ភ្នំពេញ៖ កីឡាករមានរហស្សនាម «អធិរាជលេងអំបោះឆៅ» ធន់ រិទ្ធី បានប្រើត្រឹមភ្នែកម្ខាង ដើម្បីតាមម៉ាត់កីឡាករអ៊ីរ៉ង់ Choli Zadeh Abolfaz រហូតដល់សន្លប់ សម្រាប់ការជួបគ្នា ក្នុងព្រឹត្តិការណ៍ Krud Kun Khmer ដែលធ្វើនៅកីឡដ្ឋានខេត្តក្រចេះ ក្នុងខេត្តក្រចេះ កាលពីយប់ថ្ងៃទី ២១ ខែមករា។
ការតាមម៉ាត់ឱ្យកីឡាករអ៊ីរ៉ង់ Choli Zadeh Abolfaz សន្លប់នៅចុងទឹកទី២ នេះ បានក្លាយជាលទ្ធផលដ៏ល្អ ដែលបានជួយឱ្យ ធន់ រិទ្ធី អាចសម្រេចបានជោគជ័យ តាមអ្វីដែលរូបគេបានអះអាងមុនការប្រកួត គឺការយកឈ្នះដៃគូម្នាក់នេះ ដើម្បីសងសឹកឱ្យមិត្តរួមជាតិ ឯម ឡេងលី ដែលត្រូវបានអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ វ៉ៃឱ្យសន្លប់ធំ ត្រឹមទឹកទី១ សម្រាប់ការជួបគ្នា កន្លងមក។
យ៉ាងណាក៏ដោយ នៅមុនការផ្តួលកីឡាករ Choli Zadeh Abolfaz ឱ្យសន្លប់នេះ ធន់ រិទ្ធី បានទទួលរងការម៉ាត់ចូលពេញៗពីដៃគូម្នាក់នេះ ដែលធ្វើឱ្យភ្នែកខាងឆ្វេងរបស់គេហើមលឹប មើលមិនច្បាស់ទេដោយ រិទ្ធី បានប្រើត្រឹមភ្នែកខាងស្តាំ និងមើលមិនសូវទាំងច្បាស់ផងនោះ ដើម្បីតាមវ៉ៃកីឡាករ Choli Zadeh Abolfaz ឱ្យសន្លប់ នៅចុងទឹកទី២។
ដោយមានស្នាមពក នៅលើក្តោងច្រមុះ និងបែកនៅលើបបូរមាត់ ហើយភ្នែកខាងឆ្វេងហើមមើលលែងយល់នោះ ធន់ រិទ្ធី បាននិយាយក្រោយការប្រកួតថា៖ «ជាធម្មតា ភ្នែកឆ្វេងរបស់ខ្ញុំ មើលឃើញច្បាស់ជាងភ្នែកខាងស្តាំ ប៉ុន្តែកណ្តាប់ដៃរបស់គាត់បានវាយចូលពេញៗពេក ធ្វើឱ្យភ្នែកឆ្វេងរបស់ខ្ញុំហើមលឹប មើលលែងឃើញ ដល់អ៊ីចឹងខ្ញុំបានប្រើភ្នែកស្តាំមើលឃើញស្រវាំងៗ និងព្រាលៗ ដើម្បីចូលវ៉ៃប្តូរជាមួយគាត់»។
ជាមួយការខំប្រឹងចូលវាយប្តូរទាំងភ្នែកមើលឃើញមិនច្បាស់នេះ ដោយសារ ធន់ រិទ្ធី មានមហិច្ឆតាចង់ដណ្តើមយកជ័យជម្នះលើកីឡាករ Choli Zadeh Abolfaz ដើម្បីមានឱកាសបានប្រកួតសងសឹកជាមួយជើងខ្លាំងរបស់ថៃ សៃយុគ ឬ Saiyok Pumpanmuang ដែលរូបគេធ្លាប់បានចាញ់ដោយសន្លប់ ក្នុងទឹកទី២ សម្រាប់ការប្រកួតនៅ Thai Fight កាលពីខែតុលា ឆ្នាំ ២០២២ ព្រោះពិធីករបានប្រកាសថា បើសិនជា ធន់ រិទ្ធី ធ្វើបានល្អក្នុងការប្រកួតនេះ លោក សំអាង វឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ដែលជាម្ចាស់ឧបត្ថម្ភធំ នឹងរៀបចំឱ្យមានជំនួបរវាង រិទ្ធី និង សៃយុគ នាពេលខាងមុខនេះ។
ចំពោះរឿងនេះ ធន់ រិទ្ធី បានបញ្ជាក់ថា៖ «សម្រាប់ការដាក់ឱ្យប្រកួតជាមួយ សៃយុគនេះ ខាងអ្នកផ្គូផ្គង ធ្លាប់បានប្រាប់ខ្ញុំម្តងហើយ តែខ្ញុំស្មានថាគាត់និយាយលេង ប៉ុន្តែដល់ពេលពិធីករប្រកាសនៅលើសង្វៀនបែបនេះ ខ្ញុំមានអារម្មណ៍រំភើប និងមានកូនចិត្តមួយថា កីឡាករអ៊ីរ៉ង់ម្នាក់នេះ វ៉ៃខ្ញុំមិនសន្លប់ទេ»។
«ខ្ញុំបានគិតបែបនេះ គឺខ្លាំងបំផុត ចាញ់-ឈ្នះដោយពិន្ទុ មិនអាចចាញ់ដោយសន្លប់បានឡើយ លុះត្រាតែខ្ញុំមើលលែងឃើញតែម្តង ព្រោះខ្ញុំត្រូវហាត់ត្រៀមវ៉ៃការពារខ្សែក្រវាត់»។ ធន់ រិទ្ធី បានបញ្ជាក់បន្ថែម ខណៈគម្រោងជួបជើងខ្លាំង សៃយុគ ក្នុងព្រឹត្តិការណ៍ Krud Kun Khmer នៅលើទឹកដីប្រទេសកម្ពុជានោះ ខាងអ្នករៀបចំ នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕