អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett បានបង្ហាញការជឿជាក់ថា ក្រុមចំបាប់កម្ពុជា នឹងដណ្តើមបានមេដាយច្រើន ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ដែលធ្វើនៅប្រទេសសិង្ហបុរី នាចុងខែមករា ឆ្នាំ២០២៥ ប៉ុន្តែលោកបានបង្ហាញក្តីកង្វល់ ក្នុងការប្រជែងដណ្តើមយកមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ខណៈម្ចាស់ផ្ទះថៃ បានកាត់វិញ្ញាសាប្រកួតអស់ជាច្រើននោះ។
លោក Casey Barnett បានថ្លែងថា៖ «ដោយសារសិង្ហបុរី ធ្លាប់បានឈ្នះមេដាយច្រើន រួមទាំងមេដាយមាស កាលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសនេះចាប់ផ្តើមគាំទ្រកីឡាចំបាប់ ហើយបានសម្រេចរៀបចំការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្នុងនោះ យើងមានឱកាសឈ្នះបានមេដាយច្រើន»។
ការដាក់សង្ឃឹមខ្ពស់ ក្នុងការដណ្តើមបានមេដាយច្រើនជូនជាតិនេះ ត្រូវបានលោក Casey បង្ហើបថា ដោយសារម្ចាស់ផ្ទះសិង្ហបុរី បានដាក់ច្រើនប្រភេទទម្ងន់ ដូចការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ដែរ ដោយកាលនោះម្ចាស់ផ្ទះកម្ពុជា បានដាក់៣០ប្រភេទទម្ងន់ គឺចំបាប់សម័យបុរស១០ទម្ងន់ សម័យនារី១០ទម្ងន់ និងចំបាប់ក្រិចកូរ៉ូម៉ាំង ចំនួន ១០ប្រភេទទម្ងន់ ហើយជាលទ្ធផល កម្ពុជា បានឈ្នះមេដាយមាស៥ ប្រាក់៤ សំរឹទ្ធ១១ រីឯសិង្ហបុរី បានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៥។
តែទោះបីជាយ៉ាងណា លោក Casey Barnett ហាក់បង្ហាញក្តីកង្វល់ ក្នុងការប្រជែងដណ្តើមយកមេដាយ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដោយសារតែម្ចាស់ផ្ទះ ថៃ បានកាត់វិញ្ញាសាប្រកួតរហូតដល់ ២១ប្រភេទទម្ងន់ បើធៀបនឹងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពោលគឺនៅសល់តែ ៩ប្រភេទទម្ងន់ទេ ក្នុងនោះចំបាប់សម័យបុរសមាន៣ទម្ងន់ សម័យនារី៣ទម្ងន់ និងចំបាប់ក្រិចកូរ៉ូម៉ាំងមាន៣ទម្ងន់។
លោក Casey ដែលជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ផងនោះ បានបញ្ជាក់ថា៖ «ជាធម្មតា សម្រាប់ប្រភេទទម្ងន់ជាអន្តរជាតិផ្នែកចំបាប់នេះ គឺក្នុង ១វិញ្ញាសាមាន ១០ប្រភេទទម្ងន់ អ៊ីចឹង៣វិញ្ញាសាមានសរុប ៣០ទម្ងន់ ប៉ុន្តែយើងមានការសោកស្តាយ ព្រោះបច្ចុប្បន្នថៃ បានដាក់តែ៣ទម្ងន់ក្នុង១វិញ្ញាសា សរុបមាន៩ប្រភេទទម្ងន់ អ៊ីចឹងឱកាសឈ្នះមេដាយរបស់យើង ត្រូវបានកាត់បន្ថយច្រើន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥»។
លោកបានបន្ថែមថា៖ «ការនៅសល់តែ ៩ប្រភេទទម្ងន់ ក៏នឹងធ្វើឱ្យប្រទេសផ្សេងៗទៀតត្រូវកាត់បន្ថយការឈ្នះបានមេដាយដូចគ្នា ហើយមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានមូលហេតុច្បាស់លាស់ ក្នុងការកាត់បន្ថយប្រភេទទម្ងន់នេះទេ ហើយយើងក៏កំពុងតែត្រៀមតវ៉ាទៅលើការងារនេះដែរ ប៉ុន្តែជាធម្មតា ម្ចាស់ផ្ទះថៃ ជាអ្នកគ្រប់គ្រង និងជាអ្នកមានឥទ្ធិពលច្រើនក្នុងការសម្រេច»។
ការលើកឡើងបែបនេះរបស់លោក Casey Barnett ត្រូវបានធ្វើឡើង នៅពេលលោកបានចូលរួមក្នុងពិធីបិទវគ្គគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូបង្វឹក និងជាអត្តពលិកសរុប២៥នាក់ បានចូលរួម។
ក្រោមការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសជនជាតិអាមេរិក លោក Martin Hauck ជាជំនាញការ និងជាគ្រូឧទ្ទេសអន្តរជាតិ របស់ United World Wrestling លោក Casey បានដាក់ក្តីសង្ឃឹមថា សិក្ខាកាមទាំង ២៥នាក់នេះ នឹងនាំយកចំណេះជំនាញល្អៗ ដែលទទួលបានពីវគ្គនេះ យកទៅបណ្តុះបណ្តាលថ្នាក់ថ្នាលនៅតាមខេត្តឱ្យកាន់តែបានល្អ និងផុសផុលថែមមួយកម្រិតទៀត។
ចំណែកលោក ប៊ុយ សុភ័ណ្ឌ ដែលបានចូលរួមក្នុងពិធីបិទវគ្គនោះ តំណាងឱ្យ NOCC បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃការបង្វឹកកីឡាចំបាប់ ដែលផ្តោតលើគោលបំណងសំខាន់ៗ ចំនួន៤ គឺទី១ បង្កើតគោលនយោបាយថ្មីសម្រាប់ការហ្វឹកហ្វឺន និងការប្រកួតប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុមកីឡាចំបាប់ថ្នាក់ជាតិ។
ចំណែកទី២ បង្កើតកម្មវិធីកំណត់ទេពកោសល្យដើម្បីស្វែងរក និងថែរក្សាអត្តពលិកចំបាប់វ័យក្មេងឱ្យទទួលបានជោគជ័យ ទី៣ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ដើម្បីបង្កើនជំនាញ និងធានានិរន្តរភាពកីឡាចំបាប់នៅក្នុងប្រទេស ហើយទី៤លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា៖ «គឺអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា»៕