ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា នឹង​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​​ក្រុម​ម្ចាស់​ផ្ទះ ហុងកុង នៅ​កីឡដ្ឋានហុងកុង នា​ល្ងាច​ម៉ោង​៦​ថ្ងៃ​អង្គារ​នេះ ហើយនេះជា​ការ​វិល​ជួបគ្នាជា​ថ្មី​រវាងក្រុមទាំង​២ បន្ទាប់ពី​ខកខានជួបគ្នា​អស់​រយៈពេលជាង​១​ឆ្នាំ ខណៈ​បច្ចុប្បន្ន​ គេ​មើល​ឃើញ​ថា ក្រុម​ហុង​កុង កំពុងទម្រង់​លេងកាន់តែ​ល្អ​ជាងមុន។

ក្រោម​​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ថ្មី លោក Koji Gyotoku គឺ​ក្រុមជម្រើសជាតិ​កម្ពុជា ទើប​តែ​បាន​យក​ឈ្នះ​លើ​ក្រុម​ឆាយនីសតៃប៉ិ ៣-២ សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​យប់​ថ្ងៃទី​១១ ខែតុលា ហើយវាជា​ការ​រក​ឃើញ​ជ័យជម្នះ​ជាថ្មី​របស់​ក្រុម​គោព្រៃកម្ពុជា បន្ទាប់ពី​ក្រុមនេះរកមិនឃើញការ​ឈ្នះសោះ​​ជាង​១​ឆ្នាំ​ពេញ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ចាស់ លោក Felix Dalmas ដែល​ទើប​បញ្ចប់​កិច្ចសន្យា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា។

ការរកបាន​២​គ្រាប់​​តែម្នាក់ឯង​របស់ មិន រតនៈ និង​១​គ្រាប់​ទៀត​របស់​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ដើម្បី​យក​ឈ្នះក្រុម​ឆាយនីសតៃប៉ិ ៣-២ កាលពី​យប់​ថ្ងៃសុក្រ​នោះ ​បាន​ក្លាយជា​ចលករ​យ៉ាង​សំខាន់ ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ ចាប់​ផ្តើម​ងាកមក​គាំ​ទ្រ​ដល់​ក្រុមគោព្រៃកម្ពុជា ពេញទំហឹង​វិញ ហើយពួកគេ​សង្ឃឹម​ថា ក្រុមតំណាង​ឱ្យកម្ពុជា​មួយនេះ នឹង​ធ្វើ​បាន​ល្អម្តង​ទៀត សម្រាប់ការ​ជួប​ក្រុម​​ហុង​កុង នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ បើទោះបីជា ក្រុមកម្ពុជា មិន​ធ្លាប់មានប្រវត្តិ​ឈ្នះ​កន្លងមក​ក៏​ដោយ។

លោក សៅ សុខា ប្រធានសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានចាប់ដៃ​ស្វាគមន៍​លោក Koji Gyotoku បន្ទាប់ពី​គ្រូ​បង្វឹកជនជាតិជប៉ុន​រូប​នេះ បានដឹកនាំ​ក្រុម​កម្ពុជា យក​ឈ្នះ​ក្រុម​ឆាយនីសតៃប៉ិ ៣-២ កាលពីថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤។ រូប​ថត FFC

ជាមួយគ្នា​នេះ លោក Koji Gyotoku ក៏​បាន​មើល​ឃើញ​ថា ក្រុម​ជម្រើសជាតិ​ហុងកុង មាន​កម្រិត​លេង​ល្អជាង​ក្រុម​ជម្រើសជាតិ​ឆាយនីសតៃប៉ិ ដែល​​ក្រុម​កម្ពុជា ទើប​បាន​យក​ឈ្នះ​ ៣-២ ប៉ុន្តែ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ នៅតែ​មានសុទិដ្ឋិនិយមទៅលើ​កីឡាករ​កម្ពុជាថា នឹង​អាច​ស្វែង​រក​បានជ័យជម្នះ ដើម្បី​បំបែក​កំណត់​ត្រា ការ​មិន​ធ្លាប់​​ឈ្នះ​ក្រុម​ហុងកុង តាំងពី​ឆ្នាំ​១៩៥៧​មក។

លោក Koji Gyotoku បាន​និយាយ ក្នុងសន្និសីទ​កាសែត នៅទឹក​ដី​ហុងកុង កាលពី​ថ្ងៃ​ចន្ទ​​ថា៖ ​«​ពួក​យើង​រីក​រាយ​ណាស់ ដែល​មក​ប្រកួត​នៅ​ទី​នេះ។ ខ្ញុំ​បាន​មក​កាន់តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​១០​ថ្ងៃ​ប៉ុណ្ណោះ មុនការ​ប្រកួត​ជាមួយ​ក្រុម​ឆាយនីសតៃប៉ិ ប៉ុន្តែពួក​យើង​ពិតជា​ធ្វើ​បាន​ល្អ ក្នុង​ការ​ប្រកួត​នោះ»។ 

គ្រូ​បង្គោល​ក្រុមជម្រើសជាតិ​កម្ពុជា​រូបនេះ បាន​បន្ថែម​ថា៖ «ជា​ការ​ពិតណាស់​ ហុង​កុង ​ជា​ក្រុម​មួយ​ខ្លាំង គឺ​ពួកគេ​ខ្លាំង​ជាងក្រុម​​ឆាយនីសតៃប៉ិ ទៅ​ទៀត។ ពួកគេ​លេង​បាន​ល្អ និង​មាន​កីឡាករ​​ល្អៗ​ច្រើន​ ប៉ុន្តែ​ពួក​យើង​ក៏​នឹង​ខំប្រឹង​ដូច​គ្នា ដើម្បី​យក​ជ័យជម្នះ​ជូន​អ្នក​គាំ​ទ្រ​កម្ពុជា»។

គួររំឭក​ថា ការ​ជួបគ្នា​ទាំង​ការ​ប្រកួត​មិត្ត​ភាព និង​ប្រកួតពាន​រង្វាន់​ចំនួន​៩​លើក ចាប់​តាំង​ពី​ឆ្នាំ​១៩៥៧ រហូតមក​ដល់ពេលនេះ គឺ​ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា មិន​ធ្លាប់​ឈ្នះ​ក្រុមជម្រើសជាតិហុងកុង​នោះ​ទេ ដោយពួកគេ បាន​ត្រឹមស្មើ​២​ដង និងចាញ់​ ​​៧​ដង ហើយ​ជំនួបចុងក្រោយ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ គឺ​ក្រុមទាំង​២​នេះ បានស្មើ​គ្នា ១-១៕