ភ្នំពេញ៖ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ (បាទី) ដែលជាកន្លែងបណ្តុះបណ្តាលថ្នាលបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចទទួលយកយុវជនអាយុក្រោម ១៥ ឆ្នាំ ចំនួន ១៦ នាក់ ឱ្យទៅរស់នៅ សិក្សា និងហ្វឹកហាត់ជំនាញបាល់ទាត់នៅទីនោះជាផ្លូវការហើយ បន្ទាប់ពីពួកគេបានទទួលជោគជ័យ ក្នុងការធ្វើតេស្ត កាលពីពេលថ្មីៗនេះ។
ជុំវិញការងារនេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់កាលពីថ្ងៃពុធថា ការធ្វើតេស្តជ្រើសរើសយុវជនអាយុក្រោម ១៥ ឆ្នាំនេះ គឺដើម្បីបំពេញបន្ថែមនៅចំនួនកីឡាករក្នុងក្រុមអាយុក្រោម ១៥ ឆ្នាំ (U15) ដែលកំពុងស្នាក់នៅ សិក្សា និងហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ បន្ទាប់ពីសមាជិកមួយចំនួនរបស់ក្រុម U15 ត្រូវបានជ្រើសរើស ឬដំឡើងឱ្យទៅលេងនៅក្នុងក្រុមU18។
លោកបានបញ្ជាក់ថា៖ «នៅបាទី យើងមានក្រុម U15 និង U18 ហើយនៅក្នុងក្រុម U18 ក្មេងៗរបស់យើង យ៉ាងយូរបំផុតត្រឹមអាយុ ១៩ ឆ្នាំ ពួកគាត់ត្រូវប្រឡងបាក់ឌុបហើយ ហើយបើលើសពីអាយុ ១៩ ឆ្នាំ ក៏យើងអត់ទុកទៀតនោះដែរ ព្រោះវាដល់ពេលដែលគាត់ត្រូវចេញទៅប្រកបអាជីព អ៊ីចឹងកីឡាករភាគច្រើន នៅក្រុម U15 ត្រូវបានគ្រូបង្វឹកជ្រើសរើសឱ្យទៅចូលក្រុម U18 ចំណែកអ្នកដែលយើងទើបជ្រើសរើសបាននេះ គឺត្រូវដាក់បំពេញបន្ថែមក្នុងក្រុមU15»។
សម្រាប់ការធ្វើតេស្តកីឡាករជាយុវជនអាយុក្រោម ១៥ ឆ្នាំ មកពីតាមបណ្ដារាជធានី-ខេត្ត ដើម្បីជ្រើសរើសអ្នកមានសមត្ថភាព និងទេពកោសល្យចូលទៅស្នាក់នៅ សិក្សា និងហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃដោយគ្រូបង្វឹកជនជាតិជប៉ុន ដោយសម្រេចយក ១៦ នាក់។
ចំពោះបេក្ខភាពទាំង ១៦ នាក់ ដែលបានជាប់ក្នុងការធ្វើតេស្តនេះ រួមមានកីឡាករ ឡុង ប៉ិច, ផល វីបុត្រ, សុខុម វរៈគន្ធ មកពីខេត្តមណ្ឌលគិរី កីឡាករ ឆាយ ឆារ៉ាត់, សាន សីហៈ, ឆាយ ឆាណាត់ មកពីខេត្តប៉ៃលិន កីឡាករ សៃណាង គិមវចនា, ជា វុទ្ធី មកពីសៀមរាប កីឡាករ មុនី កែវពិសិដ្ឋ មកពីរតនគិរី កីឡាករ សីហា សុហ៊ិន មកពីបន្ទាយមានជ័យ កីឡាករ ផុន វិសិទ្ធី មកពីបាត់ដំបង កីឡាករ ក្លាក វិរៈវិលលៀម របស់ព្រះសីហនុ កីឡាករ ជន ចាន់រ៉ា មកពីកំពង់ធំ កីឡាករ សាញ់ សុខជា មកពីស្វាយរៀង កីឡាករ ម៉ឺន ហ្វារីហ្វីន មកពីកំពង់ឆ្នាំង និងកីឡាករ ស្រឿន ដេវីត របស់រាជធានីភ្នំពេញ។
បើតាមលោក កែវ សារ៉េត កីឡាករយុវជនទាំង ១៦ នាក់ ដែលបានជ្រើសរើសឱ្យទៅស្នាក់នៅ សិក្សា និងហ្វឹកហាត់បាល់ទាត់ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិនេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរ៉ាប់រងគ្រប់បែបយ៉ាង ទាំងទៅលើការស្នាក់នៅ ហូបចុក ការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលជំនាញបាល់ទាត់ តាមស្តង់ដាអន្តរជាតិរហូតដល់ពួកគេប្រឡងបាក់ឌុបថ្នាក់ទី១២។
លោក កែវ សារ៉េត បានបញ្ជាក់ថា៖ «តម្រូវការក្នុងការបណ្តុះបណ្តាលថ្នាលបាល់ទាត់នេះ យើងធ្វើទៅតាមស្តង់ដាស្រុកគេ គឺកីឡាករមានអាយុ ១៨ ឬយ៉ាងច្រើន ១៩ ឆ្នាំ យើងត្រូវបញ្ចេញឱ្យទៅចូលលេងនៅតាមក្លិប ហេតុនេះក្មេងៗ ដែលស្នាក់នៅ សិក្សា និងហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិគឺយើងកំណត់ត្រឹមការប្រឡងបាក់ឌុប ថ្នាក់ទី១២។ ទោះប្រឡងជាប់ក៏ចេញ ប្រឡងធ្លាក់ក៏ចេញដែរ ព្រោះវាដល់កាលកំណត់ ដែលពួកគាត់ត្រូវចេញទៅប្រកបអាជីព នៅខាងក្រៅហើយ»៕