ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះតេជោលីគ (TECHO Volleyball Cambodia League) ដែលកំពុងដំណើរការប្រកួតប្រជែង នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រ ព្រោះការប្រកួតនេះ មានភាពស្វិតស្វាញខ្លាំង ដោយមានការចូលរួមពីកីឡាករបរទេស។
តាមរយៈការប្រកួត២សប្តាហ៍ ដែលបានចាប់ផ្តើមជាផ្លូវការ តាំងពីថ្ងៃទី១២ ខែមករា មកនោះ ក្រុមវិសាខា និងក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅមិនទាន់ស្គាល់ការបរាជ័យដូចគ្នា ដោយក្រុមទាំង២នេះ កំពុងមានភាគរយខ្ពស់ ក្នុងការដណ្តើមយកលេខ១ នៅក្នុងការប្រកួតជុំទី១ ក្នុងវគ្គ៨ក្រុមដំបូងនេះ។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតចំនួន៥លើកកន្លងមកនេះ ក្រុមវិសាខា បានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលកណ្តាល ក្រុមស្នងការដ្ឋាននគរបាលពោធិ៍សាត់ ក្រុមស្នងការរាជធានីភ្នំពេញ ក្រុមខេត្តព្រះសីហនុ និងក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល៣សិតដាច់ (៣-០) ដូចគ្នា ដើម្បីទទួលបាន១៥ពិន្ទុពេញ និងកំពុងឈរនៅលេខ១ ជាបណ្តោះអាសន្ន។
ចំណែកក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈរនៅលេខ២ ដោយមាន១៣ពិន្ទុ ព្រោះការប្រកួតចំនួន៥លើកកន្លងមកនេះ ពួកគេបានយកឈ្នះដោយលទ្ធផល ៣-០ ចំនួន១លើកទៀត ហើយបានឈ្នះដោយលទ្ធផល ៣-១ និង ៣-២ ចំនួន២លើកដូចគ្នា ខណៈការលក្ខខណ្ឌនៃការប្រកួត «តេជោលីគ» នេះ ការឈ្នះដោយលទ្ធផល ៣-១ បាន២ពិន្ទុ និងឈ្នះ ៣-២ បានត្រឹម១ពិន្ទុទេ។
ជាមួយលទ្ធផលនេះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមក្រសួងមហាផ្ទៃ ដែលកំពុងឈរនៅលេខ៣ ដោយមាន១៣ពិន្ទុដែរនោះ បានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត សម្រាប់ការជួបគ្នា កាលពីថ្ងៃទី១៩ ខែមករា ហើយជាលទ្ធផលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះដោយលទ្ធផល ៣-២ ជាមួយគ្រាប់បាល់ ២៥-១៥ ៤១-៤៣ ២៥-២២ ២៣-២៥ និង ១៥-៩។
ចំពោះគ្រាប់បាល់យកឈ្នះគ្នារហូតដល់ ៤៣-៤១ នេះ បានក្លាយជាកំណត់ត្រាគ្រាប់បាល់ច្រើនបំផុត ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិបាល់ទះនៅកម្ពុជាទេ ដោយសារតែក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រសួងមហាផ្ទៃ មានកម្រិតលេងល្អ ហើយបានដាក់បញ្ចូលកីឡាករបរទេសចំនួន៣នាក់ឱ្យចូលរួមជួយក្រុម ក្នុងការប្រកួតតេជោលីគនេះដូចគ្នា ដោយកីឡាករបរទេសទាំងនោះ សុទ្ធតែមានសមត្ថភាពលេងខ្លាំង។
សម្រាប់ការប្រកួតកីឡាបាល់ទះតេជោលីគ រដូវកាលទី១ ឆ្នាំ២០២៤នេះ មានការប្រកួតចំនួន៣ជុំ គឺជុំទី១ ជាការប្រកួតវិលជុំសន្សំពិន្ទុរវាងក្រុមទាំង៨ ដែលត្រូវធ្វើរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១២ ខែមករាមក រួចហើយយកក្រុមឈរលេខ១ ដល់លេខ៦ ទៅប្រកួតនៅជុំទី២ ដើម្បីចម្រាញ់យកក្រុមខ្លាំង៤ក្រុមចុងក្រោយ ទៅប្រកួតនៅជុំទី៣ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកក្រុមឈ្នះ នៅជុំទី៣ ត្រូវឡើងទៅប្រកួតដណ្ដើមជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
យ៉ាងណាមិញ សម្រាប់ការសម្រាប់ការប្រកួតសន្សំពិន្ទុ២លើកចុងក្រោយក្នុងជុំទី១ នាថ្ងៃទី២៦ និងទី២៧ ខែមករា ខាងមុខនេះ បានក្លាយជាការប្រកួតយ៉ាងសំខាន់ ដើម្បីកំណត់យក៦ក្រុម ឡើងទៅលេងនៅជុំទី២ ហើយក៏ជាជំនួបដ៏សំខាន់ ដែលក្រុមវិសាខា ត្រូវប៉ះក្រុមបញ្ជាការដ្ឋានអង្គរក្ស ដើម្បីដណ្តើមគ្នាយកលេខ១ ដែលត្រូវធ្វើនៅព្រឹកម៉ោង ១០:៣០ ថ្ងៃទី២៦ ខែមករា៕