គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku នឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមឆាយនីសតៃប៉ិ (Chinese Taipei) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ម៉ោង៧ថ្ងៃសុក្រនេះ ហើយនេះជាការដឹកនាំក្រុមគោព្រៃកម្ពុជា ជាផ្លូវការលើកដំបូង បន្ទាប់ពីលោក Koji ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសឱ្យធ្វើជាគ្រូបង្គោល ជំនួសលោក Felix G.Dalmas ដែលទើបបានបញ្ចប់កិច្ចសន្យា កាលពីថ្ងៃទី១៣ ខែកញ្ញា។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម Chinese Taipei នៅថ្ងៃសុក្រនេះ លោក Koji Gyotoku បានលើកឡើងថា លោកពិតជាមានពេលវេលាខ្លីមែនទែន ក្នុងការរៀបចំក្រុមជម្រើសជាតិកម្ពុជា ហើយការត្រៀមខ្លួនវិញ ក៏មិនទាន់បានល្អដែរ ដែលទាមទារពេលវេលាបន្ថែមទៀត ក្នុងការរៀបចំក្រុមនេះឱ្យបានល្អ។
លោក Koji បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមានពេលខ្លីមែនទែន ដើម្បីរៀបចំក្រុមកម្ពុជា អ៊ីចឹងអ្វីដែលខ្ញុំត្រូវធ្វើ គឺព្យាយាមស្វែងយល់ពីកីឡាករ ថាតើពួកគេអាចធ្វើអ្វីបានខ្លះ និងមានសមត្ថភាពលេងដល់កម្រិតណា»។
ប៉ុន្តែលោកបានបញ្ជាក់ថា៖«ការប្រកួតនេះ យើងចង់រក្សាការលែងបែបប្រយុទ្ធដដែល»។
ជាមួយគ្នានេះ លោក Koji Gyotoku បានមើលឃើញថា ការទទួលបានលទ្ធផលមិនគាប់ប្រសើរ សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងមកនេះ បានធ្វើឱ្យកីឡាករមួយចំនួន រាងបាក់ទឹកចិត្ត ហើយអ្នកគាំទ្រក៏មិនសប្បាយចិត្ត ហេតុនេះលោកចង់ឃើញក្រុមតំណាងឱ្យកម្ពុជាមួយនេះ ទទួលបានជ័យជម្នះលើក្រុមឆាយនីសតៃប៉ិ សម្រាប់ជំនួបនៅយប់នេះ។
លោក Koji Gyotoku បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតនេះ យើងក៏ចង់ឈ្នះដូចអ្នកគាំទ្រដែរ ដោយសារការចាញ់កន្លងមក ធ្វើឱ្យកីឡាករមួយចំនួនរាងបាត់ទំនុកចិត្តបន្តិចក្នុងការលេង តែខ្ញុំសង្កេតឃើញថា ការប្រមូលផ្តុំលើកនេះ យើងមានកីឡាករល្អៗច្រើន ហើយពួកគេកាន់តែយល់ចិត្តគ្នាបានល្អជាងមុន ដូច្នេះខ្ញុំរំពឹងថា ពួកគេនឹងធ្វើបានល្អច្រើនជាងមុន ក្នុងការប្រកួតនេះ»។
ចំណែកខ្សែការពារ សឿយ វិសាល ក៏បានប្តេជ្ញាចិត្តលេងឱ្យបានល្អ ដើម្បីអ្នកគាំទ្រ។ វិសាល បាននិយាយថា៖ «យើងប្តេជ្ញាចិត្តប្រើឱ្យអស់ឆន្ទៈ គឺពួកយើងនឹងធ្វើការពលី ដើម្បីអ្នកគាំទ្រ ព្រោះយើងយល់ពីអារម្មណ៍របស់អ្នកគាំទ្រ។ ពេលដែលចាញ់ គឺពួកគាត់មិនសប្បាយចិត្តទេ ហើយពួកយើងជាកីឡាករផ្ទាល់ មិនសប្បាយចិត្តដូចគ្នា»។
ចំណែកលោក Gary White គ្រូបង្គោលក្រុមឆាយនីសតៃប៉ិ បានទទួលស្គាល់ថា ក្រុមជម្រើសជាតិកម្ពុជា ពេលនេះ មានកីឡាករល្អៗច្រើន ជាពិសេសកីឡាករវ័យក្មេង និងកីឡាករចូលសញ្ជាតិ ប៉ុន្តែលោកបានអះអាងថា លោកបានសិក្សា និងវិភាគបានច្រើនដែរហើយទៅលើក្រុមគោព្រៃកម្ពុជា ហើយលោកនឹងប្រើការមានប្រៀបដែលក្រុមឆាយនីសតៃប៉ិ មាន ដើម្បីដណ្តើមយកជ័យជម្នះ។
គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ការប្រកួតនេះកីឡាកររបស់យើង នឹងព្យាយាមលេងឱ្យបានល្អ។ យើងនឹងព្យាយាមឱ្យកីឡាកររបស់យើង ដែលមានកាយសម្បទាល្អ និងរឹងមាំបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីយកជ័យជម្នះសម្រាប់ក្រុមរបស់យើង ដោយសារតែកីឡាករយើងអាចមានកម្លាំង និងមាឌធំៗជាងកីឡាករកម្ពុជា»។
លោក Gary White ក៏រំពឹងថា កូនក្រុមរបស់លោក នឹងធ្វើបានល្អទៅតាមការរៀបចំ។
លោកបញ្ជាក់ថា៖ «នៅមុនបញ្ចប់រដូវកាលនេះ យើងបានបង្កើតនូវរបៀបលេង ឬតាក់ទិចថ្មីសម្រាប់ក្រុម ព្រោះបន្ទាប់ពីនេះទៅ យើងនឹងមានការប្រកួតខ្លាំងៗជាងនេះទៀត អ៊ីចឹងការប្រកួតលើកនេះ យើងនឹងតេស្តសមត្ថភាពកីឡាករ និងព្យាយាមឱ្យពួកគេលេងតាមរបៀបថ្មី ដែលខ្ញុំបានរៀបចំ»៕