វីរកីឡាករ​ម៉ូតូទឹក​កម្ពុជា សាលី អ៊ូម៉ើត បានបង្ហាញពី​មោទនភាព​ចំពោះសមិទ្ធផលការ​ឈ្នះ​បាន​មេដាយមាស​​ ៦ ប្រាក់​៣ និងសំរឹទ្ធ​​១ របស់​ក្រុម​ជម្រើស​ជាតិម៉ូតូទឹក​កម្ពុជា ដែល​ដណ្តើម​​បាន​ពីកប្រកួត​កីឡា​ម៉ូតូទឹក​ពិភព​លោក​តាម​ស៊េរី Water Jet World Series 2024 (WGP1) ជុំទី២ នៅ​សហរដ្ឋអាមេរិក។

សាលី អ៊ូម៉ើត បានចាត់​ទុក​ការដណ្តើម​បានមេដាយ​សរុបចំនួន​១០ ជាពិសេស​ការ​ឈ្នះ​បាន​មេដាយ​មាស​ចំនួន​៦​នេះ​ថា ជា​សមិទ្ធ​ផល​ដ៏​ល្អ ដែល​បានបំបែក​កំណត់​ត្រា​ចាស់ ចំពោះការ​ដណ្តើម​បាន​មេដាយមាស​ ៤ ព្រមទាំងមេដាយ​ប្រាក់ និងសំរឹទ្ធ​ចំនួន​៥​ទៀត ពីការ​ប្រកួត Water Jet World Series ដែល​បានធ្វើ​នៅ​សហរដ្ឋអាមេរិក​នេះដែរ កាលពីឆ្នាំ​ ២០២៣ ហើយជា​លទ្ធផល ដែល​ធ្វើ​ឱ្យពិភពលោក​មាន​ការកក្រើក​ខ្លាំង។

ប្រធាន​ក្រុមម៉ូតូទឹក​កម្ពុជា សាលី អ៊ូម៉ើត បាន​និយាយ​តាមរយៈវីដេអូ​ខ្លី​របស់​ខ្លួន​ថា៖ ​«​នេះជា​ឆ្នាំ​ទី​៣ ដែល​ខ្ញុំ​បានដឹក​នាំ​​សិស្ស​ប្អូនមកប្រកួត​នៅសហរដ្ឋអាមេរិក ជា​ប្រទេស​មហាអំណាច​ ហើយ​ឆ្នាំនេះ យើង​ទទួល​​បានសមិទ្ធផល​សឹង​តែ​ធ្វើ​ឱ្យ​ទូទាំងពិភព​លោក​កក្រើក​មែន​ទែន ដោយសារ​​យើង​មកតែគ្នា ៥នាក់ទេ ប៉ុន្តែ​យើង​ដណ្តើម​បានមេដាយមាស​រហូត​ដល់​៦​ ប្រាក់​៣​ និងសំរឹទ្ធ​១»។ 

«សមិទ្ធផលនេះ និយាយ​ទៅ​ព្រឺរោម​មែន​ទែន សឹងតែ​មិនមានប្រទេស​ណា​ធ្វើ​បាន​ទេ អ៊ីចឹង​កម្ពុជា​យើង​ បានបំបែកកំណត់​ត្រា​របស់​ខ្លួន​ឯង កាលពី​ឆ្នាំ​មុន ហើយ​វាជារឿងមួយ ដែល​យើងនឹក​ស្មាន​មិន​ដល់​​ថា ក្រុមកីឡាករ​របស់​យើង​អាច​ធ្វើបាន​ល្អដល់​ថ្នាក់នេះ»។ សាលី អ៊ូម៉ើត បាន​បន្ថែម។

សម្រាប់​ការ​ប្រកួត Water Jet World Series 2024 ជុំទី២ នៅអាមេរិក ដែល​បានធ្វើ​កាលពី​ថ្ងៃទី​៧ និងបាន​បញ្ចប់​ កាល​ពី​ថ្ងៃទី​១៣ ខែតុលា ​កីឡាករ​វ័យ​ក្មេង សាលី ហ្វីលីន ដែលជាប្អូន​ប្រុស​របស់ សាលី អ៊ូម៉ើត បាន​ឈ្នះ​មេដាយមាស​៤ និង​មេដាយ​ប្រាក់​២ នៅក្នុង​ការ​ប្រកួតទាំង​ ៦វិញ្ញាសា​របស់​ខ្លួន ហើយ​លទ្ធផល​ដ៏​ល្អ​នេះ បានជួយ​ឱ្យ​រូបគេ អាច​បំបែកកំណត់​ចាស់របស់​ខ្លួន ចំពោះការ​ឈ្នះ​បាន​មេដាយមាស​២ ប្រាក់​២ និងសំរឹទ្ធ​១ សម្រាប់ការ​ប្រកួត Water Jet World Series នេះកាលពី​ឆ្នាំ​ ២០២៣ ដែល​ធ្វើ​នៅអាមេរិក​ដូចគ្នា។

ចំណែក​មេដាយចំនួន​​៤ទៀត គឺ​កីឡាករ សាលី អ៊ូម៉ើត បាន​ឈ្នះ​មាស​១ និង​សំរឹទ្ធ​១ កីឡាករ ​កៃ វ៉ាន់​ស៊ីដែន ដណ្តើម​បានមេដាយ​​មាស១ និង​កីឡាករ ម៉ីន មូសស្ដាន បានមេដាយ​ប្រាក់១ ហើយការ​ដណ្តើម​បានមេដាយ​សរុបចំនួន​១០ គឺ​មាស​៦ ប្រាក់​៣ និងសំរឹទ្ធ​១ ពីការប្រកួត Water Jet World Series 2024 ជុំទី២ នៅ​អាមេរិកនេះ សាលី អ៊ូម៉ើត បាន​ទម្លាយ​ថា កីឡាករកម្ពុជា​ទាំង​៥នាក់ បាន​យក​បេះដូង​ទៅប្រកួត ដើម្បី​លើក​មុខ​មាត់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ។

កីឡាករ​វ័យ​ក្មេង​សាលី ហ្វីលីន ដែល​ដណ្តើម​បាន​មេដាយមាស​៤ និង​ប្រាក់២ ពី​ការ​ប្រកួត Water Jet World Series 2024 ជុំទី២ នៅ​អាមេរិក។ រូបថត WGP1

អគ្គលេខាធិការ​សហព័ន្ធ​កីឡាម៉ូតូ​ទឹក​កម្ពុជា សាលី អ៊ូម៉ើត បានបញ្ជាក់​ថា៖ «យើងមក​​ប្រកួត​​​ដោយឆន្ទៈ មានចិត្ត និង​បេះដូងជា​ខ្មែរ​ ដោយ​ចង់​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រទេស​ជិត​ខាង ​ក៏ដូចជា​សហរដ្ឋអាមេរិក​ដឹង​ថា ខ្មែរ​យើង​ជាប្រទេសតូច​មែន តែ​ក៏មានកីឡាករ​ខ្លាំងៗ​ ​មក​បង្ហាញស្នាដៃ​ឱ្យបរទេស​បាន​ឃើញ​ ជាពិសេស​ខ្ញុំ​ចង់​យក​ទង់ជាតិ​របស់យើងមក​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ដឹង​ថា កម្ពុជា​ ជាប្រទេស​ល្បីមួយ»។

ជាមួយការ​ទទួល​បានឱកាស​ដឹកនាំ​ក្រុម​ជម្រើសជាតិម៉ូតូទឹកកម្ពុជា ទៅ​​ប្រកួត​​ព្រឹត្តិការណ៍ Water Jet World Series 2024 នេះ សាលី អ៊ូម៉ើត បាន​បង្ហាញការ​ដឹងគុណ​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស តាំង​ពី​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​ថ្មី ដែលបាន​ផ្តល់​នូវសុខសន្តិភាព និងបាន​យក​ចិត្តទុកដាក់លើ​​គ្រប់វិស័យ រួមទាំង​វិស័យកីឡាឱ្យ​មាន​ការ​រីកចម្រើន និងមាន​ឱកាស​បានចេញ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស។

ម្ចាស់មេដាយមាស​កីឡាអាស៊ី និងស៊ីហ្គេម សាលី អ៊ូម៉ើត បញ្ជាក់ថា៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ពិតជា​មានមោទនភាពណាស់ ដែល​បានបន្ត​ជួយ​លើ​ផ្នែកកីឡាករម៉ូតូទឹក​នេះ តាំងពី​សម្តេចពុក រហូត​​ដល់​សម្តេចបវរ​ធិបតី គឺ​ខ្ញុំពិតជា​មានមោទនភាពមែន​ទែន ដែល​បានកើតរមក​ជា​កូនខ្មែរ​ ហើយបាន​រួមចំណែក​ជួយ​បន្តិច​បន្តួល​ដល់​ប្រទេស​កម្ពុជា ដើម្បី​ឱ្យពិភព​លោក​បានស្គាល់»។

យ៉ាង​ណាក៏​ដោយ សម្រាប់ការ​អភិវឌ្ឍកីឡាម៉ូតូទឹក ក៏​ដូចជាការ​បញ្ជូន​ក្រុម​កីឡាករ​ទៅប្រកួត នៅក្រៅ​ប្រទេស​នេះ សាលី អ៊ូម៉ើត បាន​ទម្លាយ​ថា ជួបការពិបាក​ច្រើនលើការ​ចំណាយ​ផ្សេងៗ ដោយ​វីរកីឡាករ​រូបនេះ បាន​ធ្វើការ​​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ ជាពិសេស​ក្រុមហ៊ុនឯកជន​ជួយឧបត្ថម្ភ​គាំ​ទ្រ ដើម្បី​ឱ្យ​ប្រភេទកីឡា​នេះ កាន់តែ​មាន​ការ​រីកច្រើន​​ខ្លាំង។

ទន្ទឹម​នឹងនេះ អ៊ូម៉ើត បាន​ឱ្យដឹង​ទៀត​ថា កីឡាម៉ូតូទឹក​នេះ គឺ​មានសក្តានុពលិក និងពេញ​និយម​ខ្លាំង ក្នុងការ​ទាក់ទាញ​បាន​នូវភ្ញៀវទេសចរអន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា ហេតុ​នេះ អ៊ូម៉ើត ចង់​ទាញ​យក​ព្រឹត្តិការណ៍ Water Jet World Series មក​រៀបចំ​នៅ​កម្ពុជា បើ​សិនជា​មាន​ដៃគូសហការ​គ្រប់​គ្រាន់។

អ៊ូមើត បញ្ជាក់​ថា៖ «​កម្ពុជា​មាន​សក្តានុពលខ្លាំងលើ​វិស័យកីឡា​ម៉ូតូទឹក​នេះ ដោយយើង​តែងតែ​​ដណ្តើម​បាន​មេដាយមាស និង​លើក​ទឹក​ទង់ជាតិលើ​ឆាក​អន្តរជាតិ នៅ​ស្ទើរគ្រប់ប្រទេស​ មិនថា​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និងទ្វីបអាស៊ី​យើង​ទេ អ៊ីចឹង​សង្ឃឹម​ថា ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​​កម្ពុជា នឹង​មក​វិយោគ​លើ​វិស័យ​មួយនេះ ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរឱ្យ​មក​ស្គាល់​​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់»។

វីរកីឡាករ​របស់​កម្ពុជា​រូបនេះ បន្ថែម​ថា៖ «ជាពិសេស​យើងចង់បង្កើត​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នៅក្នុង​ប្រទេស​​កម្ពុជា ដើម្បីទាក់ទាញ​កីឡាករ​មក​ពី៣០ទៅ​៤០​ប្រទេស​ផ្នែកកីឡានេះ ឱ្យ​មក​ប្រកួត​ប្រជែង​ដណ្តើម​យកមេដាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ម្តង​ ដើម្បី​ឱ្យគេ​ដឹង​ថា កម្ពុជា​យើង​ជាប្រទេស​មានសក្តានុពលប៉ុនណា!»៕