ភ្នំពេញ៖ លោក ហួរ សុមេធ អនុប្រធាននាយកដ្ឋានគយ និងរដ្ឋាករ តំណាងឱ្យលោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរដល់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលបានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ក្នុងការអភិវឌ្ឍទាំងធនធានកីឡាករ កីឡាការិនី និងធនធានមន្រ្តីបច្ចេកទេស ហើយបានជំរុញឱ្យប្រភេទកីឡានេះ អាចមានលទ្ធភាពដណ្តើមបានមេដាយ នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ជូនប្រទេសជាតិ។
ជាមួយគ្នានេះ លោក ហួរ សុមេធ បានចាត់ទុកការប្រកួតកីឡាជឺជីតស៊ូថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលទើបបានធ្វើឡើង នៅក្នុងសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២០ ដល់ទី២១ ខែមករា កន្លងមកនេះថា ជាឱកាសដ៏សំខាន់ ដើម្បីជ្រើសរើសបានកីឡាករ កីឡាការិនីមានសមត្ថភាព និងទេពកោសល្យ សម្រាប់ប្រកួតតំណាងឱ្យជាតិ នៅលើឆាកអន្តរជាតិជាបន្តទៀត ជាពិសេសការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
លោកបានថ្លែង ក្នុងពិធីបិទការប្រកួត កាលពីល្ងាចថ្ងៃទី២១ ខែមករានោះថា៖ «ការប្រកួតថ្នាក់ជាតិនេះ អាចចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់សហព័ន្ធ ក្នុងការអភិវឌ្ឍមន្ត្រីបច្ចេកទេសឱ្យកាន់តែមានជំនាញកម្រិតខ្ពស់ ស្របតាមស្តង់ដាអន្តរជាតិ និងការជ្រើសរើសកីឡាករ កីឡាការិនីថ្នាក់ជាតិ សម្រាប់ចូលរួមការប្រកួតកីឡាជឺជីតស៊ូអន្តរជាតិនានា ជាពិសេសដើម្បីត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ឆ្លងកាត់ការប្រកួតកីឡាជឺជីតស៊ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃកន្លងមកនេះ លោក ហួរ សុមេធ បានបង្ហាញការសប្បាយរីករាយយ៉ាងក្រៃលែងក្នុងនាមជាស្ថាប័នដៃគូអភិវឌ្ឍន៍ ដែលបានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជាពិសេសព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះមានអ្នកចូលរួមប្រកួតយ៉ាងផុលផុស ដោយភាគច្រើនជាយុវជន យុវតី ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។
អនុប្រធាននាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ហួរ សុមេធ បានបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីដឹកនាំការប្រកួតរបស់សហព័ន្ធ ដែលបានរៀបចំការប្រកួតថ្នាក់ជាតិនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាទីមោទនៈ ហើយក្នុងនាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់ដំណើរការអភិវឌ្ឍន៍សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា»។
តាមរបាយការណ៍របស់លោក ថោង បញ្ញាធន អនុប្រធានទី១ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាជឺជីតស៊ូជើងឯកថ្នាក់ជាតិនេះ មានសមាគម-ក្លិបចំនួន ៩ បានដាក់ពាក្យចូលរួម ដោយមានកីឡាករ ៨៩ នាក់ កីឡាការិនី ៣៥ នាក់ គ្រូបង្វឹក ១៥ នាក់ ប្រតិភូដឹកនាំ ៩ នាក់ និងមន្រ្តីដឹកនាំការប្រកួត ៦០ នាក់ សរុបចំនួន ២០៨ នាក់។
ក្រុមអត្តពលិកទាំង ១២៤ នាក់នេះ ត្រូវបានបែងចែកការប្រកួតជា២វិញ្ញាសា គឺវិញ្ញាសាប្រយុទ្ធមានហ្គីនិងវិញ្ញាសាប្រយុទ្ធគ្មានហ្គី ដោយមានសរុប ១៩ វិញ្ញាសា ហើយជាលទ្ធផលនៃការប្រកួតនេះ ក្រុមសមាគមកីឡាជឺជីតស៊ូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឈ្នះមេដាយមាស៥ ប្រាក់១ និងសំរឹទ្ធ២ បានឈរនៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយក្លិបគីរីជឺជីតស៊ូ ដែលឈ្នះបានមាស ៤ ប្រាក់ ៦ និងមេដាយសំរឹទ្ធ ១២។
ចំណែកសមាគមកីឡាជឺជីតស៊ូមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលទើបបានចូលរួមការប្រកួតថ្នាក់ជាតិជាលើកដំបូងនេះ ដណ្តើមបានមេដាយមាស៣ ប្រាក់ ៣ និងសំរឹទ្ធ ១ ដើម្បីឈរនៅលេខ៣ រីឯក្លិបចតុមុខជឺជីតស៊ូ ក្លិបម៉នស្ទើវ៉ាយវ៉េកតូរី ក្លិបស្ទឹងត្រែងយូដូ សមាគមកីឡាជឺជីតស៊ូក្រសួងមហាផ្ទៃ និងក្លិបឱកាសប្រ៊ូជីក បានឈរនៅលេខរៀងបន្តបន្ទាប់គ្នាតាមរយៈមេដាយដែលពួកគេដណ្តើមបាន ប៉ុន្តែក្រុមអត្តពលិករបស់ក្លិបនាគរាជជឺជីតស៊ូ មិនដណ្តើមបានមេដាយទេ។
ជាមួយលទ្ធផលនេះ លោក ថោង បញ្ញាធន បានវាយតម្លៃជារួមថា៖ «តាមការសង្កេត យើងឃើញថា កម្រិតបច្ចេកទេស កីឡាករកីឡាការិនីភាគច្រើនមានការរីកចម្រើនជាងមុន បើប្រៀបធៀបជាមួយនឹងឆ្នាំមុន។ ការរីកចម្រើននេះ មកពីក្រុមអត្តពលិកទាំងអស់មានបទពិសោធន៍ច្រើន ដោយបានចូលរួមប្រកួតច្រើនលើកច្រើនសា ហើយគួបផ្សំនឹងគ្រូបង្វឹកមានបទពិសោធន៍ និងទេពកោសល្យបង្ហាត់ ដែលធ្វើឱ្យពួកគាត់ឆាប់យល់ និងឆាប់ចាប់បានបច្ចេកទេសដែលគ្រូបង្ហាត់»។
ទន្ទឹមនឹងនេះ ការប្រកួតជើងឯកថ្នាក់ជាតិនេះ ពុំមានបាតុភាពអ្វីធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការប្រកួតឡើយ។ លោក ថោង បញ្ញាធន បានបញ្ជាក់ថា៖ «ការអនុវត្តការងារពេលប្រកួតប្រកបទៅដោយរលូន និងជោគជ័យចំណែកអាជ្ញាកណ្តាលរបស់យើង ខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពក្នុងការវិនិច្ឆ័យនិងការផ្តល់ពិន្ទុ។ ទោះបីមិនទាន់សុក្រឹតត្រឹមត្រូវ ១០០ ភាគរយក្ដី តែអាចទទួលយកបានចំពោះការផ្តល់ពិន្ទុប្រកបដោយមនសិការវិជ្ជាជីវៈជាអាជ្ញាកណ្តាល»៕