ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានជួបការបរាជ័យជាលើកទី២ ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥ បន្ទាប់ពីពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ៤-៣ និងបានធ្លាក់ទៅឈរនៅលេខរៀងទី៤ ជាបណ្តោះអាសន្ន ហើយលោក Jose Munoz ជាគ្រូបង្វឹក ហាក់មិនសប្បាយចិត្ត ចំពោះការបាត់៣ពិន្ទុលើកនេះទេ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Jose Munoz បានមើលឃើញថា ក្រុមព្រះខ័នរាជស្វាយរៀង បានបង្កើតកំហុសទាំងនៅតំបន់ការពារ និងប្រយុទ្ធ ហើយនេះជាមូលហេតុដែលនាំឱ្យក្រុមមានមូលដ្ឋាននៅកីឡដ្ឋានខេត្តស្វាយរៀងមួយនេះ ចាញ់ក្រុមភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃទី២០ ខែតុលា។
លោកបាននិយាយ ក្រោយការប្រកួតថា៖ «វាដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុក គឺនេះជាការប្រកួតមួយដ៏ជក់ចិត្ត ហើយភ្នំពេញក្រោន គាត់ឈ្នះការប្រកួតនេះ។ ខ្ញុំសូមអបអរដល់ក្រុមភ្នំពេញក្រោន ដែលទទួលបានជោគជ័យ ចំណែកក្រុមយើងវិញ ដោយសារយើងបានបង្កើតកំហុសច្រើន ក្នុងការឱ្យក្រុមភ្នំពេញក្រោន ទាត់បញ្ចូលទី គឺអាចនិយាយបានថា សកម្មភាពប្រកួតប្រជែងមួយចំនួនរបស់យើង នៅស្ទើរ»។
តាមរយៈការប្រកួតកាលពីយប់ថ្ងៃអាទិត្យនោះ ខ្សែការពាររបស់ក្រុមស្វាយរៀង ធ្វើមិនសូវបានល្អទេ នាំឱ្យក្រុមភ្នំពេញក្រោន អាចរកបាន២គ្រាប់ជាប់ៗគ្នា ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Nnamdi Ofufu Ibeh នៅនាទីទី១៩ និងទី២៣ គឺមុនពេល មិន រតនៈ រកបាន១គ្រាប់វិញ នៅនាទីទី២៧ ហើយបន្ថែម១គ្រាប់ទៀត ដោយខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto Servo De Carvalho នៅនាទីទី៤៣ ដើម្បីបញ្ចប់ការប្រកួតតង់ទី១ ដោយលទ្ធផលស្មើគ្នា ២-២។
តែទោះបីជាយ៉ាងណា នៅក្នុងតង់ទី២ នាទីទី៦១ ខ្សែប្រយុទ្ធហូឡង់ JELLE JOOST GOSELINK បានស៊ុតបញ្ចូលទី ជួយឱ្យក្រុមភ្នំពេញក្រោន នាំមុខ ៣-២ ជាថ្មី តែខ្សែការពារ សារ៉េត គ្រីយ៉ា ក៏រកបានគ្រាប់បាល់ទី៣ តាមស្មើឱ្យក្រុមស្វាយរៀង វិញនៅនាទីទី៦៣ ប៉ុន្តែគ្រាប់បាល់ចុងក្រោយរបស់កីឡាករហ្វីលីពីន Javier Augustine Gayoso នៅនាទីទី៧៩ បានជួយក្រុមភ្នំពេញក្រោន ឈ្នះ ៤-៣ យ៉ាងរំភើបបំផុត និងបន្តឈរនៅលេខរៀងទី១ ដោយឈ្នះទាំង៧ប្រកួត មាន២១ពិន្ទុពេញ។
ផ្ទុយពីនេះ ក្រុមស្វាយរៀង ដែលទើបប្រកួតបាន៦ដងនោះ បានធ្លាក់មកឈរនៅលេខរៀងទី៤ ដោយឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ ស្មើជាមួយក្រុមឈរនៅលេខ៥ ណាហ្គាវើលដ៍ ដែលបានយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០ កាលពីថ្ងៃអាទិត្យនោះដែរ។ ចំណែកក្រុមវិសាខា បានបន្តឈរលេខ២ ដោយមាន១៨ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-១ ទាំងលំបាកកាលពីថ្ងៃសៅរ៍ ហើយក្រុមអង្គរថាយហ្គឺរ បានឈរនៅលេខ៣ ដោយមាន១៦ពិន្ទុ ក្រោយស្មើ ០-០ ជាមួយក្រុមបឹងកេត កាលពីថ្ងៃសៅរ៍ដូចគ្នា។
លោក Jose Munoz បានប្រៀបប្រដូចការចាញ់ក្រុមភ្នំពេញក្រោន ៤-៣ នេះ ទៅនឹងការប្រកួតចាញ់ក្រុមវិសាខា ១-០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងការចាញ់ក្រុម BG Pathum United របស់ថៃ ២-១ ក្នុងការប្រកួតជម្រុះពានរង្វាន់ ASEAN Club Championship Shopee Cup កាលពីថ្ងៃទី២៥ ខែវិច្ឆិកាដែរ ដែលក្រុមស្វាយរៀង គ្រប់គ្រងការប្រកួតបានល្អ និងបានបង្កើតឱកាសច្រើន ប៉ុន្តែចុងក្រោយបានត្រឹមចាញ់ដោយសោកស្តាយ។
លោកបញ្ជាក់ថា៖ «វាដូចគ្នាទៅនឹងការប្រកួតជាមួយក្រុម BG Pathum និងក្រុមវិសាខា អ៊ីចឹងដែរ គឺយើងធ្វើបានល្អ ទៅលើការគ្រប់គ្រងផ្សេងៗ និងមានឱកាសច្រើននៅក្នុងការប្រកួត តែចុងក្រោយលទ្ធផលការប្រកួតរបស់យើង អត់សូវបានល្អ»។
ដោយឡែក ការរកបាន៣គ្រាប់ សម្រាប់ការប្រកួតនៅក្រៅទឹកដី ជាមួយក្រុមភ្នំពេញក្រោន ត្រូវបានលោក Jose Munoz អះអាងថា វាមិនមែនជារឿងងាយស្រួលនោះ ដែលក្រុមរបស់លោកគួរតែទទួលបានជ័យជម្នះ ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ប៉ុន្តែបែរជារបូត៤គ្រាប់វិញ នាំឱ្យជ័យជម្នះធ្លាក់ទៅលើក្រុមភ្នំពេញក្រោន។
គ្រូបង្វឹកអេស្ប៉ាញរូបនេះ បញ្ជាក់ថា៖ «ចំណុចខ្សោយរបស់យើងនៅថ្ងៃនេះ គឺពាក់ព័នទៅនឹងការលេងនៅក្នុងប្រអប់ ទាំងប្រយុទ្ធ និងការពារ។ ប្រយុទ្ធ គឺយើងមានឱកាសច្រើន នៅក្នុងការប្រកួត៣០នាទីដំបូង ប៉ុន្តែបែរជា ភ្នំពេញក្រោន រកបាន២គ្រាប់វិញ»។
«យើងមិនដឹងថា ភ្នំពេញក្រោន បង្កើតឱកាសបានប៉ុន្មានដងទេ ប៉ុន្តែចំពោះតំបន់គ្រោះថ្នាក់នេះ យើងបាននិយាយច្រើនជាមួយកីឡាករ ជាពិសេសនៅតង់ទី១ គឺយើងការពារអត់សូវបានល្អ ពេលខាងភ្នំពេញក្រោន ប្រយុទ្ធចូលតំបន់នេះ ចំណែកពេលយើងប្រយុទ្ធចូលតំបន់គ្រោះថ្នាក់គេវិញ គឺស្ថានភាពមួយចំនួនក៏មិនសូវបានល្អ»។ Jose Munoz បានបន្ថែម។
ចំណែកលោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោន បានចាត់ទុកជំនួបជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃអាទិត្យនោះ ជាការប្រកួតដ៏ជក់ចិត្តមួយ ដែលមានការប្រយុទ្ធគ្នាច្រើន ហើយវាជារឿងល្អមួយ ដែលអ្នកគាំទ្របានទស្សនាក្រុមមានគុណភាពទាំង២លេងល្អមើលបែបនេះ។
លោក Oleg និយាយថា៖ «ខ្ញុំគិតថា អ្នកគាំទ្រ បានរីករាយខ្លាំងសម្រាប់ការប្រកួតនេះ។ យើងបានរៀបចំការប្រកួត ព្រោះយើងបានដឹងពីរបៀបលេងរបស់គ្នាទៅវិញទៅមក យើងដឹងពីទម្រង់លេង ការរៀបចំរបស់គ្នា។ យើងបានរៀបចំសេណារីយ៉ូមួយចំនួនផងដែរ ដើម្បីទទួលបានផលចំណេញ សម្រាប់ការត្រៀមខ្លួននៃការប្រកួតនេះ»៕