កីឡាករ​វ័យ​ក្មេង សាលី ហ្វីលីន ដណ្ដើម​បាន​មេដាយ​មាស​១ទៀត ពី​ការ​ប្រកួត​កីឡា​ម៉ូតូទឹក​ពិភព​លោក​តាម​ស៊េរី (WGP1 Water Jet World Series 2024) ជុំទី២ នៅ​សហរដ្ឋអាមេរិក ហើយ​នេះ​ក៏ជា​មេដាយ​មាស​ទី​៣ ដែល​ក្រុម​ម៉ូតូ​ទឹកកម្ពុជា ដណ្តើម​បាន​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​នេះ​ផងដែរ។

តាម​ការ​បង្ហោះ​សារ​របស់​វីរ​កីឡាករ​ម៉ូតូទឹក​កម្ពុជា សាលី អ៊ូម៉ើត ដែលជា​អគ្គលេខាធិការសហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​ឱ្យ​ដឹង​ថា សាលី ហ្វីលីន បាន​ឈ្នះ​មេដាយ​មាស លើវិញ្ញាសា Amateur Runabout 1100 Limited សម្រាប់​ការ​ប្រកួត កាលពី​ថ្ងៃទី​៩ ខែ​តុលា (ម៉ោង​នៅ​អាមេរិក)។

តាម​រយៈ​លទ្ធ​ផល​នេះ​បង្ហាញ​ថា សាលី ហ្វីលីន ដណ្តើម​បានមេដាយ​ចំនួន​៣​ហើយ សម្រាប់ការ​ប្រកួត​ Water Jet World Series 2024 នៅ​សហរដ្ឋអាមេរិក​នេះ ព្រោះនៅមុនការ​ឈ្នះ​បាន​មេដាយមាស​លើ​វិញ្ញាសា​ Amateur Runabout 1100 Limited នេះ ហ្វីលីន ក៏​បានឈ្នះមេដាយមាស ​លើ​វិញ្ញាសា Amateur Runabout 1100 Stock និង​​ឈ្នះបាន​មេដាយ​ប្រាក់ លើ​វិញ្ញាសា Amateur Runabout Rec Lites ផង​ដែរ។

សម្រាប់​ការដណ្តើម​បាន​មេដាយចំនួន​៣ សម្រាប់​ការ​ប្រកួត៣វិញ្ញាសា​ជាប់ៗ​គ្នា​នេះ សាលី ហ្វីលីន បាន​បង្ហាញ​សារ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ថ្ងៃព្រហស្បតិ៍​​នេះ​ថា៖​ «ការបំបែកកំណត់ត្រាមក​បាន​ពាក់កណ្ដាលផ្លូវហើយ»។

ការ​លើក​ឡើង​បែបនេះ ក៏ព្រោះ​តែ សាលី ហ្វីលីន នៅ​សល់​ការ​ប្រកួត​ចំនួន​៣វិញ្ញាសា​ទៀត គឺ​វិញ្ញាសា Expert Runabout 1100 Stock វិញ្ញាសា Expert Runabout 1100 Superstock និង​វិញ្ញាសា Pro Am 1100 Stock ​ហើយ​​វិញ្ញាសា​ទាំង​៣​នេះ ហ្វីលីន មានមហិច្ឆតា​ដណ្តើម​ឱ្យ​បានមេដាយដូចគ្នា ដើម្បី​បង្កើត​បាននូវកំណត់​ត្រា​ល្អបំផុត សម្រាប់អាជីព​របស់​ខ្លួន។

ក្រុមម៉ូតូទឹកកម្ពុជា បានថតជាមួយក្រុមការងារ ក្នុងអំឡុងការប្រកួត WGP1 Water Jet World Series 2024 នៅអាមេរិក ពីថ្ងៃទី៧ ដល់ទី១៣ ខែតុលា។ រូបថត សាលី អ៊ូម៉ើត

បន្ថែម​លើនេះ កីឡាករ កៃ វ៉ាន់​ស៊ីដែន ក៏​ឈ្នះបាន​មេដាយមាស លើ​ប្រភេទវិញ្ញាសា Novice Ski Stock ផងដែរ រីឯ​​កីឡាករ ម៉ីន មូសស្ដាន ឈ្នះបាន​មេដាយប្រាក់ លើ​វិញ្ញាសា Novice Runabout 1100 Stock ធ្វើ​ឱ្យកម្ពុជា ហេតុនេះសម្រាប់​លទ្ធផល​ជាបណ្តោះ​អាសន្ន​នៅពេល​នេះ​គឺ​ក្រុម​ម៉ូតូទឹក​កម្ពុជា​ ដណ្តើម​បានមេដាយ​សរុបចំនួន​៥ ក្នុងនោះ​មេដាយមាស​៣ និង​ប្រាក់​២។

តាម​រយៈ​លទ្ធផល​ជាបណ្តោះ​អាសន្ន​នេះ​បង្ហាញ​ថា ក្រុមម៉ូតូទឹក​កម្ពុជា បានបំបែក​កំណត់​ត្រាការ​ឈ្នះ​បានមេដាយមាស​ច្រើនជាង​ការ​ប្រកួត​ Water Jet World Series 2024 ជុំ​ទី​១ នៅ​ប្រទេសប៉ូឡូញ កាល​ពី​​ថ្ងៃទី​២៤ ដល់​ទី​២៨ ខែកក្កដា រួច​ទៅ​ហើយ​ ដោយ​កាល​នោះ​ពួកគេ ដណ្តើម​បានមេដាយ​មាស​​២ ប្រាក់​២ និងសំរឹទ្ធ​២ ខណៈ​ការ​ប្រកួត​ជុំ​ទី​២ នៅ​អាមេរិក​នេះ ក្រុមម៉ូតូទឹក​កម្ពុជា នៅ​សល់​វិញ្ញាសា​ប្រកួតជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ថា សម្រាប់​​ការ​ប្រកួត​ Water Jet World Series 2024 ជុំ​ទី​២ នៅសហរដ្ឋអាមេរិក​នេះ កម្ពុជាបានបញ្ជូន​កីឡាករ​ចំនួន​៥នាក់ទៅ​ប្រកួត ក្នុង​នោះ​មាន​កីឡាករ សាលី ហ្វីលីន, កៃ វ៉ាន់ស៊ីដែន, ម៉ីន មូសស្ដាន, ម៉ីន អូស្មាន់ និង​វីរកីឡាករ សាលី អ៊ូម៉ើត ដែលជា​អ្នកដឹកនាំក្រុម ហើយ​ការ​ប្រកួត​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​៧ និង​គ្រោងបញ្ចប់​នៅថ្ងៃទី​១៣ ខែតុលា ខាងមុខ​នេះ៕​