ស្លេះ សេន ដែលបានជ្រុលរុញខ្សែប្រយុទ្ធ Marcus Haber ឱ្យដួលសម្រាប់ការប្រជែងគ្នាតែតបាល់ នៅក្នុងតំបន់គ្រោះថ្នាក់នោះ នាំឱ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យទៅឱ្យក្រុមស្វាយរៀង ហើយកីឡាករកាណាដា Marcus Haber ជាអ្នកស៊ុតដោយខ្លួនឯងបានសម្រេច នៅនាទីទី៤៥+២។
បន្ថែមលើគ្រាប់បាល់តាមស្មើនេះ ខ្សែប្រយុទ្ធ ថេឡរ ឌឿននីកូឡាស រកបាន ១ គ្រាប់ទៀតឱ្យក្រុមម្ចាស់ផ្ទះ តាមរយៈការស៊ុតបញ្ចូលទីយ៉ាងស្អាតរបស់គេ នៅនាទីទី ៤៧ ប៉ុន្តែ ម៉ាត់ នូរុណ បានស៊ុតតាមស្មើឱ្យក្រុមបឹងកេត វិញ នៅនាទីទី ៥៦។ តែទោះបីជាយ៉ាងណា ការស៊ុតបញ្ចូលទី ១ គ្រាប់ទៀតរបស់ ប្រាក់ មុនីឧត្តម បានជួយឱ្យ ស្វាយរៀង នាំមុខក្រុមបឹងកេត ៣-២ ម្តងទៀត នៅនាទីទី៨៩។
ជាមួយការនាំមុខនៅចុងម៉ោងនេះ បានធ្វើឱ្យការប្រកួតរវាងក្រុមទាំង ២ កាន់តែឡើងកម្តៅ ហើយគ្រូបង្គោលក្រុមស្វាយរៀង លោក Pep Munoz ក៏ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង ចំពោះការតវ៉ាក្នុងអំឡុងពេលនោះដែរ។ តែទោះបីជាយ៉ាងណា ការស៊ុតបាល់សំដៅទីរបស់កីឡាករវ័យក្មេង ណុត ដេវីត បានទៅប៉ះដៃប្រធានក្រុម សឿយ វិសាល ហើយភ្លាមៗនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាអ្នកស្រែក និងបង្ហាញកាយវិការទៅលោកអាជ្ញាកណ្តាលថា បាល់នេះប៉ះដៃ។
ក្រោយការពិនិត្យ និងសួរនាំលម្អិតពីអាជ្ញាកណ្តាលស្លាប លោកអាជ្ញាកណ្តាល ជី សាមឌី បានផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅឱ្យក្រុមបឹងកេត ហើយ ចាន់ វឌ្ឍនា ដែលដាក់ឱ្យចូលលេង នៅនាទីទី ៨៥ ជាអ្នកស៊ុតបានសម្រេច នៅនាទីទី ៩០+៥ ដែលធ្វើឱ្យក្រុមទាំង២នេះ បានបញ្ចប់ការប្រកួត ដោយលទ្ធផលស្មើគ្នា ៣-៣។
ជាមួយការចែកគ្នាម្នាក់១ពិន្ទុ ដែលកើតឡើងដោយគ្រាប់បាល់ចុងក្រោយរបស់ ចាន់ វឌ្ឍនាកា នេះ បានក្លាយជារឿងដ៏ល្អមួយ ចំពោះក្រុមបឹងកេត ដែលធ្វើឱ្យពួកគេមាន ២៥ពិន្ទុ ប៉ុន្តែគ្រាប់បាល់នេះបានធ្វើឱ្យក្រុមស្វាយរៀង មានការខកចិត្តខ្លាំង ព្រោះការទទួលបានត្រឹម១ ពិន្ទុនេះ បានធ្វើឱ្យដំណើរការគ្រប់គ្រងទីតាំងលេខ១ ដើម្បីឈានទៅរកការឈ្នះពានរបស់ពួកគេស្ថិតក្នុងភាពរង្គោះរង្គើវិញ។
ភាពលែងច្បាស់លាស់ ក្នុងការឈានទៅឈ្នះពានរបស់ក្រុមស្វាយរៀង ក៏ព្រោះតែដៃគូប្រជែងយកពានដ៏ស្វិតស្វាញរបស់ពួកគេ គឺក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម គិរីវង់សុខសែនជ័យ ៤-១ ដើម្បីទទួលបាន៣ពិន្ទុពេញ ដែលធ្វើឱ្យភ្នំពេញក្រោន ពេលនេះ មាន ៤២ពិន្ទុ គឺតិចជាងក្រុមស្វាយរៀង ត្រឹម២ពិន្ទុទេ អ៊ីចឹងមានន័យថា ភ្នំពេញក្រោន មានភាគរយគ្រប់គ្រាន់វិញហើយ ក្នុងការប្រជែងយកលេខ១ពីក្រុមស្វាយរៀង សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ លោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោន បាននិយាយក្រោយការប្រកួតថា៖«នេះជា ៣ពិន្ទុដ៏សំខាន់សម្រាប់យើងក្នុងការប្រកួតប្រជែងពានរង្វាន់។ គីរីវង់ គឺជាក្រុមដែលល្អក្នុងការការពារ ជាមួយនឹងការវាយបករបស់ពួកគេ។ ខ្ញុំពិតជាសប្បាយចិត្តដែលយើងអាចរកគ្រាប់បាល់បានច្រើនជាង ១គ្រាប់ ហើយនេះជាការប្រកួតដ៏ទាក់ទាញ ដែលពួកគេស្ទើរតែអាចតាមស្មើយើងទៅហើយ»៕