ភ្នំពេញៈ ​ស្ថិត​នៅ​វិទ្យា​ល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ យុ​វតី ២ រូប ​ដែល​កំពុង​រៀន​នៅ​​វិទ្យាល័​យ​ហ៊ុន​សែន​បូរី​ ១០០ ​ខ្នង​ អាច​មាន​សមត្ថ​ភាព​​ដណ្តើម​យក​មេដាយ​​តាម​រយៈ​ការ​ប្រកួត​ថ្នាក់​ជាតិ​​នៅក្នុ​ង​វិញ្ញា​សា​កីឡា​វ៉ូ​វី​ណា​ម ដែល​ជា​វិញ្ញា​សា​មួយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ​ដែល​កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ​ ២០២៣​។​

​ក្នុង​ភាព​ជា​បង​ប្អូន​បង្កើត​នឹង​គ្នាដែល​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​វិទ្យា​ល័យ​ហ៊ុនសែ​ន​បូរី ១០០ ខ្នង​ ​យុវតី​ សេង ​សុខលី​ហ្សា ដែល​មាន​អាយុ ​១៥ ​ឆ្នាំ​ រៀន​ថ្នាក់​ទី​៩ បាន​ឈ្នះ​ជយ​លាភី​មេដាយ​មាស​ចំនួន​ ២ ​និង​ប្រាក់​ចំនួន ​២ ​គ្រឿង​ពីការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់គិ​រី​សួគ៌​ឆ្នាំ​ ២០២៣ ​កាលពី​ថ្ងៃទី ៤​-៥ ​ខែមករា ឆ្នាំ​ ២០២៤ ​លើវិ​ញ្ញាសា​​កីឡា​វ៉ូ​វី​ណា​ម។ ចំណែក​យុវតី​ សេង​ សុខលី​​តា ​អាយុ ១៦​ ឆ្នាំ ត្រូវ​ជា​បង​ស្រី​បង្កើត​រៀន​នៅ​ថ្នាក់​ទី​១១ ក៏​ដណ្តើម​បាន​មេដាយ​ចំនួន​៣​គ្រឿង​ផង​ដែរ​លើវិញ្ញា​សាដូច​គ្នា​។

ផ្ដើមចេ​ញពី​ជោគ​ជ័យនេះ​ ក្តី​ស្រមៃ​បន្ទាប់​របស់​អ្នក​ទាំង​២គឺ​ចង់​ចូល​ហាត់​នៅក្នុ​ង​ក្លិប​ជម្រើស​ជាតិ និ​ង​ជា​តំណាង​កីឡា​ការិ​នីវ៉ូ​វី​ណា​ម​ជម្រើស​ជាតិ​។ ជា​ពិសេស​បង​ប្អូន​ទាំង​២​ គឺ លី​តា និង​លីហ្សា ​ក៏​មាន​ក្តី​ប្រាថ្នា​ចង់​ចូល​រួម​​ប្រកួត​ជា​អន្តរ​ជាតិ​នៅ​ប្រទេស​ដើម​កំណើត​កីឡា​វ៉ូ​វី​ណា​មគឺ​ប្រទេស​វៀត​ណាម​ផងដែរ​។ កត្តា​ដែល​ធ្វើ​ឱ្យ​បងប្អូ​ន​ស្រី​ទាំង២​នាក់​សម្រេច​ចិត្ត​ជ្រើស​រើស ​និង​ហាត់​កីឡា​វ៉ូ​វី​ណា​ម​គឺ​ដោយ​សារ​តែ​ការ​ស្រឡាញ់​កីឡា​មួយ​ប្រភេទ​នេះ​ផ្ទាល់ហើយ​ក៏​មាន​ការ​ណែនាំ​ពី​អ្នក​ជិតខា​ង​និង​គ្រូ​បង្ហាត់​កីឡា​នេះ​ផ​ងដែរ​។​

​អ្នក​ទាំង​២​បាន​ឱ្យដឹ​ង​ថា ពួកគេ​​ពិត​ជា​មាន​អារម្មណ៍​​សប្បាយចិ​ត្ត​នៅពេ​លដែល​ទទួល​បាន​មេដា​យ ដោយ​សារ​មុន​ពេល​ហាត់​ដំបូង​ពួក​គេមិ​នទា​ន់មា​ន​សមត្ថភា​ព​អាច​ទទួល​បាន​មេដា​យ​នៅឡើ​យ​ទេ​ តែដោ​យសា​រ​​ការខិ​តខំ​ប្រឹង​ប្រែង​ហាត់​កន្លង​មក ​និង​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​គ្រូ​បង្ហាត់ ទើប​ពួក​គេ​អាច​មាន​សមត្ថ​ភាព​ដណ្តើម​បាន​មេដា​យ​ដូច​នេះ​​។ 

លីហ្សា ​បាន​និយាយថា​​៖«​ខ្ញុំ​សប្បាយ​ចិត្ត​ដោយសា​រតែ​ខ្ញុំ​ទទួលបា​ន​មេដាយ​មាស​២ ដែ​ល​ក្នុង​នោះ​ខ្ញុំ​ធ្វើការ​សម្តែង​៣ និង​ប្រយុទ្ធ​មួយ​»​។ លី​តា ​បាន​បន្ថែម​ថា​៖«​ខ្ញុំ​ទទួល​បាន​មេដា​យ​ចំនួន៣ ​នៅក្នុ​ង​វិញ្ញា​សា​ដូចជា ​ឯកត្តជន​​ ញឹ​ត ​មួង​វៀងវៃ​ ក្រុម​ថាប់​ទឺ​វៀង  និង​វៃ​ក្រុម ​ញឹ​ត​ មួង​វៀង​»​។​

​លើស​ពីនេះ​ទៀត​ ​ម្ចាស់មេ​ដា​យទាំង២នា​ក់បា​នឱ្យ​ដឹង​ដែរថា ​នៅក្នុ​ង​ការប្រកួ​ត​នេះ​មិន​ងាយ​ស្រួល​ទទួ​លបាន​មេដាយ​ប៉ុន្មាន​ទេ ដោយ​សារតែ​ដៃគូ​ប្រកួត​ភាគច្រើ​ន​មាន​សមត្ថ​ភាព​សុទ្ធសឹ​ងតែ​​ជា​ជម្រើស​ជាតិ​។ សម្រាប់​ការ​ប្រយុ​ទ្ធ គេ​មិន​លេង​ជង្គង់ ​និង​កែង​ទេ គឺ​គេ​លេង​តែ​ដៃ និង​ជើង​ប៉ុណ្ណោះ ​ដោយ​មាន​ការ​ពាក់​មួក ពាក់​កាយ ​និង​ធ្មេញ​ការ​ពារ​។​

​យុវតី​ លីហ្សា​ បាន​ឱ្យដឹងថា​​ នៅពេ​លប្អូន​ចូល​ហាត់​កីឡា​វ៉ូ​វី​ណា​ម​ដំបូង​មាន​ការ​លំបាក​ខ្លាំង​គឺមា​ន​គេ​ហាត់​ច្រើន​ ហើយ​រូប​ប្អូន​មិន​ទាន់​មាន​បច្ចេក​ទេស​ក្នុង​ការ​ហាត់​នៅ​ឡើយ​ទេ​ តែ​ប្អូន​បាន​ហាត់​ក្នុង​រយៈ​ពេល១​ម៉ោង​កន្លះ​ក្នុង​១ថ្ងៃ​សម្រាប់​ត្រៀម​​ប្រកួត​។ 

ប្អូន​ស្រី​បាន​បន្ត​ថា ​ការ​ចូល​ក្លិ​ប​នេះ​គឺជា​កា​រស​ម្រ​ច​ចិត្ត​របស់​ប្អូន​ចាប់​តាំង​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯ​ក​ក្មេងៗ​គិរី​សួគ៌​ដំបូង​មក​ម្ល៉េះ​។ សម្រាប់​ការចូ​ល​ប្រកួតតំ​ណាង​ឱ្យ​ក្លិប​កង​យោធ​ពល​ខេម​រភូមិន្ទ​វិញ​ ប្អូនស្រី​បានប​ញ្ជាក់​ថា ​ខាង​ក្លិប​សែន​សុខ​ដែល​ប្អូន​កំពុង​ហាត់​បច្ចុប្បន្ន​បាន​ចាត់​តាំង​ឱ្យ​អ្នក​ទាំង២​ហា​ត់​តំណាង​ឱ្យក្លិប​នេះ​ដោយ​មាន​រួម​ប​ញ្ចូល​គ្នាទាំង​​ក្លិប​ផ្សេងៗ​មា​នប្រហែល​៣០ ទៅ​៤០នា​ក់​ ​។​

​លីហ្សា ​បាន​បន្តទៀ​តថា​​៖ «​សម្រាប់​ការស​ម្រេចចិ​ត្ត​ជ្រើស​រើស​កីឡា​វ៉ូ​វី​ណា​មគឺដោ​យសា​រ​ខ្ញុំ​មើល​ឃើញថា ​​កីឡា​វ៉ូ​វី​ណា​ម​វា​អត់​សូវ​ល្បី ប៉ុន្តែ​អាច​ថា ​កីឡា​នេះ​វា​​ល្អ ​មាន​សុ​វត្ថិភាព ​និ​ងមាន​កម្លាំង​អាច​ធ្វើឱ្យ​​យើង​មាំមួន​បាន​ ហើយ​កីឡា​ហ្នឹង​ក៏​ល្អ​សម្រាប់​សុខ​ភាព​យើង​ផង​ដែរ​»​។​

​យុវតី​រូ​បនេះ បាន​បញ្ជាក់​ថា​៖ «​កីឡា​វ៉ូ​វី​ណា​ម​គេ​ហាត់​មាន​កីឡា​ដាវ ដាវ​គូ វ៉ៃ​គ្រំ ​មាន​ឯកត្តជ​ន មាន​ប្រយុទ្ធ​ប្រុស ​ស្រី មាន​ប្រុស​៣​នាក់​ និង​កីឡា​ផ្សេងៗ​ទៀត​»​។​

​លីហ្សា ​បាន​ប៉ាន់​ស្មាន​ថា ​ចំពោះ​សមត្ថ​ភាព​របស់​ប្អូន​បើប្រៀប​ធៀប​ទៅនឹ​ង​ការ​ប្រកួត​អន្ត​រជា​តិ និង​ការប្រ​កួត​កីឡា​ស៊ី​ហ្គេម​កន្លង​មក គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​ តែ​យ៉ាង​ណាក្ដី​​​ប្អូន​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​សមត្ថ​ភាព​បន្ថែម​ទៀត​។​

​ចំណែក ​យុវតី លី​តា វិញ បាន​ឱ្យដឹ​ងថា​៖ «​ខ្ញុំមាន​អារម្ម​ណ៍​ថា ស​ប្បាយ ​ដោយ​សារតែ​កាល​ពី​មុន​យើង​ធ្លាប់​ចូល​ប្រកួត​ដែរ​ ប៉ុន្តែ​យើង​អត់​បាន[មេ​ដាយ]យើង​ឃើញ​គេ​បាន​យើង​សប្បាយ​ចិត្ត ​យើង​ក៏​ប្រឹង​ហាត់​ខ្លួន​ឯង ​ដល់​ពេល​បាន​ទៅ​យើង​សប្បាយ​ចិត្ត​ថា​ ខ្លួន​ឯង​អាច​ធ្វើ​បាន ​ហើយ​ខំប្រឹង​ប្រែង​ហាត់​បន្ថែម​ទៀត​»​។​

​ជា​មួយ​នេះដែរ​ លី​តា បាន​ឱ្យ​ដឹង​ទៀតថា ​ប្អូន​មាន​ការ​ស្រឡាញ់​​កីឡា​វ៉ូ​វី​ណា​ម​នេះ ​ហើយ​មាន​បំណង​ចង់​ទៅ​ប្រកួត​ជា​អន្តរ​ជាតិ​ជា​កីឡា​ការិនីជម្រើស​ជាតិ​ និង​ប្រកួត​នៅ​ប្រទេស​ដែល​ជា​ដើម​កំណើត​កីឡា​វ៉ូ​វី​ណា​ម​ផង​ដែរ​។​

​គួររំឭក​ដែរ​ថា ក្នុង​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស​រើស​ជើងឯ​ក​ថ្នាក់​ជាតិ ​និង​ពាន​រង្វាន់​ គិរី​សួគ៌ ឆ្នាំ​២០២៣​  ស​មាគម​ក្លិប​កីឡា​វ៉ូ​វី​ណា​ម​របស់​កង​យោធ​ពល​ខេម​រភូមិន្ទ​ដែល​លី​តា និង​លីហ្សា​ ជា​កីឡា​ការិនីហាត់​​តំណាង​បាន​គ្រង​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក៏ជា​ក្លិប​​ដែល​ទទួល​បាន​មេដា​យ​ច្រើន​ជាង​គេផ​ងដែរ ដែ​លមេដា​យ​សរុបមា​ន​រហូតដ​ល់​១៦គ្រឿ​ង ​ក្នុងចំណោម​សមាគ​ម​ក្លិប១៣​ទៀត​ដែល​បាន​ចូល​រួម​ប្រកួត​នៅក្នុង​កម្ម​វិធី​នេះ​។​

​ជាក់​ស្តែង​សមាគ​ម​​ក្លិប​នេះទ​ទួលបា​ន​មេដាយ​មាស​ចំនួន​១២​គ្រឿងនៅក្នុ​ង​នោះ​មាន​មេដាយ​ប្រាក់​ចំនួន​២គ្រឿង ​និង​មេដាយសំ​រឹទ្ធ​ចំនួន​២​គ្រឿង​ នៅលើ​វិញ្ញាសា​កីឡា​វ៉ូ​វី​ណា​ម​ផ្សេងៗ​។​

​ចំពោះ​ការ​ទទួល​បាន​ជយ​លា​ភី​មេដា​យ​របស់​លីហ្សា ​និង​លី​តា លោ​កគ្រូ សេង​ សកល ​ដែល​បង្រៀន​នៅ​វិទ្យា​ល័យ​ហ៊ុន​សែន​បូរី​១០០​ខ្នង​ និង​ជា​ឪពុក​យុវតី​ទាំង​២រូ​ប​តែង​តែ​មក​ចូលរួ​មលើ​កទឹក​ចិត្ត​ដល់​កូនស្រី​​របស់​លោក​ជានិច្ច​។ លោកគ្រូ​បាន​ឱ្យដឹង​ថា លោក​គ្រូ​មាន​តែ​ការលើ​កទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ខិត​ខំ​ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ​បន្ត​ទៀត​ដើម្បីឱ្យ​​ឈាន​ទៅ​បន្ត​នៅ​ថ្នាក់​ជាតិ ​។​

​លោក​គ្រូ​បាន​បញ្ជាក់​ថា​៖ «​ប្រសិនបើ​​កូនស្រី​​សម្រេច​ចិត្ត​ធ្វើជា​កីឡា​ការិនី​ជម្រើស​ជាតិ ​គឺ​ខ្ញុំមាន​តែការ​គាំទ្រ​១០០ភាគ​រយ​ហ្នឹង​ហើយ​ដើម្បី​ឱ្យ​ពួក​គា​ត់​ខិតខំ​ ឱ្យ​តែពួកគា​ត់​ចូល​ចិត្ត​ហាត់​កីឡា​ហ្នឹង ​ខ្ញុំជួ​យ​ជំរុញ​ឱ្យបាន​តទៅទៀ​ត​»​។

​លោក​ ម៉ី ​សុ​មុនី ជានាយករងតំណាង​គណៈ​គ្រប់គ្រ​ង​នៅ​វិទ្យា​ល័យ​ហ៊ុន​សែន​បូ​រី១០០​ខ្នងបាន​ថ្លែង​ដែរថា​៖ «​តាម​ពិតទៅ ​កីឡា​ការិ​នី​ទាំង២​នាក់​គាត់​ប្រកួត​ក្នុង​នាម​ក្លិប​ទេ គាត់​ទទួល​បាន​ជយ​លាភី​អ៊ីចឹង​សាលា​មាន​មោទ​នភា​ព មាន​ការ​ត្រេកអ​រ និង​កោតស​រសើ​រ​ ហើយ​ចំពោះ​សិស្ស​ដែលមា​ន​ភាព​ខិតខំ​​យើង​តែង​តែមា​ន​ការ​បណ្តុះប​ណ្តាលឱ្យ​​​មាន​ការ​រីកចម្រើន​ទៅតាម​ទេព​កោ​ស​ល្យ​រៀ​ងៗ​ខ្លួន​»​។​

​លោក​បាន​បន្ត​ថា ​លោក​គ្រូ​មានតែ​ការលើ​កទឹ​កចិត្ត​និង​ជំរុញ ​ពីព្រោះថា ​​ជយ​លាភីសម្រាប់​ឧត្តម​ភាពផ្នែកកីឡា​នេះ​ វាជាកិ​តិ្ត​យស​សម្រាប់​ខ្លួន​ឯង គ្រួសា​រ​ ​សាលារៀ​ន និង​សង្គម​ជាតិ​ដែល​សា​លា​កំពុងតែ​បណ្តុះបណ្តាលធនធានមនុស្ស​តាមចតុស្តម្ភនៃការអប់រំ ការព​ង្រីក​ស​ក្តា​នុ​ពល​ និ​ង​ទេពកោ​ស​ល្យ​ទៅ​តាមឧបនិស្ស័យ​​ចំណង់​ចំណូ​ចិត្ដ​​របស់​សិស្ស ​ដូច​ជា ការ​ជំរុញ​ក្លិប​តេ​ក្វាន់​ដូ ​ក្លិប​វ៉ូ​វី​ណា​ម ​ក្លិប​ខាង​សិល្បៈ​របាំបុរា​ណ សម័យ ស្មូត តែងនិពន្ធ ជាដើម​ដើ​ម្បីឱ្យ​សិ​ស្សមានសមត្ថភា​ព​ចម្រុះ​ប្រៀប​ដូច​ទៅ​នឹង​សួន​ដែល​មាន​ផ្កា​ចម្រុះ​ពណ៌​ដូច្នោះដែរ​៕  កុសល សិរី​កន្យា​