ភ្នំពេញៈក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃ បានក្រសោបយកមេដាយមាសស្ទើរតែទាំងអស់ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលទើបបានរៀបចំកាលពីថ្ងៃទី១៨ ដល់ទី២១ ខែមករា ឆ្នាំ២០២៤ ជាអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជាបានវាយតម្លៃជារួមថាគុណភាពប្រកួតប្រជែងចំបាប់ពេលនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្រុមយុវជនដែលជាថ្នាក់ថ្នាលយ៉ាងសំខាន់ សម្រាប់ឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
តាមរយៈការប្រកួតប្រជែងចំនួន៤ថ្ងៃនៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិអូឡាំពិក គឺក្រុមអត្តពលិកចំបាប់របស់ក្រសួងមហាផ្ទៃបានឈ្នះមេដាយមាសចំនួន៨ ក្នុងចំណោមមេដាយមាសសរុប១២វិញ្ញាសាទាំងការប្រកួតចំបាប់បុរាណ និងចំបាប់សម័យ ដែលត្រូវបានដាក់ឱ្យប្រកួតថ្នាក់ជាតិលើកនេះ ហើយពួកគេក៏ដណ្តើមបានមេដាយប្រាក់ចំនួន៩ និងសំរឹទ្ធ១៣ផងដែរ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១។
ចំណែកក្រុមអត្តពលិករបស់ក្លិបគិរីបារមីដំរីមានរិទ្ធ(ខេត្តកំពង់ឆ្នាំង)បានឈរនៅចំណាត់ថ្នាក់លេខ២ដោយដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ តាមពីក្រោយដោយក្លិបយាយព្រីងមានរិទ្ធ(ខេត្តកំពង់ឆ្នាំង)ដែលឈ្នះបានមេដាយមាស១និងប្រាក់១ រីឯក្លិបឫទ្ធិសែន(ខេត្តកំពង់ឆ្នាំង)និងក្លិបចំបាប់បារមីមេទ័ពម៉ឺនឯក(ខេត្តកណ្តាល)បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ដូចគ្នា។
ចំពោះក្លិបប្រយាបមានរិទ្ធ(ខេត្តកំពង់ឆ្នាំង)វិញ ឈរនៅលេខ៦ ដោយឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ១ រីឯក្លិបឃ្លាំងមឿង(ពោធិ៍សាត់)ដណ្តើមបានមេដាយសំរឹទ្ធ២ ខណៈក្លិបសមាគមខេត្តកណ្តាល ដណ្តើមបានមេដាយសំរឹទ្ធ១ ប៉ុន្តែក្លិបព្រះធាតុ (ពោធិ៍សាត់)និងក្លិបបក្សីចាំក្រុង មិនដណ្តើមបានមេដាយទេ។
តាមរយៈលទ្ធផលរួមនៃការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ បានបង្ហាញឱ្យឃើញថា គម្លាតនៃការដណ្តើមបានមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ រវាងសមាគមក្រសួងមហាផ្ទៃ ជាមួយក្លិបចំនួន៩ទៀត គឺមានការខុសគ្នាឆ្ងាយ ប៉ុន្តែក្រុមកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតបានប្រាប់ថា លទ្ធផលនេះ វាមិនប្លែកទេ ដោយសារតែក្រុមអត្តពលិកក្រសួងមហាផ្ទៃសុទ្ធតែជាកីឡាករ កីឡាការិនីជម្រើសជាតិ ហេតុនេះអ្នកមកពីខេត្ត មិនអាចប្រកួតឈ្នះពួកគាត់បានទេ។
ជាមួយគ្នានេះ តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងដែរថា ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិនេះ ក្រសួងមហាផ្ទៃបានបញ្ជូនក្រុមអត្តពលិកចូលរួមច្រើនជាងគេគឺសរុប៣០នាក់(ស្រី១៣នាក់) ក្នុងចំណោមអត្តពលិកចូលរួមសរុបចំនួន៦៦នាក់ (ស្រី២០នាក់)គឺមានន័យថា ក្លិបចំនួន៩ទៀត បានបញ្ជូនអត្តពលិករបស់ខ្លួនត្រឹមតែ ៤នាក់ មកចូលរួមប្រកួតដូចគ្នា។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ លោក Casey Barnett អនុប្រធានទី១ សហព័ន្ធកីឡាចំបាប់កម្ពុជា បានវាយតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរៀបចំបានយ៉ាងល្អរបស់គណៈកម្មការ ស្របទៅតាមបទបញ្ជា និងច្បាប់នៃការប្រកួតរបស់សហព័ន្ធកីឡាចំបាប់ពិភពលោក ចំណែកគុណផលនៃការប្រកួតប្រជែងគឺមានការកើនឡើង ជាពិសេសក្រុមយុវជនដែលជាធនធានយ៉ាងសំខាន់សម្រាប់ឆ្ពោះទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
លោក Casey បានថ្លែង ក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិលើកនេះថា៖ «យើងឃើញថា ការប្រកួតនេះ មានយុវជន យុវតីខ្មែរច្រើនទៀតបានចូលរួម ហើយខ្ញុំសូមសរសើរពីបច្ចេកទេស និងជំនាញរបស់ប្អូនៗដែលមានការកើនឡើង បើប្រៀបធៀបទៅនឹងការប្រកួតមុនៗ។ លទ្ធផលនេះ បង្ហាញឱ្យឃើញពីការខិតខំបង្វឹករបស់លោកគ្រូ អ្នកគ្រូ នៅតាមខេត្ត ក្នុងការផ្តល់ជំនាញដល់អ្នកបន្តវេន»។
អតីតអ្នកហាត់ចំបាប់ នៅអាមេរិក លោក Casey បានបន្ថែមថា៖ «ជាគោលដៅអាទិភាពរបស់សហព័ន្ធយើង ចាប់ពីពេលនេះរហូតដល់៥ឆ្នាំទៅមុខទៀត គឺត្រូវពង្រឹងជំនាញដល់ក្រុមយុវជន សម្រាប់ត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ហើយយើងនឹងបង្កើតឱ្យមានការប្រកួតក្នុងស្រុកកាន់តែច្រើន នៅឆ្នាំ២០២៤នេះ ដើម្បីទាក់ទាញយុវជនឱ្យមកហ្វឹកហាត់ចំបាប់កាន់តែច្រើន ព្រោះចំបាប់ ជាកីឡាប្រពៃណីរបស់ខ្មែរ អ៊ីចឹងយើងត្រូវនាំគ្នាអភិរក្ស និងអភិវឌ្ឍប្រភេទកីឡានេះឱ្យកាន់តែរីកចម្រើនថែមទៀត»៕