ភ្នំពេញ៖ កីឡាករ ចាន់ សំអាត បាន​ក្លាយជា​បេក្ខភាពតំណាង​ឱ្យ​កម្ពុជា​តែម្នាក់​គត់ ដែល​អាច​ដណ្តើម​បានជ័យជម្នះ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ចំណែក​ខ្លាចាស់ ម៉ន សាម៉េត បានត្រឹមស្មើពិន្ទុ ប៉ុន្តែ សោម វិឆ័យ បានចាញ់​អ្នក​ប្រដាល់​ថៃ សម្រាប់​ការ​បង្ហាញ​វត្តមាន​រួមគ្នា កាល​ពីព្រលប់​ថ្ងៃសៅរ៍។

សម្រាប់ការ​ប្រកួត ក្នុងប្រភេទ​ទម្ងន់​៦០គីឡូក្រាម​នេះ ចាន់ សំអាត បានព្យាយាម​​ទាត់​សន្ធាប់​ខ្លាំង​ៗ​ទៅលើ​ជើង​ក្រោម​របស់​កីឡាករ​ថៃ Bang Thay ហើយ​ការ​ថែម​ដោយ​កណ្តាប់ដៃ​ផ្តួនៗ​របស់​គេ បាន​ធ្វើ​ឱ្យ​ដៃគូម្នាក់នេះ ​​ចង់​គាំង​ម្តងៗ តាំង​ពី​ទឹក​ទី១។

ជាមួយគ្នា​នេះ ការ​វាយ​កែង​ស្តាំ​ចូលពេញ​របស់ ចាន់ សំអាត បាន​ធ្វើ​ឱ្យ Bang Thay ដួល​ទាំង​ជំហរ និងត្រូវបាន​អាជ្ញាកណ្តាល​រាប់ នៅទឹក​ទី​២។

ក្រោយ​ការ​រាប់ពី​លោកអាជ្ញាកណ្តាល​នោះ ចាន់ សំអាត បានស្ទុះ​ចូល​ម៉ាត់ និង​បុក​កែង​ចូល​ផ្ទៃ​មុខ​ Bang Thay  ពេញទំហឹង បណ្តាល​ឱ្យ​កីឡាករ​ថៃ​ម្នាក់នេះ ដួល​ដេក ហើយ​ត្រូវបាន​អាជ្ញាកណ្តាល​រាប់ជា​លើក​ទី​២ ប៉ុន្តែ​ សំអាត មិនអាច​ប្រើ​រយៈពេល​សេសសល់​ត្រឹម​២០វិនាទី ដើម្បី​ផ្តួល​ឱ្យ Bang Thay  សន្លប់​ត្រឹម​ទឹក​ទី​២​នោះ​ទេ។

តែទោះបីជា​យ៉ាង​ណា ឈាន​ចូលទឹក​ទី​៣ ចាន់ សំអាត បាន​បង្កើន​ការ​វាយ​សម្រុក​ទៅលើ Bang Thay  កាន់តែ​ខ្លាំង។

បើទោះបីជា​កីឡាករ​ថៃ​ម្នាក់នេះ បានព្យាយាមទាត់ ដើម្បី​ទប់ការ​ចូល​វាយ​កណ្តាប់​ដៃ​របស់ សំអាត ប៉ុន្តែ​នៅពេល Bang Thay  ស្ទុះ​ចូលបម្រុង​ម៉ាត់​នោះ សំអាត បាន​ប្រើកណ្តាប់ដៃ​ស្តាំ​របស់​គេ ម៉ាត់​ចូល​ផ្ទៃ​មុខ​បានមុន បណ្តាល​ឱ្យ Bang Thay  ដួលដេក​សន្លប់​ក្នុងពាក់កណ្តាល​ទឹក​ទី​៣នេះតែម្តង។​

កីឡាករ ចាន់ សំអាត ត្រូវបានលោកអាជ្ញាកណ្តាល​លើក​ដៃ​ឱ្យ​ឈ្នះ ក្រោយ​ម៉ាត់​កីឡាករ​ថៃ​ឱ្យសន្លប់ នៅត្រឹមទឹក​ទី​៣។រូប សហការី

យ៉ាង​ណា​មិញ សម្រាប់ការ​ប្រកួត ក្នុងទម្ងន់​​ ៦៣,៥ ​គីឡូក្រាម​​រវាង ឆោម វិឆ័យ និង​អ្នក​ប្រយុទ្ធ​របស់​ថៃ Den Naphao ពិតជា​ទទួល​បានការ​គាំ​ទ្រ​ខ្លាំង ជាមួយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​របស់ពួក​គេ។ នៅក្នុងជំនួបនេះ សោម វិឆ័យ បាន​ប្រឹង​ប្រែង​ខ្លាំង ក្នុងការ​បញ្ចេញ​អាវុធ​ទៅលើ Den Naphao តាម​រយៈការ​ទាត់ ម៉ាត់ និងការ​បុកជង្គង់​របស់​គេ ហើយ​ស្នៀត​ទាំង​អស់នេះ ឃើញ​ថា អាចទទួល​បានលទ្ធផល​គួរ​សម សម្រាប់ការ​ប្រកួត២ទឹកដំបូង។ 

តែទោះបីជា​យ៉ាង​ណា Den Naphao ពិតជា​មាន​ភាព​រឹងមាំ​ និងមាន​ស្នៀត​វាយ​សង​ទៅលើ ឆោម វិឆ័យ យ៉ាងសស្រាក​សស្រាំ ហើយចាប់ពី​ទឹក​ទី​៣​ទៅ កីឡាករ​ថៃ​ម្នាក់នេះ អាច​គ្រប់​គ្រងស្ថាន​ភាព​ការ​​ប្រកួតកាន់តែ​ល្អ ក្នុង​ការវាយ​លុក​ទៅលើ វិឆ័យ វិញ។ បើទោះបីជា វិឆ័យ បានប្រឹងប្រែង​វាយបក​ខ្លាំង ប៉ុន្តែ​ជំហរ​ដ៏​រឹង​មាំ និងការ​តាម​វាយ​សម្រុក​របស់ Den Naphao បាន​ធ្វើ​ឱ្យ វិឆ័យ ចាប់​ផ្តើម​ថមថយ​កម្លាំង​គួរ​ឱ្យកត់សម្គាល់ សម្រាប់​ការ​ប្រកួត​២​ទឹក​ចុងក្រោយ។

ជាមួយ​​​ស្ថាន​ភាព​បែប​នេះ បាន​ផ្តល់​ភាពអំណោយ​ផល​មួយ​កម្រិត​ទៀត​សម្រាប់ Den Naphao ក្នុងការ​តាមចាប់បុកជង្គង់ទៅលើ សោម វិឆ័យ ហើយ​ការ​បុកជង្គង់​ចូល​ធ្ងន់ៗ​របស់​គេ បាន​​ធ្វើ​ឱ្យ វិឆ័យ កាន់តែ​មាន​ការ​ធ្លាក់​កម្លាំង និង​បាន​ចាញ់​កីឡាករ​ថៃជំនាញ​វាយ​ក្បាច់​​ម្នាក់​នេះ ដោយ​អស់ចិត្ត។ 

កីឡាករ សោម វិឆ័យ (ក្រហម) ត្រូវ​បាន​ប្រកាស​ឱ្យ​ចាញ់កីឡាករ​ថៃ Den Naphao ដោយពិន្ទុ ក្រោយ​ចប់​ការ​ប្រកួត​៥ទឹក​ពេញ។រូបភាព សហការី

ចំណែក​​កីឡាករ​ចាស់​វស្សា ម៉ន សាម៉េត ដែល​ទើប​ប្តូរ​ទ្រនំ​ទៅ​​ហ្វឹក​ហាត់​ក្នុង​ក្លិប​ប៉ែន​កាក់គុនខ្មែរ​នោះ បាន​ប្រឹង​ប្រែង​អស់ពី​សមត្ថ​ភាព ក្នុងការ​ប្រកួតជាមួយ​កីឡាករ​ថៃ Pan Phat។ អ្នក​ទាំង​២នេះ បានចំណាយពេល​ច្រើន ក្នុងការ​ចូល​ចាប់​ប្តូរ​ជង្គង់​គ្នា និងបាន​ដួលទាំង​២នាក់ ជាញឹក​ញាប់​ផងដែរ។

ចំណែក​កណ្តាប់ដៃ ការទាត់ និងការ​វាយ​កែង ពួកគេ បានប្រើ​ក្នុង​កម្រិត​​តិចតួច​ដែរ​ទេ ហើយ​​ក្រោយការ​ប្រកួត​៥​ទឹកពេញ​យ៉ាង​ស្វិតស្វាញ ម៉ន សាម៉េត និង Pan Phat ត្រូវ​បាន​ប្រកាស​ឱ្យ​ត្រឹមស្មើពិន្ទុគ្នា​ទាំងអស់ថាមពលរៀងៗ​ខ្លួន សម្រាប់ការជួបគ្នា ជា​លើកដំបូង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​នេះ។

ជាមួយលទ្ធផល​នៃ​ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិនេះ លោក ​សេង ក​ដិ​កា អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ បាន​និយាយ​ថា៖ ​«យើង​តែង​មានការថ្លឹង​ថ្លែង​ពី​សមត្ថភាព​​​​របស់​កីឡាករ​ថៃ និង​កីឡាករ​កម្ពុជា គឺ​ធ្វើ​ម៉េច​ឱ្យ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា។ បើ​យើង​​យកតែ​អ្នក​មានសមត្ថភាពស្ទើរៗ មក​ដើម្បីតែ​ចាញ់​កីឡាករ​​យើង ក៏មិន​ល្អ​នោះ​ដែរ ហើយ​ខាង​គេ​ក៏មិនសូវសប្បាយ​ចិត្ត​ដូចគ្នា អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ឱ្យ​មាន​ភាព​យុត្តិធម៌  ទៅលើ​ការ​ផ្គូផ្គង​ ដើម្បីធ្វើ​ឱ្យការ​ប្រកួត​មានភាព​ទាក់ទាញ និង​មានឈ្នះ មានចាញ់ និង​មានស្មើគ្នា​បែប​នេះ ទើប​ល្អ»៕