ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិ​ (អូឡាំពិក) ដែល​​ត្រូវបាន​កសាង​ឡើង​​ នៅ​ឆ្នាំ​១៩៦២ និង​បាន​​សម្ពោធ​​​​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១២ ធ្នូ​ ១៩៦៤ ​ហើយ​គូរ​ប្លង់​ដោយ​​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីឈ្មោះលោក វណ្ណ ម៉ូលីវណ្ណ នោះ បាន​និងកំពុង​ប្រែ​មុខ​មាត់​ថ្មី ជា​មួយ​ការ​បំពាក់​កៅអីផ្អែកថ្មី នៅជុំវិញបរិវេណ​ទាំង​មូល ដែល​រំលេច​ចេញ​​​រូប​រាង​យ៉ាង​ស្រស់​ស្អាត ទៅតាម​រចនា​ប័ទ្ម​របស់​ខ្មែរ។

ការបំពាក់​កៅអីផ្អែក​នេះ ត្រូវ​បាន​ធ្វើ​ឡើង ​ក្រោមជំនួយ​​របស់សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ីអាគ្នេយ៍ (AFF) និងការកៀរគរ​​រក​ចំណូល​បន្ថែម​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា (FFC) ហើយ​ការ​បំពាក់កៅអីថ្មី​​នេះ គឺ​បន្ទាប់ពី FFC ​​បាន​​​ទទួល​​ការ​អនុញ្ញាត​ពីក្រសួងអប់រំ យុវជន និង​កីឡា ដើម្បីកែ​ប្រែ​សោភណ​ភាព​ស្តាត​ដ៏ចំណាស់​មួយនេះ ឱ្យស្រប​តាមស្តង់ដា​អន្តរជាតិ​របស់ AFC និង FIFA។

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានប្រាប់​ថា ចំនួន​កៅអី ដែល​ត្រូវ​បានបំពាក់នៅ​បរិវេណពហុកីឡដ្ឋានជាតិ​នេះ  មានចំនួន​សរុប​ ២៥ ០០០​ កៅអី ហើយ​​ក្រុម​ហ៊ុនក្នុងស្រុក​ឈ្មោះ  Camfield Trading ជា​អ្នក​រ៉ាប់រង​គ្រប់បែប​យ៉ាង ទៅលើការ​​បំពាក់​កៅអី​ផ្អែក​នេះ ជាមួយ​ទឹក​ប្រាក់សរុបចំនួន​ ៤៩៨ ៧៥០ ​ដុល្លារ។

លោក កែវ សារ៉េត បាន​បញ្ជាក់​ថា៖​ «​ទឹក​ប្រាក់​៤៩៨ ៧៥០​ដុល្លារនេះ ជាចំនួន​ទឹក​ប្រាក់ ដែល​សហព័ន្ធ បានដាក់​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​ដេញ​ថ្លៃ ដើម្បីបំពាក់កៅអីផ្អែក នៅ​ពហុកីឡ​ដ្ឋាន​ជាតិ ចំនួន ​២៥ ០០០​ កៅអី បន្ថែម​ទៅលើ​កៅអី ដែល​យើ​ងបានបំពាក់រួច​ហើយ នៅ​ខាង​មុខ​វេទិកា ដែល​មានចំនួន ​៥ ០០០​ កៅអី»។

បើតាម​តួលេខ​នេះ ​គឺ​មាន​ន័យ​ថា ពហុកីឡដ្ឋានជាតិ បន្ទាប់ពី​​ការ​បំពាក់​កៅអី​​ថ្មី​រួច​ហើយ នឹង​អាច​ផ្ទុកអ្នកគាំ​ទ្រ​បាន​​៣ម៉ឺន​​នាក់ ដែល​ទទួល​ស្គាល់​ដោយ​សហ​ព័ន្ធ​កីឡាបាល់​ទាត់ទ្វីប​អាស៊ី (AFC) និង​សហព័ន្ធ​កីឡាបាល់​ទាត់​អន្តរជាតិ (FIFA) ខណៈ​​ការ​ប្រកួត​អន្តរជាតិផ្លូវការ​កម្រិត​អាស៊ី និងពិភព​លោក កន្លង​មក AFC និង FIFA បាន​អនុញ្ញាត​ឱ្យ​មានការ​លក់សំបុត្រ​ត្រឹម​៥ ០០០​សន្លឹក សម្រាប់​កន្លែង​មាន​កៅអី នៅមុខ​វេទិកា​តែ​ប៉ុណ្ណោះ ចំណែក​ទី​តាំង​អង្គុយ ដែល​កំពុង​បំពាក់​កៅអី​ថ្មី​បន្ថែម​នេះ គេ​មិន​អនុញ្ញាត​​​ទេ។

ជាមួយគ្នា​នេះ លោក កែវ សារ៉េត បានឱ្យ​ដឹង​ទៀត​ថា ដំណើរ​ការបំពាក់កៅអី​ផ្នែក​ថ្មី​នេះ ត្រូវ​ធ្វើ​ឱ្យរួច​រាល់ នៅ​ក្នុងដំណាច់​ខែកុម្ភៈ ឆ្នាំ​២០២៤ ខណៈ​រយៈពេលចូល​១សប្តាហ៍​មកនេះ ក្រុមជាង និងវិស្វករ ទើប​តែ​ចាប់កៅអី បានប្រមាណ​៤០​ភាគ​រយ​ទេ ហើយពួក​គេ កំពុង​ពន្លឿន​ការងារ​នេះ ដើម្បី​ធ្វើ​ឱ្យ​រួច​រាល់​ តាមកាលកំណត់។

អគ្គលេខាធិការ​ FFC រូប​នេះ បាន​និយាយ​ថា៖ «​ការបំពាក់​កៅអីថ្មី​នេះ ត្រូវ​ធ្វើ​ឱ្យ​បានរួច​រាល់ នៅ​​ត្រឹម​ខែកុម្ភៈ ព្រោះ​ចូល​ដល់​ខែមីនា យើង​នឹងមានការ​ប្រកួត​​ផ្លូវការ​មកដល់​ហើយ ហើយ​​យើង​ជឿ​ថា ក្រុម​ហ៊ុនម៉ៅ​ការ​​របស់​​យើង នឹង​អាច​ធ្វើ​ឱ្យ​ទាន់ពេលវេលា»។

ទន្ទឹម​ជាមួយ​គ្នា​នេះ ការ​បំពាក់កៅអីផ្អែកថ្មី ចំនួន ​២៥ ០០០​ កៅអីនេះ ត្រូវបាន​ធ្វើ​ឡើង ទៅ​តាម​ប្លង់​របស់​អ្នក​រចនាប្លង់​យ៉ាង​ត្រឹម​ត្រូវ ដោយមាន​រំលេចចេញ​​ឈ្មោះ «ពហុកីឡដ្ឋានជាតិ» នៅចំណុច​កណ្តាល ហើយ​កៅអីនៅសងខាង ក៏​ផ្គុំ​ចេញ​ជា​រូប​ជារូប​ផ្ការំដួល ដែលជា​ផ្កា​តំណាង​​ឱ្យ​អត្តសញ្ញាណ​ជាតិ​ផងដែរ។

លោក កែវ សារ៉េត បានបញ្ជាក់ថា៖ «សម្រាប់ការ​រៀបចំ​ប្លង់បំពាក់កៅ​អីផ្អែក​នេះ គឺ​យើង​មានរំលេច​ចេញ​នូវ​ពាក្យ ពហុកីឡដ្ឋានជាតិ នៅ​​ផ្នែ​ក​កណ្តាល ចំណែក​នៅ​សងខាង យើង​មានរំលេច​ចេញជា​រូប​ផ្កា​រំដួល​យ៉ាងស្រស់ស្អាត តាមលំនាំ​​​រចនា​ប័ទ្ម​របស់​​ខ្មែរ ​ដោយ​មាន​អ្នក​រចនាប្លង់​យ៉ាង​ត្រឹម​ត្រូវ ព្រោះនេះជា​ស្តាតតំណាង​ឱ្យ​ជាតិ​របស់​យើង ដែល​មានអាយុកាល​យូរ​ហើយ ហេតុនេះ​យើង​ត្រូវ​ធ្វើ​ឱ្យ​ស្អាត និង​ប្លែក​ជាងកីឡដ្ឋាន​របស់បណ្តា​ក្លិប​ផ្សេងៗ»៕

 

ទិដ្ឋភាព​ថតពីលើអាកាស​នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ រូប​ថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម