ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះតេជោលីគ (TECHO Volleyball Cambodia League) ដែលបានដំណើរការប្រកួតប្រជែង នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា តាំងពីថ្ងៃទី ១២ ខែមករា មកនោះ បានបញ្ចប់ការប្រកួតជុំទី១ ជាផ្លូវការហើយ ចំណែកការប្រកួតជុំទី២ រវាងក្រុមគេចផុតពីការធ្លាក់ទាំង ៦ នឹងត្រូវធ្វើនៅថ្ងៃអាទិត្យនេះ ដើម្បីស្វែងរក ៤ ក្រុមចុងក្រោយ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតជុំទី១ រវាងក្រុមទាំង ៨ ដែលទើបបានបញ្ចប់ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រុមវិសាខា បានបន្តយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល៣សិតដាច់ (៣-០) ដូចគ្នា ហើយលទ្ធផលនេះ បានធ្វើឱ្យ វិសាខា អាចបញ្ចប់ការប្រកួតទាំង ៧ លើកនៅក្នុងជុំទី១ របស់ខ្លួន ដោយការឈ្នះ ៣-០ ដូចគ្នាទាំងអស់ និងមាន ២១ ពិន្ទុពេញ។
ជាមួយការមិនទាន់ស្គាល់ការចាញ់ នៅក្នុងការប្រកួតជុំទី១ នេះ បានធ្វើឱ្យក្រុមប្រមូលផ្តុំដោយកីឡាករជម្រើសជាតិ វិសាខា មានទំនុកចិត្តកាន់តែខ្ពស់ ក្នុងការឈានទៅរកការឈ្នះជើងឯក ការប្រកួតតេជោលីគ ជាលើកដំបូងនេះ ព្រោះនៅក្នុងចំណោមក្រុមទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ មិនមានក្រុមណាមួយ អាចតដៃជាមួយក្រុមវិសាខា បាន ១ សិតនោះទេ។
ចំណែកក្រុមបញ្ជាការដ្ឋានអង្គរ បានឈរនៅលេខ ២ ដោយមាន ១៦ ពិន្ទុស្មើជាមួយក្រុមឈរនៅលេខ ៣ ក្រសួងមហាផ្ទៃ រីឯក្រុមស្នងការរាជធានីភ្នំពេញ ឈរនៅលេខ ៤ មាន ១២ ពិន្ទុ ហើយក្រុមកងពលធំអន្តរាគមន៍លេខ៣ ឈរនៅលេខ ៥ មាន ៨ ពិន្ទុ ខណៈក្រុមស្នងការដ្ឋាននគរបាលពោធិ៍សាត់ ដែលឈ្នះ ២ ចាញ់ ៥ និងមាន ៧ ពិន្ទុនោះ ឈរនៅលេខ៦ ចុងក្រោយគេ សម្រាប់ក្រុម ដែលទទួលបានឱកាស ឡើងទៅប្រកួតនៅជុំទី២។
ប៉ុន្តែក្រុមបាល់ទាត់ខេត្តព្រះសីហនុ ដែលធ្លាប់បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-២ ដើម្បីគ្រងជើងការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ ២០២៣ នោះ បានធ្លាក់ចេញពីការប្រកួត «តេជោលីគ» នេះហើយ បន្ទាប់ពីពួកគេបានបញ្ចប់ការប្រកួតជុំទី១ ដោយឈ្នះបានត្រឹម ១ ដង និងចាញ់ ៦ ដង ចំណែកក្រុមស្នងការនគរបាលកណ្តាល ក៏ត្រូវបានកាត់ចេញពីការប្រកួតនេះ ក្រោយពេលពួកគេ រកមិនឃើញការឈ្នះសោះ សម្រាប់ការប្រកួតទាំង ៧ លើក។
យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាកជុំទី២ នៅថ្ងៃអាទិត្យនេះ ក្រុមវិសាខា ត្រូវជួបក្រុមស្នងការនគរបាលពោធិ៍សាត់ នៅម៉ោង ១ រសៀល រីឯក្រុមកងពលធំអន្តរាគមន៍លេខ ៣ ត្រូវប្រឈមជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស ចាប់ពីម៉ោង ៣ រសៀលតទៅ ហើយក្រុមក្រសួងមហាផ្ទៃ ត្រូវប៉ះក្រុមស្នងការរាជធានីភ្នំពេញ នៅល្ងាចម៉ោង ៦។
សម្រាប់ការប្រកួតជុំទី២ នេះ ក្រុមទាំង ៦ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដូចការប្រកួតជុំទី១ ដែរ គឺមានន័យថា ក្រុមទាំង៦នេះ ត្រូវជួបគ្នាទាំងអស់ ហើយ ៤ ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងទៅប្រកួតជុំទី៣ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤៕