ភ្នំពេញ៖ លោក Ingmar DE VOS ប្រធាន​សហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ (FEI) បាន​ធ្វើ​ការ​​វាយ​​តម្លៃខ្ពស់​ ទៅលើ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ (CEF) ដែល​បាន​ជំរុញ​​ឱ្យ​ប្រភេទ​កីឡា​មួយ​នេះ វិវឌ្ឍ​ទៅមុខ​គួរ​ឱ្យកត់​សម្គាល់ ដោយមាន​ទាំង​​​ធន​ធាន​កីឡាករ កីឡា​ការិនី​ គ្រូ​បង្វឹក និងសត្វសេះ ហើយកម្ពុជា ក៏​មាន​ទី​លាន​ប្រណាំង​សេះ​បែប​ស្តង់​ដាផងដែរ។

ការ​​មើលឃើញ​​ពីការ​អភិវឌ្ឍ​កីឡាជិះសេះនៅ​កម្ពុជា​នេះ គឺ​បន្ទាប់ពី​  លោក Ingmar DE VOS និង​លោក Jack HUANG ជាអនុ​ប្រធាន FEI បាន​ធ្វើដំណើរ​មក​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​បាន​​ធ្វើ​ការ​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ គ្រូ​បង្វឹក និង​កីឡាករ កីឡា​ការិនី​របស់​ CEF នៅ​មជ្ឈមណ្ឌល​​ជិះ​សេះ Genius Resort កាលពី​​ថ្ងៃទី​​២៩ ខែមករា ឆ្នាំ​២០២៤។

បើទោះបីជា ប្រភេទ​កីឡាជិះសេះ មិនត្រូវបានដាក់​បញ្ចូល នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម ចំនួន​​​៣លើកជាប់ៗ​គ្នា តាំងពី​ឆ្នាំ​២០១៩ ដល់​​ឆ្នាំ​២០២៣ ប៉ុន្តែ​ការ​ដណ្តើម​បាន​មេដាយ​​សំរឹទ្ធ​១ សម្រាប់​ការ​បង្ហាញ​វត្ត​មាន​លើក​ចុងក្រោយ ក្នុងស៊ីហ្គេម ឆ្នាំ​២០១៧ នៅ​​​ម៉ាឡេស៊ី លើ​វិញ្ញាសាលោតផ្លោះរបារ​ជា​ក្រុម​បុរស និង​ការឈ្នះ​បាន​មេដាយមាស ការ​ប្រកួត​ពាន​រង្វាន់​​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ លើក​ទី​ ១ ឆ្នាំ២០២៣ (The 1st  SEA Youth Cup) នៅ​​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​៩ ខែធ្នូ បាន​ក្លាយជា​លទ្ធផល​ដ៏វិជ្ជមាន​របស់​​ក្រុមជិះ​សេះ​កម្ពុជា។

លោក Ingmar DE VOS បាន​ថ្លែង​ថា៖ «យើង​​តែងតែបានគាំ​ទ្រទៅ​ដល់​គម្រោង​នៃ​ការ​អភិវឌ្ឍ​របស់​ CEF ដូចជា​ការ​បណ្តុះបណ្តាល​ធនធាន​​គ្រូ​បង្វឹក ធន​ធាន​កីឡាករ កីឡាការិនី និង​ធនធានអ្នកជំនាញ​ថែរក្សាសេះ ហើយ​យើងពិតជាសប្បាយ​ចិត្ត ដែល​គម្រោង​ទាំង​អស់​នេះ បានជួយ​ឱ្យ​ក្រុមជិះសេះកម្ពុជា បាន​ឈ្នះមេដាយមាស ជា​​លើក​ដំបូង នៅ​ប្រទេស​ថៃ»។ 

សម្រាប់ការ​ទៅទស្សនកិច្ចដោយ​ផ្ទាល់ នៅ​កម្ពុជា​នេះ លោក Ingmar DE VOS និង​លោក Jack HUANG បាន​បង្ហាញ​ការចាប់​អារម្មណ៍​ពី​​មជ្ឈមណ្ឌល​​ជិះ​សេះ Genius Resort ស្ថិតនៅ​​​​សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ  ដោយ​បានសាងសង់ស្របតាម​ស្តង់ដា​​អន្តរជាតិ​របស់ FEI និង​​​អាច​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​បាន  ​ហើយ​មជ្ឈមណ្ឌល​ថ្មី​នេះ ​បាន​ក្លាយជា​កន្លែង​ហ្វឹក​ហាត់​របស់​​ក្រុម​ជម្រើសជាតិ​កម្ពុជា។

លោក Ingmar DE VOS ​បានបញ្ជាក់ថា៖ «​យើងពិតជា​មាន​អារម្មណ៍​រំភើប ដែល​កម្ពុជា មាន​ទីលាន​បែបស្តង់ដាអន្តរជាតិ ជាមួយ​នឹង​គ្រូ​បង្វឹក ដែល​មាន​​លក្ខណសម្បត្តិ​គ្រប់​គ្រាន់ ពិសេស​កម្ពុជាពេល​នេះមានកីឡាករ កីឡាការិនី​ជាយុវជន​ ដែល​​កំពុង​ហ្វឹកហាត់​បង្កើន​សមត្ថ​ភាព ហើយនេះជា​កត្តា​យ៉ាងសំខាន់ ក្នុង​ការ​អភិវឌ្ឍ​​ធនធាន​អត្តពលិក​ ដោយខ្ញុំ​សង្ឃឹម​ថា ពួកគេ​នឹង​មានឱកាស​បាន​ចូលរួមប្រកួត នៅក្នុង​តំបន់ ក៏ដូចជា​ការ​ប្រកួតស៊ីហ្គេមផងដែរ»។

ជាមួយគ្នានោះ អ្នក​ស្រី ទេព ម៉ូណា ​ប្រធានសហព័ន្ធកម្ពុជា​បង្ហាត់​ជិះសេះ បានអះអាង​ថា សហព័ន្ធ​កម្ពុជា​បង្ហាត់ជិះសេះ បាន​ទទួលការ​គាំ​ទ្រ និងជួយ​ជ្រោមជ្រែង​ច្រើន​ពី FEI នៅ​ក្នុង​ផែន​ការ​​អភិវឌ្ឍន៍ធនធាន​មនុស្ស​កន្លងមកនេះ ហើយ​បច្ចុប្បន្ន​ដោយសារ​កម្ពុជា កង្វះ​ខាត​អ្នក​ជំនាញ​​ផ្នែក​ថែ​ទាំ​សេះ គឺ​យើង​បានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ​នេះ ដែល​គាំទ្រ​ដោយ FEI ។ 

អ្នក​ស្រី​បានបន្ថែម​ថា សហព័ន្ធ បានសហការជាមួយអង្គការ Just World International ក្នុងការបណ្តុះបណ្តាលយុវតី​ក្រីក្រ ចំនួន​២០នាក់ មានអាយុ​១៥ឆ្នាំ ដល់​២០​ឆ្នាំ នៅ​អង្គការ People Improvement Organization “PIO” មានទីតាំង នៅរាជធានីភ្នំពេញ ដោយ​​​នឹង​ផ្តល់ឱកាសការងារដល់ពួកគ ​ក្លាយជាអ្នកថែទាំ​សេះ ព្រោះ​ក្រោយ​បញ្ចប់​ការ​សិក្សា សិក្ខា​​កាម នឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពី CEF និងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ជា​អ្នក​ជំនាញ​​​ថែ​​ទាំសត្វសេះ នៅមជ្ឈមណ្ឌល​ជិះ​សេះ ដោយ​កម្មវិធីនេះ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​​​ខែកុម្ភៈ ឆ្នាំ២០២៤។

ដោយ​ឡែក​ប្រតិភូ​របស់ FEI ដឹកនាំ​ដោយ​លោក Ingmar DE VOS និង​លោក Jack HUANG ​ព្រមទាំង​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ ដឹកនាំ​ដោយអ្នក​ស្រី ទេព ម៉ូ​ណា និង​ព្រះ​អង្គ​ម្ចាស់ នរោត្តម ណានដាទេវី ជាអគ្គលេខាធិការ​ ​ក៏​បាន​ចូល​​​ជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ថោង ខុន ទេសរដ្ឋមន្ត្រី​ទទួល​​​បន្ទុក​ជំរុញ​អភិវឌ្ឍ​ចលនាកីឡា និង​ជា​ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) កាលពី​ព្រឹក​ថ្ងៃ​ទី៣០ ខែមករា ផងដែរ។

នៅ​ក្នុងឱកាស​នោះ លោក ថោង ខុន បាន​ថ្លែង​ផ្តោត​សំខាន់​លើការ​បន្ត​គាំទ្រ​​អភិវឌ្ឍ​កីឡា​ជិះ​សេះ​ នៅ​កម្ពុជា ​តាម​រយៈ​ការ​ពិនិត្យ​លទ្ធភាព ​ក្នុង​ការ​ជំរុញ​បញ្ចូល​ប្រភេទ​​កីឡា​នេះ ទៅ​ក្នុង​ការ​ប្រកួត​កីឡា​កម្រិត​តំបន់ នា​ពេល​អនាគត ជាពិសេស​ពិនិត្យ​លទ្ធភាព​ក្នុង​បញ្ចូល​​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​យុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា ដែល​ទាមទារ​ឱ្យ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ក្រុម​ប្រឹក្សាអូឡាំពិកអាស៊ី (OCA) ស្រប​តាម​ស្តង់ដា​​កំណត់​បច្ចេកទេស ​ដូច​ការរៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក ដែរ។

 ជាមួយគ្នានោះ លោក ថោង ខុន ​បាន​ស្នើសុំការគាំទ្រ​ពី​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះអន្តរជាតិ លើការរៀបចំអភិវឌ្ឍធនធានអត្តពលិក,ធនធានបច្ចេកទេសជំនាញថែទាំសេះ និង​ការ​សាងសង់ទីលានស្រប​តាម​ស្តង់ដា​អន្តរជាតិ ដើម្បីស្នើសុំរាជរដ្ឋាភិបាល ក្នុង​ការ​ពិនិត្យ​លទ្ធភាព​បញ្ចូល​ប្រភេទ​កីឡាជិះសេះ ក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ីនេះ។​

លោក​បាន​ថ្លែង​ថា៖​ «​ផ្អែក​លើ​ស្នា​ដៃ​​ការ​ឈ្នះមេដាយ​សំរឹទ្ធ សម្រាប់​ការ​ប្រកួត​​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី និងការ​ឈ្នះ​មេដាយមាស នៅ​ថៃ បាន​បង្ហាញឱ្យ​ឃើញ​ថា កីឡាជិះសេះ ជាប្រភេទ​កីឡា​​មានសក្តានុពលមួយ ដែល​យើងគួរ​ពិចារណា​រួមគ្នា​ ដើម្បី​​ឱ្យ​ប្រភេទ​កីឡា​នេះ មាន​ការ​ប្រកួត នៅ​ក្នុងតំបន់ ឬ​ពិចារណា​គិត​ទៅ​ដល់​ការ​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ»។

ជា​ការ​ឆ្លើយ​តប លោក Ingmar DE VOS បាន​ថ្លែង​ថា៖ «ការ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​លើក​នេះ យើង​បាន​នឹង​កំពុង​ពិនិត្យ​ទៅលើ​លទ្ធ​ភាព​​នៃ​គម្រោង​ផ្សេងៗ​ទៀត​របស់ FEI ក្នុងការបន្ត​​ជួយ​​អភិវឌ្ឍ​ប្រភេទ​កីឡាជិះ​សេះ​នៅ​​កម្ពុជា ហើយ​ខ្ញុំ​សូមកោតសរសើរ​ទៅ​ដល់​សហព័ន្ធ​ ដែល​បាន​ប្តេជ្ញា​ចិត្ត និង​​ខិតខំ​​អភិវឌ្ឍ​ធនធាន​កីឡាជិះសេះ​ឱ្យមាន​ការ​រីកចម្រើន​នៅ​កម្ពុជា»៕