លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ទម្លាយថា លោក​មានអារម្មណ៍​​រំភើបចង់​ស្រក​ទឹក​ភ្នែក នៅពេល​បានឃើញការ​បង្ហាញ​ក្បាច់គុន​ខ្មែរ​បុរាណ​គ្រប់ទម្រង់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “ពាន​រង្វាន់​សម្តេច​បវរធិបតី” លើកទី១ ឆ្នាំ២០២៤ កាលពី​យប់​ថ្ងៃ​អាទិត្យ ហើយលោកបញ្ជាក់​​ថា ការ​បង្ហាញពី​ភាពសម្បូរបែប​របស់ក្បាច់គុន​ខ្មែរ​បុរាណ វាជាការងារដ៏​​សំខាន់ ដែលកូនខ្មែ​គ្រប់​រូប ត្រូវ​រួមគ្នា​ធ្វើ និង​ផ្សព្វ​ផ្សាយ​ដើម្បី​​ជំរុញ​ឱ្យ​អត្តសញ្ញាណ​ក្បាច់គុនខ្មែរ កាន់តែ​ផុស​ផុល។  

ចំពោះរៀបចំឱ្យ​មាន​ការ​ប្រកួត​​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ឆ្នាំ​២០២៤ ដែល​បាន​ធ្វើ​ឡើង នៅវិមាន​ពហុកីឡដ្ឋានជាតិអូឡាំពិក កាល​​ពី​ថ្ងៃទី​១៨ និង​​បាន​បញ្ចប់កាលពីយប់ថ្ងៃទី​២០ ខែតុលា​នេះ​ដែរ លោក ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹង​ថា ជាការ​សម្រេច​ក្តីសុបិន​មួយ​របស់​​លោក ដែល​​មានបំណង​រៀបចំ​ឱ្យ​មានការ​ប្រកួត​បែបនេះ តាំងពី​៥ឆ្នាំមុន ហើយវាជាព្រឹត្តិការណ៍ ដែលមានការដាក់​បញ្ចូល​នូវក្បាច់គុនខ្មែរ​​ច្រើនទម្រង់​ឱ្យ​ប្រកួត​គ្នា ដើម្បី​ផ្តល់​នូវ​បទពិសោធន៍ និងការអភិវឌ្ឍជាបន្ត​ទៀត។

ថ្លែង​ក្នុងពិធីបិទកាប្រកួត​នេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់​​ថា៖ ​«កិច្ចការងារធំបំផុត គឺ​យើងចង់​បង្ហាញ​​ពី​ភាពសម្បូរបែប​ក្បាច់​គុនខ្មែរ​បុរាណ​របស់​យើង ជាពិសេស​ពេល​បិទ​ចុងក្រោយ​​នេះ ​​​ខ្ញុំ​រំភើប​ចង់​ស្រក់​ទឹក​ភ្នែក​ ព្រោះ​ឃើញ​ក្បាច់គុន​សង្ខេប​ខ្លី​តែម្តង ក្នុង​ការ​សម្តែង​មិន​ដល់​១០នាទី​ទេ។ ឃើញ​ទម្រង់​ផ្សេងៗ មាន​ល្ខោនខល របាំ​អប្សរា ផ្គុំជាមួយ​ក្បាច់​គុន​របស់​យើង សុទ្ធតែ​អ្វី​ដែល​ដូន​តាយើងបាន​រៀបចំឱ្យ​ទាំង​អស់ អត់​មានការបំបែក​គ្នាជាសិល្បៈ វប្បធម៌ ក្បាច់គុន​ទេ គឺ​នៅជាធ្លុង​មួយ»។

លោក​បន្ថែម​ថា៖ «គ្រប់ប្រភេទនៃ​ទម្រង់​សិល្បៈ​ ​ទម្រង់​ក្បាច់​គុន បាន​មកជាមួយគ្នា ហើយ​អ្នក​ហាត់​ក្បាច់គុន ព្រឹទ្ធាចារ្យ​ក្បាច់គុន​ច្រើន​ជំនាន់ ​បាន​មក​ចូល​រួមជាមួយគ្នា​នៅ​ថ្ងៃ​នេះ ​ក្រោម​ទង់​ជាតិប្រាសាទអង្គរ​វត្ត​​របស់យើង។ នេះហើយជាស្មារតី​ ដែលយើង​បង្ហាញ​ពី​ភាពសម្បូរបែប​នៃ​ក្បាច់គុន​វប្បធម៌​ដូន​តា​​​យើង ដោយ​យើង​បាន​រួម​គ្នាធ្វើ ហើយ​ខ្ញុំសូមអរគុណណាស់​ ចំពោះ​ការ​រៀបចំ​នេះ»។ ​

ជាមួយគ្នា​នេះ លោកនាយក​រដ្ឋមន្រ្តី បាន​អះអាង​ថា ការអភិរក្ស និងអភិវឌ្ឍក្បាច់គុនខ្មែរ​បុរាណ ចាំបាច់​ត្រូវ​មាន​​ការស្រាវជ្រាវ​ចង​ក្រង​ និ​ង​ការ​ប្រមូល​ផ្តុំ​​អ្នក​ហាត់គុន និង​ព្រឹទ្ធាចារ្យ​កីឡា ដើម្បីបំផុស​ចលនាការ​ហ្វឹក​ហាត់​ក្បាច់គុន ហើយលោក​សង្ឃឹម​ថា ការ​ប្រកួត​​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ នៅ​ឆ្នាំ​ក្រោយៗ​ទៀត នឹងមាន​ក្បាច់​គុនច្រើនប្រភេទ​ទៀត ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ មក​ចូលរួម​ដែរ។ 

លោក ហ៊ុន ម៉ាណែត ពេល​ប្រគល់​ពាន​កិត្តិយស​ដល់​ម្ចាស់​ជយលាភី ក្នុង​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​ “ពាន​រង្វាន់​សម្តេច​បវរធិបតី” ឆ្នាំ​២០២៤។ រូបថត សហការី

ចំណែក​​ព្រឹទ្ធាចារ្យកីឡាចំនួន​៣៥នាក់មកពី​តាមខេត្ត-រាជធានី​ផ្សេងៗ ដែល​បានចូលរួមការ​ប្រកួត​​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ លើកទី​១​នេះ ​​លោក ហ៊ុន ម៉ាណែត បានទទួច​សុំ​ពួកគាត់​ឱ្យ​មក​​ចូលរួមចង​ក្រងក្បាច់គុនខ្មែរ​​​ជាមួយ​​ក្រុម​គណៈ​កម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុនដូន​តាខ្មែរ ដែលលោក​បាន​ផ្តួច​ផ្តើម និង​បាន​បង្កើតរួចរាល់ ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​២០២៤។

ទន្ទឹម​នឹងនេះ លោក ម៉ាណែត បាន​ទទួលស្គាល់​ថា សម័យសកលភាវូបនីយកម្ម ពិតជា​មានការ​ងាយស្រួលក្នុងការ​ចម្លង ឬទទួលឥទ្ធិពលក្បាច់គុន​ពីបណ្តា​ប្រទេស​ផ្សេងៗ ប៉ុន្តែ​ដោយសារ​ខ្មែរ​យើង មាន​វប្បធម៌ និង​អរិច្ឆយធម៌​ដ៏សម្បូរបែប អ៊ីចឹងលោកបាន​ស្នើ​ឱ្យកូនខ្មែរ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ​​​ត្រូវនាំ​គ្នា​​ចង​ក្រង​ និង​ផ្សព្វផ្សាយ​អត្តសញ្ញាណជាតិក្បាច់គុន​​របស់​យើងផងដែរ។

ប្រមុខដឹកនាំ​ប្រទេស​រូប​នេះ បញ្ជាក់ថា៖ «យើងមាន​វប្បធម៌ អរិច្ឆយធម៌ យើ​ងត្រូវជំរុញ​ការផ្សព្វ​ផ្សាយ​បន្ត តែ​ត្រូវ​​ចាប់​ផ្តើម​ពី​ខ្មែរ​យើងមុនគេ។ ផ្សព្វ​ផ្សាយ​នៅទូទាំង​ប្រទេស​របស់​យើង​ និង​ដាក់​ឱ្យ​អនុវត្ត ដោយ​យើង​ជំរុញ​នៅតាមកង​ទ័ព កងយោធពលខេមរភូមិន្ទ ខាង​បូលិស ខាង​ក្លិប​ ខាងសាលា​រៀន គឺ​សង្ឃឹម​ថា នឹងជំរុញ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ដាក់​ឱ្យ​ហាត់​ក្បាច់គុន​ខ្មែរឱ្យ​បានច្រើន​បន្ត​ទៅ​ទៀត»។ 

លោក ម៉ាណែត ដែល​ធ្លាប់ហាត់ការ៉ាតេ និង​តេក្វាន់ដូ​ដែរ​នោះ បន្ថែម​ថា៖ «ពិតណាស់ យើង​​មិន​​បាន​ហាម​ឃាត់​ឱ្យ​មានការ​ហាត់ហ្វឹក​ហ្វឺន​ក្បាច់គុនប្រទេសណា​ទេ ព្រោះជា​ការ​អភិវឌ្ឍ ប៉ុន្តែ​ក្បាច់គុន​ខ្មែរ​យើង​ក៏​ត្រូវ​បន្ត​ ដើម្បីជំរុញ​ឱ្យ​បានច្រើន​ ហើយ​បងប្អូនទាំង​អស់​នៅទី​នេះ គឺជាតួអង្គ​ផ្ទាល់​តែម្តង ក្នុង​ការ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ក្បាច់គុន​ខ្មែរបុរាណ​របស់​យើង។ សូមបន្តតទៅ​ទៀត»។

សកម្មភាព​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​ពាន​រង្វាន់​សម្តេច​បវរធិបតី​លើក​ទី១ ឆ្នាំ​២០២៤ នៅ​វិមានពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ រូបថត សហការី

ចំណែក​លោក​ទេសរដ្ឋមន្រ្តី ថោង ខុន ​ប្រធាន​គណៈកម្មា​ធិការ​អូឡាំ​ពិក​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “ពានរង្វាន់​សម្តេច​បវរធិបតី” ឆ្នាំ​២០២៤​នេះ បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍នេះ មាន​ប្រតិភូ​ចូលរួម​៤៨២នាក់ ក្នុង​នោះ​មាន​កីឡាករ ​៣៤៨នាក់និង​កីឡា​ការិនី ​៧៧នាក់ដែលប្រកួត​៤វិញ្ញាសា គឺ​ប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​បុរស​​៤​ប្រភេទទម្ងន់ ប្រយុទ្ធ​ស្ម័គ្រ​ចិត្ត​នារី​​ ៤​ទម្ងន់ ប្រយុទ្ធ​អាជីព​ ២​​ទម្ងន់ និង​​​​ប្រកួត​​សម្តែង​មាន​៤​វិញ្ញាសា។ 

ចំពោះ​លទ្ធផល​វិញ លោក ថោង ខុន បញ្ជាក់​​ថា អត្តពលិក​ទាំង​អស់ គោរព​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​លក្ខខណ្ឌ​បច្ចេក​ទេស​ថ្មី​នៃ​យុ​ទ្ធគុន​ចម្រុះ​ខ្មែរបុរាណ ស្រប​តាម​គោលការណ៍​ប្រកួត​​ដោយ​យុត្តិធម៌ Fair-Play ក្រោម​ស្មារតី​បំផុស​សុខដុមនីយកម្ម និង​សាមគ្គីភាព​ក្នុង​មហា​គ្រួសារ​យុទ្ធ​គុន​ខ្មែរ​បុរាណ ហើយ​​ទាំង​ក្រុម​អត្តពលិក​​មក​ពី​សហព័ន្ធ​កីឡាយុទ្ធ​គុន​ចម្រុះ​កម្ពុជា, សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ, សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា, សហព័ន្ធ​កីឡា​យុទ្ធ​ក្រមខម, សហ​ព័ន្ធ​កីឡា​ចំបាប់​បុរាណ, ក្បាច់​គុន​កងយោធពល​ខេមរភូមិន្ទ និង​យុទ្ធគុន​ខ្មែរ​មហា​ជន សុទ្ធ​តែ​ដណ្តើម​បាន​មេដាយដូចគ្នា»៕