ភ្នំពេញ៖ ក្រុមវិសាខា បានរួមគ្នាស៊ុតទម្លុះសំណាញ់ទីក្រុមគិរីវង់សុខសែនជ័យ រហូតដល់ ៦ គ្រាប់ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា នៅលើទឹកដីខ្លួនឯង កាលពីយប់មិញ ចំណែកក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន បានកំណត់គោលដៅ ត្រូវប្រយុទ្ធដើម្បីយកឈ្នះក្រុមបឹងកេត សម្រាប់ការប្រកួត នៅល្ងាចថ្ងៃអាទិត្យនេះ ដើម្បីតាមប្រជែងយកលេខ ១ ពីក្រុមព្រះខ័នរាជស្វាយរៀង។
សម្រាប់ការប្រកួតនៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះវិសាខា បានគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ហើយពួកគេអាចរួមគ្នាស៊ុតទម្លុះសំណាញ់ទីក្រុមគិរីវង់សុខសែនជ័យ ចំនួន ៦ គ្រាប់ជាប់ៗគ្នា ដើម្បីយកឈ្នះ ៦-១ ដោយក្នុងនោះខ្សែប្រយុទ្ធចំណូលថ្មី Youssef Ezzejjari Lhasnaoui រកបាន ៣ គ្រាប់តែម្នាក់ឯង នៅនាទីទី៤៤ ទី៥៣ និងនាទីទី៨២។
ការទទួលបាន ៣ ពិន្ទុបន្ថែម ជាមួយជ័យជម្នះយ៉ាងធំនេះ បានជួយឱ្យក្រុមវិសាខា កាន់តែមានភាពរឹងមាំ ក្នុងការឈរនៅលេខរៀងទី៣ ដោយមាន ៣៥ ពិន្ទុ ក្រោមក្រុមលេខ ១ ព្រះខ័នរាជស្វាយរៀងដែលមាន ៤៤ ពិន្ទុ និងក្រុមភ្នំពេញក្រោន ដែលមាន៤២ពិន្ទុ ខណៈក្រុមណាហ្គាវើលដ៍ បានត្រឹមស្មើក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ២-២ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៩ របស់ពួកគេ កាលពីថ្ងៃសៅរ៍នោះដែរ។
ដោយឡែក ការវិលមកជួបគ្នារវាងក្រុមភ្នំពេញក្រោន និងបឹងកេត នៅកីឡដ្ឋានស្មាតអអេសអិន នាល្ងាចម៉ោង ៦ ថ្ងៃអាទិត្យនេះ បានក្លាយជាការប្រកួតដ៏ទាក់ទាញបំផុត ព្រោះក្រុមទាំង ២ នេះ សុទ្ធតែបានបង្ហាញឆន្ទៈខ្ពស់ ក្នុងការដណ្តើមយក៣ពិន្ទុ ដើម្បីជម្រុះភាពមន្ទិល សម្រាប់ការស្មើគ្នា ៥-៥ នាជំនួបចុងក្រោយ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទកាសែតថា៖ «វាជាការប្រកួត The Cambodia Classic Match ដែលនាំឱ្យគ្រប់គ្នាមានអារម្មណ៍រំភើប និងរីករាយជាមួយនឹងការប្រកួត គឺការប្រកួតនេះតែងតែទាក់ទាញ ដូច្នេះយើងនឹងប្រយុទ្ធដើម្បីជ័យជម្នះ»។
យ៉ាងណាក៏ដោយ គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានទទួលស្គាល់ថា ការប្រកួតជាមួយក្រុមបឹងកេតតែងតែមានការប្រកួតប្រជែងខ្លាំង ព្រោះពួកគេមានខ្សែប្រយុទ្ធដែលមានគុណភាព ជាមួយទម្រង់លេងបែបប្រយុទ្ធរបស់ពួកគេផងដែរខណៈពេលនេះ បឹងកេត ក៏បានផ្លាស់ប្តូរគ្រូបង្វឹក ដោយបានដាក់អតីតខ្សែការពារដ៏រឹងមាំ ហុង ផេង ឱ្យមកដឹកនាំក្រុមមួយនេះផងដែរ។
លោក Oleg Starynskyi បានបញ្ជាក់ថា៖ «ខ្ញុំគិតថាការប្រកួតនេះនឹងមានភាពតានតឹងខ្លាំង។ បឹងកេតមានគ្រូបង្វឹកថ្មី ហើយនេះជាការប្រកួតដំបូងរបស់គាត់ដែលប៉ះជាមួយយើង។ គាត់មានការយល់ដឹងពីក្រុម និងកីឡាកររបស់គាត់ ហើយពួកគេបានធ្វើការផ្លាស់ប្តូរការលេង ក៏ដូចជាទម្រង់លេងផងដែរ។ ពួកគេលេងលឿន ជាមួយនឹងការបញ្ជូនបាល់ បូករួមនឹងទេពកោសល្យកីឡាករនៅតំបន់ប្រយុទ្ធរបស់គេផងដែរ»។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធវ័យក្មេងរបស់ស៊ែប៊ី Stefan Golubović ដែលតែងតែរកបានគ្រាប់បាល់ឱ្យបឹងកេត បានបង្ហាញភាពជឿជាក់ខ្លាំង ទៅលើមិត្តរួមក្រុមរបស់គេ សម្រាប់ការប្រកួតជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃនេះ ដោយរូបគេបានអះអាងថា បឹងកេត ពេលនេះ មានទម្រង់លេងកាន់តែល្អ។
កីឡាករ Stefan Golubović បាននិយាយថា៖ «ពួកយើងទាំងអស់គ្នារំភើប និងកំពុងផ្តោតអារម្មណ៍ខ្លាំង សម្រាប់ការប្រកួតដ៏សំខាន់ជាមួយក្រុមភ្នំពេញក្រោនដោយពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ ព្រោះក្រុមទាំងមូលលេងបានល្អពី ១ សប្តាហ៍ទៅ ១ សប្តាហ៍ ហើយយើងចង់រក្សាការធ្វើបានល្អបែបនេះទៀត»។
ម្ចាស់អាវលេខ ២៧ រូបនេះ បានបន្ថែមថា៖ «ជាការពិត ភ្នំពេញក្រោនជាក្រុមល្អមួយ ដោយពួកគេមានកីឡាករដែលមានគុណភាព ហើយកំពុងលេងបានល្អក្នុងរដូវកាលនេះ ប៉ុន្តែបឹងកេតក៏កំពុងធ្វើបានល្អដូចគ្នា។ ខ្ញុំគិតថាយើងមានក្រុមល្អមួយដែលធ្វើឱ្យក្រុមដទៃមិនងាយស្រួលនោះទេ។ខ្ញុំចង់ឃើញអ្នកគាំទ្រមកគាំទ្រពួកយើងនៅថ្ងៃអាទិត្យនេះ ហើយយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យពួកគេសប្បាយចិត្ត»៕