ភ្នំពេញៈ លោកទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអះអាងថា កីឡាករ កីឡាការិនី ដែលនឹងចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៧ ឆ្នាំ២០២៤ (7th Angkor Ultra Trail 2024) នៅថ្ងៃទី២៧ ខែមករា ខាងមុខនេះ ជាពិសេសជនបរទេសជាង១ពាន់នាក់មកពីគ្រប់ទ្វីប នៅលើពិភពលោក នឹងបានមើលឃើញកាន់តែច្បាស់ពីស្ថានភាពពិតប្រាកដរបស់ប្រទេសកម្ពុជា ជាពិសេសតំបន់អង្គរថា មានភាពស្រស់ស្អាតបែបណា។
ក្នុងសន្និសីទកាសែតស្តីពីការប្រកួត Angkor Ultra Trail 2024 នេះ នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី៨ ខែមករា លោក ថោង ខុន បានលើកឡើងថា ក្រោយវិបត្តិនៃជំងឺកូវីដ១៩ គឺសភាពការណ៍ពិភពលោក នៅតែមិនទាន់មានភាពប្រាកដប្រជា ជាពិសេសសង្គ្រោះរវាងអ៊ុយក្រែន-រុស្ស៊ី និងអ៊ីស្រាអែលជាមួយហាម៉ាស់ ដែលធ្វើឱ្យដំណើររបស់ទេសចរណ៍ នៅតែមិនទាន់មានភាពល្អប្រសើរ។
តែយ៉ាងណាក៏ដោយ លោកបានអះអាងថា ប្រទេសកម្ពុជា នៅតែជាគោលដៅ មានសុខសុវត្ថិភាពពេញលេញ ដែលអ្នកទាំងអស់គ្នាបានដឹង និងបានស្គាល់ហើយ ជាពិសេសភាពល្បីរន្ទឺរបស់កម្ពុជា ក្រោយពីទទួលបានជោគជ័យដ៏ធំធេង ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺអាចនិយាយបានថា នៅលើវិស័យកីឡានេះ អ្នកណាក៏ចង់មកកម្ពុជាដែរ ពិសេសការរៀបចំព្រឹត្តិការណ៍នីមួយៗ នៅអង្គរវត្ត គឺគេចាប់អារម្មណ៍ និងចូលចិត្ដច្រើន។
លោក ថោង ខុន បានបញ្ជាក់ថា៖ «កាលកូវីដ រាជរដ្ឋាភិបាល បានប្រកាសយកពេលវេលានោះ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ ៣៨ ខ្សែ ហើយអាជ្ញាធរអប្សរាក៏ខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរដែរ អ៊ីចឹងបើយើងទៅលេងក្នុងតំបន់អង្គរសព្វថ្ងៃ វាហាក់ដូចជាកន្លែងមួយ សម្រាប់បង្កើនជីវិតរបស់យើងឱ្យស្រស់ស្រាយ ដោយសារការស្រូបយកបរិយាកាសដ៏បរិសុទ្ធនៅតំបន់នោះ»។
ទន្ទឹមជាមួយគ្នានេះ លោក ថោង ខុន បានឱ្យដឹងទៀតថា តាមរយៈការរៀបចំទិវារត់ប្រណាំង Angkor Ultra Trail 2024នេះ គឺកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួម ជាពិសេសជនបរទេស នឹងបានមើលឃើញកាន់តែច្បាស់ពីភាពស្ថានភាពពិតប្រាកដនៅកម្ពុជា ជាពិសេសនៅតំបន់អង្គរ ថា មានការរីកចម្រើន និងមានភាពស្រស់ស្អាតដល់កម្រិតណាហើយ។
លោកបានបញ្ជាក់ថា៖ «កន្លងមកយើងអាចមើលឃើញអំពីភាពមានសុខសុវត្ថិភាពពេញលេញរបស់កម្ពុជា តាមរយៈការទិវារត់ប្រណាំង Angkor Ultra Trailនេះ ដែលរត់កាត់ស្បៃរាត្រី ហើយកាត់ជនបទ អ៊ីចឹងអ្នកបានចូលរួមរត់លើកនេះ នឹងឃើញច្បាស់ថា កម្ពុជាស្ថិតនៅដំណាក់កាលណា? មានន័យថា កម្ពុជាកំពុងស្ថិតនៅក្នុងសុខសន្ដិភាពពេញលេញ មិនថាថ្ងៃ ឬយប់ ប្រជាពលរដ្ឋរួសរាយរាក់ទាក់ ចេញមកស្វាគមន៍កីឡាករទាំងអស់ គឺអ្នករត់របស់យើង នឹងទទួលបានភាពសប្បាយរីករាយ ដូចការចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងកន្លងមកដែរ»។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ «យើងសង្ឃឹមថា ព្រឹត្តិការណ៍ Angkor Ultra Trail 2024 នឹងជួយផ្សព្វផ្សាយកម្ពុជា បានកាន់តែល្អថែមទៀត ពិសេសអំពីទឹកដីមួយ ដែលពោរពេញដោយសុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រង ទាំងធម្មជាតិ និងប្រទេសជាតិ។ រីឯទីតាំងរៀបចំ គឺនៅតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិពលោក តែអ្វីដែលប្លែកជាងមុន អ្នកមកចូលរួម គឺអាចហោះត្រង់ តាមយន្ដហោះធុនធំមកកាន់ក្រុងសៀមរាប តាមរយៈអាកាសយានដ្ឋានអន្ដរជាតិថ្មី ដែលអាចចុះចតយន្ដហោះធំៗប៉ុន្មានក៏បាន»។
ចំណែកលោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail បានឱ្យដឹងថា គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួម ទិវារត់ប្រណាំង Angkor Ultra Trail 2024 ចំនួន១ ០៧៦នាក់ហើយ ដែលមកពីគ្រប់ទ្វីប ស្មើនឹង៤៣ប្រទេសលើពិភពលោក ហើយភាគច្រើន គឺប្រជាជនកម្ពុជា បារាំង វៀតណាម កូរ៉េខាងត្បូង និងអាមេរិក។
លោក Edouard George បានបន្ថែមថា៖ «យើងនឹងខិតខំធ្វើការជំរុញការចុះឈ្មោះនេះឱ្យបាន ៣០០ ឬ ៤០០ នាក់ ទៀត ដើម្បីឱ្យចំនួនអ្នកចូលរួមឈានដល់១ ៥០០ នាក់ រហូតដល់ថ្ងៃទី២៧ ខែមករា ដែលជាថ្ងៃរៀបចំកម្មវិធី ហើយខ្ញុំក៏ទើបបានបំផុសចលនាកីឡានេះ នៅមជ្ឈិមបូព៌ា តាមប្រសាសន៍ឯកឧត្តម ថោង ខុន ដើម្បីជំរុញទេសចរណ៍កម្ពុជាទៅមជ្ឈិមបូព៌ា អ៊ីចឹងគេនឹងអាចភ្លក្សរសជាតិថ្មីនៅកម្ពុជា ជាពិសេសនៅតំបន់អង្គរ ពិសេសការរៀបចំរចនាសម្ព័ន្ធព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប»៕