កីឡាករលំដាប់ខ្លាំងរបស់កម្ពុជា និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ ឡៅ ចន្ទ្រា គឺជាបេក្ខភាព ដែលត្រូវបានដាក់ឱ្យប្រកួតជាមួយខ្លាចាស់ជាតារាថៃហ្វៃ សុដសុខន (Sudsakorn Sor Klinmee) ក្នុងព្រឹត្តិការណ៍ The Battle of Kings របស់សង្វៀនប្រដាល់ទទក ដែលធ្វើនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នាយប់ថ្ងៃទី ៣ និងទី ៤ ខែកុម្ភៈ នេះ គឺក្នុងពេលដែល ធន់ រិទ្ធី ត្រូវប្រកួតសងសឹកជាមួយជើងខ្លាំង សៃយុគ (Saiyok Pumpanmuang)។
ប្រធានផ្គូផ្គងប្រចាំសង្វៀនប្រដាល់ទទក លោក ម៉ុល នី បានប្រកាសពីការដាក់ឱ្យ ឡៅ ចន្ទ្រា ជួបជាមួយអ្នកប្រដាល់ សុដសុខន កាលពីព្រឹកថ្ងៃទី ២៩ ខែមករា ហើយនេះជាលើកទី៣ ហើយ ដែលកីឡាករធ្លាប់មានឈ្មោះបោះសំឡេងខ្លាំង នៅសង្វៀន Thai Fight រូបនេះ បានមកប្រកួតនៅកម្ពុជា។
សម្រាប់ការបង្ហាញវត្តមានលើកដំបូង កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ សុដសុខន បានចាញ់ពិន្ទុ ព្រំ សំណាង ទាំងទ្រមខ្លួនក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Krud Kun Khmer ទម្ងន់ ៧៥ គីឡូក្រាម ហើយការមកប្រកួតជាលើកទី២ រូប គេ បានស្មើពិន្ទុជាមួយ អ៊ុង វិរៈ ចំណែកការជួបជើងខ្លាំង ឡៅ ចន្ទ្រា លើកនេះគឺតាមគម្រោងអ្នកទាំង ២ ត្រូវជួបគ្នាប្រកួត ៥ ទឹក នាថ្ងៃទី ៤ ខែកុម្ភៈ។
ចំណែកការជួបគ្នារវាង ធន់ រិទ្ធី និង សៃយុគ ត្រូវបានសង្វៀនប្រដាល់ទទក ប្រកាសតាំងពីថ្ងៃទី ២១ ខែមករា គឺក្នុងពេលដែល រិទ្ធី បានម៉ាត់ឱ្យកីឡាករអ៊ីរ៉ង់ Choli Zadeh Abolfaz ដួលសន្លប់ ក្នុងទឹកទី២ ក្នុងព្រឹត្តិការណ៍ Krud Kun Khmer ដែលធ្វើនៅកីឡដ្ឋានខេត្តក្រចេះ ខេត្តក្រចេះ។
ការតាមម៉ាត់កីឡាករអ៊ីរ៉ងឱ្យសន្លប់ ទាំងខ្លួនមានរបួសហើមភ្នែកឆ្វេង មើលលែងឃើញនោះ ត្រូវបាន ធន់ រិទ្ធី អះអាង ក្រោយការប្រកួតថា គឺដើម្បីបានប្រកួតសងសឹកជាមួយ សៃយុគ នេះតែម្តង ព្រោះតារាប្រដាល់របស់ថៃម្នាក់នេះ ធ្លាប់បានវ៉ៃរូបគេឱ្យសន្លប់ក្នុងទឹកទី២ សម្រាប់ការប្រកួតនៅសង្វៀន Thai Fight កាលពីខែតុលា ឆ្នាំ ២០២២ តែការមុនសន្លប់នោះ ធន់ រិទ្ធី ក៏បានម៉ាត់ឱ្យ សៃយុគ វង្វេង ត្រូវបានអាជ្ញាកណ្តាលរាប់ នៅទឹកទី១ ផងដែរ ហើយនេះជាអ្វី ដែល រិទ្ធី នៅតែមិនអស់ចិត្ត។
សម្រាប់ត្រៀមខ្លួនប្រកួតសងសឹកជាមួយ សៃយុគ នៅលើទឹកដីខ្លួនឯងនេះ លោក ធន់ សុភា គ្រូបង្វឹករបស់ ធន់ រិទ្ធី បាននិយាយថា៖ «ចំពោះ រិទ្ធី យើងបានបុកហ្វឹកហាត់ខ្លាំងដល់គាត់ ហើយយើងបានថែសុខភាពគាត់ទៀត ចំណែករបួសរបស់គាត់ កាលពេលប្រកួតជាមួយកីឡាករអ៊ីរ៉ង់ Choli Zadeh Abolfaz ក៏វិលមកភាពប្រក្រតីវិញអស់ហើយដែរ ខណៈមួយរយៈចុងក្រោយនេះ រិទ្ធី មានឆន្ទៈខ្ពស់ និងមានភាពស៊ូខ្លាំង ដោយគាត់បានយកបេះដូងមកប្រកួត ដើម្បីគុនខ្មែរ»។
ជាមួយគ្នានេះលោក ម៉ុល នី បានអះអាងថា ការដាក់ឱ្យ ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ប្រកួតជាមួយតារាថៃហ្វៃ សុដសុខន និង សៃយុគ នៅលើទឹកដីកម្ពុជា នាថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ខាងមុខនេះ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មិនធ្លាប់មានកន្លងមក ដោយលោករំពឹងថា ការប្រកួតនេះ នឹងមានភាពកក្រើកខ្លាំង។
លោកបាននិយាយថា៖ «សង្វៀនរបស់យើង ធ្លាប់បានយកកីឡាករលំដាប់ខ្លាំងៗ មកប្រកួតជាមួយកីឡាករកម្ពុជាយើង ជាញឹកញយហើយ ចំណែក សុដសាខន ក៏យើងធ្លាប់បានយកមកប្រកួតកន្លងមកផងដែរ ប៉ុន្តែនេះជាប្រវត្តិសាស្រ្តមួយ ដែលយើងនាំយកតារា Thai Fight មកលើសង្វៀនតែមួយ ក្នុងថ្ងៃតែមួយ ដែលមិនទាន់មានស្ថានីយទូរទស្សន៍ ឬម្ចាស់ឧបត្ថម្ភ ណាធ្វើបាននោះទេ»។
ប្រធានផ្គូផ្គងប្រចាំសង្វៀនប្រដាល់ទទករូបនេះ បានបន្ថែមថា៖ «សៃយុគ និង សុដសាខន ត្រូវបានគេចាត់ទុកថា ជាបងធំ ឬមេធីម ប្រចាំសង្វៀន Thai Fight ហើយនេះជាលើកដំបូង ដែលតារាប្រដាល់របស់ថៃទាំង ២ ឌួងនេះ នឹងត្រូវធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ក្នុងពេលតែមួយ ចំណែកអ្នកប្រដាល់ចម្រុះជាតិសាសន៍មួយចំនួនទៀត ក៏ត្រូវបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ The Battle of Kings លើកនេះផងដែរ»៕