ក្រុម​កីឡាករ កីឡាការិនីឃីកបុកស៊ីង​កម្ពុជា បានរួមគ្នា​បង្កើតកំណត់​ត្រាប្រវត្តិ​ថ្មី ចំពោះ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួតកីឡាឃីកបុកស៊ីង​ជើង​ឯក​អាស៊ី ឆ្នាំ​២០២៤ (Asian Kickboxing Championships) តាម​រយៈ​ការ​​ដណ្តើម​បាន​​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់ ជាមួយ​ការ​ឈ្នះ​​បានមេដាយ​សរុបចំនួន ​៤១ គឺមេដាយ​​មាស​៩ ប្រាក់៤ និងមេដាយ​សំរឹទ្ធ​ចំនួន​២៨។

តាម​រយៈការ​ដណ្តើម​បានមេដាយ​យ៉ាងច្រើន​នេះ បាន​ជួយ​ឱ្យ​ម្ចាស់​ផ្ទះ​កម្ពុជា ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ក្នុងចំណោម​ប្រទេសទាំង ​​​២៣ ដែល​បានចូលរួមការ​ប្រកួត​កីឡា ឃីកបុកស៊ីង​ ជើងឯក​អាស៊ី​ ឆ្នាំ​២០២៤​នេះ  ខណៈ អ៊ូសបេគីស្ថាន​ ឈរ​នៅ​លេខ​១ ដោយ​បានមេដាយមាស ២០ ប្រាក់ ៥ និង​សំរឹទ្ធ ៣ ហើយ​កាហ្សាក់ស្ថាន ឈ​រលេខ​២ ​​ឈ្នះ​បានមេដាយ​មាស ១៨ ប្រាក់ ១២ និង​សំរឹទ្ធ៧ រីឯ​ប្រទេស​វៀតណាម ឈរ​លេខ៣ ដោយ​ឈ្នះ​មេដាយមាស ១០ ប្រាក់ ១១ និង​សំរឹទ្ធ ១១ ចំណែក​អត្តពលិក​មក​ពី​១០​ប្រទេស​ទៀត ក៏​ដណ្ដើម​បាន​មេដាយ​មាស​ផងដែរ។

តាម​រយៈការ​ប្រកួត ដែល​ធ្វើ​នៅវិមានពហុកីឡដ្ឋានជាតិ កាល​ពី​ថ្ងៃទី​៦ និង​បានបញ្ចប់ កាល​ពីយប់​ថ្ងៃទី​១៣ ខែតុលា​នេះ កីឡាករ ឆុង វិសាល ​បាន​ក្លាយជា​បេក្ខភាព​ដំបូង ដែល​បាន​ឈ្នះ​​មេដាយមាសជូន​ម្ចាស់​ផ្ទះ​កម្ពុជាមុនគេ ពីការ​ប្រកួតកីឡាឃីកបុកស៊ីង​ជើងឯក​អាស៊ី​នេះ  បន្ទាប់ពីរូប​គេ​បាន​យកឈ្នះកីឡាកររបស់​វៀតណាម Nguyen Si Thang លើ​វិញ្ញាសា FC ក្នុង​ប្រភេទទម្ងន់​ក្រោម​៥១គីឡូក្រាម (-៥១គីឡូក្រាម) កាល​ពី​ថ្ងៃសៅរ៍ ទី១២ ខែតុលា។

ចំណែក កីឡាករ ខាំ ខ្លានាង ​បាន​ឈ្នះ​មេដាយមាស សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃសៅរ៍​នោះ​ដែរ បន្ទាប់ពី​រូបគេ​បាន​ឈ្នះកីឡាករកាហ្សាស្ថាន Zhumabayev Nursultan ​លើ​វិញ្ញាសា K1 ទម្ងន់​ -​៥១គីឡូក្រាម ហើយការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ កាលពី​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ គឺ​កីឡាករ កីឡាការិនី​របស់​កម្ពុជា ដណ្តើម​បាន​មេដាយមាស​ចំនួន​៧​ទៀត។

កីឡាការិនី ឆា ចាន់ដេង បានឈ្នះមេដាយ​មាស ​ក្រោយ​យក​ឈ្នះ​កីឡាការិនីឥណ្ឌា Khati Solomi  ដោយ​ពិន្ទុ​ក្នុង​វិញ្ញាសា K1 -៤៨គីឡូក្រាម រីឯ​កីឡាការិនី ទូច ចាន់វត្តី ដណ្តើមបាន​មេដាយមាស លើ​វិញ្ញាសា KL -៥៥គីឡូក្រាម ដោយ​បាន​យក​ឈ្នះកីឡាការិនី​​របស់​ឥណ្ឌូណេស៊ី Pieters Diandra Ariesta ហើយ​កីឡាករ ភ័ណ្ឌ ចាន់ធី បានឈ្នះមេដាយមាស តាម​រយៈ​ការ​យកឈ្នះកីឡាករឥណ្ឌូនេស៊ី Aziz Abdul នៅវគ្គផ្តាច់ព្រ័ត្រ។

ប្តីប្រពន្ធ សុខ រិទ្ធ និង នៅ ស្រីពៅ ពេលឡើង​ទទួល​បាន និង​មេដាយមាស ពីការ​ប្រកួត​កីឡាឃីកបុកស៊ីងជើងឯក​អាស៊ី ឆ្នាំ​២០២៤ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ។ រូប​ថត សហការី

ទន្ទឹម​នឹងនេះ កីឡាការិនី ទួន ស្រីពីន បាន​ផ្តួលកីឡាការិនីគុយវែត Alkharif Seham ឱ្យ​បោះបង់ចោលការប្រកួតក្នុងទឹកទី៣ ដើម្បី​ទទួលបានមេដាយមាស លើ​វិញ្ញាសា K1-៥៦គីឡូក្រាម ហើយកីឡាករ ហ៊ឹម គឹមរៀង បាន​យក​ឈ្នះ​កីឡាករវៀតណាម Nguyen Ngoc Hoang ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ទទួល​បាន​មេដាយ​មាស​លើវិញ្ញាសា LK-៥៤គីឡូក្រាម។

ជាមួយគ្នា​នេះ​ប្តីប្រពន្ធ សុខ រិទ្ធ និង នៅ ស្រីពៅ បានបង្កើតស្នាដៃ​ជូនជាតិ​ក្នុងពេល​តែមួយ តាម​រយៈការ​ដណ្តើម​បានមេដាយ​មាស​រៀងៗ​ខ្លួន ដោយ​ក្នុង​នោះកីឡាករ សុខ រិទ្ធ បាន​យក​ឈ្នះកីឡាករថៃ Phrommakhot Netipong លើវិញ្ញាសា LK-៥១គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ រីឯ នៅ ស្រីពៅ បាន​យក​ឈ្នះកីឡាការិនីឥណ្ឌា Neelakandan Neena  ដើម្បី​ទទួល​បាន​មេដាយមាស​លើ​វិញ្ញាសា LC -៥៥គីឡូក្រាម។

នៅ​ក្នុងការ​ដណ្តើម​បាន​ជោគ​ជ័យ​យ៉ាង​ធំធេង​នេះ គឺការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​កីឡាការិនី នៅ ស្រីពៅ និង​កីឡាការិនី Neelakandan Neena បាន​ក្លាយជា​ការចងចាំ ដែល​អ្នក​គាំ​ទ្រ ជាពិសេស​ក្រុម​គ្រូបង្វឹក និងកីឡាករ កីឡាការិនី​ឃីកបុកស៊ីងកម្ពុជា មិន​អាច​បំភ្លេច​បាន ព្រោះ​ម្នាក់ៗ​សុទ្ធតែ​បានបង្ហាញក្តី​រំភើប​ឡើង​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន នៅពេល​ឃើញ នៅ ស្រីពៅ បាន​ប្រើ​ភាពអំណត់​របស់​ខ្លួន ដេញ​វាយ​ទៅ​កីឡាការិនី​របស់ឥណ្ឌា រហូតដណ្តើម​បាន​ជ័យជម្នះ​វិញ នៅក្នុ​ងទឹក​ទី​៣​ចុង​ក្រោយ។

សម្រាប់ការ​ប្រកួតទឹកទី​១ និង​ទី​២ នៅ ស្រីពៅ បានចាញ់​ប្រៀប​​កីឡាការិនី ជំនាញ​ប្រើជើង Neelakandan Neena ដោយ​ពិន្ទុ ៣-០ ប៉ុន្តែនៅទឹកទី៣ ស្រីពៅ បានព្យាយាម​វាយសម្រុក ហើយអាច​ប្រើកណ្តាប់​ដៃ​វាយ​ចំ​គោលដៅ​ល្អ​ចំនួន​ ២​ដៃ ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​ប្រកួត​កែប្រែ​នៅ​នាទី​ចុង​ក្រោយ ពីការ​ចាញ់ ៣-០ មក​ជា​ឈ្នះ​វិញ ដោយ​លទ្ធផល​ផ្លូវ​ការ ២-១ ដើម្បី​ទទួល​បានមេដាយ​មាស ជា​លើកដំបូង នៅ​ក្នុងអាជីព​របស់​ខ្លួន។

កីឡាការិនី ទូច ចាន់វត្តី បានទាត់ទៅលើកីឡាការិនីរបស់ឥណ្ឌូណេស៊ី Pieters Diandra Ariesta ក្នុងពេលប្រកួតផ្តាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ។ រូបថត PEAK

នៅ ស្រីពៅ បាន​បង្ហាញ​ការ​រំភើប​ឡើងស្រក់ទឹក​ភ្នែក ហើយ​​នាងបាន​និយាយក្រោយ​ការ​ប្រកួតទាំ​ង​អួលដើម​ក​ថា៖​ «ខ្ញុំ​ធ្វើ​តាម​ក្តីស្រមៃប៉ា​របស់ខ្ញុំ​បាន​ហើយ! ទោះបីជា​ខ្ញុំ​មិនអាច​បានមេដាយមាសស៊ី​ហ្គេម​មែន ប៉ុន្តែ​អានេះ (មេដាយមាសពីការ​ប្រកួត​កីឡាឃីកបុកស៊ីង​ជើងឯកអាស៊ី​) ធំជាង​មេដាយ​ស៊ីហ្គេម​ទៅ​ទៀត អ៊ីចឹង​ខ្ញុំ​សូមផ្តាំ​ទៅប៉ា​ថា កូន​ស្រី​ម្នាក់នេះ​ធ្វើ​បាន​ហើយ»។

ចំណែក​កីឡាករ សុខ រិទ្ធ ដែល​ជា​ស្វាមី ហើយក៏​ដណ្តើម​បាន​មេដាយ​មាស ពីការ​ប្រកួត​ជើងឯក​អាស៊ី​នេះដែរ បាន​និយាយ​ថា៖​ «​ខ្ញុំ​មាន​អារម្មណ៍​ភ័យ នៅ​ពេល​ឃើញប្រពន្ធ​ខ្ញុំ ចាញ់​ប្រៀបគេ នៅ២ទឹក​ដំបូង ប៉ុន្តែ​ខ្ញុំនៅតែ​ជឿជាក់​ថា គាត់អាច​ធ្វើ​បាន ព្រោះ​គាត់​មានការ​ប្រឹងប្រែង​ខ្លាំង ដ្បិតអីនេះជា​មេដាយ​ដំបូង​របស់​គាត់ ហើយ​ចុង​ក្រោយ​គាត់​ពិត​ជា​ធ្វើ​បាន​មែន ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់»។

ជាមួយគ្នានេះ លោក​ ឃឹម ប៊ុនសុង រដ្ឋលេខា​ធិការ​ក្រសួង​ការពារជាតិ ដែល​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ឃីក​បុកស៊ីង​ជើងឯក​អាស៊ី កាល​ពី​យប់​ថ្ងៃអាទិត្យ​នោះ បាន​ថ្លែង​ថា៖ «ការ​ប្រកួត​ជើង​ឯក​ឃីក​បុក​ស៊ីង​ជើងឯក​អាស៊ី​រយៈ​ពេល​៦​ថ្ងៃ​នេះបាន​ដំណើរ​ការ​ប្រកួត​​ដ៏​មហោ​ឡារិក និង​ជោគជ័យ ហើយ​តាម​របាយការណ៍​ឯកឧត្តម ហេង សុខឃន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​កម្ពុជា និង​ចំណាប់​អារម្មណ៍​របស់​ប្រធានសហ​ព័ន្ធ​កីឡា​ឃីក​បុក​ស៊ីង​អាស៊ី បាន​បញ្ជាក់​ពី​ដំណើរ​ការ​ប្រកួត និង​លក្ខណៈ​បច្ចេក​ទេស​នៃការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​តាម​ស្តង់​ដា​កីឡា»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​សូម​សម្តែង​ការ​កោត​សរសើរ និង​អបអរ​សាទរ​ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា សហ​ព័ន្ធកីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​កម្ពុជា និង​ក្រុម​ហ៊ុន​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់ ព្រម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធនានា បាន​សហ​ប្រតិបត្តិ​ការ​ល្អ ក្នុង​ការ​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​ដ៏​ឧត្តុង្គ​ឧត្តម​នេះ​ឡើង ដែល​ជា​មហា​កិត្តិយស​ដ៏​ធំធេង​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​ផ្សព្វ​ផ្សាយ​ពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៅ​លើ​ឆាក​អន្តរ​ជាតិ​នូវ​វប្បធម៌​ អរិយធម៌ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា»៕