មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងនាយកប្រតិបត្តិរៀបចំការប្រកួតម៉ារ៉ាតុងនៅកម្ពុជា បានអះអាងថា ការចូលរួមរត់ដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤នេះ វាមិនបានរាំងស្ទុះដល់សកម្មភាពប្រកួតនោះទេ ផ្ទុយទៅវិញ នឹងធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពផុសផុលខ្លាំង និងឈានទៅរកភាពស្តង់ដាអន្តរជាតិ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានចាត់ទុកការចូលរួមរត់ដោយផ្ទាល់ ក្នុងវិញ្ញាសាចម្ងាយ៥គីឡូម៉ែត្ររបស់លោក ហ៊ុន ម៉ាណែត គឺជាមហាកិត្តិយសមួយនៃខួបលើកទី២៩ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរ នាថ្ងៃទី១ ខែធ្នូខាងមុខ ហើយឆ្នាំក្រោយ ត្រូវនឹងខួបលើកទី ៣០ កម្ពុជានឹងរៀបចំឱ្យកាន់តែធំ ដោយសង្ឃឹមថា លោកនាយករដ្ឋមន្រ្តី នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមរត់ទៀត។
លើសពីនេះ វត្តមានរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានលោក វ៉ាត់ ចំរើន រំពឹងថា នឹងធ្វើឱ្យសម្ទុះអ្នកចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងឆ្នាំនេះ មានការកើនឡើងរហូតដល់ជាង ១ ម៉ឺននាក់ ហើយគណៈកម្មការរៀបចំ នឹងរៀបចំឱ្យបានល្អ ដើម្បីធានាបាននូវសុខសុវត្ថិភាព គឺគ្រប់យ៉ាងធ្វើទៅតាមគោលការណ៍ និងបទបញ្ជារបស់កីឡា ដោយមិនមានការបែងចែកការរត់ដាច់ដោយឡែករវាងថ្នាក់ដឹកនាំ និងអ្នកចូលរួមរត់នោះទេ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះសុវត្ថិភាពរបស់សម្តេច ជាសុវត្ថិភាពរបស់ជាតិទាំងមូល។ នេះជារឿងសំខាន់ តែយើងដឹងហើយថា នៅក្នុងកីឡា យើងត្រូវមានការគោរព និងចូលរួមនៅក្នុងបទបញ្ជារបស់កីឡាដែរ អ៊ីចឹងនៅក្នុងពេលរត់នេះ សម្តេចបានមានប្រសាសន៍ហើយថា នឹងរត់ជាមួយមហាជនទាំងអស់ ក្នុងវិញ្ញាសា៥គីឡូម៉ែត្រហ្នឹង»។
លោកបន្ថែមថា៖ «អ្នកចុះឈ្នះចូលរួមរត់ប្រមាណពាន់នាក់ក្នុង៥គីឡូនេះ ត្រូវរត់ជាមួយគ្នាទាំងអស់ គ្រាន់តែការរត់របស់សម្តេចមានអ្នករត់អម ហើយមកដល់ពេលនេះឃើញថា មានថ្នាក់ដឹកនាំជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី បានចុះឈ្មោះចូលរួមច្រើនណាស់ អ៊ីចឹងឃើញថា មិនមានអ្វីត្រូវព្រួយបារម្ភលើការរឹតត្បិតនោះទេ ព្រោះសម្តេច លោកមានសន្តិសុខផ្ទាល់រួចហើយ ហើយសម្តេចក៏យល់ដែរថា ព្រឹត្តិការណ៍មានអ្នកចូលរួមដល់ជាង ១ម៉ឺននាក់ ត្រូវតែមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក»។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានចាត់ទុកវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរលើកនេះ នឹងក្លាយជាលចករជួយជំរុញឱ្យកម្លាំងនៃការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ កីឡាការិនីមានការកើនឡើង ហើយក៏នឹងជួយរុញឱ្យព្រឹត្តិការណ៍នេះ ឈានទៅរកភាពស្តង់ដាអន្តរជាតិ។
លោកបានថ្លែងថា៖ «ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាកម្លាំងចលករ និងជាការឧបត្ថម្ភគាំទ្រដ៏សំខាន់ មិនអាចកាត់ថ្លៃបាន ដែលអ្នករៀបចំកម្មវិធីម៉ារ៉ាតុងរបស់យើងចង់បានយូរហើយ ហើយការចូលរួមដោយផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី នឹងជួយឱ្យការរៀបចំរបស់យើងមានលក្ខណៈស្តង់ដា និងមានភាពពេញលេញល្អប្រសើរ»។
លោក សែម ផល្លា បានពន្យល់ថា ការបិទផ្លូវ និងបញ្ហាចរាចរណ៍ វានៅតែជាក្តីកង្វល់ ដែលមិនអាចជួយឱ្យទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរ ឈានទៅរកភាពស្តង់ដាអន្តរជាតិបាន ព្រោះតាមស្តង់ដាអន្តរជាតិ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នករត់ គឺយើងត្រូវបិទផ្លូវឱ្យបានល្អប្រសើរ កុំឱ្យអ្នករត់ រត់ជាមួយយានជំនិះ រត់ជាមួយកង់ម៉ូតូ ឬអ្វីផ្សេងទៀត ដែលអាចប៉ះពាល់ដល់អ្នករត់។
លោកបានបន្ថែមថា កាលណាមានយានជំនិះ ឬអ្វីផ្សេងមករំខាន និងប៉ះពាល់ដល់អ្នករត់ នឹងធ្វើឱ្យការរៀបចំពាក់កណ្តាលម៉ារ៉ាតុងរបស់កម្ពុជាខូចឈ្មោះ មិនទទួលបានការគាំទ្រ ឬ វាយតម្លៃល្អពីគណៈកម្មការរៀបចំម៉ារ៉ាតុងពិភពលោកទេ ហេតុនេះការបិទផ្លូវ និងការរឹតបណ្តឹងចរាចរណ៍ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រមុខដឹកនាំប្រទេស នឹងក្លាយជារឿងល្អ ដើម្បីធ្វើឱ្យដំណើរការរៀបចំលើកនេះបានល្អ។
លោក ផល្លា បញ្ជាក់ថា៖ «ព្រឹត្តិការណ៍ម៉ារ៉ាតុងល្បីៗនៅលើពិភពលោក គឺការរត់របស់គេ មានការបិទផ្លូវជិតតែម្តង អ៊ីចឹងទេក្នុងនាមជាអ្នករៀបចំ យើងមានការត្រេកអរយ៉ាងខ្លាំង ដែលសម្តេចនាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសអញ្ជើញចូលរួមរត់ ព្រោះនេះជាការលើកទឹកចិត្តមួយយ៉ាងខ្លាំង ដែលនឹងធ្វើឱ្យដៃគូសហការរបស់យើង និងស្ថាប័នពាក់ព័ន្ធទាំអអស់ កាន់តែយកចិត្តទុកដាក់លើការបំពេញការងារ ធ្វើឱ្យការរៀបចំរបស់យើងកាន់តែល្អប្រសើរ ឈានទៅរកភាពស្តង់ដាអន្តរជាតិ»។
«យើងនឹងរៀបចំឱ្យបានល្អប្រសើរ ហើយសម្តេចនាយករដ្ឋមន្រ្តី ដែលបានចូលរួម ក៏លោកនឹងបានមើលឃើញដែរថា ការរៀបចំរបស់យើងបានត្រឹមត្រូវឬអត់? អ៊ីចឹងយើងក៏ត្រូវប្រុងប្រយ័ត្ន នឹងរៀបចំឱ្យបានត្រឹមត្រូវ ហើយការរៀបចំបែបនេះ ជាបំណងប្រថ្នារបស់អ្នករៀបចំរបស់យើងយូរហើយ គឺយើងធ្វើម៉េចឱ្យបានល្អប្រសើរ និង ដាស់តឿនស្មារតីកីឡាករ កីឡាការិនីយើង ដែលបានចូលរួមរត់ ឱ្យយល់ច្បាស់ពីច្បាប់ និងធ្វើម៉េចរត់កុំឱ្យប៉ះពាល់ដល់អ្នកដទៃ»។ លោក ផល្លា បានបន្ថែម។
សម្រាប់ការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរឆ្នាំនេះដែរ Manulife ដែលជាអ្នកឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ បានសន្យាថា នឹងព្យាយាមរៃអង្គាសថវិកាពីបុគ្គលិករបស់ខ្លួននៅជុំវិញពិភពលោកឱ្យបាន ១០ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា ខណៈការចូលរួមតាំងពីឆ្នាំ ២០១៤ រហូតដល់ពេលនេះ Manulife ប្រមូលបានថវិកាសម្រាប់ការងារសប្បុរសធម៌ តាមរយៈព្រឹត្តិការណ៍កីឡានេះ បានជាង៦៥ម៉ឺនដុល្លារ៕