អនុប្រធាន​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) បានអះអាង​ថា ក្មេងៗ ដែល​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​ចំបាប់​សាកល្បង​បច្ចេកទេស​យុវជន​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ នឹង​ទទួល​បាន​អនុស្សាវរីយ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ពីការ​ប្រកួត​នេះ ហើយ​អ្នកទាំង​នេះ ក៏​នឹង​ក្លាយជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ប្រកួត​តំណាង​ឱ្យ​ជាតិ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ព្រម​ទាំង​រួម​ចំណែក​អភិរក្ស​កីឡា​ប្រពៃណី​ចំបាប់​កម្ពុជា​ផងដែរ។

ដោយ​ធ្លាប់​ជាអ្នក​ហាត់​កីឡាចំបាប់កម្ពុជា​​មួយ​រូប​ដែរ​នោះ លោក Casey ​បានចាត់​ទុក​ការប្រើ​កម្លាំង និង​បច្ចេក​ទេស​ ក្នុង​ពេល​​ប្រកួត​យក​ឈ្នះ​ចាញ់​គ្នា គឺ​ជាបទពិសោធន៍​ និងជា​អនុស្សាវរីយ ដែល​អ្នក​ហាត់​ចំបាប់​មិនអាច​បំភ្លេច​បាន ជាពិសេស​ក្មេងៗ ដែល​ទើប​ចូល​ហាត់ និង​មាន​​ឱកាសបានប្រកួត​គ្នាជា​លើកដំបូង​។ 

ជាក់​ស្តែង​​​ក្មេងៗចំនួន​ ៨២នាក់ (ស្រី​៣៩​នាក់) ដែល​បាន​ចូលរួមក្នុង​​ការ​ប្រកួតកីឡាចំបាប់​សាកល្បង​បច្ចេក​ទេស​យុវជន​ថ្នាក់​ជាតិ ជា​លើក​ដំបូង នៅ​សាល​ដំបូល​ទូក​នៃពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពីថ្ងៃទី​១៧ និង​ទី​១៨ ខែតុលា​នេះ ពិតជា​មានការ​រំភើប និង​រីករាយ​ខ្លាំង ព្រោះ​វាជា​លើកដំបូង ដែល​ពួកគេ​បាន​ប្រកួត​គ្នា​ដណ្តើម​យក​មេដាយ និង​ប្រាក់​រង្វាន់ ហើយ​ក៏​ជាពេល​ដែល​ក្មេងៗ​មកពី​តាម​ខេត្តទាំង​នេះ បាន​មក​លេង​នៅ​ភ្នំពេញ​ផងដែរ។

លោក Casey Barnett បានថតជាមួយកីឡាការិនីជាម្ចាស់ជយលាភី នៅក្នុងពិធីបំពាក់មេដាយនៃការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤។ រូបថត សហការី

លោក Casey បាន​ថ្លែង​​ថា៖ ​«យើង​មើល​ឃើញ​ថា ក្មេងៗដែល​បាន​ចូល​រួម​ប្រកួត មានការ​សប្បាយ​រីក​រាយ​ណាស់ ហើយ​អ្វី​​ដែល​ពួកគេ​បានជួបនៅ​ក្នុង​ព្រឹត្តិការណ៍នេះ នឹង​ក្លាយជា​អនុស្សាវរីយ​ពេញ​មួយ​ជីវិត​សម្រាប់​ពួកគេ។ ម្យ៉ាង​ទៀត​យុវជន​ចូលរួម​មួយ​ចំនួន អត់​ដែល​បាន​មក​ភ្នំពេញ​ទេ អ៊ីចឹង​ការ​ប្រកួត​នេះ​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ និង​ស្នា​ដៃ​ជា​ច្រើន សម្រាប់​ក្មេងៗ​ដែល​បាន​ចូល​រួម»។

ក្រៅពីការ​ទទួល​បាន​ឱកាស​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​យក​​មេដាយ គឺ​ក្មេងៗ​ចូល​រួម​ទាំង​អស់ ទាំង​ក្រុម​អាយុពី ​៨ ​ដល់ ​១០​ឆ្នាំ និង​អាយុ​ពី ១៥ ដល់​ ១៧​ឆ្នាំ ក៏​ទទួល​បាន​ការ​​បង្ហាត់​បង្ហាញ​​ផ្នែក​​បច្ចេក​ទេស​ផ្សេងៗ ពី​សំណាក់​គ្រូ​បង្វឹក​ចំបាប់​កម្ពុជា​ចំនួន​២៥​រូប ដែល​ទើប​ទទួល​បានចំណេះ​ជំនាញ​ពី​​គ្រូ​ឧទ្ទេស​អន្តរ​ជាតិ​របស់​ស្ថាប័ន United World Wrestling ​គឺ​ ​លោក Martin Hauck ផង​ដែរ។

សកម្មភាព​​ទាំង​អស់​នោះ បាន​ក្លាយ​​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​​ដល់​ក្មេងៗ​ ដើម្បី​ឱ្យ​ពួក​គេ បន្ត​ខំប្រឹង​អភិវឌ្ឍ​សមត្ថ​ភាព​បន្ថែម​ទៀត ក្នុង​ការ​ក្លាយ​ទៅជា​កីឡាករ កីឡាការិនី​អាច​ប្រកួត​តំណាង​ឱ្យ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិនាពេល​អនាគត និង​ក្លាយ​ជា​ធនធាន​ជំនាន់​ក្រោយ ក្នុងការ​រួម​ចំណែក​អភិវឌ្ឍ​កីឡា​ប្រពៃណី​ចំបាប់​កម្ពុជា។

សកម្មភាពប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា។ រូបថត សហការី

លោក ខេស៊ី បាណេត  បានបញ្ជាក់​ថា ៖ «ការ​រៀបចំឱ្យ​មាន​ការ​ប្រកួត​ពី​អាយុ​៨-១០​ឆ្នាំ និង​ពី​អាយុ​១៥-១៧ ឆ្នាំ ជា​លើក​ដំបូង​នេះ ពិត​ជា​សំខាន់​​ណាស់ ទី​១ រក្សាកីឡា​ប្រពៃណី​ចំបាប់​កម្ពុជា ដែលនៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​មាន​រូប​ចម្លាក់​អ្នក​ចំបាប់​ជា​ដើម ហើយ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ឃុំវិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល តែង​តែ​មាន​ការ​លេង​កីឡាចំបាប់ នៅ​រៀង​រាល់​បុណ្យ​ភ្ជុំ​បិណ្ឌ អ៊ីចឹង​នេះ​ជា​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ»។ 

នាយក​វិទ្យាស្ថានខេមអេដ​រូបនេះ បាន​បន្ថែម​ថា៖ «ម្យ៉ាង​ទៀតតាម​រយៈ​ការ​ប្រកួត​នេះ ជាការ​បណ្តុះ​បណ្តាល​ធន​ធាន​ថ្នាល​យុវជន​លើ​ប្រភេទ​កីឡា​ចំបាប់​អន្តរ​ជាតិ គឺ​កីឡាករ កីឡាការិនី​មាន​គុណ​ភាព​បច្ចេកទេស​ល្អ ត្រូវ​ចាប់​ផ្តើម​ហ្វឹក​ហាត់​ពី​វ័យ​៨​ឆ្នាំ ឬ១០​ឆ្នាំ​ឡើង​ទៅ ព្រោះ​បើមនុស្ស​ម្នាក់​ចាប់​ផ្តើម​ហ្វឹក​ហាត់​ពី​អាយុ ១៥ឆ្នាំឡើង ឬ១៧​ឆ្នាំ​ឡើង​ទៅ គឺ​យឺត​ពេល ឬមិន​សូវបាន​ល្អ»។

សកម្មភាពប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា។ រូបថត សហការី

ដោយមើលឃើញពី​អត្ថប្រយោជន៍​ទាំង​នេះ លោក Casey បាន​ប្តេជ្ញា​​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​សាកល្បង​បច្ចេក​ទេស​យុវជន​ថ្នាក់​ជាតិ​នេះ នៅ​ឆ្នាំ​ក្រោយៗ​ទៀត ហើយ​​លោក​ក៏នឹង​​បន្ថែមនូវវិញ្ញាសាលើ​ប្រភេទ​អាយុ​ ១១ ដល់​ ១២​ឆ្នាំ​ផង​ដែរ ដោយ​រំពឹង​ថា នឹង​មានអ្នក​ចូលរួម​កាន់តែ​ច្រើន ខណៈ​ឆ្នាំ​ ២០២៤​នេះ មាន​ប្រតិភូ​កីឡា​សរុប​​ ១០៤​នាក់ មក​ពី​១១ក្លិប​ចូលរួម ក្នុង​នោះ​មាន​គ្រូ​បង្វឹក គ្រូ​ជំនួយ ២២​នាក់ និង​កីឡាករ​៤៣​នាក់ កីឡាការិនី​៣៩​នាក់ ចំណែក​មន្ត្រី​គណៈកម្មការ​បច្ចេកទេស និង​អាជ្ញា​កណ្តាល ដែល​ដឹកនាំ​ការ​ប្រកួត​មានចំនួន​២៧នាក់៕